អគារបណ្ណាល័យទី 21 ដែលឧបត្ថម្ភមូលនិធិដោយប្រាសាក់ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្រពាំងឈូក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

(កំពង់ស្ពឺ)៖ អគារបណ្ណាល័យដ៏ថ្មីសន្លាងមួយខ្នង ដែលផ្ដល់មូលនិធិដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្រពាំងឈូក ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017 ដើម្បីចូលរួមជំរុញទម្លាប់នៃការអានរបស់សិស្សានុសិស្សខ្មែរ និងលើកកម្ពស់ធនធានមនុស្ស។

ពិធីសម្ពោធអគារបណ្ណាល័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំសាលាខេត្ត ស្រុក ក្រសួងអប់រំ និងមន្ទីរអប់រំខេត្ត សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ស្ពឺ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនជាច្រើនរយនាក់នៅក្នុងសហគមន៍។

តាមការលើកឡើងរបស់លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានគូសបញ្ជាក់ថា អគារបណ្ណាល័យនេះមានទំហំ 9 ម៉ែត្រ x 12 ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ចាប់ផ្ដើមសាងសង់ពីថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2017 និងបានបញ្ចប់កាលពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2017 ដោយប្រើប្រាស់ថវិកា ឧបត្ថម្ភទាំងស្រុងពីប្រាសាក់។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផង ដើម្បីឲ្យការដំណើរការបណ្ណាល័យនេះប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចសហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ុំ សមអឿន បានបន្ថែមថា បណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្រពាំងឈូក នេះ ជាបណ្ណាល័យទី 21 ហើយ ដែលបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិស្ស។ គិតត្រឹមឆ្នាំ 2017 ប្រាសាក់បានផ្តល់អគារបណ្ណាល័យសរុប រហូតដល់ 25 ខ្នង ដែលបានចំណាយថវិកាច្រើនជាង 738 ពាន់ដុល្លារអាមេរិក (សាងសង់និងបំពាក់សម្ភាររួចរាល់មាន 21 ខ្នង និង 4 ខ្នងកំពុងបំពាក់សម្ភារ)។ គម្រោងបណ្ណាល័យប្រាសាក់ គ្របដណ្ដប់ចំនួន 289 ភូមិ ដែលមានចំនួន 58,400 គ្រួសារ និងប្រជាពលរដ្ឋ 269,900 ជូនដល់សាលារៀននៅបណ្តាខេត្តចំនួន 8 រួមមាន កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង ដោយមានអ្នកទទួលផលផ្ទាល់ សិស្សចំនួន 14,130 នាក់ និង លោកគ្រូអ្នកគ្រូចំនួន 540 នាក់។


លោក សមអឿន បានប្រសាសន៍ថា «គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងបណ្ដុះទម្លាប់អាន តាមរយៈគម្រោងបណ្ណាល័យនេះ។ សមិទ្ធផលនេះកើតឡើងពីក្ដីស្រលាញ់របស់យើងចំពោះសហគមន៍ដែលយើងបានធ្វើប្រតិបត្តិការ។ នេះគឺជាការតបស្នងរបស់យើងចំពោះសហគមន៍»។



នៅក្នុងឱកាសដ៏វិសេសវីសាលនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធីកសាងបណ្ណាល័យនេះ។ ឯកឧត្ដមបានថ្លែងថា ទោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាស្ថាប័នឯកជន មិនមែនជារបស់រដ្ឋក៏ដោយ តែប្រាសាក់បានចូលរួមយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឥណទានដល់ប្រជាជនកម្ពុជា និងបានរួមចំណែកក្នុងវិស័យអប់រំ តាមរយៈគម្រោងបណ្ណាល័យនេះ។ ឯកឧត្ដមសង្ឃឹមថា សិស្សានុសិស្សនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យត្រពាំងឈូក នឹងខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងចាប់យកទម្លាប់នៃការអានសៀវភៅ តាមរយៈបណ្ណាល័យដ៏មានតម្លៃនេះ។


អំពីប្រាសាក់

ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជាក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ដែលក្នុងនោះរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក-ភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងសេវាផ្សេងៗ ជាមួយនឹងបណ្តាញការិយាល័យចំនួន 176 ទីតាំង និង បានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន 128 គ្រឿង នៅទូទាំងប្រទេស។

ទន្ទឹមនឹងការផ្ដល់ផលិតផលនិងសេវាហិរញ្ញវត្ថុ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានបង្កើតនូវកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមដូចជា សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ឧបត្ថម្ភសិស្សានុសិស្សនៅទិវាកុមារ ចូលរួមបរិច្ចាគឈាម និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួន និងការងារមនុស្សធម៌ជាច្រើនទៀត។ល។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ 2017 ប្រាសាក់មានទ្រព្យសកម្មចំនួន 1,747 លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំមានចំនួនប្រមាណជាង 903 លានដុល្លារអាមេរិក អតិថិជនសេវាបញ្ញើសន្សំចំនួនជាង 538 ពាន់នាក់ សំពៀតឥណទានមានចំនួនជាង 1,555 លានដុល្លារអាមេរិក អតិថិជនសេវាឥណទានចំនួនជាង392 ពាន់នាក់ ព្រមជាមួយនឹងបុគ្គលិកទូទាំងប្រទេសសរុបចំនួន 7,107 នាក់។