Message from CEO

យើង​រំពឹង​ថា​ចក្ខុវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​ ​2019​ ​នឹង​នៅតែ​មាន​ភាព​វិជ្ជមាន​ដែល​ជា​ការ​បន្ត​ឥទ្ធិពល​នៃ​កំណើន​ដ៏​ខ្លាំងក្លា​ពី​បណ្ដា​ឆ្នាំ​មុន​ៗ​។​ ​កំណើន​សេដ្ឋកិច្ច​ឥត​ឈប់ឈរ​នេះ​ ​កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេច​ ​និង​រក្សា​បាន​ស្ថិរភាព​សង្គម​ ​នយោបាយ​ ​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​ជា​កត្តា​ដ៏​ចម្បង​ក្នុង​ការ​ពង្រឹង​ទំនុកចិត្ត​របស់​វិនិយោគិន​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​ ​ហើយ​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​។​

ក្នុងរយៈពេល​ ​12​ ​ខែ​កន្លងទៅ​នេះ​ ​យើង​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ ​ដូចជា​ ​ការ​កើនឡើង​ឥណទាន​មិន​ដំណើរការ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ ​ការផ្លាស់ប្ដូរ​បទ​ប្ប​ញ្ញ​តិ្ត​លើ​ការកំណត់​ពិ​ដាន​អត្រា​ការប្រាក់​ ​ការ​ចាត់​ចំណាត់ថ្នាក់​ហានិភ័យ​ឥណទាន​ ​និង​សំវិធានធន​លើ​អ៊ឹម​ភែ​រមិន​ ​ការកំណត់​ទ្រនាប់​មូលធន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​និង​ឱសានវាទ​នៃ​ការអនុវត្ត​ប្រកាស​ស្ដីការ​ផ្ដល់​ឥណទាន​ជា​រូបិយវត្ថុ​ ​(​ប្រាក់​រៀល​)​ ​យ៉ាងហោចណាស់​ ​10​%​ ​នៃ​សម្ពៀត​ឥណទាន​សរុប​ ​ដែល​ប្រការ​ទាំងអស់​នេះ​នាំមក​ទាំង​កាលានុវត្ត​ភាព​ ​និង​ការ​ប្រឈម​ផង​ដែរ​។​ ​ប្រា​សាក់​នឹង​បន្ត​ផ្ដោត​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​FinTech​)​ ​បង្កើន​សម្ពៀត​ឥណទាន​និង​ចំនួន​អតិថិជន​ ​និង​កៀរគរ​ប្រភព​មូលនិធិ​។​ ​អនុលោម​តាម​ការ​កើនឡើង​បទដ្ឋាន​នៃ​បទប្បញ្ញត្តិ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​ ​យើង​នឹង​ខិតខំ​ធ្វើការ​ជាមួយ​បុគ្គលិក​ ​និង​ដៃគូ​អាជីវកម្ម​ ​(​មាន​ជាអាទិ៍​ ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​)​ ​ដើម្បី​អភិវឌ្ឍ​ក្របខ័ណ្ឌ​អនុលោម​ភាព​ ​គោលនយោបាយ​ ​នីតិវិធី​ ​និង​ដំណើរការ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

ដើម្បី​បង្កើន​មាត្រដ្ឋាន​សេដ្ឋកិច្ច​ ​ប្រសិទ្ធ​ផល​ ​និង​រក្សា​បាន​ជំហរ​ដ៏​រឹងមាំ​ ​ប្រា​សាក់​នឹង​បន្ត​អនុវត្ត​យុទ្ធ​សាស្រ្ត​មួយចំនួន​ ​រួមមាន​៖​ ​i​)​.​ ​ពង្រឹង​ជំហរ​នៅ​លើ​ទីផ្សារ​ ​និង​បន្ត​ពង្រីក​វិសាលភាព​សម្ពៀត​ឥណទាន​ជាមួយនឹង​កំណើន​នៃ​តម្រូវការ​របស់​អតិថិជន​ ​និង​ចំនួន​អតិថិជន​ ​ii​)​.​ ​កែប្រែ​អត្រា​ការប្រាក់​កម្ចី​និង​កម្រៃ​សេវា​ឱ្យ​ស្របតាម​បទប្បញ្ញត្តិ​ថ្មី​ ​iii​)​.​ ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ដោយ​បង្កើន​ផលិតភាព​បុគ្គលិក​ ​លុបចោល​ចំណាយ​រដ្ឋបាល​ដែល​មិន​ចាំបាច់​ ​និង​ធ្វើការ​បិទ​សា​ខា​តូច​ៗ​ ​ឬ​ ​សាខា​ដែល​មិន​ទទួល​បាន​ប្រាក់ចំណេញ​ ​iv​)​.​ ​អនុវត្ត​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​និង​ ​v​)​.​ ​កៀរគរ​ប្រភព​មូល​និ​ធិ​ផ្សេង​ៗ​។​

