«ប្រាសាក់»​ ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន​ជា​មួយ​គ្នា

សេដ្ឋកិច្ច​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុងអំឡុង​ពេល​ជាង​ពីរទសវត្សរ៍​កន្លង​មកនេះ​ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្ដល់ ​កំណើន​សេដ្ឋកិច្ច​ជាតិ  និង​បាន​ចូលរួម​ចំណែក​ក្នុង​ យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​។ ដោយ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ និង​ជាពិសេស​ពី​ធនាគារជាតិ​ នៃ កម្ពុជា ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​  និង​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើឲ្យ​ជីវភាព​រស់នៅ​ប្រសើរ​ឡើង​ជា​លំដាប់​។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ប្រាសាក់​ គឺ​ជា​គ្រឹះស្ថានឯកជន​ និង​មិនមែន​ជា​របស់​រដ្ឋ​ទេ។​ ប្រាសាក់ មាន​ចក្ខុវិស័យ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​ជនបទ​ប្រសើរ​ឡើង ​ និង​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​តាម​រយៈ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែល​មាន​និរន្តរភាព​ហិរញ្ញវត្ថុ​។ ​ជា​មួយ​នឹង​បទ​ពិសោធន៍​ដ៏​ប៉ិនប្រសប់​ក្នុង​រយៈពេល​ ២២​ ឆ្នាំ​មក​នេះ ​ប្រាសាក់​កំពុង​រីកចម្រើន​ប្រកប​ដោយ​សក្តានុពល​ដែល​បាន​ប្រែក្លាយ​ប្រាសាក់​ទៅ​ជា​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ធំ​ជាង​គេ​ និង​មាន​ភាព​រឹងមាំ​នៅ​កម្ពុជា​ដោយ​ឈរ​លើ​មូល​ដ្ឋាន​សំខាន់ៗ​ដូច​ជា​ ភាព​ល្អប្រសើរ​ផ្នែក​អាជីវកម្ម​ ការ​បម្រើ​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​ ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប​ វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​ ការ​បំពាក់​ម៉ាស៊ីន​អេធីអឹម​ (ATM) និង​ប្រព័ន្ធ​ធនាគារ​ស្នូល​ ប្រកប​ដោយ​ភាព​ទំនើប​ តម្លាភាព​ និង​សុក្រឹតភាព​។

នៅ​ត្រឹម​ដំណាច់​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង​ ១,២៩​ប៊ីលាន​ដុល្លារអាមេរិក​ ដើម​ទុន​ចុះ​បញ្ជី​១១០​លាន​ដុល្លារអាមេរិក​សម្ពៀត​ឥណទាន​១,១០​ប៊ីលាន​ដុល្លារអាមេរិក​ អតិថិជន​​ឥណទាន​ជាង​៣៥៣​ពាន់នាក់​ សមតុល្យ​ប្រាក់​បញ្ញើសន្សំ​ច្រើន​ជាង​ ៦៥៧​លាន​ដុល្លារអាមេរិក​អតិថិជន​ប្រាក់​បញ្ញើសន្សំ​ជាង​ ៥០៤​ពាន់នាក់ ​បុគ្គលិក​៦.៤00​នាក់ ​បណ្តាញ​ការិយាល័យ​ ១៨១ ​ទីតាំង​  និង​មាន​ម៉ាស៊ីន​អេធីអឹម​១១៩​ផង​ដែរ​។ លើស​ពី​នេះ ​ប្រាសាក់​ក៏​បាន​ទទួល​ពាន​រង្វាន់​ និង​វិញ្ញាបនបត្រ​ជា​ច្រើន​បញ្ជាក់​ពី​គុណភាព​សេវាកម្ម​ និង​ប្រតិបត្តិការ​របស់​ខ្លួន​ ក្នុង​នោះ​មាន​ វិញ្ញាបនប័ត្រ​តម្លាភាព​ និង​ការ​ការពារ​អតិថិជន​ពី Smart Campaign ដែល​ជា​ស្ថាប័ន​កម្រិត​ពិភពលោក​ក្នុង​ការផ្តល់​ពិន្ទុ​ដល់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និង​ការ​ទទួល​ស្គាល់​ជា​ច្រើន​ដទៃទៀត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។

