ចំណាប់អារម្មណ៍ប្រធាននាយកប្រតិបត្តិ

យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ការ​រួម​ផ្សំ​គ្នា​នៃ​យុទ្ធ​សាស្រ្ត​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​គំរូ​អាជីវកម្ម​ពិពិធកម្ម​ ដែល​ជា​លក្ខណៈ​ពិសេស​របស់​យើង​ក្នុង​ចំណោម​គូ​ប្រកួត​ប្រជែង​នឹង​បង្កើត​គុណ​តម្លៃ​រយៈ​ពេល​យូរ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​យើង។​ យើង​មាន​ភាព​ខ្លាំង​តាម​រយៈ​ សុចរិត​ភាព​ ភាព​ជឿជាក់​ និង​ក្រម​សីលធម៌​ល្អ​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ការ​រីកចម្រើន​ដោយ​ផ្តោត​លើ​ចំនួន​អតិថិជន​ និង​ជំហរ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ធំ​ជាង​គេ​នៅ​កម្ពុជា។​ ភាព​ខ្លាំង​របស់​ប្រាសាក់​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ប្រតិបត្តិការ​ដ៏​សំខាន់​របស់​យើង​នៅ​លើ​ទីផ្សារ​ ដែល​ជួយ​ជំរុញ​សក្ដានុពល​កំណើន​ និង​ការ​ពង្រីក​ខ្លួន​របស់​ប្រាសាក់។

ក្នុង​រយៈ​ពេល​ 12 ខែ​ចុង​ក្រោយ​នេះ  យើង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

  1. ឥណទាន​មិន​ដំណើរ​ការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល​បាន​កើន​ឡើង
  2. បម្រែបម្រួល​អាកាសធាតុ​ (គ្រោះ​រាំង​ស្ងួត​ តាំង​ពី​ខែ​តុលា​ ឆ្នាំ​ 2015)​ ជា​មួយ​ការ​យឺត​យ៉ាវ​ក្នុង​ការ​បង្អុរ​ទឹក​ភ្លៀង
  3. ថ្លៃ​ផលិតផល​កសិកម្ម​ទាប​ និង​ទីផ្សារ​លក់​កសិផល​ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួច។

ទោះ​ជា​យ៉ាង​ណា​ លទ្ធផល​ឆ្នាំ​ 2016​ បង្ហាញ​ឲ្យ​ឃើញ​ថា​យុទ្ធសាស្ត្រ​របស់​យើង​នៅ​តែ​បន្ត​ផ្តល់​នូវ​ភាពជោគជ័យ​ក្នុង​បរិយាកាស​ដ៏​ប្រឈម​នេះ​ និង​បង្ហាញ​ពី​របៀប​ដែល​ប្រាសាក់​នៅ​តែ​នាំ​យក​ភាព​ខ្លាំង​ និង​សមត្ថភាព​របស់​ខ្លួន​សម្រេច​បាន​នូវ​លទ្ធផល​ដូច​ជា​ អត្រា​ឥណទាន​មិន​ដំណើរ​ការ​មាន​កម្រិត​ទាប​បំផុត​ប្រៀប​ធៀប​ក្នុង​វិស័យ​ បុគ្គលិក​មាន​ផលិតភាព​ខ្ពស់​ ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អតិថិជន​ការ​គ្រប់គ្រង​មូលធន​និង​ហានិភ័យ​ដោយ​ភាព​មធ្យ័ត​ច្បាស់​លាស់​ និង​បុគ្គលិក​ដែល​មាន​ការ​ចូលរួម​យ៉ាង​សកម្ម។​

នៅ​ក្នុង​ឆ្នាំ​ 2016​ ប្រាសាក់​មិន​ត្រឹម​តែ​រក្សា​បាន​នូវ​ជំហរ​នាំ​មុខ​គេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ ជា​មួយ​នឹង​បណ្តាញ​ការិយាល័យ​ច្រើន​ជាងគ​លទ្ធភាព​រក​ប្រាក​ចំណេញ និង​សម្ពៀត​ឥណទាន​ធំ​ជាង​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធានា​បាន​នូវ​កំណើន​ប្រកប​ដោយ​និរន្តរភាព​ទៀត​ផង។​ លទ្ធផល​ដែល​ប្រាសាក់​សម្រេច​បាន​រួម​មាន៖

  • ទ្រព្យ​សកម្ម​សរុប​បាន​ចំនួន​ 1.25​ ប៊ីលាន​ដុល្លារ​អាមេរិក​ គឺ​កើន​ឡើង​ 19%​ បើ​ធៀប​នឹង​ដំណាច់​ឆ្នាំ​ 2015
  • សម្ពៀត​ឥណទាន​សរុប​មាន​ចំនួន​ 1.03​ ប៊ី​លា​នដុល្លារ​អាមេរិក​ គឺ​កើន​ឡើង​ 20%​ និង​មាន​អតិថិជន​ឥណទាន​សរុប​ចំនួន​ 347​ ពាន់​នាក់
  • ប្រាសាក់​បន្ត​ឈាន​មុខ​គេ​លើ​គុណភាព​សម្ពៀត​ឥណទាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​មាន​អត្រា​ឥណទាន​មិន​ដំណើរ​ការ​ត្រឹម​តែ​ 1.16%
  • សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​បាន​កើន​ឡើង​ដល់​ 619​ លាន​ដុល្លារ​អាមេរិក​ និង​មាន​គណនី​ប្រាក់​បញ្ញើ​សន្សំ​ចំនួន​ 572​ ពាន់
  • ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​បាន​កើន​ឡើង​រហូត​ដល់​ 16%​ គឺ​កើន​ឡើង​ពី​ 46.5​ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ 2015​ ដល់​ 54​ លាន​ដុល្លារ​អាមេរិក
  • ផល​លើ​មូល​ធន​ (RoE) មាន​អត្រា​ 36.9%​ និង​ផល​លើ​ទ្រព្យ​សកម្ម​(RoA)​ មាន​អត្រា​ 4.7%
  • បណ្តាញ​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ដែល​គ្រប​ដណ្តប់​ 25​ ខេត្ត-រាជធានី​ ដែល​មាន​ 181​ ការិយាល័យ​ និង​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 115​ ទី​តាំង​ ជា​មួយ​នឹង​បុគ្គលិក​បម្រើ​ការងារ​សរុប​ចំនួន​ 6,162​ នាក់​កំពុង​ធ្វើ​ប្រតិបត្ដិការ​នៅ​ក្នុង​ភូមិ​ជាង​ 13,640​ ស្មើ​នឹង​ 93%​ នៃ​ភូមិ​សរុប​ទាំងអស់។

ការសម្រេចបានកំណើនប្រកបដោយនិរន្តរភាព

យើង​ខ្ញុំ​ជឿជាក់​ថា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​លើ​នវានុវត្តន៍​ និង​បច្ចេកវិទ្យា​នឹង​ជួយ​ឲ្យ​យើង​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។​ នៅ​ក្នុង​ឆ្នាំ​ 2016​យើង​រក្សា​ ជំហរ​លេខ​រៀង​ទី​មួយ​នៅ​ក្នុង​ប្រភេទ​ទីផ្សា​រសេវា​ធនាគារ​លក់​រាយ។​ វិសាលភាព​របស់​យើង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្តល់​ឱកាស​ឲ្យ​យើង​ផ្ដល់​សេវា​ដល់​អតិថិជន​ដោយ​បទ​ពិសោធន៍​ដែល​ល្អ​ប្រសើរ​ ដែល​នាំ​ឲ្យ​ភក្តីភាព​ពី​អតិថិជន​មាន​ការ​កើន​ឡើង​ និង​ជំរុញ​ឲ្យ​ប្រាក់​ចំណេញ​បាន​កើន​ប្រសើរ​ជាង​មុន​ ទោះ​បី​បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ការ​ប្រឈម​ខ្លាំង​ក៏​ដោយ។

យើង​ក៏​មើល​ឃើញ​ឱកាស​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង​ឲ្យ​រីក​លូតលាស់​ថែម​ទៀត​ តាម​រយៈ​ការ​បម្រើ​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់​ និង​សហគ្រាស​ខ្នាត​តូច​ និង​ខ្នាត​មធ្យម​រួម​មាន​ ការ​ជួយ​អតិថិជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន។​ យើង​ក៏​រំពឹង​ថា​នឹង​ពង្រីក​ចំណែក​ទីផ្សារ​អាជីវកម្ម​របស់​យើង​ដោយ​ប្រុង​ប្រយ័ត្ន​ ពង្រឹង​នាមករណ៍​ ទំហំ​ និង​វិសាល​ភាព​ ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ភាព​ល្អ​ដាច់​គេ​ដែល​យើង​ត្រូវ​ផ្តល់​ជូន​ជា​អត្ថប្រយោជន៍​ដល់​អតិថិជន​របស់​យើង។​

