ប្រាសាក់ ទទួលបានកម្ចីចំនួន 150 លានដុល្លារអាមេរិក ពីធនាគារ ខេប៊ី គូកមីន ដើម្បីពង្រឹងមូលធនកម្ម សន្ទនីយភាព និងពង្រីកការផ្តល់ឥណទាន

រាជធានីភ្នំពេញ៖ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបោះជំហានបន្ថែមទៀតដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ 50 លានដុល្លារអាមេរិក សម្រាប់រយៈពេល 7 ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ 100 លានដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ចាប់តាំងពីខែមេសា ឆ្នាំ 2020 ។

លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសាកល នៃធនាគារ ខេប៊ី គូកមីន បានមានប្រសាសន៍ថា «ធនាគារ ខេប៊ី គូកមីន ពិតជារីករាយក្នុងការផ្តល់ឥណទាននេះដល់ប្រាសាក់ ដើម្បីឱ្យប្រាសាក់អាចផ្ដល់ឥណទាននេះបន្តជូនដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារ ក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុនមកនេះ»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានបញ្ជាក់ថា «ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យប្រាសាក់ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវការអាជីវកម្មរបស់ប្រាសាក់ ក៏ដូចជាផ្តល់លទ្ធភាពច្រើនបន្ថែមទៀតដល់ប្រាសាក់លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់»។

លោកបានបន្តទៀតថា «ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ ក្នុងខែមិថុនា ឆ្នាំ 2020 ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ 181 សាខា និងម៉ាស៊ីនអេធីអឹម ចំនួន 138 គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុតនៅជនបទ។

គិតមកដល់ចុងខែមិថុនា ឆ្នាំ 2020 លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលកើនឡើងដល់ 2,659 លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន 1,928 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងច្រើនជាង 3,39០ លានដុល្លារអាមេរិក។

អំពី ធនាគារ ខេប៊ី គូកមីន

ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 30 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 15 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.comwww.kbfg.com ឬ អាចទស្សនាវីដេអូខ្លីពីសាវតាររបស់ KB Financial Group តាម https://youtu.be/6k2w_2ZwoQE