ងាយ​ស្រួល និង​ឥតគិត​ថ្លៃក្នុង​ការ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​

ភ្នំពេញ​ថ្ងៃទី​ 06 ខែ​ កញ្ញា​ ឆ្នាំ​ 2017៖​ នៅ​រដូវ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ ប្រជាជន​ខ្មែរ​ពិសេស​ពុទ្ធសាសនិកជន​ខ្មែរ តែង​ធ្វើ​បុណ្យ​ជា​មួយ​នឹង​អ្នក​មាន​គុណ និង​ទំនុក​បំរុង​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា ធ្វើ​ទាន និង​ឧទ្ទិស​ផល្លានិសង្ឃ​ជូន​ដល់​ញាតិ​មិត្ត​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក។ទន្ទឹម​នឹង​នេះ​ដែរ កូន​ចៅ​ប្រុស​ស្រី​ដែល​បាន​ចាក​ស្រុក​ដើម្បី​ប្រកបរបរ​ចិញ្ចឹម​ជីវិត ក៏​តែង​ជូន​ជា​ថវិកា និង​សម្ភារ​នានា​ ដល់​ឪពុក​ម្តាយ​របស់​ពួក​គាត់​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ។

ពួក​គាត់​តែង​ជ្រើសរើស​ការ​ផ្ទេរ​ប្រាក់​តាម​ជម្រើស​ផ្សេងៗ ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ សូម​ណែ​នាំ​ការ​ ផ្ទេរ​ប្រាក់​តាម​រយៈ​លេខ​ សម្ងាត់​ (Cash-by-Code)​ ដោយ​មិន​ចាំ​បាច់​អស់​កម្រៃ​សេវា​ រហ័ស​ ងាយ​ស្រួល និង​សុវត្ថិភាព។​ ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​លេខ​ សម្ងាត់​នេះ អាច​ឲ្យ​លោក​អ្នក​ផ្ទេរ​តាម​រយៈ សេវា​ធនាគារ​ចល័ត (Mobile & Internet Banking) ឬ ម៉ាស៊ីន​អេធីអឹម​នៅ​ ទូ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។​ គ្រាន់​តែ​ទទួល​បាន​លេខកូដ​សម្ងាត់​ពី​អ្នក​ផ្ទេរ​ប្រាក់ អ្នក​ទទួល​ប្រាក់​អាច​ ដក​ប្រាក់​ភ្លាម​ពី​ម៉ាស៊ីន​អេធីអឹម​ ប្រាសាក់​នៅ​គ្រប់​ទីតាំង​អេធីអឹម​ប្រាសាក់​ដែល​នៅ​ជិត​ពួក​គាត់​បំផុត​ គឺ​គ្រាន់​តែ​ចុច​ប៊ូតុង​ណា​មួយ​របស់​ម៉ាស៊ីន​អេធីអឹម​ រួច​អនុវត្ត​តាម​ដំណើរ​ដក​ប្រាក់​ ដូច​ខាង​ក្រោម៖

  • ចុច​ប៊ូតុង​អេធីអឹម​ណា​មួយ​ក៏​បាន​
  • ជ្រើស​រើស​ បាទ/ចាស៎​
  • បញ្ចូល​លេខ​សម្ងាត់​ 6 ខ្ទង់​ដែល​ទទួល​បាន​ពី​អ្នក​ផ្ទេរ​ប្រាក់​
  • ជ្រើស​រើស​ប្រភេទ​រូបិយប័ណ្ណ​ (ប្រាក់​រៀល​ ឬ​ ដុល្លារ)​
  • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទទួល​ រួច​ចុច​យល់​ព្រម​

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «ពេល​នេះ​ ការ​ផ្ទេរ​ប្រាក់​ទៅ​ដៃ​គូ​អាជីវកម្ម​ មិត្តភក្តិ​ និង​ជា​ពិសេស​ផ្ទេរ​ប្រាក់​ជូន​អ្នក​មាន​គុណ​របស់​លោក​អ្នក​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ គឺ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ទៀត​ឡើយ​ ទោះ​បី​អ្នក​ទទួល​គ្មាន​ប័ណ្ណ​អេធីអឹម​ ឬ ​គណនី​ជា​មួយ​ប្រាសាក់​ក៏​ដោយ​ ដោយ​គ្រាន់​តែ​អ្នក​ផ្ទេរ​ប្រាក់​ផ្តល់​លេខ​សម្ងាត់​ អ្នក​ទទួល​​​នឹង​ដក​ប្រាក់​បាន​ភ្លាម​តាម​ម៉ាស៊ីន​អេធីអឹម​ប្រាសាក់»។​

ប្រាសាក់​ ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​មាន​បណ្តាញ​សាខា​ បណ្តាញ​អេធីអឹម​ សម្ពៀត​ឥណទាន​ និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ច្រើន​ជាង​គេ។​ ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​ទី​ 30 ​ខែ​មិថុនា​ ឆ្នាំ​ 2017 នេះ​ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុប​ 1,516​ លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ 1,247 ​លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 784 ​លាន​ដុល្លារ​អាមេរិក​ បណ្តាញ​ការិយាល័យ​ 176 ​ទីតាំង​ មាន​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 123​ និង​បុគ្គលិក ​ 7,000 ​នាក់។

លោក​ សាយ សូនី បាន​បន្ថែម​ថា ក្នុង​នាម​ថ្នាក់​ដឹកនាំ​ប្រាសាក់ ខ្ញុំ​បាទ​សូម​ជូន​ពរ​ឲ្យ​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​លោក​ លោក​ស្រី​ក៏​ដូច​ជា​បុគ្គលិក​ប្រាសាក់​ទាំងអស់​ ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​និង​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ ព្រម​ទាំង​សូម​ឲ្យ​បាន​សម្រេច​នូវ​ពុទ្ធពរ​ទាំង​ឡាយ​ ៤ ប្រការ​គឺ​ អាយុ  វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