យើង​ក៏​បាន​វិនិយោគ​ក្នុង​បច្ចេក​វិទ្យា​ថ្មី​នៃ​ប្រព័ន្ធ​ធនាគារ​ស្នូល​ ដែល​អ្នក​ដទៃ​ទៀត​យល់​ថា​លំបាក​នឹង​ធ្វើ​បាន។​ នវានុវត្តន៍​និង​បច្ចេកវិទ្យា​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​កាន់​តែ​ប្រសើរ​ ដោយ​ជួយ​សម្រួល​ប្រតិបត្ដិការ​ឲ្យ​កាន់​តែ​ងាយ​ សាមញ្ញ​ លឿន​រហ័ស​ និង​ប្រកប​ដោយ​ភាព​ងាយ​ស្រួល។​

ការ​កសាង​ចំណុច​ខ្លាំង​ដើម្បី​ការ​រីក​ចម្រើន​អាជីវកម្ម

យើង​ខ្ញុំ​យល់​ច្បាស់​ថា​ កត្តា​ដែល​នាំ​ឲ្យ​មាន​កំណើន​នា​ពេល​បច្ចុប្បន្ន​នេះ​ខុស​ប្លែក​ពី​កត្តា​ដែល​នាំ​ឲ្យ​មាន​កំណើន​កាល​ពី​ដប់​ឆ្នាំ​មុន។​ ប៉ុន្តែ​យើង​ជឿ​ជាក់​ថា​ប្រាសាក់​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ និង​ការ​កើត​ឡើង​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​នៃ​តម្រូវ​ការ​ និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន។

យើង​នឹង​ធ្វើ​ដំណើរ​តាម​គន្លង​យុទ្ធសាស្ត្រ​នេះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ជា​បន្ត​ទៀត​ទន្ទឹម​ពេល​ដែល​យើង​សម្លឹង​មើល​ការ​ថែរក្សា​កំណត់​ត្រា​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ក្នុង​ការ​បង្កើត​គុណ​តម្លៃ​បន្ថែម​ ដោយ​វិវត្ត​ទៅ​តាម​លក្ខខណ្ឌ​ទីផ្សារ​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​អតិថិជន។

អនុវត្ត​យុទ្ធសាស្ត្រ​ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ស្ថិត​ស្ថេរ

យុទ្ធសាស្រ្ត​របស់​យើង​គឺ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ស្ថិត​ស្ថេរ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​គុណភាព​ខ្ពស់​ ព្រម​ជា​មួយ​នឹង​កំណើន​ប្រាក់​ចំណូល​ប្រកប​ដោយ​និរន្តរភាព។​ មាន​ន័យ​ថា​ យើង​មិន​មែន​ត្រឹម​តែ​ចង់​បាន​កំណើន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​កំណើន​ប្រកប​ដោយ​និរន្តរភាព​ទៀត​ផង។​ ហើយ​ក៏​មាន​ន័យ​ថា​ យើង​នឹង​ស្វែង​រក​កាលានុវត្តភាព​ទាំង​ឡាយ​ណា​ ដែល​ស្រប​ទៅ​តាម​ទស្សន​វិស័យ​របស់​យើង​អំពី​និន្នាការ​ក្នុង​ប្រទេស​និង​ពិភពលោក​ ដោយ​កសាង​ភាព​ខ្លាំង​ និង​ផ្ដល់​ប្រាក់​ចំណេញ​ខ្ពស់​ដល់​ភាគ​ទុនិក។

នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ យើង​គឺ​ជា​អ្នក​នាំ​មុខ​គេ​លើ​ទីផ្សារ​ និង​ជា​ស្ថាប័ន​ធំ​បំផុត​ដោយ​គិត​ពី​ទ្រព្យ​សកម្ម​ និង​ចំណែក​ទីផ្សារ​សេវា​ធនាគារ។​ យើង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​ការ​នាំ​មុខ​របស់​យើង​តាម​រយៈ​ទំហំ​ វិសាល​ភាព​ និង​សមត្ថភាព​ក្នុង​ការ​លក់​ផលិត​ផល​ចម្រុះ​នានា។​ យើង​ប្រើប្រាស់​ភាព​ខ្លាំង​ និង​ឯកទេស​របស់​យើង​ធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង។​

