ក្រុមប្រឹក្សាភិបាល
លោក Kwi Sang JUN
ប្រធានក្រុមប្រឹក្សាភិបាល
លោក Kwi Sang JUN
ប្រធានក្រុមប្រឹក្សាភិបាល
លោក Kwi Sang Jun ជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។ ក្នុងនាមជាជើងចាស់ពោរពេញដោយបទពិសោធន៍ខាងសេវាហិរញ្ញវត្ថុនៅក្នុងទីផ្សារធនាគារ និងមូលធន លោក Jun បានបម្រើការងារ និងកាន់មុខតំណែងដឹកនាំជាន់ខ្ពស់ជាច្រើនក្នុងរយៈពេល 33 ឆ្នាំ នៃបទពិសោធន៍ការងារនៅធនាគារ គូកមីន មុនពេលចូលនិវត្តន៍នៅដើមឆ្នាំ 2019 ។
បន្ទាប់ពីបម្រើការជានាយកនៃនាយកដ្ឋានសំខាន់ៗនានា ដែលក្នុងនោះមាន នាយកដ្ឋានផែនការលក់ និងអាជីវកម្មសាជីវកម្មធុនធំ លោក Jun បានបម្រើការជានាយកនៃអគ្គនាយកដ្ឋានអាជីវកម្មសាជីវកម្មធុនធំ និងសម្ព័ន្ធក្រុមហ៊ុនលក់ប្រចាំតំបន់ ហើយបន្ទាប់មកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកសម្ព័ន្ធក្រុមហ៊ុនសេវាធនាគារវិនិយោគនិងសាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសេវារួម (រួមបញ្ចូលទាំងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ)។ លោកក៏ធ្លាប់ធ្វើជាប្រធាននាយករងនៃ KB Financial Group Inc. ព្រមទាំងជាប្រធាននាយករងរបស់ KB Securities ទទួលបន្ទុកសាជីវកម្មនិងធនាគារវិនិយោគ។
ដូចដែលបានបង្ហាញតាមរយៈបទពិសោធន៍ និងតួនាទីដឹកនាំពីមុននៅ KB លោក Jun មានជំនាញច្រើនសម្បូរបែបនៅក្នុងផ្នែក សាជីវកម្ម និងធនាគារវិនិយោគ ជាមួយនឹងបទពិសោធន៍នៃការអនុវត្តជាក់ស្តែង និងចំណេះដឹងខាងទ្រឹស្តីនៅក្នុងវិស័យធនាគារ ក៏ដូចជាវិស័យលទ្ធកម្ម កិច្ចការទូទៅ និងធនធានមនុស្ស។
គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពី Busan National University និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពី Helsinki School of Economics ។
លោក Hui Tae CHUNG
អភិបាល
លោក Hui Tae CHUNG
អភិបាល
លោក Hui Tae Chung បច្ចុប្បន្នកំពុងបម្រើការជានាយកគ្រប់គ្រងទូទៅនៃនាយកដ្ឋានគាំទ្រកំណើនសកលនៅធនាគារ គូកមីន ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកមានបទពិសោធន៍ជាង 20 ឆ្នាំ នៅធនាគារ គូកមីន ចាប់តាំងពីលោកបានចាប់ផ្តើមអាជីព។ លោក Chung បានបំពេញការងារនៅនាយកដ្ឋានផែនការយុទ្ធសាស្រ្តអស់រយៈពេលជាង 10 ឆ្នាំ ដោយមានជំនាញពេញលេញក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន។ លោកក៏មានបទពិសោធន៍ក្នុងការបម្រើអតិថិជនជាច្រើនប្រកបដោយភាពជោគជ័យរួមទាំងអតិថិជនសាជីវកម្មនៅសាខាក្នុងប្រទេសផងដែរ។ លោកបានទទួលបរិញ្ញាបត្រភាសា និងអក្សរសាស្រ្តអាល្លឺម៉ង់ និងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រពីសាកលវិទ្យាល័យកូរ៉េនៃប្រទេសកូរ៉េខាងត្បូង។
លោកបណ្ឌិត Dong Hyun CHOI
អភិបាល
លោកបណ្ឌិត Dong Hyun CHOI
អភិបាល
លោកបណ្ឌិត Choi បច្ចុប្បន្នកំពុងបម្រើការជាសាស្រ្តាចារ្យទស្សនកិច្ចបង្រៀនទ្រឹស្ដីហិរញ្ញវត្ថុ និងវិនិយោគដល់និស្សិតនៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកក៏បានបម្រើការជាសាស្រ្តាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យ Inha និងសាកលវិទ្យាល័យ Aoju នៅប្រទេសកូរ៉េពីឆ្នាំ 2017 ដល់ឆ្នាំ 2021 និងសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាពីឆ្នាំ 2015 ដល់ឆ្នាំ 2017 ។
លោកបណ្ឌិត Choi បានបម្រើការពីឆ្នាំ 2015 ដល់ 2017 ជាទីប្រឹក្សា និងជំនួយការបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោកបានបម្រើការនៅ Bank of Korea ដែលជាធនាគារកណ្តាលរបស់ប្រទេសកូរ៉េអស់រយៈពេលជាង 30 ឆ្នាំ។ ទន្ទឹមនឹងធ្វើការនៅ Bank of Korea អាជីពរបស់លោកគឺផ្តោតលើការគ្រប់គ្រងទុនបម្រុងប្ដូរប្រាក់ រួមមានការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ ការជួញដូរ ការគ្រប់គ្រងផលបត្រ ការទូទាត់ និងគម្រោងព័ត៌មានវិទ្យាទៀតផង។ ចន្លោះឆ្នាំ 2009 និង 2012 លោក គឺជានាយកប្រតិបត្តិផ្នែកវិនិយោគនៅធនាគារ Bank of Korea ក្នុងទីក្រុងញូវយ៉ក ហើយបានគ្រប់គ្រងទឹកប្រាក់ចំនួន 45 ប៊ីលានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃទុនបម្រុងប្ដូរប្រាក់ជាតិរបស់ប្រទេសកូរ៉េ ដោយវិនិយោគលើមូលបត្រដែលមានប្រាក់ចំណូលថេរដូចជា រតនាគារ ទីភ្នាក់ងារ ស្ថាប័នពហុជាតិ ដែនអធិបតី ក្រុមហ៊ុនសាជីវកម្ម និងមូលបត្របំណុលដែលមានហ៊ីប៉ូតែកធានា ជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់ដុល្លារកាណាដា។
