ប្រាសាក់​បន្ត​ចូលរួម​បង្កើន​ទម្លាប់​និង​លើក​កម្ពស់​វប្បធម៌​នៃ​ការ​អាន​សម្រាប់​សិស្សា​នុសិស្ស​នៅ​កម្ពុជា


ភ្នំពេញ​ ថ្ងៃ​ទី​ 24​ ខែ​សីហា​ ឆ្នាំ​ 2017 ៖ វិស័យ​អប់រំ​ គឺ​ពិត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​អភិឌ្ឍ​នៅ​កម្ពុជា។​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​នានា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​វិស័យ​នេះ។​ ប្រាសាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា  ក៏​កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​តាម​រយៈ​ការ​កសាង​បណ្ណា​ល័យ​​​​​សម្រាប់​ការ​លើ​​កកម្ពស់​ទម្លាប់​នៃ​ការ​អាន​របស់​យុវជន​​ជំនាន់​ក្រោយ​ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ។​

- បណ្ណាល័យប្រាសាក់និងសហគមន៍ នៅវិទ្យាល័យកំពង់ថ្ម ខេត្តកំពង់ធំ

អគារ​បណ្ណាល័យ​ចំនួន​ 21​ ដែល​បាន​ចំណាយ​ថវិកា​ច្រើន​ជាង​ 735 ពាន់​ដុល្លារ​អាមេរិក​ ត្រូវ​បាន​សាង​សង់​រួច​និង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​រួច​រាល់​ហើយ។​ សិស្សានុសិស្ស​ គ្រូ​បង្រៀន​ និង​សហគមន៍​បាន​សម្តែង​ការ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ទាំង​នេះ។​ ទន្ទឹម​នឹង​នេះ​ដែរ​ មាតា​បិតា​របស់​សិស្ស​ក៏​សម្តែង​ការ​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រាសាក់​ផង​ដែរ​ក្នុង​ការ​ជួយ​ដល់​កូនៗ​របស់​ពួក​គាត់​ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​ ឬ​ រៀន​សូត្រ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​បន្ថែម​លើ​ចំណេះ​ដឹង​ស្នូល​ដែល​ទទួល​បាន​ពី​លោក​គ្រូ​អ្នក​គ្រូ។

- បណ្ណាល័យ​ប្រាសាក់​និង​សហគមន៍​ នៅ​បឋម​សិក្សា​ខ្នាច​រមាស​ ខេត្តបាត់ដំបង​

ដោយ​មើល​ឃើញ​ពី​សមិទ្ធិផល​ដ៏​ជោគជ័យ​នេះ​ គណៈ​គ្រប់​គ្រង​របស់​ប្រាសាក់​បាន​សម្រេច​បន្ត​គម្រោង​បណ្ណាល័យ​របស់​ខ្លួន​នៅ​ឆ្នាំ​ 2017​ ដោយ​ពង្រីក​ដល់​សាលារៀន​ចំនួន​ 4​ ផ្សេង​ទៀត​នៅ​ខេត្ត​ផ្សេងៗ​ដូច​ជា​ខេត្ត​តាកែវ​ កណ្តាល​ និង​កំពង់ស្ពឺ។​ គម្រោង​ទាំង​ 4​ នេះ​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ សម្រាប់​អនុវត្ត​នៅ​តាម​សាលារៀន​គោលដៅ​ចំនួន​ 4​ គឺ៖

  • សាលា​បឋម​សិក្សា​ព្រៃល្វា​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ល្វាកើត​ ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​
  • សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ព្រៃយុថ្កា​ ស្ថិត​ក្នុង​ ភូមិ​តាផាន់​ ឃុំ​ព្រៃយុថ្កា​ កោះ​អណ្តែត​ ខេត្ត​តាកែវ​
  • សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​បឹងខ្នារ​ ស្ថិត​ក្នុង​ភូមិ​មហាលំពាំងទី១​ ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ
  • សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​ស្វាយជ្រុំ​ ស្ថិត​ក្នុង​ភូមិ​លើ​ ឃុំ​ស្វាយជ្រុំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្ត​កណ្តាល។

- ការរដ្ឋានសាងសង់បណ្ណាល័យប្រាសាក់និងសហគមន៍ នៅបឋមសិក្សាព្រៃល្វា ខេត្តតាកែវ

គម្រោង​នេះ​បាន​ចាប់​ផ្តើម​អនុវត្ត​ការងារ​សាងសង់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ 2017​ ដោយ​បាន​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន​សាង​សង់​ដំបូង​នៅ​សាលាបឋមសិក្សា​ព្រៃល្វា​ ហើយ​បាន​បន្ត​ទៅ​បើក​ការ​ដ្ឋាន​សាង​សង់​ជា​បន្ត​បន្ទាប់​នៅសាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​ ព្រៃ​យុថ្កា​ សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​បឹងខ្នារ​ និង​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ស្វាយ​ជ្រុំ​ ហើយ​បណ្ណាល័យ​ថ្មី​ទាំង​នេះ​ នឹង​រួច​រាល់​សម្រាប់​អ្នក​ទទួល​ផល​នៅ​ចុង​ឆ្នាំ​ 2017​ នេះ។

- ការ​ដ្ឋាន​សាងសង់​បណ្ណាល័យ​ប្រាសាក់​និង​សហគមន៍​នៅ​បឋមសិក្សា​និង​អនុវិទ្យាល័យ​បឹងខ្នារ​ ខេត្ត​កំពង់ស្ពឺ​

បណ្ណាល័យ​នីមួយៗ​នឹង​ត្រូវ​បំពាក់​ទៅ​ដោយ​ធនធាន​សម្ភារ​និង​ឯកសារ​គ្រប់គ្រាន់​រួម​មាន៖​ ធ្នើរ​ សៀវភៅ​ ផែនទី​ ពាក្យ​ស្លោក​ តុ​អាន​ កៅ​អី​ ទូ​ ហិប​ដាក់​សម្ភារ​ តុ​ការិយាល័យ។​ ក្រៅ​ពី​ការ​បំពាក់​ធនធាន​សម្ភារ​និង​ឯកសារ​ ប្រាសាក់​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ទៅ​ដល់​បណ្ណារក្ស​ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​ការ​បណ្ណាល័យ​ផង​ដែរ។​

- សកម្មភាព​សិក្សា​របស់​សិស្សា​នុសិស្ស​នៅ​បណ្ណាល័យ​ប្រាសាក់​និង​សហគមន៍​ក្នុង​វិទ្យាល័យ​កំពង់ថ្ម​ ខេត្ត​កំពង់ធំ

គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​2017​ គម្រោង​បណ្ណាល័យ​ប្រាសាក់​បាន​គ្រប​ដណ្តប់​លើ​ភូមិ​ចំនួន​ 289​ ភូមិ​ ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 58,421​ គ្រួសារ​ មាន​ប្រជាជន​សរុប​ចំនួន​ 269,936​ នាក់​ នៅ​ក្នុង​ខេត្ត​ចំនួន​ 8​ រួម​មាន៖​ កំពង់ស្ពឺ​ កំពង់ចាម​ ព្រៃវែង​ កំពង់ធំ​ សៀមរាប​ តាកែវ​ ព្រះវិហារ​ និង​ខេត្ត​បាត់ដំបង​ និង​មាន​សិស្សា​នុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 14,130​ នាក់​ និង​លោក​គ្រូ​អ្នក​គ្រូ​ចំនួន​ 543​ នាក់៕​