Message from CEO

​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​ដល់​ជីវិត​យើង​គ្រប់​ៗ​គ្នា​ ​រាប់​ពី​របៀប​ដែល​យើង​ធ្វើការ​ ​និង​ធ្វើដំណើរ​ ​រហូតដល់​របៀប​ដែល​យើង​ប្រាស្រ័យ​ទាក់ទងគ្នា​ទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ​។​ ​ជាមួយនឹង​វិបត្តិ​សុខភាព​ជាស​កល​ ​ឥឡូវនេះ​យើង​ទាំងអស់គ្នា​កំពុង​រស់នៅ​ក្នុង​ពេលវេលា​នៃ​ភាព​មិន​ប្រាកដប្រជា​ ​និង​ប្រែប្រួល​។

​មិន​ខុសគ្នា​ពី​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ ​យើង​បាន​ផ្អាក​ការធ្វើដំណើរ​របស់​បុគ្គលិក​ ​និង​ពន្យារពេល​ការរៀបចំ​ព្រឹត្តិការណ៍​ ​ឬ​ ​កិច្ចប្រជុំ​ធំ​ៗ​។​ ​នៅ​ការិយាល័យ​កណ្តាល​ ​យើង​បាន​រៀបចំ​ឱ្យ​បុគ្គលិក​មួយ​ចំនួន​ទៅ​ធ្វើការ​នៅ​តាម​សាខា​នានា​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បង្កើន​គ​ម្លា​ត​សុវត្ថិភាព​សង្គម​ ​និង​រឹត​បន្តឹង​ការ​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​។

​ដើម្បី​សុវត្ថិភាព​បុគ្គលិក​និង​អតិថិជន​ ​យើងខ្ញុំ​បាន​លើកទឹកចិត្ត​អតិថិជន​ ​និង​បុគ្គលិក​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​អេ​ធី​អឹ​ម​ (​AT​M​) ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​និង​ប្រា​សាក់​អុី​ធឺ​ណិ​ត​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Inter​net​ ​Banking​) ​។​ ​ប្រសិនបើ​អតិថិជន​ត្រូវការ​មក​ធ្វើ​ប្រតិបត្តិការ​នៅ​សាខា​ដោយ​ផ្ទាល់​ ​យើងខ្ញុំ​ត្រូវ​ប្រាកដ​ថា​ ​យើង​ទាំងអស់គ្នា​ប្រតិបត្តិ​តាម​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​-19 ​របស់​​​ក្រសួងសុខាភិបាល​ដើម្បី​រក្សា​បាន​សុវត្ថិភាព​ទាំងអស់គ្នា​។​ ​សាខា​ទាំងអស់​នៅតែ​ផ្តល់​សេវាកម្ម​ជា​ធម្មតា​ ​ប៉ុន្តែ​តម្រូវ​ឱ្យ​ភ្ញៀវ​ ​អតិថិជន​ ​និង​បុគ្គលិក​ ​អនុវត្ត​គ​ម្លា​ត​សង្គម​ ​និង​វិធាន​អនាម័យ​ល្អ​នៅ​ច្រក​ចូល​ការិយាល័យ​ (​រួម​មាន​ ​លាងដៃ​ ​វាស់​ស្ទង់​សីតុណ្ហភាព​ ​ពាក់​ម៉ា​ស​ ​និង​ស្កេន​ QR កូ​ដ​របស់​​​ក្រសួងសុខាភិបាល​)​។

​ឆ្នាំ​ 2020 ​គឺជា​ឆ្នាំ​ដែល​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​សម្រាប់​អតិថិជន​ ​សេដ្ឋកិច្ច​ ​និង​សហគមន៍​កម្ពុជា​ទាំងមូល​ – ​ដំបូង​ឡើយ​គឺ​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​វី​រុ​ស​កូរ៉ូ​ណា​ ​និង​ថ្មីៗ​នេះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ ​ដូច្នេះ​ ​យើងខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្ដា​គ្រួសារ​ ​ដោយ​បន្ត​ផ្ដល់​ទុន​បង្វិល​ ​និង​លំ​ហូរ​ឥណទាន​សម្រាប់​អាជីវកម្ម​ ​ផ្តល់​ជូន​នូវ​លទ្ធផល​ដ៏​ល្អ​សម្រាប់​ភាគ​ទុនិ​ក​ ​និង​ជួយ​សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ច​និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។

