លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់

ប្រការ ១. សេចក្តីផ្តើម

១.១.    លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ប័ណ្ណឥណទាន​​ប្រាសាក់ តទៅហៅថា “លក្ខខណ្ឌទូទៅ” គឺជា​កិច្ចសន្យា ឬ កិច្ច​ព្រម​ព្រៀង រវាងអតិថិជន ឬម្ចាស់ប័ណ្ណឥណទាន​ជាមួយ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ តទៅហៅថា “ប្រាសាក់” ទាក់​ទង​ទៅនឹងការស្នើសុំ និងប្រើ​ប្រាស់​ប័ណ្ណ​ឥណទានប្រាសាក់។

១.២.    អតិថិជន ត្រូវអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន និងបញ្ជាក់ឡើងវិញប្រសិនបើចាំបាច់ មុននឹងធ្វើ​ការ​ផ្តិតស្នាមមេដៃយល់ព្រមទទួលលក្ខខណ្ឌដែលបានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ឬស្វែង​រកការពន្យល់បន្ថែម​ពី​បុគ្គលិក​ប្រាសាក់​ដោយផ្ទាល់នៅគ្រប់សាខាប្រាសាក់ទាំងអស់ ឬតាមរយៈទូរស័ព្ទ ០២៣/​០៨៦​ ៩៩៩ ៩១១ បាន​គ្រប់​​​ពេល។

១.៣.    អតិថិជនត្រូវបានសន្មតថាបានអាននិងយល់ព្រមអនុវត្តតាមគ្រប់លក្ខ​ខណ្ឌ​ទាំងអស់ ​ដែលមានចែងនៅក្នុង​លក្ខ​ខណ្ឌ​​ទូទៅនេះ ចាប់ពីកាលបរិច្ឆេទដែលអតិថិជនបានចុះហត្ថលេខា ឬផ្តិតមេដៃលើពាក្យស្នើសុំ​ប្រើប្រាស់​ប័ណ្ណ​ឥណ​ទាន​​ប្រាសាក់ ។

ប្រការ ២. និយមន័យ នៃពាក្យបច្ចេកទេសពាក់ព័ន្ធប័ណ្ណឥណទាន

  1. ប័ណ្ណឥណទាន (Credit Card) គឺសំដៅលើប័ណ្ណ ឬកាត ដែលផ្តល់ជូនអតិថិជនដោយ ​ប្រាសាក់ ដើម្បី​ធ្វើ​ប្រតិ​បត្តិ​ការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ/សេវាកម្ម ឬប្រតិបត្តិការផ្សេងៗ តាមរយៈ​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ា​ស៊ីន​ឆូត​កាត ទៅតាមកម្រិតឥណទាន (Credit Limit) ដែលផ្តល់ដោយប្រាសាក់។
  2. ការស្នើសុំប័ណ្ណឥណទាន (Credit Card Request) គឺស្មើគ្នានឹងការស្នើសុំឥណទាន(កម្ចី) ទៅតាម លក្ខខណ្ឌ និង​កម្រិតឥណទានដែលបានកំណត់ដោយប្រាសាក់ទៅតាមប្រភេទអតិថិជននីមួយៗ ហើយ​ឥណទាន​នេះ​អាច​ប្រើ​ប្រាស់បានលុះត្រាតែមានប័ណ្ណឥណទាន(Credit Card)។
  3. ប័ណ្ណឥណទានច្បង (Primary Credit Card) គឺសំដៅដល់ប័ណ្ណឥណទាន ដែលចេញសម្រាប់អ្នកស្នើ​សុំ​ប័ណ្ណ​​ឥណទានដំបូង ហើយ​ប័ណ្ណនេះមានលក្ខណៈទូលំទូលាយជាងប័ណ្ណឥណទានរង។
  4. ប័ណ្ណឥណទានរង (Supplementary Credit Card) គឺសំដៅដល់ប័ណ្ណឥណទាន ដែលស្នើសុំបន្ថែម​ដោយ​ម្ចាស់​ប័ណ្ណឥណទាន​ច្បង​ដើម្បី​ផ្តល់​ទៅដល់សមាជិកគ្រួសារ ឬ សាច់ញាតិ… ដើម្បីអាចប្រើប្រាស់នូវ​កម្រិត​ឥណទាន​រួមជាមួយនឹង​ម្ចាស់​ប័ណ្ណ​ឥណទានច្បង​។ ម្ចាស់ប័ណ្ណឥណទានច្បងមានសិទ្ធិ​ក្នុងការកំណត់​កម្រិត​ឥណទាន​ប្រើប្រាស់របស់ម្ចាស់ប័ណ្ណឥណទានរងឲ្យតិចជាង ឬ​ស្មើ​នឹង​ប័ណ្ណឥណទានច្បង តែ​មិន​អាចលើស​បាន​​ឡើយ។
  5. សុពលភាពប័ណ្ណឥណទាន (Credit Card Validity) គឺសំដៅដល់រយៈពេលកំណត់មួយដែល ប័ណ្ណឥណទាន មានសុពលភាព គិតចាប់ពីកាលបរិច្ឆេទចេញប័ណ្ណ។
  6. របាយការណ៍ប័ណ្ណឥណទាន (Credit Card Statement) គឺជារបាយការណ៍ដែលបង្ហាញពី​ប្រតិបត្តិការ​ចេញ ចូលលម្អិតដែលអតិថិជនបានធ្វើប្រតិបត្តិការ ជាមួយប័ណ្ណឥណទាននៅក្នុងរយៈពេល​ជាក់លាក់ណាមួយ។
  7. ថ្ងៃចេញរបាយការណ៍ប័ណ្ណឥណទាន (Credit Card Statement Date) គឺជាកាលបរិច្ឆេទមួយ​ដែល​របាយ​ការណ៍​​​ប័ណ្ណឥណទានត្រូវបាន​បោះ​ចេញ និងផ្ញើជូនម្ចាស់​ប័ណ្ណឥណទាន។
  8. ទំហំឥណទានសរុប (Total Credit Limit)គឺជាកម្រិតឥណទានអតិបរមា​ដែលប្រាសាក់​ផ្តល់​ជូន​អតិថិជន​ដើម្បី​ប្រើ​ប្រាស់ជាមួយប័ណ្ណឥណទាន។
  9. ទឹកប្រាក់ត្រូវបង់អប្បបរមា (Minimum Payment Amount) គឺជាចំនួន​ទឹកប្រាក់តិចបំផុត ដែល​ម្ចាស់ប័ណ្ណ​ត្រូវ​ធ្វើ​ការទូទាត់សងត្រលប់មកប្រាសាក់វិញជាប្រចាំខែ។
  10. ទឹកប្រាក់ត្រូវបង់សរុប (Total Payment Amount) គឺជាចំនួនទឹកប្រាក់សរុបដែលអតិថិជនបានប្រើប្រាស់ បូក​នឹង ការប្រាក់ ឬកម្រៃសេវាផ្សេងៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណឥណទាន។
  11. កាលបរិច្ឆេទចុងក្រោយត្រូវបង់ប្រាក់ (Payment Due Date) គឺជាកាលបរិច្ឆេទចុងក្រោយដែលកំណត់ឲ្យ​ម្ចាស់​ប័ណ្ណត្រូវធ្វើការទូទាត់សងត្រលប់មកប្រាសាក់វិញ នូវទឹកប្រាក់ត្រូវបង់អប្បបរមា ឬទឹកប្រាក់ត្រូវបង់សរុប។
  12. ប្រាក់ពិន័យលើការទូទាត់សងត្រលប់យឺត (Late Payment Fee) គឺជាប្រាក់ពិន័យ ដែលគិតទៅលើ​ការ​ទូ​ទាត់​​សងយឺតយ៉ាវក្រោយកាលបរិច្ឆេទចុងក្រោយត្រូវបង់ប្រាក់ ​ដែល​មាន​បង្ហាញ​នៅលើ​របាយ​ការណ៍​ប័ណ្ណ​ឥណទាន។

