ភ្នំពេញ 20 មីនា 2022 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមអបអរ ទិវាប្រាក់រៀល លើកទី 42 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (20 មីនា 1980 – 20 មីនា 2022) ។ ប្រាក់រៀលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអត្តសញ្ញាណជាតិ ព្រមទាំងរួមចំណែករក្សាស្ថិរភាពនិងអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ប្រាក់រៀល បានចូលរួមចំណែកក្នុងការកំណត់ជាខ្នាតតម្លៃ ជាមធ្យោបាយទូទាត់ និងជាឧបករណ៍សម្រាប់ការសន្សំ។
ប្រាសាក់ តែងតែចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ «ប្រាក់រៀល» តាមរយៈការប្រើប្រាស់បា្រក់រៀលនៅក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម និងផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន។ ពាក់ព័ន្ធទៅនឹងការផ្ដល់ឥណទានជាប្រាក់រៀលនេះ មន្ត្រីឥណទានរបស់ប្រាសាក់ តែងលើកទឹកចិត្តឱ្យអតិថិជនជ្រើសរើសយកសេវាឥណទានជាប្រាក់រៀល ដោយបានបង្ហាញជូនអតិថិជននូវអត្ថប្រយោជន៍នៃការប្រើប្រាស់ឥណទានជាប្រាក់រៀលរួមមាន អត្រាការប្រាក់មានកម្រិតទាប មិនខាតបង់លើអត្រាប្ដូរប្រាក់ ចំណេញពេលវេលា (ក្នុងការប្តូរ និងធ្វើដំណើរទៅប្តូរប្រាក់) ចំណេញពេលវេលាក្នុងការសងប្រាក់ (រូបិយប័ណ្ណតែមួយប្រភេទ) ដំណើរការនៃការសងប្រាក់មានភាពងាយស្រួល ការពារបាននូវក្រដាសប្រាក់ក្លែងក្លាយ និងចូលរួមលើកកម្ពស់ប្រាក់រៀលរបស់ខ្មែរយើង។ ទាំងអស់នេះត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរនៅលើខិត្តប័ណ្ណផ្សព្វផ្សាយឥណទានរបស់ប្រាសាក់ថែមទៀតផង។
លើសពីនេះ ប្រាសាក់ បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ក្នុងការបង្កើតសេវាហិរញ្ញវត្ថុផ្សេងៗ ដែលគាំទ្រដល់ការប្រើប្រាក់រៀល ដូចជា សេវាទូទាត់រហ័ស ប្រព័ន្ធ Cambodian Shared Switch (CSS) សេវាផ្ទេរមូលនិធិភ្លាមៗ និងសេវាទូទាត់តាមប្រព័ន្ធបាគង។ ប្រាសាក់ ក៏បានចូលរួមជាមួយធនាគារជាតិ ក្នុងការផ្ដល់ជាចំណេះដឹងហិរញ្ញវត្ថុ តាមរយៈយុទ្ធនាការ «តោះ! និយាយអំពីលុយ» ដែលបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលផងដែរ។
នាឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាប្រាក់រៀល នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ប្រាសាក់សូមប្រសិទ្ធពរជ័យ សិរីបវរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធដែលបានគាំទ្រ និងផ្តល់អនុសាសន៍ល្អៗដល់ប្រាសាក់ក្នុងរយៈពេលប្រមាណ 27 ឆ្នាំមកនេះ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ព្រមជាមួយគ្នានេះដែរ ប្រាសាក់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនដែលបាននិងបន្តការប្រើប្រាស់សេវារបស់ប្រាសាក់ និងសូមជូនពរចំពោះអតិថិជនទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តរភាព។