​បុគ្គលិក​និង​ថ្នាក់​គ្រប់គ្រង​របស់​ប្រា​សាក់​ ​បាន​ធ្វើការងារ​ដ៏​អស្ចារ្យ​ ​ហើយ​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ចំពោះ​ការ​រ​រាតត្បាត​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​ដោយ​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​ ​និង​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​ជំរុញ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​នោះ​រួម​មាន​ ​ការ​ជួយ​ដល់​អាជីវកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​ដោយ​រៀបចំ​ឥណទាន​ឡើងវិញ​ ​និង​ការ​ទទួល​បាន​មូលនិធិ​ពី​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​រាជរដ្ឋាភិបាល​។

​លទ្ធផល​ឆ្នាំ​ 2020 ​បង្ហាញ​ថា​យុទ្ធ​សា​ស្រ្ត​របស់​យើងខ្ញុំ​បន្ត​ផ្តល់​នូវ​ភាព​ជោគជ័យ​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត​នៃ​ការ​ឆ្លង​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-19 ​។​ ​ខាងក្រោម​នេះ​ជា​លទ្ធផល​សង្ខេប​នៃ​លទ្ធផល​ដែល​សម្រេច​បាន​៖

  • ទ្រព្យ​សកម្ម​សរុប​នៅ​ដំណាច់​ឆ្នាំ​មាន​ចំនួន​ 3.61 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​ 16.71% ​បើ​ធៀប​នឹង​ដំណាច់​ឆ្នាំ​ 2019
  • ស​ម្ពៀ​ត​ឥណទាន​សរុប​មាន​ចំនួន​ 3.03 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​ 21.17% ​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន​ 442 ​ពាន់​នាក់​
  • ​អត្រា​ឥណទាន​មិន​ដំណើរការ​មានត្រឹមតែ​ 0.99%
  • សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​បាន​កើន​ឡើង​ដល់​ 2.06 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​អតិថិជន​សេវា​បញ្ញើ​សន្សំ​សរុប​ចំនួន​ 627 ​ពាន់​នាក់​
  • ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​បាន​កើន​ឡើង​ 5.14% ​ដល់​ 108.82 ​លាន​ដុល្លារ​អាមេរិក​ ​ពី​ 103.50 ​លាន​ដុល្លារ​អាមេរិក​ ​នៅ​ដំណាច់​ឆ្នាំ​ 2019
  • ​ផ​លលើ​មូលធន​មាន​អត្រា​ 23.43% ​និង​ផ​លលើ​ទ្រព្យ​សកម្ម​មាន​អត្រា​ 3.24%
  • បណ្ដាញ​ការិយាល័យ​គ្របដណ្ដប់​ 25 ​ខេត្ត​-​រាជធានី​ ​ដោយមាន​ 182 ​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ ​ម៉ាស៊ីន​ ​AT​M​ ​មាន​ចំនួន​ 141 ​គ្រឿង​ ​ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ 14,022 ​ភូមិ​ ​ដែល​ស្មើនឹង​ 86% ​នៃ​ចំនួន​ភូមិ​សរុប​នៅ​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន​ 9,042 ​នាក់​។

