(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺ ធនាគារ KB Kookmin Bank បានឧបត្ថម្ភថវិកា 400 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022 នេះ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយជួយដល់ជនងាយរងគ្រោះបន្ថែមទៀត ក្នុងការកសាងភាពធន់បន្ទាប់ពីជំងឺកូវីដបានថមថយ»។
ប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម។ បន្ថែមលើសពីនេះ ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យ ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» ឧបត្ថម្ភយុទ្ធនាការជួយជនរងគ្រោះដោយទឹកជំនន់ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម។
សូមជម្រាបជូនថា ប្រាសាក់ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប មានជាអាទិ៍ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងកាកសំណល់រឹង បង់ថ្លៃសិក្សា ទិញកាតទូរស័ព្ទពីគ្រប់ប្រព័ន្ធ ផ្ទេរប្រាក់ឆ្លងធនាគារទៅ មករវាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធបាគង និងប្រព័ន្ធរីធែលផេ ផ្ទេរប្រាក់ឆ្លងសាខាប្រាសាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ខេមបូឌានស៊ែរស្វ៊ីច (CSS) ឬ សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមរបស់ធនាគារជាសមាជិក CSS សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ PRASAC Mobile Banking និង PRASAC Internet Banking ម៉ាស៊ីនឆូតកាត សេវាបញ្ជាក់សមតុល្យគណនី សេវាបញ្ជាការទូទាត់អចិន្ត្រៃយ៍ និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត៕