លទ្ធផល​ឆ្នាំ​ ​2018​ ​សបញ្ជាក់​ឱ្យ​ឃើញថា​ ​យុទ្ធសាស្ត្រ​របស់​យើង​នៅតែ​បន្ត​ផ្ដល់​ភាព​ជោគជ័យ​ក្នុង​បរិយាកាស​ដ៏​ប្រឈម​នេះ​ ​និង​បង្ហាញ​ពី​របៀប​ដែល​ប្រា​សាក់​នៅតែ​នាំ​យក​ភាព​ខ្លាំង​ ​និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការសម្រេច​បាន​នូវ​លទ្ធផល​យ៉ាង​ល្អ​ដោយ​ ​ឥណទាន​មិន​ដំណើរការ​មានកម្រិត​ទាប​បំផុត​ប្រៀបធៀប​នឹង​វិស័យ​ទាំងមូល​ ​បុគ្គលិក​មាន​ផលិតភាព​ខ្ពស់​ ​គ្រប់គ្រង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ ​គ្រប់គ្រង​មូលធន​និង​ហានិភ័យ​ដោយ​ភាព​មធ្យ័ត​ច្បាស់លាស់​ ​និង​មាន​បុគ្គលិក​ចូលរួម​យ៉ាងសកម្ម​។​ ​យើង​បន្ត​វប្បធម៌​ដ៏​រឹងមាំ​ ​សុចរិត​ភាព​ ​ទំនុកចិត្ត​ ​និង​សីលធម៌​ខ្ពស់​នៅក្នុង​ការ​ប្រកប​អាជីវកម្ម​ ​ហើយ​យើង​ក៏​មាន​មោទនភាព​រួម​ចំពោះ​លទ្ធផល​ការងារ​ដែល​យើង​សម្រេច​បាន​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​យើង​មាន​ប្រវត្តិ​ដ៏​ជោគជ័យ​ ​និង​ការ​បោះជំហាន​ឈានទៅមុខ​ជាមួយនឹង​លក្ខណៈ​ពិសេស​បើ​ប្រៀបធៀប​ជាមួយ​គូប្រកួត​ប្រជែង​ ​ដែល​នឹង​បង្កើត​នូវ​គុណ​តម្លៃ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងរយៈពេល​វែង​។​

ក្នុង​ឆ្នាំ​ ​2018​ ​ប្រា​សាក់​ ​រក្សា​បាន​នូវ​ជំហរ​នាំមុខ​គេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​បណ្ដាញ​ការិយាល័យ​ ​លទ្ធភាព​រក​ប្រាក់ចំណេញ​ ​និង​សម្ពៀត​ឥណទាន​ច្រើនជាង​គេ​ ​ដោយ​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព​ទៀតផង​។​ ​លទ្ធផល​ដែល​ប្រា​សាក់​សម្រេច​បាន​រួមមាន​៖​

  • ទ្រព្យសកម្ម​សរុប​នៅ​ដំណាច់ឆ្នាំ​ ​មាន​ចំនួន​ ​2.38​ ​ប៊ី​លាន​ដុល្លារ​អាម​រិក​ ​កើនឡើង​ ​36​%​ ​បើ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ​2017​
  • សម្ពៀត​ឥណទាន​សរុប​មាន​ចំនួន​ ​1.96​ ​ប៊ី​លាន​ដុល្លារ​អាម​រិក​ ​កើនឡើង​ ​26.67​%​ ​និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន​ ​395​ ​ពាន់​នាក់​
  • ប្រា​សាក់​ ​នៅ​រក្សា​ជំហរ​នាំមុខ​គេ​ផ្នែក​គុណភាព​សម្ពៀត​ឥណទាន​ក្នុង​វិស័យ​ ​ដោយ​អត្រា​ឥណទាន​មិន​ដំណើរការ​ ​មានត្រឹមតែ​ ​0.7​%​
  • សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​សរុប​ ​បាន​កើនឡើង​ដល់​ ​1.29​ ​ប៊ី​លាន​ដុល្លារ​អាម​រិក​ ​និង​មាន​អតិថិ​ជន​សវា​បញ្ញើ​សន្សំ​សរុប​ចំនួន​ ​555​ ​ពាន់​នាក់​
  • ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​បាន​កើនឡើង​ ​36.76​%​ ​ពោល​គឺ​ចាប់ពី​ ​57.5​ ​លាន​ដុល្លារ​អាម​រិក​ ​នៅ​ឆ្នាំ​ ​2017​ ​ដល់​ ​78.64​ ​លាន​ដុល្លារ​អាមេរិក​នៅ​ដំណាច់ឆ្នាំ​ ​2018​
  • ផល​លើ​មូលធន​ ​មាន​អត្រា​ ​29.4​%​ ​និង​ផល​លើ​ទ្រព្យសកម្ម​ ​មាន​អត្រា​ ​3.8​%​
  • បណ្ដាញ​ការិយាល័យ​ ​គ្របដណ្ដប់​ ​25​ ​ខេត្ត​-​រាជធានី​ ​ដែល​មាន​ ​177​ ​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ ​ម៉ាស៊ីន​ ​ATM​ ​មាន​ចំនួន126​ ​គឿង​ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ភូមិ​ចំនួន13,966​ ​ដែល​ស្មើនឹង​ ​98​%​ ​នៃ​ភូមិ​សរុប​ទាំងអស់​នៅ​កម្ពុជា​ ​ជាមួយនឹង​បុគ្គលិក​បម្រើការ​សរុប​ចំនួន​ ​7,600​ ​នាក់​។​