យុទ្ធសាស្ត្រ​របស់​យើង​គឺ​ទាញ​យក​អត្ថប្រយោជន៍​នៃ​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ រួម​មាន​ភាព​សម្បូរ​បែប​នៃ​ផលិតផល​និង​សេវាកម្ម​ ការ​បង្កើន​បណ្តាញ​ចែកចាយ​ បុគ្គលិក​ដែល​មាន​ទេពកោសល្យ​និង​សមត្ថភាព​ និង​ការ​កសាង​វប្បធម៌​នៃ​ការ​ខិតខំ​ធ្វើ​ការ​យក​លទ្ធផល​ឆ្នើម​ និង​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ។

ប្រាសាក់​ជា​និយោជក​នៃ​ជម្រើស

ជា​និយោជក​នៃ​ជម្រើស​ គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​យើង។​ បុគ្គលិក​ទាំងអស់​គឺ​ជា​ធនធាន​ដ៏​អស្ចារ្យ​បំផុត​របស់​យើង។​ ដោយ​បាន​ទាក់​ទាញ​ និង​រក្សា​អ្នក​មាន​សមត្ថភាព​ ផ្តល់​ជូន​ឱកាស​អាជីព​ដ៏​ល្អ​ដែល​ជួយ​ឲ្យ​បុគ្គលិក​ទាំងអស់​ទទួល​បាន​ជោគជ័យ​ ដូច្នេះ​យើង​អាច​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។​ យើង​មាន​វប្បធម៌​ដ៏​រឹង​មាំ​ មោទនភាព​រួម​ចំពោះ​លទ្ធផល​ការងារ​ ប្រវត្តិ​ដ៏​ជោគជ័យ​ ហើយ​ការ​បោះ​ជំហាន​របស់​យើង​មាន​លក្ខណៈ​វិសេស​ ដែល​ជា​ទី​ប៉ង​ប្រាថ្នា​របស់​អ្នក​ផ្ដល់​ហិរញ្ញប្បទាន​ និង​ភាគី​ពាក់​ព័ន្ធ​នៅ​ជុំ​វិញ​ពិភពលោក។​ នៅ​ទូទាំង​ប្រាសាក់​ បុគ្គលិក​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​ធ្វើ​ការ​រួម​គ្នា​ ហើយ​ពួក​គេ​មាន​ឆន្ទៈ​រួម​មោះ​មុត​ក្នុង​ការ​បម្រើ​អតិថិជន។

ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា​ ភាព​ចម្រុះ​ និង​ការ​រួម​បញ្ចូល​គ្នា​នៃ​បុគ្គលិក​ពី​ប្រភព​ផ្សេងៗ​ មាន​តួនាទី​ជា​ស្នូល​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ផលិតភាព​ នវានុវត្តន៍​ និង​កំណើន។​ ការ​បញ្ចូល​ភាព​ចម្រុះ​នៅ​ក្នុង​សកម្មភាព​របស់​យើង​ ធ្វើ​ឲ្យ​ប្រាសាក់​អាច​បម្រើ​អតិថិជន​ និង​សាធារណ​ជន​បាន​ប្រសើរ​ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​របស់​បុគ្គលិក​ទាំងអស់​ ដែល​នេះ​ជា​កត្តា​សំខាន់​ចំពោះ​ភាព​ជោគជ័យ​ជា​បន្ត​បន្ទាប់​របស់​យើង។​ នេះ​ជា​រឿង​ដ៏​ត្រឹមត្រូវ​ និង​ឈ្លាស​វៃ​ដែល​យើង​ត្រូវ​ធ្វើ។

