គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូន ចំពោះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃ ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសរើសជា ធនាគារិកឆ្នើមនៃធនាគារកណ្តាលប្រចាំឆ្នាំ២០២១ (The Central Banker of the Year 2021) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ពី The Banker ។
ការផ្តល់ជូនចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននាពេលកន្លងមក។ The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។
រង្វាន់នេះក៏បានរំលេចឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុឆ្លងកាត់ជំងឺកូវីដ១៩ ពិសេសការដាក់ចេញនូវសារាចរក្នុងការរៀបចំឥណទានឡើងវិញ ការលើកកម្ពស់ប្រព័ន្ធធនាគារឌីជីថល ក៏ដូចជាការលើកកម្ពស់ប្រាក់រៀលខ្មែរ ខណៈដែលសេដ្ឋកិច្ចក្នុងស្រុករំពឹងថាអាចនឹងធ្លាក់ចុះដល់ -១,៩%។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់គ្រប់គ្រង និងនិយោជិតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្ដម ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្ដម នឹងបន្តទទួលបានជោគជ័យថ្មីៗយ៉ាងត្រចះត្រចង់បន្ថែមទៀត។
សូម ឯកឧត្ដម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពីថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ។