ប្រាសាក់​រួម​សហការ​ឧបត្ថម្ភ​គម្រោង​សង្គម​ «ចិត្ត​ដូច​គ្នា» ​ដើម្បី​ពង្រឹង​សមត្ថភាព​យុ​វជន​ខ្មែរ

ភ្នំពេញ​ ថ្ងៃទី​ ២៧​ ខែតុលា​ ឆ្នាំ២០១៧​៖ ​ប្រាសាក់​មាន​មោទន​ភាព​ក្នុង​កា​រឧបត្ថម្ភ​ដល់​គម្រោង​សង្គម​មួយ​ មាន​ឈ្មោះ​ថា​ «ចិត្ត​ដូច​គ្នា»​  ក្រោម​ប្រធាន​បទ​ «ដើម្បី​សង្គម​ យើង​អាច​ធ្វើ​បាន​» ដែល​ជា​កម្មវិធី​មួយ​រៀប​ចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក្រុម​យុវជន​ U&I​ និង​យុវជន​នៃ​យុទ្ធនាការ​ GoGoCambodia។

ចាប់​ផ្តើមធ្វើ​ឡើង​តាំងពី​ ខែឧសភា​ ដល់​ ខែតុលា​ ឆ្នាំ 2017​ គម្រោង​បែប​ប្រកួត​ប្រជែង​មួយ​នេះ ​មាន​គោល​បំណង​ផ្តល់​ឱកាស​ដល់​យុវជន​ដើម្បីចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​ អាច​បញ្ចេញ​នូវ​ទេពកោសល្យ​ និង​គំនិត​ច្នែ​ប្រឌិត​ផ្សេងៗ​របស់​ខ្លួន​ ជា​ពិសេស​ការ​រៀន​ធ្វើ​ការងា​រជា​ក្រុម​។

មាន​យុវជន​ចំនួន​ 29​ ក្រុម​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​ តែ​ជា​លទ្ធផល​មាន​តែ​ 5 ក្រុម​ប៉ុណ្ណោះ​ ដែល​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ជ័យ​លាភី​លេខ​មួយ​នៃ​កម្មវិធី​ប្រកួត​ប្រជែង​នេះ​បាន​ទៅ​ក្រុម​ T-DS​ ដែល​ជា​ក្រុម​និស្សិត​មក​ពី​ សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរជាតិ​ លើ​ប្រធាន​បទ​ «សោភណភាព​ទីក្រុង​» ។

លោក​ សាយ​ សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សា​រប្រាសាក់ បាន​មានប្រសាសន៍​ថា៖​ «យើង​ពិតជា​មានសេច​ក្តីសប្បាយ​រីករាយ​ក្នុងការ​គាំទ្រនូវ​ព្រឹត្តិការណ៍​បែបនេះ​ខ្លាំងណាស់​ ព្រោះវា​ផ្តល់​នូវ​ឱកាស​ល្អៗ​សម្រាប់​យុវជន​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ និង​ជួយដោះ​ស្រាយ​បញ្ហា​សង្គម​​របស់ក្មេងៗ​ជំនាន់​ក្រោយ​ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​។​ ការ​ចូល​រួម​ឧបត្ថម្ភ​នៅ​ថ្ងៃ​នេះ​ ​គឺ​ជា​ផ្នែក​សំខាន់​មួយ​យ៉ាង​សំខាន់​ក្នុង​គោល​នយោបាយ​ការ​ទទួល​ខុស​ត្រូវ​សង្គម​ និង​គុណ​តម្លៃ​ស្នូល​របស់​យើង​ ដើម្បី​រួមចំណែក​ជាវិជ្ជមាន​ដល់​ការ​រីក​ចម្រើន​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​យើង​»។​

ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវា​ហិរញ្ញវត្ថុ​ ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូច​ជា​ សាង​សង់​អគារ​បណ្ណាល័យ​ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប​ ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​​ ចូល​រួម​បរិច្ចាគ​ឈាម​ និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ការងារ​មនុស្ស​ធម៌ជាច្រើន​ទៀត​។ល។