អបអរ​សាទរ​ខួប​៥​ឆ្នាំ​នៃ​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​អេធីអឹម​ប្រាសាក់​

ភ្នំពេញ​ ថ្ងៃទី​ 12 ខែ​ កញ្ញា ​ឆ្នាំ 2017​៖ ថ្ងៃ​នេះ​គឺជាខួប​ 5 ​ឆ្នាំ នៃ​សេវា​អេធីអឹម​ប្រាសាក់​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ពី​ថ្ងៃ​ទី​ ​12 ខែ​កញ្ញា​ ឆ្នាំ​ 2012។​ ប្រាសាក់​ គឺ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដំបូង​គេ​បង្អស់​ដែល​ បំពាក់​ម៉ាស៊ីន​អេធីអឹម​នៅ​កម្ពុជា។​ បច្ចេកវិទ្យា​អេធីអឹម​នេះ​បាន​ផ្តល់​ជា​មធ្យោបាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​ងាយ​ស្រួល​ដល់​អតិថិជន​ និង​សាធារណជន។​ អតិថិជន​ប្រើប្រាស់​ប័ណ្ណ​អេធីអឹម (ATM) មាន​ចំនួន​ប្រមាណ​ជា​ 90,000 នាក់ ទាំង​នៅ​ជន​បទ​ និង​នៅ​ទី​ប្រជុំជន​ ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ 24​ ម៉ោង​និង 7 ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​ រហូត​មក​ដល់​ បច្ចុប្បន្ន​ ប្រាសាក់​ មាន​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 4 លាន​ ប្រតិបត្តិការ​ ដោយ​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ ជា​ 300 លាន​ដុលា្លរ​អាមេរិក​ តាម​រយៈ​ការ​ដក​ប្រាក់​ ការ​ផ្ទេរ​ប្រាក់​ទៅ​ដៃ​គូ​ជំនួញ​ ការ​ផ្ទេរ​ប្រាក់​តាម​លេខ​កូដ​សម្ងាត់​ (Cash-by-Code)​ ការ​ទូទាត់​ថ្លៃ​វិក្កយបត្រ​ភ្លើង​ ការ​ទូទាត់​​ថ្លៃ​វិក្កយបត្រ​ទឹក​ ទិញ​កាត​ទូរស័ព្ទ​ការ​ត្រួត​ពិនិត្យ​របាយការណ៍​ និង​ សមតុល្យ​គណនី​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​ប្រាសាក់​ នៅ​ទូទាំង​ 25 ខេត្ត-ក្រុង​ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​

បន្ថែម​លើស​ពី​នេះ​ទៀត​ ម្ចាស់​ប័ណ្ណ​អេធីអឹម​ប្រាសាក់​អាច​រីករាយ​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​រាល់​ការ​ទិញ​ផលិត​ផល​​និង​សេវាកម្ម​ផ្សេងៗ​ ពី​ដៃ​គូ​អាជីវកម្ម​ប្រាសាក់​ជាង​ 800ទី​តាំង​ រួម​មាន​ភោជនីយដ្ឋាន​ កន្លែង​កំសាន្ត​ មន្ទីរពេទ្យ​ ហាង​កែ​សម្ផស្ស​ ហាង​លក់​ដុំ​និង​រាយ​ ភ្នាក់​ងារ​ដឹក​អ្នក​ដំណើរ​ ផ្ទះ​សំណាក់​ ហាង​លក់​សម្ភារ​ប្រើ​ប្រាស់​តាម​គេហដ្ឋាន​ និង​សាលារៀន​ជា​ដើម។

លោក​ សាយ​ សូនី​ នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «ជា​មួយ​បណ្តាញ​ការិយាល័យ​និង​ទីតាំង​អេធីអឹម​ដ៏​រឹងមាំ​នៅ​ទូទាំង​ប្រទេស​ ប្រាសាក់​បាន​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​រហូត​ដល់​ 13,800 ភូមិ​ គិត​ត្រឹមខែកក្កដា​ ​ឆ្នាំ​ 2017 នេះ​ និង​បាន​ជួយ​ដល់​ប្រជាជន​ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​មួយ​ប្រាសាក់។​ តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ ប្រាសាក់​បាន​និង​កំពុង​បន្ត​បង្កើត​នូវ​សេវាកម្ម​ថ្មីៗបន្ថែម​ ដើម្បី​ ចូល​រួម​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​តាម​មូល​ដ្ឋាន​កាន់​តែ​ប្រសើរ​ឡើង»។​

លោក​ សាយ​ សូនី​ បាន​បន្ត​ទៀត​ថា៖​ បុគ្គលិក​ដ៏​សកម្ម​របស់​យើង​ជាង​ 7000 នាក់​ រួម​ជា​មួយ​សេវា​អេធីអឹម​នេះ​ បាន​ក្លាយ​ជា​ប្រភព​ធនធាន​ដ៏​ល្អ​ក្នុង​ការ​បម្រើ​សេវា​ជូន​អតិថិជន​របស់​យើង​តាម​រយៈ​ការ​បំពេញ​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​ប្រជាជន​ និង​ចូល​ រួម​ចំណែក​ជំរុញ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​ ​និង​មុខ​ជំនួញ​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។​

លោក​ សាយ​ សូនី​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អតិថិជន​និង​សាធារណជន​ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ​ និង​សូម​ជូន​ពរ​ជូន​ឲ្យ​មាន​សំណាង​ល្អ​ សុខភាព​ល្អ​ និង​បន្ត​អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ជោគជ័យ»៕​