ក្រៅ​ពី​ផ្តល់​សេវា​ប្រាក់បញ្ញើ​ និង​កម្ចី​ជូន​ដល់​អតិថិជន​ ប្រាសាក់​បាន​ផ្តល់​សេវា​ធនាគារ​ជា​ច្រើន​ទៀត​ រួមមាន​ សេវា​ធនាគាចល័ត​ (Mobile & Internet Banking)​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​ សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង​ ផ្ទេរប្រាក់​ Cash-by-Code​ សេវា​អេធីអឹម​ សេវា​ទិញ​កាត​ទូរស័ព្ទ​  សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ទំនិញ​ និង​សេវា​ម៉ាស៊ីន​ឆូតកាត​ សេវា​ទូទាត់​រហ័ស​ សេវា​បើក​ប្រាក់​បៀវត្ស​ និង​សេវា​ផ្សេងៗ​ទៀត​។

ប្រាសាក់​តែងតែ​ប្រតិបត្តិ​ដោយ​អនុលោម​តាម​ច្បាប់​ និង​បទបញ្ញត្តិ​នានា​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​បាន​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​គ្រប់​ប្រតិបត្តិការ​អាជីវកម្ម​ ទាំងអស់​។​ជាក់ស្ដែង​ ក្នុង​ឆ្នាំ​២០១៦​ ប្រាសាក់​បាន​ធ្វើការ​ជា​មួយ​ធនាគារ​ជាតិ​ នៃ​ កម្ពុជា ​ និង​គ្រឹះស្ថានហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ បង្កើត​នូវ​សេវាកម្ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​ «​សេវា​ទូទាត់​រហ័ស​»​ ដែល​អាច​អនុញ្ញាត​ ឲ្យ​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ និង​ទូទាត់​ប្រាក់​ ជា​ប្រាក់រៀល​ ឆ្លង​គ្រឹះស្ថាន​ សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​កម្ពុជា​។ ​ប្រាសាក់ ​កំពុង​ធ្វើការ​ជា​មួយ​ធនាគារជាតិ​ នៃ​ កម្ពុជា​ លើ ​ប្រព័ន្ធ​ Central Shared Switch​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើ​ប្រាស់​ប័ណ្ណ ​ATM​ ទាំងអស់​អាច​ដក​ប្រាក់​ ឬ​ ទូទាត់​ចំណាយ​ឆ្លង​ធនាគារ​ ឬ​  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​នេះ​ផង​ដែរ​។

ប្រាសាក់​តែង​ផ្សារ​ភ្ជាប់​ខ្លួន​ជានិច្ច​ក្នុង​វិភាគ​ទានសង្គម​សំខាន់ៗ​ដូចជា​ កម្មវិធី​អប់រំ​  កម្មវិធី​បរិច្ចាគ​ឈាម​  កម្មវិធី​សប្បុរស​ធម៌​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​រួម​ចំណែក​លើក​ស្ទួយ​សុខុមាលភាព​សង្គម​  បរិស្ថាន​ និង​សេដ្ឋកិច្ច​។ ជាក់ស្ដែង​ ប្រាសាក់​បាន​សាងសង់​អគារ​បណ្ណាល័យ​ចំនួន​១៩​ខ្នង​ ដែល​បំពាក់​ដោយ​គ្រឿង​ បរិក្ខារ​ សម្ភារ​សិក្សា​ និង​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​ការ​អាន​ និង​សិក្សា​ស្រាវ​ជ្រាវ​របស់​សិស្សានុសិស្ស​ និង​គ្រូ​បង្រៀន​ជាង​១២.៨០០​ នាក់​ ក្នុង​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា​ និង​ជាង​នេះ​ទៅ​ទៀត​ គឺ​ការ​បណ្តុះ​ទម្លាប់​អាន​ និង​ជំរុញ​វប្បធម៌​អាន​របស់​សិស្សានុសិស្ស​ជំនាន់​ក្រោយៗ​។

ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើង​វិញ​  ប្រាសាក់​សូម​ប្រសិទ្ធពរ​ ជ័យ​សិរីបវរ​ និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ធនាគារជាតិ​ នៃ ​កម្ពុជា ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​ និង​ផ្តល់​អនុសាសន៍​ល្អៗ​ដល់​ប្រាសាក់​ក្នុង​រយៈពេល​២២​ឆ្នាំ មកនេះ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​។ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ​ប្រាសាក់​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អតិថិជន​ដែលបាន​ និង​បន្តការ​ប្រើប្រាស់​សេវាកម្ម​របស់​ប្រាសាក់ ​ និង​សូមជូនពរ​ជ័យដល់​ អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ និង​បន្តការ​រីក​ចម្រើន​ជា​មួយ​គ្នា​ប្រកប​ដោយ​និរន្តរភាព​៕