ការ​សម្លឹង​ឆ្ពោះទៅ​មុខ​

  •   ការប្រកួត​ប្រជែង​
    • ក្នុង​ការ​សម្លឹង​ឆ្ពោះទៅ​មុខ​ ​ដើម្បី​ជំរុញ​កំណើន​អាជីវកម្ម​ ​ពិតជា​មាន​ភាព​ខុសប្លែក​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ ​10​ ​ឆ្នាំមុន​ ​ដោយសារតែ​កត្តា​ប្រកួតប្រជែង​ខ្លាំងក្លា​នៅ​លើ​ទីផ្សារ​។​ ​គូប្រកួត​ប្រជែង​របស់​យើង​ភាគច្រើន​បាន​វិវត្ត​ទៅ​រក​ភាព​ខ្លាំងក្លា​។​ ​យើង​ក៏បាន​ជួបប្រទះ​នូវ​ការប្រកួត​ប្រជែង​ច្រើន​ឡើង​ៗ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ដែល​យើង​កំពុង​ប្រតិបត្តិ​ការ​ ​និង​ការ​ចាប់​យក​ចំណែក​ទីផ្សារ​នៃ​ធុរកិច្ច​ពី​ស្ថាប័ន​ថ្មី​ៗ​ផង​ដែរ​។
    • ​ថ្វីបើ​ការប្រកួត​ប្រជែង​មានការ​កើនឡើង​ ​យើង​នៅតែ​រក្សា​បាន​ជំហរ​នាំមុខ​គេ​ ​ហើយ​បាន​ធ្វើការ​វិនិយោគ​សំ​ខាន់​ៗ​លើ​សមត្ថភាព​បុគ្គលិក​ ​ដំណើរការ​ ​និង​បច្ចេកវិទ្យា​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ថ្មី​និង​ចាស់​របស់​យើង​។​
    • តាមរយៈ​ការ​ឈានមុខ​ផ្នែក​ធុរកិច្ច​ ​និង​បម្រែបម្រួល​ផ្នែក​បច្ចេកវិទ្យា​ ​បាន​ធ្វើ​ឱ្យ​ផ្លាស់ប្ដូរ​នូវ​ការ​រំពឹង​ទុក​របស់​អតិថិជន​ ​ការ​កែប្រែ​គំរូ​ធុរកិច្ច​ ​និង​ការ​ធ្វើ​ឱ្យ​ប្រែប្រួល​ទិដ្ឋភាព​នៃ​ការប្រកួត​ប្រជែង​។​ ​ទន្ទឹម​នឹង​នេះ​ ​បរិយាកាស​បទប្បញ្ញត្តិ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ ​នឹង​បន្ត​ការ​វិវត្ត​។​ ​ភាព​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង​នឹង​ផ្ដល់​ឱ្យ​យើង​នូវ​ភាព​បត់បែន​ដើម្បី​បន្ស៊ី​នឹង​ការផ្លាស់ប្ដូរ​បទប្បញ្ញត្តិ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ស្រប​ពេល​ទៅ​នឹង​កំណើន​អាជីវកម្ម​របស់​យើង​។​ ​យើង​បាន​ធ្វើ​ឌីជីថល​ ​និង​សម្រួល​ដំណើរការ​នៃ​ការ​ផ្ដល់​សេវា​ជូន​អតិថិជន​ដើម្បី​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិ​ការ​ ​ផ្ដល់​សេវា​ឱ្យ​កាន់តែ​លឿន​ ​និង​វិនិយោគ​លើ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​ក្នុង​សាង​អនាគត​ជាមួយ​ផលិតផល​និង​សេ​វា​ថ្មី​ៗ​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​FinTech​)​។​
  •   បទប្បញ្ញត្តិ​