ប្រការ ៣. ឯកសារតម្រូវ និងការផ្តល់ព័ត៌មាន

៣.១.    រាល់ការស្នើសុំប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់ អតិថិជន​ត្រូវផ្តល់​នូវព័ត៌មានតាមការស្នើសុំរបស់ប្រាសាក់ និង​ត្រូវ​ធា​​នាថា រាល់ព័ត៌មានដែលបានផ្តល់មកប្រាសាក់ ជាព័ត៌មាន ត្រឹមត្រូវ ពិតប្រាកដ និងថ្មីបំផុត ។

៣.២.    ករណីមានការផ្លាស់ប្តូរព័ត៌មានផ្សេងៗ អតិថិជនត្រូវ​​ធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ​មក​ប្រាសាក់​ជា​បន្ទាន់​ ។ អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតទាំងឡាយណាដែលកើតចេញពី​ការផ្លាស់ប្តូរ ឬការខកខាន​មិនបានជូនដំណឹងទាន់ពេលវេលាមកប្រាសាក់ ។

៣.៣.   អតិថិជនយល់ព្រមឲ្យប្រាសាក់ផ្តល់ព័ត៌មានរបស់ខ្លួនទៅភាគីទីបី ដោយមិនចាំបាច់ធ្វើការជូនដំណឹង​ជាមុនដូចជា​តុលាការ ធនាគារជាតិ ឬ អាជ្ញាធរមានសមត្ថកិច្ច ។ល។

៣.៤.    អតិថិជនយល់ព្រមផ្តល់ឲ្យប្រាសាក់នូវឯកសារគាំទ្រនានាដែល​ពាក់​​​​​ព័ន្ធ ​ដើម្បី​​​​ឲ្យប្រា​សាក់​អាច​​អនុវត្ត​ការងារ​បាន​ត្រឹម​ត្រូវ​តាមកាតព្វកិច្ចផ្លូវច្បាប់ ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ប្រការ​ ៤. ប័ណ្ណឥណទានប្រាសាក់

៤.១.    ប្រាសាក់នឹងផ្តល់ប័ណ្ណឥណទាន និងលេខកូដសម្ងាត់ ជូនអតិថិជន បន្ទាប់ពី​បានពិនិត្យសំណុំឯកសារ និង​អនុ​ម័ត​​ទៅ​តាម​កម្រិតឥណទានដែលអតិថិជនបានស្នើសុំ​។

៤.២.    ម្ចាស់ប័ណ្ណឥណទានត្រូវចុះហត្ថលេខា នៅផ្នែកខាងក្រោយខ្នងនៃប័ណ្ណឥណទានភ្លាមៗ នៅពេលទទួល​ប័ណ្ណ​ឥណទាន​។

៤.៣.    ករណីម្ចាស់ប័ណ្ណមិនយល់ព្រមលើរាល់លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ប័ណ្ណឥណទានទេនោះ ម្ចាស់ប័ណ្ណ​ត្រូវកាត់​ប័ណ្ណ​ជា​​ពីរកំណាត់ និងធ្វើការបញ្ជូនប័ណ្ណត្រលប់មកប្រាសាក់វិញ។

៤.៤.     ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ប័ណ្ណឥណទានប្រាសាក់ គឺជាទ្រព្យសម្បត្តិរបស់ប្រាសាក់ជានិច្ច។​ ករណី​មាន​ការ​ស្នើ​សុំពីប្រាសាក់ នោះ​ម្ចាស់​ប័ណ្ណត្រូវបញ្ជូនត្រលប់មកវិញ ដោយកាត់ជាពីរកំណាត់។

ប្រការ ៥. សុពលភាពប័ណ្ណឥណទាន

៥.១.     ប័ណ្ណឥណទាន មានសុពលភាពរយៈពេល០៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញប័ណ្ណ។​

៥.២.    បន្ទាប់ពីប័ណ្ណឥណទានហួសសុពលភាព ម្ចាស់ប័ណ្ណឥណទានអាចធ្វើការស្នើសុំប័ណ្ណឥណទានថ្មីជំនួស​បាន ដោយ​ត្រូវ​​បង់​កម្រៃ​ទៅ​តាម​ការកំណត់របស់ប្រាសាក់។​