​ក្នុងរយៈពេល​ 5 ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រា​សាក់​ ​បាន​បង្កើន​ទំហំ​អាជីវកម្ម​ ​ចំនួន​អតិថិជន​ ​និង​ចំនួន​បុគ្គលិក​ទ្វេ​ដង​។​ ​យើង​បាន​រៀនសូត្រ​បាន​ច្រើន​ពី​បញ្ហា​ប្រឈម​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​ ​ដែល​បាន​ធ្វើ​ឱ្យ​ប្រា​សាក់​ឆ្លងកាត់​ព្យុះភ្លៀង​បានហើយ​ឆ្ពោះទៅ​មុខ​ប្រកបដោយជោគជ័យ​នៅ​ឆ្នាំ​ 2020 ​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់យើង​ក្នុង​ការ​សម្រប​ខ្លួន​បាន​យ៉ាង​លឿន​ដើម្បី​ឆ្លើយតបនឹង​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-19 ​និង​គ្រឹះស្ថាន​ដែល​មាន​ភាព​ធន់​ ​រឹង​មាំ​ ​និង​មាន​ស្ថិរភាព​យូរអង្វែង​។

​យើង​បាន​រៀនសូត្រ​ពី​បញ្ហា​ប្រឈម​ដ៏​សន្ធឹកសន្ធាប់​ក្នុងរយៈពេល​ច្រើន​ឆ្នាំ​កន្លងមក​នេះ​ ​ហើយ​មេរៀន​ទាំងនោះ​បាន​ជ្រោមជ្រែង​ប្រា​សាក់​ឱ្យ​ជម្នះ​ព្យុះកំណាច​នៅ​ឆ្នាំ​ 2020 ​បាន​ដោយ​ជោគជ័យ​ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធភាព​របស់យើង​ដើម្បី​ទទួលយក​នូវ​ការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19 ​ជាសាកល​ ​និង​ប្រែក្លាយជាគ្រឹះស្ថានដែលមានភាពធន់ ​រឹង​មាំ​ ​និង​មាន​ស្ថិរភាព​ជាង​ 25 ​ឆ្នាំ​នៃ​ការី​ក​ចម្រើន​ជានិរន្តរ៍​។

​ប្រាសាក់ ​នៅតែ​បន្ត​វិនិយោគ​លើ​អាជីវកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ធនធានមនុស្ស​ ​និង​នាម​ករ​ណ៍​របស់​ខ្លួន​ ​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អ​ជូន​អតិថិជន​ ​និង​ជ្រោមជ្រែង​ដល់​ពួកគាត់​ឱ្យ​ទទួល​បាន​ទំនុក​ចិត្ត​លើ​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគាត់​។​ ​យើង​រក្សា​នូវ​វប្បធម៌​ការពារ​ហា​និ​ភ័យ​ឱ្យ​បាន​មធ្យ័ត​ ​និង​ផ្តោត​លើ​ឧត្តមភាព​នៃ​ប្រតិបត្តិការ​ ​ព្រមទាំង​លើក​ក​ម្ពស់​វប្បធម៌​នៃ​ការ​ធ្វើ​បរិ​យា​ប័ន្ន​ដ៏​លេចធ្លោ​ ​ដើម្បី​នាំមក​នូវ​អ្វី​ដែល​ល្អ​បំផុត​ជូន​ចំពោះ​អតិថិជន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់យើង​។

​ឆ្នាំ​ 2020 ​គឺជា​ឆ្នាំ​ដែល​ពិបាក​បំផុត​សម្រាប់​អាជីវកម្ម​ ​និង​ប្រជាជន​ទាំងអស់​។​ ​យ៉ាងណាមិញ​ ​យើង​ជឿជាក់​ថា​យុទ្ធសាស្ត្រ​ ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ ​នឹង​ទទួល​បាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​អត្ថន័យ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។

​ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​គ្រប់គ្រង​គ្រប់​លំដាប់​ថ្នាក់​ ​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំ​ពេញការ​ងារ​ ​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ភិ​បាល​ក្នុង​ការ​គាំទ្រ​និង​ការ​ផ្តល់​ដំបូន្មាន​ ​និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និយ័ត​ករ​ ​និង​ធនាគារជាតិនៃកម្ពុជា​ ​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ជាន់ថ្នាក់​ដែល​តែងតែ​គាំទ្រ​ប្រា​សាក់​កន្លងមក​នេះ​។

ស៊ី​ម​ ​សេនា​ជាតិ​
ប្រធាន​នាយក​ប្រតិបត្តិ​