    • វិស័យ​ហិរញ្ញវត្ថុ​ ​តម្រូវ​ឱ្យ​ប្រតិបត្តិ​តាម​បទប្បញ្ញត្តិ​ជាច្រើន​ក្នុងរយៈពេល​ច្រើន​ឆ្នាំ​កន្លងមក​នេះ​ ​ហើយ​យើង​មាន​សុទិដ្ឋិនិយម​ដែល​យើង​បាន​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ជាច្រើន​នេះ​បាន​ដោយ​ជោគជ័យ​។​ ​ប្រា​សាក់​តែង​ឆ្លើយតបទៅនឹង​ការផ្លាស់ប្ដូរ​បទប្បញ្ញត្តិ​ ​ហើយ​បាន​វិនិយោគ​យ៉ាងច្រើន​ដើម្បី​សម្រប​តាម​បទ​ដ្ឋាន​ថ្មី​ៗ​។​ ​ទម្រង់​សន្ទនីយភាព​របស់​យើង​គឺ​មាន​ភាពរឹងមាំ​ ​ចំណែក​ឯ​អនុបាត​ដើមទុន​ថ្នាក់ទីមួយ​មាន​ភាពរឹងមាំ​ ​និង​ប្រតិបត្តិតាម​បទប្បញ្ញត្តិ​ផង​ដែរ​។​ ​យើង​ជឿជាក់​ថា​ ​ជា​តុល្យភាព​ ​បទ​ប្ប​ញ្ញ​ត្តិ​ថ្មី​ៗ​នេះ​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ភាពរឹងមាំ​ ​និង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​។​
  •   បន្ត​កសាង​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​
    • ប្រា​សាក់​ ​មាន​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បន្ត​ការ​ឈានទៅមុខ​ដោយ​យើង​មាន​វប្បធម៌​ដ៏​រឹងមាំ​ ​និង​មោទនភាព​រួម​ចំពោះ​លទ្ធផល​ការងារ​របស់​យើង​ ​យើង​មាន​ប្រវត្តិ​ដ៏​ជោគជ័យ​ ​ហើយ​ជំហាន​របស់​យើង​មាន​លក្ខណៈ​ពិសេស​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​វិនិយោគិន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជុំវិញ​ពិភពលោក​។​ ​នៅ​ទូទាំង​ប្រា​សាក់​ ​បុគ្គលិក​ទាំងអស់​ផ្ដល់​គុណ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ធ្វើការ​រួមគ្នា​ ​ហើយ​ពួកគេ​មាន​ឆន្ទៈ​ដ៏​មោះមុត​ដូចគ្នា​ក្នុង​ការបម្រើ​អតិថិជន​របស់​ខ្លួន​។​

ប្រា​សាក់​នាំមក​ជូន​នូវ​ភាពល្អ​ដាច់គេ​ជូនចំពោះ​អតិថិជន​ ​និង​ភាគ​ទុ​និក​

កំណើន​ប្រកបដោយ​និរន្តរភាព​គឺជា​គន្លឹះ​ដ៏​សំខាន់​ចំពោះ​ប្រា​សាក់​ ​ចាប់តាំងពី​ការ​បដិសន្ធិ​ដំបូង​របស់​ខ្លួន​មក​ម៉្លេះ​ ​ដូចដែល​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​គុណ​តម្លៃ​ស្នូល​របស់​យើង​ ​ដោយ​គិតគូរ​ពី​ផលប្រយោជន៍​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ ​យើង​បាន​កត់សម្គាល់​ឃើញថា​ ​ការ​កើនឡើង​នៃ​ប្រសិទ្ធ​ផល​នៃ​ការ​ចំណាយ​ ​ការ​ទទួល​បានផល​ចំណេញ​អតិបរមា​ ​និង​ការកាត់បន្ថយ​ហានិភ័យ​ ​គឺជា​គុណ​តម្លៃ​ស្នូល​របស់​ប្រា​សាក់​។​ ​យើង​កំពុង​រំពៃមើល​យុទ្ធសាស្ត្រ​ធនធានមនុស្ស​រយៈពេល​វែង​ ​ហើយ​យើង​បន្ត​កសាង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ជាមួយ​អតិថិជន​ ​និង​ផ្ដល់​គុណ​តម្លៃ​ចំពោះ​ភាគ​ទុ​និក​របស់​យើង​។​