៥.៣.    ប្រាសាក់មានសិទ្ធិក្នុងការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទានបានគ្រប់ពេលវេលា ដោយពុំចាំបាច់ជូនដំណឹងជាមុន​ដល់​ម្ចាស់ប័ណ្ណឥណទាន ក្នុង​ករណី​ប័ណ្ណឥណទានហួសសុពលភាពប្រើប្រាស់រយៈពេល០៣ខែ និងមិនមាន​នៅ​សល់​​សមតុល្យជំពាក់។​

ប្រការ ៦. កញ្ចប់សុវត្ថិភាពក្នុងការប្រើប្រាស់ប័ណ្ណឥណទាន និងលេខកូដសម្ងាត់ប័ណ្ណ (PIN)

៦.១.    ម្ចាស់ប័ណ្ណ ត្រូវរក្សាលេខកូដសម្ងាត់ប័ណ្ណ និងប័ណ្ណឥណទាន របស់ខ្លួនឲ្យមានសុវត្ថិ​ភាពគ្រប់ពេលវេលា។ រាល់ការ​ខូច​ខាត​ដែល​កើត​​ចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ប័ណ្ណឥណទាន គឺជាការ​ទទួលខុសត្រូវ​ទាំង​ស្រុង​​របស់​ម្ចាស់​ប័ណ្ណ។​

៦.២.    ប្រសិនបើប័ណ្ណឥណទាន និង/ឬ លេខកូដសម្ងាត់របស់អតិថិជនត្រូវបានបាត់បង់ ឬ​ត្រូវបានគេលួច ឬរកឃើញ​ថា​មាន​​ប្រតិបត្តិការបានកើតឡើងដោយគ្មានការអនុញ្ញាត អតិថិជនត្រូវ​ជូន​ដំ​ណឹងមកប្រាសាក់ជាបន្ទាន់ ដើម្បី​ធ្វើ​ការ​បង្ខាំង​​​ការប្រើប្រាស់ប័ណ្ណឥណទាន​ ប៉ុន្តែរាល់ប្រតិបត្តិការដែលបាន​ធ្វើ ជាការ​ទទួល​​​ខុស​ត្រូវ​ទាំង​ស្រុង​របស់​ម្ចាស់​ប័ណ្ណ​​។​

៦.៣.    មិនត្រូវផ្ទេរ ឬអនុញ្ញាតឲ្យអ្នកផ្សេងប្រើប្រាស់ប័ណ្ណឥណទាន ឬដឹងពីលេខកូដសម្ងាត់នៃប័ណ្ណឥណទាន​របស់​លោក​អ្នក​ឡើយ។​

៦.៤.    គ្រប់ពេលបញ្ចប់ប្រតិបត្តិការនីមួយៗ ម្ចាស់ប័ណ្ណត្រូវធ្វើការត្រួតពិនិត្យរាល់​ព័ត៌មាន​ទាំងអស់នៅលើវិក្កយបត្រ ជា​ពិសេស​​ចំ​នួន​ទឹកប្រាក់ដែលបានធ្វើប្រតិបត្តិការ មុនពេលចាកចេញ ឬ មុនពេលចុះ​ហត្ថលេខា​ទទួល​ស្គាល់​នៅ​លើ​វិក្កយបត្រ​។​

៦.៥.    ម្ចាស់ប័ណ្ណត្រូវរក្សាទុកវិក្កយបត្រដែលបានធ្វើប្រតិបត្តិការទាំងអស់ សម្រាប់ផ្ទៀងផ្ទាត់ជាមួយរបាយការណ៍​ប័ណ្ណ​ឥណ​ទាន ឬទុក​ជាឯកសារទៅថ្ងៃក្រោយ។​

ប្រការ ៧. កម្រិតឥណទាន (Credit Limit)

៧.១.    ប្រាសាក់នឹងផ្តល់កម្រិតឥណទានសមស្របមួយដល់ម្ចាស់ប័ណ្ណឥណទានទៅតាមការស្នើសុំ ហើយម្ចាស់ប័ណ្ណ​ឥណទានមិនត្រូវ​ប្រើ​ប្រាស់​​​​​​លើស​ពី​កម្រិត​ឥណទាននៃប័ណ្ណឥណទានរបស់ខ្លួន​ឡើយ។​

៧.២.    ប្រាសាក់មានសិទ្ធិធ្វើការកែប្រែ កម្រិតឥណទាន ដោយពុំចាំបាច់ជូនដំណឹងដល់ម្ចាស់ប័ណ្ណ​ជាមុន​ឡើយ។​

ប្រការ ៨. រូបិយប័ណ្ណ

៨.១.    អតិថិជននឹងទទួលបានប័ណ្ណឥណទានទៅតាមប្រភេទរូបិយប័ណ្ណនៃឥណទានដែលបានស្នើសុំពីប្រាសាក់។​

៨.២.    រាល់ការធ្វើប្រតិបត្តិការជារូបិយប័ណ្ណផ្សេងខុសពី​ រូបិយប័ណ្ណនៃប័ណ្ណឥណទានរបស់អតិថិជន នោះចំនួនទឹកប្រាក់​ដែលទូទាត់ចេញពីប័ណ្ណឥណទាន​ នឹងត្រូវគណនាតាមអត្រាប្តូរប្រាក់ ដែលកំណត់ដោយប្រាសាក់​នៅពេលធ្វើ​ប្រតិបត្តិការ។​

ប្រការ ៩. ទំហំកំណត់នៃការធ្វើប្រតិបត្តិការរបស់ប័ណ្ណឥណទាន

៩.១.    អតិថិជនត្រូវធ្វើប្រតិបត្តិការប័ណ្ណឥណទានទៅតាមទំហំកំណត់​នៃប្រតិបត្តិការនីមួយៗ ដែលបានកំណត់​ដោយ​ប្រាសាក់​​ ដូច​មាន​បង្ហាញជូននៅតាមសាខាប្រាសាក់ និង/ឬ វេបសាយត៍ប្រាសាក់។​

