ប្រាសាក់ប្រារព្ធធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2017 និងរៀបចំផែនការអាជីវកម្មឆ្នាំ 2018

ភ្នំពេញ ថ្ងៃទី 06 ខែមករា ឆ្នាំ 2018 ៖ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅប្រទេសកម្ពុជា បានប្រារព្ធធ្វើសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួន នៅសាលសន្និសីទសណ្ឋាគារ អ៊ីនធើខនធីណិនថល រាជធានីភ្នំពេញ។ ថ្នាក់គ្រប់គ្រងចំនួន 500 រូប មកពីទូទាំងប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំនេះ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធផលដែលបានសម្រេចបានក្នុងឆ្នាំ 2017 និងរៀបចំផែនការអាជីវកម្មសម្រាប់ឆ្នាំ 2018 ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ឱកាសដល់ថ្នាក់គ្រប់គ្រងទាំងអស់ពង្រឹងទំនាក់ទំនងនិងកិច្ចសហការគ្នាឲ្យកាន់តែល្អ ព្រមទាំងសិក្សាពីការអនុវត្តល្អបំផុត (ឧត្ដមាអនុវត្តន៍) ដើម្បីបង្កើនគុណភាពការងារឲ្យបានកាន់តែប្រសើរ ដែលបានចែកចាយដោយបុគ្គលិកឆ្នើមៗផ្នែកគ្រប់គ្រង។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «ប្រាសាក់សម្រេចបានសមិទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ 2017 ដោយក្នុងនោះ មានដូចជា សម្រេចបានសម្ពៀតឥណទាន 1,548 លានដុល្លារអាមេរិក ដោយបានបម្រើអតិថិជនឥណទានជាង 390 ពាន់នាក់ និងកើនឡើងសមតុល្យប្រាក់បញ្ញើសន្សំរហូតដល់ 915 លានដុល្លារអាមេរិក ដោយមានអតិថិជនប្រាក់បញ្ញើសន្សំចំនួន 538 ពាន់នាក់»។

 

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

លោក សេនាជាតិ មានប្រសាសន៍បន្ថែមថា៖ «យើងពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបាននាឆ្នាំនេះ។ ទោះបីយើងជួបប្រទះបញ្ហាប្រឈមជាច្រើនក្ដី ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ យើងបានបានស្គាល់នូវកំណើនគួរជាទីកត់សម្គាល់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែជ្រើសរើសប្រាសាក់ជាដៃគូហិរញ្ញវត្ថុ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិក ថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យប្រាសាក់ទទួលបានជោគជ័យ និងក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមាននិរន្តរភាពនៅកម្ពុជា»។

លោក សេនាជាតិ ក៏បានថ្លែងអំណរគុណជាអនេកប្បការផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ រួមមាន ភាគទុនិក និយ័តករ និងស្ថាប័នផ្តល់ហិរញ្ញប្បទានទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រនិងជឿជាក់ចំពោះប្រាសាក់។

ដោយមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ និងការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នាំ 2017 ប្រាសាក់សម្រេចបានលទ្ធផលល្អប្រសើរដូចជា៖

(១) ទ្រព្យសកម្មសរុបជាង 1.75 ប៊ីលានដុល្លារអាមេរិក
(២) សម្ពៀតឥណទានកើនឡើងជាង 1,548 លានដុល្លារអាមេរិក ដោយមានអតិថិជនកម្ចីច្រើនជាង 390 ពាន់នាក់។
(៣) សមតុល្យប្រាក់បញ្ញើសន្សំច្រើនជាង 915 លានដុល្លារអាមេរិក ដោយមានអតិថិជនបញ្ញើសន្សំច្រើនជាង 538 ពាន់នាក់
(៤) បណ្តាញការិយាល័យចំនួន 176 សាខា
(៥) ដំឡើងទូម៉ាស៊ីន អេ ធី អឹម ចំនួន 127 កន្លែង
(៦) និងបុគ្គលិកច្រើនជាង 7,000 នាក់

 

គណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

 

គណៈគ្រប់គ្រង​និងនាយកភូមិភាគរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

ប្រធានបេឡារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់