ដឹកនាំ​ប្រកបដោយ​ភាព​ជឿជាក់​

ខណៈ​ការ​ផ្លាស់​ប្តូរ​បទប្បញ្ញត្តិ​ ​ការកំណត់​ពិ​ដាន​អត្រា​ប្រាក់​ ​បម្រែបម្រួល​ទីផ្សារ​ ​និង​ការ​កើនឡើង​នៃ​ប្រកួតប្រជែង​ ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​កើតឡើង​ក៏ដោយ​ ​ប៉ុន្តែ​យើង​ក៏បាន​សម្លឹងឃើញ​ពី​កាលានុវត្ត​ភាពជា​ច្រើន​ផង​ដែរ​។​ ​យើង​ប្តេជ្ញា​ផ្តល់​ជូន​យុទ្ធ​សាស្រ្ត​ដ៏​ត្រឹមត្រូវ​ ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​សេវា​ ​ពង្រឹង​វប្បធម៌​និង​បុគ្គលិក​របស់​យើង​ ​ដើម្បី​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​ ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការប្រែប្រួល​នៅ​លើ​ទីផ្សារ​។​ ​អ្វី​ដែល​ពេលវេលា​ទាំងនេះ​បាន​បង្ហាញ​ប្រាប់​យើង​ ​គឺថា​ ​យុទ្ធសាស្ត្រ​របស់​យើង​កំពុង​ដំណើរការ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​យើង​មាន​ជំនឿ​ចិត្ត​ជាង​ពេល​ណាៗ​ទាំងអស់​ថា​ ​យើង​បាន​ជ្រើសរើស​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ ​និង​មាន​មនុស្ស​ដ៏​មាន​សមត្ថភាព​ដែល​អាច​ឆ្លើយតប​ចំពោះ​ការ​ប្រឈម​នៅពេល​ខាងមុខ​។​ ​ដោយ​យើង​បន្ត​កំណើន​ប្រកបដោយ​ការទទួលខុសត្រូវ​ ​និង​និរន្តរភាព​ ​យើង​បាន​ព្យាយាម​បន្ត​ពាំនាំ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ជូនចំពោះ​អតិថិជន​ ​និង​ភាគ​ទុ​និក​ដែល​រួម​ដំណើរ​ជាមួយ​យើង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាកលំបិន​នេះ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​សម្បូរ​រុងរឿង​។​

យើង​មានទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​យុទ្ធ​សាស្រ្ត​របស់​យើង​មាន​ភាពរឹងមាំ​។​ ​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​បាន​យ៉ាង​ល្អ​ប្រសើរ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​អត្ថន័យ​ ​ប្រៀបធៀប​នឹង​អាទិភាព​ដែល​យើង​បាន​ផ្ដោត​ ​ប្រា​សាក់​ ​នឹង​នៅតែ​ស្ថិត​ក្នុង​ជំហររឹង​មាំ​ដើម្បី​អនុវត្ត​តាម​គោលដៅ​លទ្ធផល​រយៈពេល​មធ្យម​ ​និង​បង្កើត​គុណ​តម្លៃ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុងរយៈពេល​វែង​។​

ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់​គ្រប់គ្រង​គ្រប់​លំដាប់ថ្នាក់​ ​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ ​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ភិបាល​ក្នុង​ការ​គាំទ្រ​ ​និង​ការ​ផ្តល់​ដំបូន្មាន​ ​និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និយ័ត​ករ​ ​និង​ធនាគារជាតិនៃកម្ពុជា​ ​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ដែល​តែងតែ​គាំទ្រ​ប្រា​សាក់​។​

លទ្ធផល​ដ៏​ល្អឯក​របស់​ប្រា​សាក់​នៅ​ឆ្នាំ​ ​2018​ ​គឺជា​សក្ខីភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​លះបង់​របស់​បុគ្គលិក​ប្រា​សាក់​ ​7,600​ ​នាក់​។​ ​យើងខ្ញុំ​សូម​ទទួលស្គាល់​នូវ​ការចូលរួម​ចំណែក​នេះ​ ​និង​សូម​ថ្លែងអំណរគុណ​ពួកគាត់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ឱ្យ​មាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នេះ​។​

ស៊ី​ម​ ​សេនា​ជាតិ​
ប្រធាន​នាយក​ប្រតិបត្តិ​