លោកបណ្ឌិត Choi បានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចដែលផ្តោតលើហិរញ្ញវត្ថុអន្តរជាតិ ពីសាកលវិទ្យាល័យ Pennsylvania State នៅ University Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
លោក អ៊ុំ សមអឿន
អភិបាល
លោក អ៊ុំ សមអឿន
អភិបាល
លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោកធ្លាប់បម្រើការជាមន្រ្តីរាជការនៃមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ក្នុងមុខងារជា ប្រធានគណនេយ្យ។ ចាប់តាំងពីឆ្នាំ 1995 មក លោកបានបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
បច្ចុប្បន្ននេះ លោក មានតំណែងជា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក Kyung Cheon LEE
អភិបាលឯករាជ្យ
លោក Kyung Cheon LEE
អភិបាលឯករាជ្យ
លោក Kyung Cheon LEE ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក។ ក្នុងនាមជាទីប្រឹក្សាច្បាប់បរទេស លោក Lee បានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ និងយុទ្ធសាស្ត្រសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
លោក Lee ក៏បានបម្រើការជាអនុប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាទីប្រឹក្សាផ្នែកច្បាប់របស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជាផងដែរ។
លោក Lee បានទទួលបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យជាតិសេអ៊ូលក្នុងប្រទេសកូរ៉េ និង Law School of the University of Minnesota និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច Business School of College of William Marry នៅសហរដ្ឋអាមេរិក។ លោក Lee ក៏មានអាជ្ញាប័ណ្ណមេធាវីនៅគណៈមេធាវីរដ្ឋញូវយ៉កក្នុងសហរដ្ឋអាមេរិកផងដែរ។
ដូចដែលបានបង្ហាញនៅក្នុងបទពិសោធន៍ និងចំណេះដឹងពីមុនរបស់លោកអំពីច្បាប់ក្នុងវិស័យធនាគារ លោក Lee នឹងចូលរួមផ្តល់ការពិគ្រោះ និងប្រឹក្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។
លោក Jaehong PAK
អភិបាលឯករាជ្យ
លោក Jaehong PAK
អភិបាលឯករាជ្យ
លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ម.ក។ គាត់កំពុងបំពេញការងារជា ជាសវនករ និងទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យកូរ៉េមួយក្នុងប្រទេសកម្ពុជា។ លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សាជាមួយចំណេះដឹង និងបទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។
លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យនៅតំបន់ Western New York State និងកម្រិតឧត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងតំបន់រដ្ឋធានី New York State ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
លោកបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍និងការយល់ដឹងអំពីប្រទេសកម្ពុជានឹងជួយធ្វើឱ្យ ធនាគារ ខេប៊ីប្រាសាក់ មានលក្ខណៈកាន់តែប្រសើរឡើង។
លោក ច័ន្ទ សុផល
អភិបាលឯករាជ្យ
លោក ច័ន្ទ សុផល
អភិបាលឯករាជ្យ
លោក ច័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជា ដែលផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្ដោតជាចម្បងលើបញ្ហាវិស័យកសិកម្ម ដីធ្លី និងពលកម្ម។
ដោយមានអាជីពរីកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗ រួមមាន ធនាគារពិភពលោក Leopard Capital គម្រោងផ្តល់មូលនិធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ច័ន្ទ សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្ម University Queensland, Gatton College ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។