៩.២.    ប្រាសាក់មានសិទ្ធិធ្វើការកែប្រែទំហំប្រតិបត្តិការ ដោយមិនចាំបាច់ជូនដំណឹងដល់ម្ចាស់ប័ណ្ណ​ជាមុន​ឡើយ។​

ប្រការ ១០. កម្រៃសេវា និងប្រាក់ពិន័យ

១០.១.  ម្ចាស់ប័ណ្ណ យល់ព្រមឲ្យប្រាសាក់ធ្វើការទូទាត់កម្រៃសេវា និងប្រាក់ពិន័យ ​ សម្រាប់សេវាមួយចំនួន ដូច​ខាង​ក្រោម​៖​

  • កម្រៃសេវា ដើម្បីទទួលបានប័ណ្ណឥណទាន
  • កម្រៃសេវាប័ណ្ណប្រចាំឆ្នាំ សម្រាប់ប័ណ្ណឥណទានច្បង និងប័ណ្ណឥណទានរង
  • កម្រៃសេវាលើការស្នើសុំប័ណ្ណឥណទានថ្មី
  • កម្រៃសេវាលើការធ្វើប្រតិបត្តិការជាមួយប័ណ្ណឥណទាន
  • ប្រាក់ពិន័យលើការទូទាត់សងត្រលប់យឺត
  • កម្រៃសេវាទៅលើនីតិវិធីផ្លូវច្បាប់ និងចំណាយផ្សេងៗ ពាក់ព័ន្ធនឹងការទារប្រាក់សំណង ករណីម្ចាស់

ប័ណ្ណឥណទានរំលោភលើកិច្ចសន្យានៃការប្រើប្រាស់ប័ណ្ណឥណទាន

  • កម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់ ។

១០.២. ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែ កម្រៃសេវា និងប្រាក់ពិន័យ ដោយពុំចាំបាច់ជូន​ដំណឹង​ដល់​ម្ចាស់​ប័ណ្ណជា​មុន​ឡើយ​។​

ប្រការ ១១. អត្រាការប្រាក់

១១.១.  រាល់ការប្រើប្រាស់ប័ណ្ណឥណទាន ម្ចាស់ប័ណ្ណយល់ព្រមឲ្យប្រាសាក់ធ្វើការទូទាត់ការប្រាក់ចេញពី​កម្រិត​ឥណ​ទាន​​​នៃប័ណ្ណ​ឥណ​ទា​ន ​ទៅ​តាមអត្រាការប្រាក់ដែលបានកំណត់​ដោយប្រាសាក់។

១១.២. ម្ចាស់ប័ណ្ណ​ឥណ​ទា​ន អាចស្វែងរកអត្រាការប្រាក់បាននៅតាមការិយាល័យ និង/ឬ វេបសាយត៍​ប្រា​សាក់​។

១១.៣. ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់  ដោយពុំចាំបាច់ជូន​ដំណឹង​ដល់​ម្ចាស់​ប័ណ្ណឥណទានជា​មុន​ឡើយ។

ប្រការ ១២. ការគណនាការប្រាក់

ការប្រាក់នឹងត្រូវបានគណនា ដោយយោងទៅតាមប្រភេទប្រតិបត្តិការនីមួយៗ ដូចខាងក្រោម៖

១២.១.      ​អត្រាការប្រាក់  ត្រូវបានគណនាភ្លាមៗចាប់ពីថ្ងៃធ្វើប្រតិបត្តិការ រហូត​ដល់​​ថ្ងៃ​ទូ​ទាត់​​សង​គ្រប់ចំនួន ទៅលើប្រភេទប្រតិបត្តិការដូចខាងក្រោម៖

  • ដកប្រាក់
  • ផ្ទេរប្រាក់ពីប័ណ្ណឥណទានទៅគណនី ឬទៅប័ណ្ណឥណទាន
  • ផ្ទេរប្រាក់ពីប័ណ្ណឥណទានទៅអ្នកគ្មានគណនី

១២.២.      ការធ្វើប្រតិបត្តិការទូទាត់ទំនិញ ឬសេវាកម្មតាមរយៈ Merchant​ (ហាងទំនិញ ភោជ​នីយ​ដ្ឋាន​..)​ ការទូទាត់​​​វិក្កយ​បត្រ​ទឹក/អគ្គិសនី ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ  ការប្រាក់នឹងត្រូវ​ទូ​ទាត់​​​​ក្នុង​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម​៖

  • មិនត្រូវបានធ្វើការទូទាត់ការប្រាក់ភ្លាមៗ នៅពេលអតិថិជនធ្វើប្រតិបត្តិការទូទាត់ណាមួយឡើយ។
  • មិនត្រូវបានគិតការប្រាក់ឡើយ ប្រសិនបើ​ម្ចាស់​ប័ណ្ណធ្វើការទូទាត់សងត្រលប់វិញគ្រប់​ចំ​នួន(១០០%) នូវទឹកប្រាក់ដែលបានប្រើប្រាស់ទៅតាមថ្ងៃកំណត់ត្រូវសងត្រលប់ ដូចបានបង្ហាញនៅលើ​របាយ​ការណ៍ប័ណ្ណឥណទាន។
  • ប្រាសាក់នឹងធ្វើការទូទាត់ការប្រាក់ លុះត្រាតែអតិថិជនមិនបានទូទាត់សង ឬទូទាត់សងដែរ តែមិនគ្រប់​​ចំនួនសរុប(១០០%) ដែលបានប្រើប្រា​ស់ នោះអត្រាការប្រាក់នឹងត្រូវ បានគណនា ជា​ប្រចាំ​ថ្ងៃ​ទៅ​​លើទឹកប្រាក់​ដែលនៅជំពាក់ គិត​​​ចាប់​​ពីថ្ងៃចេញរបាយការណ៍ប័ណ្ណឥណទាន​រហូត​ដល់​​ថ្ងៃ​ទូ​ទាត់​​សង​គ្រប់ចំនួន។

