ប្រាសាក់​ បាន​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​សិរីសោភា​

កំពង់ចាម​ ថ្ងៃ​ទី ​15 ខែ​កញ្ញា ​ ឆ្នាំ​ 2017៖ ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ឬ​ អាច​ហៅ​បាន​ថា​ជា​ពិធី​បុណ្យ​ដូនតា​ ជា​ពិធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​ ដែល​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា។​ នា​ឱកាស​នេះ​ ប្រជាពល​រដ្ឋ​ មិន​ថា​អ្នក​មាន​ ឬ​ អ្នក​ក្រ​នោះ​ទេ​តែង​តែ​រៀប​ចំ​ចង្ហាន់​ ទេយ្យទាន​ និង​បច្ច័យ​ ទៅ​ប្រគេន​ដល់​​ព្រះសង្ឃ​នៅ​វត្ត​ ដើម្បី​ឧទិ្ទសកុសល​ជូន​ដល់ មាតា បិតា ​ជីដូន ជីតា​ ដែល​បាន​ទៅ​ចែកឋានកាន់​បរមលោក​ និង​បួង​សួង​សុំ​សេចក្តី​សុខ​សុភមង្គល​ សុខភាព​ល្អ​បរិបូរណ៍​ និង​ជា​ពិសេស​បួងសួង​ដល់​ មាតា បិតា ​ជីដូន ​ជីតា ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយនោះ​ឲ្យ​បាន​ទៅ​ដល់​ទី​ស្ងប់​សុខ។​

រៀង​រាល់​ឆ្នាំ​ នា​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ ថ្នាក់​គ្រប់​គ្រង​ និង​បុគ្គលិក​ប្រាសាក់​ទាំងអស់​តែង​តែ​បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ប្រគេន​ទេយ្យ​ទាន​ផ្សេងៗ​ដល់​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់ មាតា បិតា ​ជីដូន ​ជីតា​ និង​បួងសួង​សុំ​សេចក្តី​សុខ​ សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ ក្នុងថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2017​ ថ្នាក់​គ្រប់គ្រង​ប្រាសាក់​ ដែល​ដឹក​នាំ​ដោយ​ លោក​ ស៊ីម សេនាជាតិ​ ប្រធាន​នាយកប្រតិបត្តិ​ បាន​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​10 នៅ​វត្ត​សិរីសោភា​ ស្ថិត​ក្នុង​ភូមិ​ជន្លាត់​ដៃ​ ឃុំ​ទង​ត្រឡាច​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​ និង​បាន​ប្រគេន​ចង្ហាន់​ ទេយ្យវត្ថុ ​និង​បច្ច័យ សម្រាប់​ព្រះសង្ឃ​ ជាពិសេស​ជាងនេះ​ទៅ​ទៀត​ ក៏​បាន​ចូលរួម​ បច្ច័យ​បន្ថែម​​ដើម្បី​ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​វត្ត​ផង​ដែរ។​

លោក​ សាយ សូនី​ នាយកប្រតិបត្តិ​ គ្រប់​គ្រង​ទី​ផ្សារ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖ ​«ជា​រៀង​រាល់​ឆ្នាំ​ នា​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ ប្រាសាក់​តែង​តែ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ព្រះ​ពុទ្ធ​សាសនា​ និង​បាន​បួង​សួង​សុំ​សេចក្តី​សុខ​សម្រាប់​ក្រុម​គ្រួសារ​ និង​ប្រជាជន​ខ្មែរ​ តាម​រយៈ​ការ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ការ​ប្រគេន​ ចង្ហាន់​ ​ទេយ្យទាន​ និង​បច្ច័យ​ដល់​ព្រះ​សង្ឃ។​ ក្រៅ​តែ​ពី​ការ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុងវិស័យ​សាសនា​ ប្រាសាក់​ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ប្រសើរ​ឡើង និង​ចូល​រួម​យ៉ាង​សកម្មក្នុងកិច្ចការ​​សង្គម​នានា ​ដូចជា គម្រោង​សាង​សង់ ​បណ្ណាល័យ​ ការ​វះ​កាត់​បបូរ​មាត់​ឆែប​ ការ​បរិច្ចាគ​ឈាម​ ការ​បរិច្ចាគ​ថវិកា​ដល់​កាក​បាទ​ក្រហម​កម្ពុជា ការ​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ធម្មជាតិ​ ​ជា​ដើម។​

លោក​ សូនី​ បាន​បន្ថែម​ថា៖​ «ថ្ងៃ​នេះ​ តាង​នាម​ឲ្យ​ថ្នាក់​គ្រប់គ្រង​ និង​បុគ្គលិក​ប្រាសាក់​ ខ្ញុំ​សូម​គោរព​ជូនពរ​ឲ្យ​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ លោក លោកស្រី នាងកញ្ញា​ ជា​ពិសេស​អតិថិជន​ប្រាសាក់​ទាំងអស់​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ និងជូន​ពរ​ឲ្យ​ការ​​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណ់ើត​ និង​រមនីយដ្ឋាន​នានា​​ប្រកប​ដោយ​សុខសុវត្ថិភាព​»៕