
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល 2022 ខ្ញុំសូមសម្ដែងនូវក្ដីសោមនស្ស និងសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះភាគីពាក់ព័ន្ធទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង បុគ្គលិក គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ដការងារទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ 20211ស្របតាមទស្សនវិស័យ បេសកកម្ម និងទិសស្លោករបស់ប្រាសាក់ «រីកចម្រើនជាមួយគ្នា»។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលមានភក្ដីភាព ផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងកក់ក្ដៅ។ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់ប្រាសាក់កន្លងមក។
ពិតណាស់ យើងបានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងបរិបទជំងឺកូវីដ-19 នេះ។ តែទោះជាយ៉ាងនេះក្ដី យើងបានឆ្លងកាត់ការអភិវឌ្ឍនិងរីកចម្រើនជានិច្ច ដែលបានធ្វើឱ្យយើងក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដែលធំជាងគេ និងមានភាពរឹងមាំប្រកបដោយនិរន្តរភាពនៅកម្ពុជា។ លទ្ធផលនេះសឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកប្រាសាក់ជាង 9,000 នាក់ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម និងជំនះបានតាមផែនការដែលបានគ្រោងទុក។
លទ្ធផលដ៏ល្អនេះក៏កើតចេញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់អតិថិជនដែលតែងតែជ្រើសយកប្រាសាក់ជាដៃគូហិរញ្ញវត្ថុ។ យើងខ្ញុំប្ដេជ្ញានិងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមតម្រូវការផ្នែកសេវាហិរញ្ញវត្ថុដ៏ទំនើបដើម្បីធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល ហើយអាជីវកម្មលោកអ្នកកាន់តែទទួលបានជោគជ័យក្នុងឆ្នាំថ្មីនេះ។
ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសកល 2022 នេះ សូមជូនពរថ្នាក់គ្រប់គ្រង បុគ្គលិក និយោជិត អតិថិជន និយ័តករ និងភាគីពាក់ព័ន្ធ និងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ជោគជ័យ សិរីមង្គល រីកចម្រើន ជាមួយគ្នាជានិរន្តរ៍ ព្រមទាំងសម្រេចផលតាមផែនការសម្រាប់ឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
ប្រធាននាយកប្រតិបត្តិ
អ៊ុំ សមអឿន