បុគ្គលិក​របស់​ប្រាសាក់​បន្ត​ជំរុញ​ឲ្យ​មាន​លទ្ធផល​វិជ្ជមាន​

ជោគជ័យ​របស់​យើង​នៅ​ឆ្នាំ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​លះ​បង់​ និង​ការ​បំពេញ​ការងារ​ដោយ​វិជ្ជា​ជីវៈ​របស់​បុគ្គលិក​របស់​យើង​ ដែល​មាន​ ការ​ចូលរួម​ខ្ពស់​ និង​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អតិថិជន​ក្នុង​ការ​នាំ​ទៅ​រក​លទ្ធផល​ល្អ។​ យើង​នឹង​ធានា​ថា​ យើង​កំពុង​បង្កើត​នូវ​វប្បធម៌​មួយ​ដែល​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ និង​ការ​សហការ​គ្នា​ដែល​ កំពុង​មាន​សន្ទុះ​កើន​ឡើង​បត់​បែន​ និង​ផ្ដោត​សំខាន់​ទៅ​ការ​អនុវត្ត​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន។​ យើង​កសាង​កន្លែង​ការងារ​ដ៏​ល្អ​ប្រសើរ​សម្រាប់​បុគ្គលិក​របស់​យើង​ ដោយ​លើក​ទឹក​ចិត្ត​ចំពោះ​ភាព​ចម្រុះ​ និង​ការ​រួម​បញ្ចូល​គ្នា​ និង​ជា​កន្លែង​ដែល​គ្រប់​គ្នា​មាន​ឱកាស​មួយ​ដើម្បី​សម្រេច​បាន​នូវ​សក្តានុពល​ពេញ​លេញ​របស់​ពួក​គាត់។

ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ

ខណៈ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​បទ​ប្បញ្ញត្តិ​ អត្រា​ការ​ប្រាក់​ទាប​អូស​បន្លាយ​យ៉ាង​យូរ​ បម្រែ​បម្រួល​ទីផ្សារ​ និង​ការ​ប្រកួត​ប្រជែង​កើន​ឡើង​ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​ឡើង​ យើង​ក៏​បាន​សម្លឹង​ឃើញ​ពី​ឱកាស​នេះ​ផង​ដែរ។​ យើង​ប្តេជ្ញា​ផ្តល់​ជូន​នូវ​យុទ្ធសាស្រ្ត​ដ៏​ត្រឹមត្រូវ​ ធ្វើ​ពិពិធកម្ម​ផលិតផល​និង​សេវាកម្ម​ ពង្រឹង​វប្បធម៌​និង​បុគ្គលិក​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​និង​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ប្រែប្រួល​នៅ​លើ​ទី​ផ្សារ។

យើង​ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​ យុទ្ធសាស្រ្ត​របស់​យើង​មាន​ភាព​រឹងមាំ​តាម​រយៈ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បាន​យ៉ាង​ល្អ​ប្រសើរ​ និង​ការ​រីកចម្រើន​ប្រក​ដោយ​អត្ថន័យ​ ប្រៀបធៀប​នឹង​អាទិភាព​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ ប្រាសាក់​ នឹង​នៅ​តែ​ស្ថិត​ក្នុង​ជំហរ​រឹងមាំ​ ដើម្បី​អនុវត្ត​តាម​កម្មវត្ថុ​នៃ​លទ្ធផល​ការងារ​រយៈ​ពេល​មធ្យម​ និង​បង្កើត​គុណ​តម្លៃ​សម្រាប់​ភាគ​ទុនិក​សម្រាប់​រយៈ​ពេល​វែង។

ជំនួស​មុខ​ឲ្យ​គណៈ​គ្រប់គ្រង​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ ខ្ញុំ​សូម​អរគុណ​ចំពោះ​ថ្នាក់​គ្រប់គ្រង​គ្រប់​លំដាប់​ថ្នាក់​ និង​បុគ្គលិក​ប្រាសាក់​ទាំងអស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​ អរគុណ​ចំពោះ​ក្រុម​ប្រឹក្សាភិបាល​ក្នុង​ការ​គាំទ្រ​ និង​ការ​ផ្តល់​ដំបូន្មាន​ និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និយ័តករ​ និង​ធនាគារជាតិ​ នៃ​ កម្ពុជា​ រួម​ជា​មួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ដែល​តែង​តែ​គាំទ្រ​ប្រាសាក់​។

លទ្ធផល​ដ៏​ល្អ​របស់​ប្រាសាក់​នៅ​ឆ្នាំ​ 2016​ គឺ​ជា​សក្ខីភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះ​បង់​របស់បុគ្គលិក​ប្រាសាក់​ជិត​ 6,200​ នាក់។​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​របស់​ពួក​គាត់​និង​សូម​ថ្លែង​អំណរ​គុណ​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នេះ។

ដោយ​សេចក្ដី​គោរព

លោក ស៊ីម សេនាជាតិ
ប្រធាននាយកប្រតិបត្តិ