ប្រាសាក់ ចូលរួម​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​តាមរយៈ​យុទ្ធនា​ការ «តោះ!​ និយាយ​ពីលុយ»

ភ្នំពេញ​ ថ្ងៃ​ទី​ ២៨ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧៖​ ប្រាសាក់​ មាន​មោទនភាព​ក្នុង​ការជួយ​លើក​កម្ពស់​ចំណេះ​ដឹងផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ប្រជាជន​កម្ពុជា​ តាម​រយៈ​យុទ្ធនាការ «​តោះ!​ និយាយ​ពី​លុយ​» ដែល​​បាន​ផ្តួច​ផ្តើមឡើង​ដោយ​ធនាគារ​ជាតិ​ នៃ កម្ពុជា​។ ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​មួយ​នេះ​ បាន​បរិច្ចាគ​ថវិកា​របស់​ខ្លួន​ សម្រាប់​ការ​បោះពុម្ព​ និង​សម្រាប់​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នូវ​សៀវភៅ​ ដែល​មាន​ចំណងជើង​ថា​ «​តោះ!​ និយាយ​ពី​លុយ​»។​

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សៀវភៅ​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ភ្នំដូន​ពេញ​ នា​ថ្ងៃ​ទី 28 ខែ​កុម្ភៈ​ ឆ្នាំ​ 2017​ និង​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ 400​ នាក់ រួម​មាន​ សិស្សានុសិស្ស​ គ្រូ​បង្រៀន​ និង​ មន្រ្តី​មក​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​អង្គការ​ជា​ដៃ​គូ​អភិវឌ្ឍន៍​នានា។​

ការ​ផ្សព្វផ្សាយ​សៀវភៅ​មួយ​នេះ​ ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ជា​ច្រើន​ក្នុង​យុទ្ធ​នាការ​ «​តោះ!​ និយាយ​ពី​លុយ»​ ដែល​រួម​មាន​ ការ​ផ្សព្វផ្សាយ​សេវាជា​សាធារណៈ​ វីដេអូ​ខ្លីៗ​ និង​សៀវភៅ​មគ្គទេសក៍​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ ​ទំព័រ​ហ្វេសប៊ុក ​និង​គេហទំព័រ​របស់​យុទ្ធនាការ​នេះ។​

លោក សាយ​ សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «​យុទ្ធនាការ​ “តោះ!​ និយាយ​ពី​លុយ”​ មាន​បំណង​ដើម្បី​ផ្តល់​ការអប់​រំ និង​ពង្រឹង​សមត្ថភាព​អតិថិជន​ និង​ជួយ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​រួច​ផុត​ពី​បំណុល​​វ័ណ្ឌក​ ហើយ​ជ្រើសរើស​​សេវា​និង​ផលិត​ផល​ហិរញ្ញ​វត្ថុ​បាន​ត្រឹមត្រូវ​ និង​គេច​ផុត​ពី​ឱកាស​ក្លាយជាជន​រងគ្រោះ​ដោយសារកលល្បិច​និងការ​​ទទួលយកប្រាក់​កម្ចី​​​​ដែល​មានការ​ប្រាក់​ខ្ពស់​ពីអ្នកផ្ដល់​កម្ចី​ក្រៅ​ផ្លូវ​ការ​»។

លោក សាយ សូនី​ បានមាន​ប្រសាសន៍​បន្ថែម​ថា៖ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ដើម្បី​ទ្រ​ទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រទេស​មួយ។ ក្នុង​ជីវិត​ប្រចាំថ្ងៃ​ ​របៀបដែលយើងគ្រប់គ្រងលុយបានកំណត់​ជោគ​វាសនា​របស់​យើង​ ​ប្រសិន​បើយើង​ប្រើប្រាស់​លុយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ ជីវិត​របស់យើង​នឹង​មានភាព​ប្រសើរ​ឡើង​។ ដូចនេះ​ ការក្រេប​ជញ្ជក់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​​ ជាកាតព្វ​កិច្ច​ដ៏ចាំបាច់មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ដើម្បី​ទទួល​បានជីវភាព​ប្រសើរ​ឡើង និង​ការរីក​ចម្រើន។ យើង​សង្ឃឹម​ថា ការ​រួមចំណែក​របស់ ប្រា​សាក់​ ក្នុង​ការ​ផ្តួច​ផ្តើម​នេះនឹង​ជួយ​លើកទឹក​ចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​និយាយ​ដោយ​ចំហពីរឿងលុយកាក់ ​មានចំណេះ​ដឹង​​ទូលំទូលាយ​ផ្នែកហិរញ្ញវត្ថុ ​និង​ការសម្រេច​ចិត្ត​ប្រ​កប​ដោយ​ភាព​ឆ្លាត​វៃ​ជាង​»។

«ប្រាសាក់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​​អតិថិជន​របស់​ខ្លួន​ចាប់តាំង​ពីបើកប្រតិបត្តិការអាជីវកម្មរួច​មក។ ​យើង​បាន​អនុវត្ត​គោល​ការណ៍ការពារ​អតិថិជន​​បាន​យ៉ាងខ្ជាប់ខ្ជួន​ក្នុង​ដំណើរ​ផ្តល់​ប្រាក់​កម្ចី​របស់​យើង។ យើងធ្វើ​ឲ្យ​ប្រាកដ​​ថា​​ អតិ​ថិជន​​ទទួល​បាន​ព័ត៌មាន​ច្បាស់​ជានិច្ច​»​ លោក​សូនី​បន្ថែម។

លើសពីនេះ​ទៅទៀត​ ប្រាសាក់​ បានសាង​សង់​អគារ​បណ្ណាល័យ​ចំនួន​១៩ ដែល​បាន​បំ​ពាក់​សម្ភារ​បណ្ណាល័យ​រួចជា​ស្រេច​ និងអគារ២ផ្សេង​ទៀត​ កំពុងស្ថិត​ក្នុងដំណាក់​កាលសាងសង់​។ យ៉ាង​ណាមិញ អគារ​បណ្ណាល័យ​ផ្សេងៗទៀត​ ត្រូវបាន​គ្រោងសាង​សង់​ក្នុង​ឆ្នាំ​២០១៧​នេះ​ផងដែរ​។

​សូម​បញ្ជាក់ថា​ ប្រាសាក់​ គឺ​ជាគ្រឹះស្ថាន​ឯកជន​ និងមិនមែន​ជាគ្រឹះ​ស្ថាន​របស់​រដ្ឋ​ទេ។