ប្រាសាក់​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​

ភ្នំពេញ​ ថ្ងៃ​ទី​ 07 ខែ​មេសា​ ឆ្នាំ​ 2017 ៖ ដើម្បី​អប​អរសាទរពិធី​​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​​ខ្មែរ​​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប្រាសាក់​បាន​រៀប​ចំ​ពិធីសូត្រ​មន្ត​ចម្រើន​​សិរី​សួស្តីឆ្នាំ​ថ្មី​​នៅ​តាម​បណ្តា​សាខា (ការិយាល័យជិត 200) នា​នា​ទូទាំង​ប្រទេស។​ ប្រាសាក់​បាន​និមន្ត​ព្រះ​សង្ឃ​​ចម្រើន​ព្រះ​បរិត្ត​ សូត្រ​ប្រោះ​ព្រំ​ប្រសិទ្ធពរជ័យ​ សិរីសួស្តី​ និង​លើក​រាសី​ឆ្នាំ​ថ្មី​ដល់​​​ថ្នាក់​គ្រប់​គ្រង​និង​បុគ្គលិក​ប្រាសាក់​ ព្រម​ទាំង​អតិ​ថិជន​ទាំង​អស់​នូវ​សិរី​សួស្តី​ ជ័យ​មង្គល​ វិបុល​សុខ​ មហា​ប្រសើរ​​​នា​ឱកាស​ឆ្នាំ​ថ្មី។​

ដោយ​ឡែក​សម្រាប់​ការិយា​ល័យ​កណ្តាល​នៅ​ភ្នំពេញ​ បន្ថែម​ពី​លើ​កម្មវិធី​សូត្រមន្ត​ចម្រើន​រាសី​នេះ ​ ក៏​មាន​ការ​សម្តែង​របាំ​ត្រុដិ​ដើម្បី​អប​អរ​​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ និង​ដើម្បី​​រំ​ដោះ​គ្រោះ​ឧបទ្រព​ចង្រៃ​ដែល​កើ​តមាន​​នៅ​​ក្នុង​ឆ្នាំ​ចាស់។​

លោក​ សាយ​ សូនី​ នាយ​ក​ប្រតិ​បត្តិ​គ្រប់​គ្រង​ទី​ផ្សារ​របស់​​​ប្រាសាក់​ បាន​គោរ​ព​ផ្ញើសារជូន​ពរចំពោះ​អតិ​ថិជន​​ទាំង​អស់​នា​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ ថា​៖ «តាង​នាម​ឲ្យ​ថ្នាក់​គ្រប់​គ្រង​ និង​បុគ្គលិក​ប្រាសាក់​ ខ្ញុំ​សូម​បួង​សួង​​ដល់​​ទេវតា​ឆ្នាំ​ថ្មី​ប្រោស​ប្រទាន​ពរ​ជ័យ​ចំពោះ​​អតិ​ថិជន​ ព្រមទាំង​ក្រុម​គ្រួសារ​​ នូវ​សិរី​សួស្តី​ ជ័យ​មង្គល​ វិបុល​សុខ​ មហា​ប្រសើរ​ និង​រី​ក​ចម្រើន​​ជាមួយគ្នាជានិច្ច​និរន្តរ៍»។

លោក​បាន​បន្ថែម​ទៀតថា៖ «ខ្ញុំ​បាទ​ក៏​សូមជូនពរ​ឲ្យ​ការឈប់​សម្រាក​ជួបជុំ​របស់​អតិថិជន​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ និង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ស្រុកកំណើត​និង​ទី​រមណីយដ្ឋាន​នានា​ជួ​បប្រទះ​តែ​សេចក្ដីសុខ​ សុវត្ថិភាព»។​

ដើម្បី​ជួយ​អតិថិជន​ទាំង​អស់​ក្នុង​ការ​ផ្ទេរ​ ឬ​ផ្ញើ​ប្រាក់ទៅកាន់​ញាតិ​មិត្ត​ បង​ប្អូន និង​មនុស្ស​ជា​ទីស្រលាញ់ ​ប្រាសាក់​ផ្ដល់នូវ​សេវា​ផ្ទេរ​ប្រាក់​យ៉ាង​ងាយ​ស្រួល​ ដែល​មាន​ឈ្មោះ​ថា​ Cash-by-Code ដោយ​ឥត​គិត​កម្រៃ​សេវា។​ ការ​ផ្ញើ​ប្រាក់​តាម​ Cash-by-Code ​នេះ​អាច​ធ្វើ​បាន​តាម​រយៈ​សេវាធនាគារ​ចល័ត​ សេវាធនាគារ​អ៊ីនធឺណែត​ និង​អេធីអឹម។