ប្រការ ១៣. របាយការណ៍ប័ណ្ណឥណទាន​ (Credit Card Statement)

១៣.១. ប្រាសាក់នឹងផ្ញើរបាយការណ៍ប័ណ្ណឥណទានជូនម្ចាស់ប័ណ្ណជាប្រចាំខែទាក់ទងទៅនឹងការ​ប្រើប្រាស់​ប័ណ្ណ​ឥណ​ទាន​របស់​​ខ្លួន ឬអតិថិជនអាចស្នើសុំរបាយការណ៍ប័ណ្ណឥណទានបាននៅគ្រប់ការិយាល័យប្រាសាក់ករណីមិន​ទទួល​បាន​​​​។

១៣.២. របាយការណ៍ប័ណ្ណឥណទាន នឹងបង្ហាញពីប្រតិបត្តិការលម្អិតនៃការប្រើប្រាស់ប័ណ្ណឥណទាន កម្រៃសេវា ការប្រាក់ ​និងប្រាក់ពិន័យផ្សេងៗប្រសិនបើមាន។

១៣.៣. អតិថិជនត្រូវត្រួតពិនិត្យរបាយការណ៍ប័ណ្ណឥណទាន និងជូនដំណឹងមកប្រាសាក់ ប្រសិនបើពិនិត្យ​ឃើញ​មាន​​​​​​ភាព​មិន​សមស្របណាមួយ​នៃរបាយការណ៍នៅក្នុងរយៈពេល ០៧ថ្ងៃ នៃថ្ងៃធ្វើការ។

១៣.៤. ករណីមិនទទួលបានការ​ជូន​ដំណឹង​​ត​វ៉ា​ជាលាយលក្ខណ៍អក្សរណាមួយទេ​ ប្រាសាក់នឹងចាត់ទុកថាគ្រប់ប្រតិបត្តិការ និង​ការ​ចុះបញ្ជី​ដែលបានបង្ហាញ​នៅ​លើ​របាយ​ការណ៍ប័ណ្ណឥណទាន​ប្រចាំខែរបស់អតិថិជន ពិតជាត្រឹមត្រូវ ហើយ​អតិថិជន​​​មាន​កាត្វកិច្ចត្រូវ​​ធ្វើ​ការ​សង​​​ត្រ​ឡប់មកប្រាសាក់​វិញ​ឲ្យបានមុនកាលបរិច្ឆេទកំណត់បង់ប្រាក់ ដែល​មាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ប័ណ្ណឥណទាននោះ។

ប្រការ ១៤. ការទូទាត់សំណង

១៤.១.  នៅពេលទទួលបានរបាយការណ៍ប័ណ្ណឥណទាន​ប្រចាំខែ ម្ចាស់ប័ណ្ណត្រូវ​ធ្វើការទូទាត់សង​ត្រលប់មកប្រាសាក់​ ដូច​ខាង​ក្រោម៖

  • ទូទាត់សងទឹកប្រាក់សរុប (១០០%)ដែលបានប្រើប្រាស់ ឬ
  • ទូទាត់សងយ៉ាងតិច ២០% (អប្បបរមា ២០ ដុល្លារ ឬ ៨០,០០០ រៀល )នៃទឹកប្រាក់ដែល​ប្រើ​ប្រាស់​​​សរុប​(១០០%)​។
  • ករណីប្រើប្រាស់ឥណទានតូចជាង ឬស្មើ ២០ដុល្លារ ឬ ៨០,០០០ រៀល អតិថិជនត្រូវទូទាត់សង ត្រលប់ ១០០% នៃទឹកប្រាក់ដែលបានប្រើប្រាស់។

១៤.២. ករណីម្ចាស់ប័ណ្ណមិនបានធ្វើការទូទាត់សង ឬ ទូទាត់​សងមិនគ្រប់ចំនួន នូវ​​ទឹកប្រាក់អប្បបរមា​ត្រូវសង​ទេ នៅថ្ងៃ​ដល់​កាល​កំណត់ នោះប្រា​សាក់​នឹងធ្វើការគិតកម្រៃសេវាលើការទូទាត់សងយឺត (ប្រាក់ពិន័យ) ដោយគណនា​ផ្អែកទៅលើ​ទឹកប្រាក់អប្បបរមា​ដែលខកខាន​មិន​បាន​ទូទាត់​សង​នោះ ​ហើយ​​ការប្រាក់ គឺនៅបន្តអនុវត្ត។

១៤.៣. ទឹកប្រាក់អប្បបរមា​ដែល​មិន​បាន​ទូ​ទាត់សងត្រលប់ នឹង​ត្រូវ​បាន​បូក​​បន្ថែម​ជា​​មួយ​ទឹក​​​ប្រាក់អប្បបរមា​នៃ​ខែ​​​បន្ទាប់​។​

១៤.៤.  ចំពោះ ការប្រាក់ កម្រៃសេវា ឬប្រាក់ពិន័យផ្សេងៗ ដែលអតិថិជនមិនបានទូទាត់ ប្រាសាក់នឹង​ធ្វើ​ការ​គណនា​ការប្រាក់​ពី​លើ​ការប្រាក់ ឬកម្រៃសេវាទាំងនោះ ទៅតាមអត្រាការប្រាក់ដែលកំណត់ដោយប្រាសាក់​។

១៤.៥.  ការទូទាត់សងត្រលប់ដោយម្ចាស់ប័ណ្ណមកប្រាសាក់ មិនត្រូវបានចាត់ទុកថាជាការទូទាត់រួចរាល់នោះទេ ប្រសិន​បើ​ការ​​ទូ​ទាត់នោះមិនទាន់ក្លាយជាសាច់ប្រាក់ពិតប្រាកដ។ ហើយការទូទាត់ជា​សាច់ប្រាក់នឹងត្រូវ​បានទូទាត់ជា​មួយ​ប័ណ្ណ​​ឥណទាន នៅពេលបិទបញ្ជីចុងថ្ងៃ (EOD) នៃថ្ងៃធ្វើប្រតិបត្តិការទូទាត់សងនោះ។

