ភ្នំពេញ ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2018៖ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និង Global Climate Partnership Fund (GCPF) បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្តល់ឥណទានបៃតង និងកំណើនឥណទានបៃតងនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2018 នៅសណ្ឋាគារភ្នំពេញ នៅកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាសម្រាប់ការពិភាក្សាជាមួយពហុភាគីពាក់ព័ន្ធ ការបង្ហាញ និងការរៀនសូត្រអំពីការផ្តល់ឥណទានបៃតងនៅ កម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីដោយអ្នកតំណាងនៃក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ ភ្នាក់ងារហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍អន្ដរជាតិ អ្នកផ្តល់សេវាបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល សមាគមអាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ( SMEs)។
បម្រែបម្រួលអាកាសធាតុគឺជាប្រធានបទសំខាន់មួយនៅក្នុងពិភពលោក។ ប្រទេសកម្ពុជាក៏ជាប្រទេសងាយរងគ្រោះមួយផងដែរពីការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះមហន្តរាយ ដោយសារតែសមត្ថភាពបន្សាំមានកម្រិតទាប និងការពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានទឹក និងវិស័យកសិកម្ម ដែលភាគច្រើនពឹងផ្អែកទៅលើដំណាំស្រូវ និងដំណាំផ្សេងៗទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការកសាងជាតិឲ្យវិវត្តទៅភាពរុងរឿង រួមជាមួយការរីកចម្រើនរយៈពេលវែង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រដោយមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន។
ដោយមើលឃើញពីសារៈសំខាន់នៃបរិស្ថាន និរន្តរភាពនៃធនធានធម្មជាតិ ដែលសមស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា ប្រាសាក់បាននិងកំពុងពង្រឹងសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកការការពារបរិស្ថាននិងសង្គម តាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និងការធ្វើប្រតិបត្តិការរបស់ខ្លួន។ ប្រាសាក់ បានចាប់ដៃគូជាមួយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ 2007 ដើម្បីផ្តល់កម្ចីជីវឧស្ម័នដល់កសិករនៅតាមជនបទក្នុងប្រទេសកម្ពុជា។ ហើយនៅឆ្នាំ 2016 ប្រាសាក់បានទទួលជំនួយបច្ចេកទេស និងប្រាក់កម្ចីពី GCPF ដើម្បីធ្វើឲ្យប្រសើរនូវផលិតផលឥណទានរបស់ខ្លួនដែលស៊ីទៅនឹងផលិតផលនានាដែលមានប្រសិទ្ធភាពថាមពល។
ប្រាសាក់ បានប្តេជ្ញាចិត្តមុតមាំក្នុងការផ្តល់និងអភិវឌ្ឍឥណទានបៃតងបន្ថែមទៀតដល់ប្រជាជននៅតាមជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង និងចូលរួមការការពារបរិស្ថានបន្ថែមទៀត។
គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ប្រាសាក់បានផ្តល់ប្រាក់កម្ចីសាងសង់ឡជីវឧស្ម័នចំនួន 8,411 ឡ ដែលមានសម្ពៀតឥណទានច្រើនជាង 5 លានដុល្លារអាមេរិក។ ហើយបានផ្តល់កម្ចីត្រាក់ទ័រនិងគោយន្តដល់អតិថិជនចំនួន 529 នាក់ ដែលមានសម្ពៀតឥណទានច្រើនជាង 7 លានដុល្លារអាមេរិក។ ជាលទ្ធផល ប្រាសាក់បានចូលរួមក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបោនចំនួន 1,500 តោនក្នុងមួយឆ្នាំ ឬ ស្មើនឹង 429,700 លីត្រនៃប្រេងម៉ាស៊ូតក្នុងមួយឆ្នាំ។
The Global Climate Partnership Fund (GCPF) (responsAbility Investments AG)
The Global Climate Partnership Fund (GCPF) គឺជាភាពជាដៃគូឯកជនសាធារណៈដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងទីផ្សារកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ។ វាផ្តោតលើការផ្តល់ហិរញ្ញប្បទានដល់ប្រសិទ្ធភាពថាមពល និងគម្រោងថាមពលកកើតឡើងវិញដោយផ្ទាល់ និងសហការជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដោយបង្កើតផលវិជ្ជមានសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចក្នុងស្រុក។ មូលនិធិភាពជាដៃគូអាកាសធាតុសកល គឺជាមូលនិធិដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ ដែលគ្រប់គ្រងដោយអ្នកគ្រប់គ្រងទ្រព្យស្វ៊ីសរបស់ responsAbility Investments AG ដែលជាអ្នកគ្រប់គ្រងទ្រព្យឯកជនឈានមុខគេនៅក្នុងវិស័យវិនិយោគទុនសម្រាប់ការអភិវឌ្ឍ។ សម្រាប់ព័ត៌មានបន្ថែម៖ www.gcpf.lu
អំពីប្រាសាក់
ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទដល់អតិថិជនគោលដៅរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស សេវាអេធីអឹម ម៉ាស៊ីនឆូតកាត និងសេវាធនាគារចល័ត ដែលគ្របដណ្តប់នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម៖ www.prasac.com.kh