ប្រការ ១៥. លក្ខខណ្ឌសម្រាប់ប័ណ្ណឥណទានរង (Supplementary Card)

១៥.១.  ម្ចាស់ប័ណ្ណឥណទានរង ​អាចប្រើប្រាស់កម្រិត​ឥណ​ទាន​រួមគ្នាជាមួយម្ចាស់ប័ណ្ណឥណទានច្បង តាមការស្នើសុំ​របស់​ម្ចាស់​ប័ណ្ណឥណទានច្បង ។

១៥.២. លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទានរង ត្រូវ​អនុ​លោម​តាមលក្ខខណ្ឌនៃការប្រើប្រាស់​ប័ណ្ណ​ឥណ​ទាន​​ច្បង​ទាំង​ស្រុង​។

១៥.៣. រាល់ប្រតិបតិ្តការ និងការចំណាយទាំងអស់របស់ប័ណ្ណឥណទានរង គឺជាការទទួលខុសត្រូវទាំងស្រុងរបស់​ម្ចាស់​ប័ណ្ណ​ឥណ​​ទាន​ច្បង។ ហើយ​​ម្ចាស់​ប័ណ្ណឥណទានច្បងត្រូវធានាថា រាល់ប្រតិបត្តិការ និងការអនុវត្តផ្សេងៗ​របស់ម្ចាស់ប័ណ្ណ​ឥណ​ទាន​រង បាន​គោរព​តាម​លក្ខខណ្ឌ និង​កាត​ព្វ​កិច្ច​ដែលបានកំណត់ និងយល់ព្រម រវាងប្រាសាក់ និងម្ចាស់​ប័ណ្ណ​ឥណ​ទាន​ច្បង។

១៥.៤.  ម្ចាស់ប័ណ្ណឥណទានរងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវរាល់ប្រតិបត្តិការទាំងឡាយណាដែល​កើតឡើងពី​ការប្រើប្រាស់​ប័ណ្ណ​​ឥណ​ទាន​របស់​ខ្លួន។

ប្រការ ១៦. ការស្នើសុំបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់

១៦.១.  ម្ចាស់ប័ណ្ណអាចធ្វើការស្នើសុំបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទាន ដោយត្រូវជូនដំណឹងមកប្រាសាក់​ជា​លាយ​លក្ខណ៍​អក្សរ​ និងត្រូវប្រគល់ប័ណ្ណឥណទានត្រលប់មកប្រាសាក់វិញដោយកាត់ជាពីរកំណាត់។

១៦.២. ប្រាសាក់មានសិទ្ធិក្នុងការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទាន ដោយពុំចាំបាច់ជូនដំណឹងជាមុន ដល់ម្ចាស់​ប័ណ្ណ​ក្នុង​ករណី​ណាមួយដូចខាងក្រោម៖

  • ការប្រើប្រាស់ប័ណ្ណឥណទានពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ ។
  • ការប្រែប្រួលអវិជ្ជមានចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ប័ណ្ណ(មិនមានលទ្ធភាពសងត្រលប់…) ។
  • ករណីមិនគោរពតាមលក្ខខណ្ឌដែលបានកំណត់ក្នុងលក្ខខណ្ឌទូទៅនេះ ។

​១៦.៣. រាល់ការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទាន ទោះដោយម្ចាស់ប័ណ្ណក្តី ឬ ដោយប្រាសាក់ក្តី ម្ចាស់ប័ណ្ណមានកាតព្វកិច្ច​ទូទាត់​សង​នូវរាល់បំណុល និងការចំណាយនៃការប្រើប្រាស់ទាំងអស់ រួមទាំងកម្រៃសេវា ការប្រាក់ និង​សោ​ហ៊ុយ​នៃ​ការ​​​​ប្រើ​ប្រាស់​ប័ណ្ណឥណទានផ្សេងៗ រហូតដល់ទូទាត់សងគ្រប់ចំនួន។

១៦.៤.  ម្ចាស់ប័ណ្ណឥណទានច្បងមានសិទ្ធិគ្រប់គ្រាន់ ក្នុងការស្នើសុំបញ្ឈប់ការប្រើប្រាស់​ប័ណ្ណឥណទានរងជា​លាយ​លក្ខណ៍​អក្សរនៅពេល​ណា​មួយ​​​​ក៏បាន ដោយម្ចាស់ប័ណ្ណឥណទានច្បងត្រូវបន្តភារៈកិច្ច និងកាតព្វកិច្ចដែលបាន​ធ្វើ​ឡើង​ដោយ​​ប័ណ្ណឥណទានរងមុនពេលស្នើ​សុំ​បញ្ឈប់​​​។

១៦.៥.  រាល់ការស្នើសុំបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទានច្បង ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ នោះប័ណ្ណឥណទាន​រង​នឹ​ងត្រូវបាន​បញ្ឈប់​​ការ​ប្រើ​ប្រាស់​ដោយ​ស្វ័យប្រវត្តិ។  ប៉ុន្តែការស្នើសុំបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទានរង នឹង​មិន​មាន​​ផលប៉ះពាល់​ដល់​ការ​​ប្រើ​ប្រាស់​របស់​ប័ណ្ណឥណទានច្បងឡើយ។

១៦.៦.  បើទោះជាប័ណ្ណឥណទានត្រូវបានបញ្ឈប់ការប្រើប្រាស់ក៏ដោយ ក៏ម្ចាស់ប័ណ្ណត្រូវនៅបន្តបំពេញកាតព្វកិច្ចទាំងអស់​ដែល​មាន​ចែងក្នុងកិច្ចព្រមព្រៀងនេះរហូតដល់បំណុលទាំងអស់ត្រូវបានទូទាត់សងគ្រប់ចំនួន។

ប្រការ ១៧. ការកែប្រែកម្រៃសេវា អត្រាការប្រាក់ លក្ខខណ្ឌផ្សេងៗ និង ការជូនដំណឹងទៅអតិថិជន

១៧.១. ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា អត្រាការប្រាក់ ឬលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្ត​ចំពោះការប្រើប្រាស់​ប័ណ្ណឥណទាន​របស់​អតិថិជន​នៅពេលណាក៏បានទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន។

១៧.២. អតិថិ​ជន​យល់​ព្រម និងទទួលស្គាល់ថាប្រាសាក់អាចធ្វើការជូនដំណឹង​​ពី​​ការកែប្រែខាងលើ តាមរយៈមធ្យោបាយ​ណា​មួយ​​ក្នុង​ចំ​ណោមមធ្យោបាយខាងក្រោម៖

(១)        តាមរយៈសាខារបស់ប្រាសាក់ និង/ឬ

(២)        តាមរយៈវេបសាយត៍ និង/ឬ បណ្តាញសង្គមផ្លូវការរបស់ប្រាសាក់ និង/ឬ

(៣)        តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី ឬមធ្យោបាយផ្សេងៗ​ដែល​ប្រាសាក់​បានជ្រើសរើស។

១៧.៣. អតិថិជនត្រូវបានសន្មតថាបានអាន និងយល់ព្រមអនុវត្តតាមការជូនដំណឹងស្តីពីការកែប្រែភ្លាមៗ បន្ទាប់​ពី​ប្រាសាក់​បាន​ធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាង​លើ​។

១៧.៤. ករណីម្ចាស់ប័ណ្ណមិនយល់ព្រមលើការផ្លាស់ប្តូរណាមួយខាងលើ នោះម្ចា​ស់ប័ណ្ណមានសិទ្ធិ​បញ្ឈប់ការប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន​​ដោយកាត់ប័ណ្ណជាពីរកំណាត់ និងបញ្ជូនត្រលប់មកប្រាសាក់វិញបាន។  ប៉ុន្តែទោះជាយ៉ាងណា​ក៏​ដោយ អតិថិជនត្រូវ ធ្វើការទូទាត់នូវទឹកប្រាក់ដែលជំពាក់មកប្រាសាក់ ដោយផ្អែកតាមលក្ខខណ្ឌដែលបានកែប្រែ​ចុង​ក្រោយ​បំផុត។

ប្រការ ១៨. ការដោះស្រាយវិវាទ

១៨.១.  រាល់វិវាទកើតឡើងរវាងប្រាសាក់ និងម្ចាស់ប័ណ្ណឥណទាន ត្រូវ​ដោះស្រាយ​ដោយ​សន្តិ​វិធី​។​​​​

១៨.២. ករណីការដោះស្រាយដោយសន្តិវិធីមិនទទួលបានលទ្ធផល នោះវិវាទត្រូវធ្វើការដោះស្រាយតាមប្រព័ន្ធតុលាការស្រប​តាមច្បាប់នៃ​ព្រះរាជាណាចក្រកម្ពុជា​។

ប្រការ ១៩. ការរួចផុតពីការទទួលខុសត្រូវពាក់ព័ន្ធនឹងប្រតិបត្តិការប័ណ្ណឥណទានជាមួយពាណិជ្ជករ(Merchant)

១៩.១.  ប្រាសាក់មិនទទួលខុសត្រូវចំពោះគុណភាពទំនិញ ឬសេវាកម្ម ដែលផ្គត់ផ្គង់ដោយពាណិជ្ជករណាមួយ តាមរយៈ​ការ​ទូទាត់​ជាមួយប័ណ្ណឥណទានប្រាសាក់ឡើយ។

១៩.២. ប្រាសាក់មិនទទួលខុសត្រូវចំពោះជម្លោះ ឬការប្តឹងទាមទារ រវាងភាគីម្ចាស់ប័ណ្ណ និងពាណិជ្ជករឡើយ។ ស្ថិតក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ប្រាសាក់នៅតែមានសិទ្ធិក្នុងការទូទាត់ទឹកប្រាក់ចេញពីប័ណ្ណឥណទានរបស់ម្ចាស់ប័ណ្ណ ​បើ​ទោះ​​​បី​ជា​​ប្រតិបត្តិការនោះកំពុងមានជម្លោះក៏ដោយ។

១៩.៣. ប្រាសាក់ មិនទទួលខុសត្រូវប្រសិនបើពាណិជ្ជករ បដិសេធមិនធ្វើប្រតិបត្តិការជាមួយប័ណ្ណឥណទានរបស់អតិថិជន ទោះ​ក្នុង​ហេតុផលណាមួយក៏ដោយ។

ប្រការ ២០. សិទ្ធិ និងការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណឥណទាន

២០.១. អតិថិជនមិនត្រូវធ្វើប្រតិបត្តិការប័ណ្ណឥណទានណាដែលច្បាប់ហាមឃាត់ឡើយ។

២០.២.​ អតិថិជនត្រូវធ្វើប្រតិបត្តិការដោយគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទាន​ និងទំហំ​កំណត់​ដោយ​ប្រាសាក់​។

២០.៣. ម្ចាស់ប័ណ្ណមានសិទ្ធិទាមទាររបាយការណ៍ប័ណ្ណឥណទានរបស់ខ្លួន នៅសាខាប្រាសាក់ណាមួយ និង​មាន​សិទ្ធិ​សាក​សួរ​ ក្នុងករណី​មាន​ភាពមិនប្រក្រតីណាមួយនៅក្នុងរបាយការណ៍ទាំងនោះ។

ប្រការ ២១. សិទ្ធិរបស់ប្រាសាក់ (អ្នលផ្តល់ប័ណ្ណ)

២១.១. ប្រាសាក់មានសិទ្ធិបដិសេធក្នុងការទទួលយកប្រតិបត្តិការប័ណ្ណឥណទានណាមួយ ករណី៖

  • ប័ណ្ណឥណទានមិនមានសមតុល្យគ្រប់គ្រាន់
  • អតិថិជនធ្វើប្រតិបត្តិការដោយមិនគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទាន
  • ធ្វើប្រតិបត្តិការដែលច្បាប់ហាមឃាត់។

២១.២. ប្រាសាក់មានសិទ្ធិក្នុងការបញ្ឈប់  ឬបង្កកការប្រើប្រាស់ប័ណ្ណឥណទានក្នុងករណី៖

  • អតិថិជនក្ស័យធន គ្មានលទ្ធភាពសង ឬមរណភាពនៃម្ចាស់ប័ណ្ណ
  • ម្ចាស់ប័ណ្ណមិនគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់
  • ការប្រែប្រួលស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ប័ណ្ណឥណទាន។
  • ធ្វើប្រតិបត្តិការដែលច្បាប់ហាមឃាត់។
  • មានការស្នើសុំពីធនាគារជាតិ តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ។

២១.៣. ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជន និងតាមឆន្ទានុសិទ្ធិរបស់ខ្លួន ប្រាសាក់មានសិទ្ធិ៖

  • មិនអនុញ្ញាតឲ្យម្ចាស់ប័ណ្ណ ប្រើប្រាស់ប័ណ្ណឥណទានទាំងស្រុង ឬសេវាកម្មនៃផ្នែកណាមួយ ដែលប្រាសាក់ផ្តល់ឲ្យ
  • បដិសេធក្នុងការចេញប័ណ្ណឥណទានថ្មី
  • កែប្រែរាល់លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទាន អត្រាការប្រាក់ និងកម្រៃសេវា​ផ្សេងៗ ពាក់​ព័ន្ធ​នឹងការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់។

២១.៤. ប្រាសាក់រក្សាសិទ្ធិក្នុងការកាត់កងសំណងលើការប្រើប្រាស់ប័ណ្ណឥណទានពីទ្រព្យដាក់ធានា ឬគណនីរបស់​អតិថិជន​ដែលមាននៅប្រាសាក់ ​ ករណី​​អតិថិជន​មិន​បាន​ធ្វើការទូទាត់សងឥណទាន តាម​លក្ខខណ្ឌកំណត់​ដោយ​ប្រាសាក់។​

២១.៥. ប្រាសាក់រក្សាសិទ្ធិក្នុងការស្នើសុំឯកសារ ឬព័ត៌មានបន្ថែមពីម្ចាស់ប័ណ្ណ ហើយម្ចាស់ប័ណ្ណក៏យល់ព្រម​ផ្តល់តាមការ​ស្នើសុំ។

២១.៦. ប្រាសាក់មានសិទ្ធិយកកម្រៃសេវាប្រចាំឆ្នាំ ការប្រាក់ និងថ្លៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណទាន​ប្រាសាក់ ​អាស្រ័យលើលក្ខខណ្ឌនៃអាជីវកម្មរបស់ខ្លួន។

២១.៧. ប្រាសាក់នឹងរក្សារាល់ព័ត៌មានរបស់ម្ចាស់ប័ណ្ណជាការសម្ងាត់ លើកលែងតែមានការស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ច ។

ប្រការ ២២. ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម​​ និងបទឧក្រិដ្ឋផ្សេងៗ

២២.១. ប្រាសាក់​អាច​នឹងពន្យាពេល ឬបង្ខាំងទុក ឬបដិសេធមិន​ឲ្យ​ដំណើរ​ការ​នូវ​ប្រតិ​បត្តិ​ការ​ណា​មួយ​ដែល​មិនមាន​ការ​ទទួល​​ខុសត្រូវ ប្រសិ​នបើ​ប្រា​សាក់​​សង្ស័យថា៖

២២.១.១.  ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា ឬច្បាប់អន្តរជាតិ។

២២.១.២.  ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬ ដោយប្រយោលទៅនឹងដំណើរ​ការ ឬ គោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់។

២២.២. អតិថិជនយល់ព្រម និងទទួលរ៉ាប់រងចំពោះប្រាសាក់ថាការធ្វើប្រតិបត្តិការតាមរយៈប័ណ្ណឥណទាន គឺមិនមានការ​រំ​លោភ​បំពានលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ។

២២.៣. ប្រាសាក់រក្សាសិទ្ធិក្នុងការរាយការណ៍អំពីប្រតិបត្តិការប័ណ្ណឥណទាន ដែលមានការសង្ស័យ​ទៅអង្គភាព​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា គ្រប់ពេលដោយមិនចាំបាច់ជូនដំណឹងទៅម្ចាស់ប័ណ្ណ ឬទទួល​ខុសត្រូវ​ចំពោះម្ចាស់ប័ណ្ណ​ឡើយ។

ប្រការ ២៣. ច្បាប់

២៣.១. រាល់ចំណុចទាំងឡាយដែលមា​នចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ​ ត្រូវអនុវត្តតាមគោលការណ៍ និង​នីតិវិធីរបស់​ប្រាសាក់ និង​ច្បាប់។ អសុពលភាព ឬ ភាពមិនអាចអនុវត្តបាន នៃប្រការណាមួយក្នុងលក្ខខណ្ឌទូទៅនេះ មិនអាចប៉ះ​ពាល់​ដល់​​ប្រការ​ផ្សេង​ទៀត​​នោះឡើយ​។

២៣.២.​ រាល់វិវាទដែលកើតចេញពីការបកស្រាយខ្លឹមសារផ្សេងគ្នារវាងអតិថិជន និងប្រាសាក់ ​ត្រូវ​បកស្រាយ​ដោយ​អនុ​លោម​ទៅ​តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២៣.៣. ប្រការទាំងឡាយនៃ​លក្ខខណ្ឌទូទៅ​នេះ ​ត្រូវមានអានុភាព​ចង​ភ្ជាប់កាតព្វកិច្ចចំពោះ ទាយាទ ឬអ្នកស្នងមរតក។

ខ្ញុំ/យើងខ្ញុំ(ម្ចាស់ប័ណ្ណ) បានអាន បានយល់ និងព្រមអនុវត្តតាម នូវរាល់លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទានប្រាសាក់ ដូចដែលបាន​ចែងខាងលើ។

ធ្វើនៅ………………,ថ្ងៃទី…….ខែ…….ឆ្នាំ………….

 ស្នាមមេដៃស្តាំ ម្ចាស់ប័ណ្ណ

______________________

​         (ឈ្មោះ)