ប្រាសាក់​ចែក​រំលែក​បទ​ពិសោធន៍​ជោគជ័យ​ដល់​ធនាគារ​ City Savings Bank

ភ្នំពេញ​ ថ្ងៃ​ទី ​26 ខែ​កក្កដា​ ឆ្នាំ​ 2017៖ ប្រាសាក់​ ដែល​ជា​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដល់​គណៈ​ប្រតិភូ​នៃ​ធនាគារ​ City Savings Bank ដែល​ជា​ធនាគារ​មួយ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដោយ​មាន​ការ​ដឹក​នាំ​ពី​ប្រធាន​នាយកប្រតិបត្តិ​ លោក​ Catalino Santiago Abacan ដើម្បី​មក​ធ្វើ​ទស្សនកិច្ច​សិក្សាពី​ប្រាសាក់​អំពី​បរិយាប័ន្នហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ជោគជ័យ។

នៅ​ក្នុង​កិច្ច​​ប្រជុំ​នេះ​ ថ្នាក់​គ្រប់​គ្រង​របស់​ប្រាសាក់​ ដែល​ដឹក​នាំ​ដោយ​លោក​ អ៊ុំ សំអឿន​ អនុប្រធាន​នាយកប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ​ បាន​ចែក​រំលែក​ពី​ចំណុច​ជោគជ័យ​ជា​ច្រើន​រួម​មាន​ ការ​អភិវឌ្ឍភាព​សម្បូរ​បែប​នៃ​ផលិតផល​ឥណទាន​ ផលិតផល​ប្រាក់​បញ្ញើ​សន្សំ​ និង​សេវា​ធនាគារ​ជា​ច្រើន​ផ្សេងៗ​ទៀត​ វិធីសាស្រ្ត​សំខាន់ៗ​ក្នុង​ការ​អនុវត្ត​ដំណើរ​ការ​ផ្តល់​ប្រាក់​កម្ចី​ ជា​ពិសេស​ការ​វាយ​តម្លៃ​ប្រាក់​កម្ចី​ ការ​អនុម័ត​ប្រាក់​កម្ចី​ និង​ការ​គ្រប់គ្រង​ឥណទាន​មិន​ដំណើរការ​ , យុទ្ធសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជា​មួយ​នឹង​ បណ្តាញ​សាខា​ធំ​ជាង​គេ​ ម៉ាស៊ីន​អេធីអឹម​ ទ្រព្យ​សកម្ម​សរុប​ សម្ពៀត​ឥណទាន​ ចំនួន​អតិថិជន​ឥណទាន​ និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ច្រើន​ជាង​គេ។​

លោក​ អ៊ុំ សំអឿន​ បាន​មាន​ប្រសាសន៍​ថា៖​ «ប្រាសាក់​តែង​តែ​មាន​សេចក្តី​រីក​រាយ​ក្នុ​ង​ការ​ទទួល​ស្វាគមន៍​ដល់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នានា​ ដែល​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ និង​ចែក​រំលែក​បទ​ពិសោធន៍ពី​ការ​ធ្វើ​ប្រតិបត្តិ​ការ​ក្នុងវិស័យ​ធនាគារ។​ តាង​នាម​ឲ្យ​ថ្នាក់​គ្រប់​គ្រង​ប្រាសាក់​ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​គណៈប្រតិភូ​មក​ពី​ City Savings Bank ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅប្រាសាក់​  ថ្ងៃ​នេះ។​ ជំនួប​ប្រជុំ​នេះ​ នឹង​ជួយ​បង្កើន​ទំនាក់​ទំនង​ល្អ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​ពីរ​ផង​ដែរ។  ដោយ​សារ​ប្រទេស​យើង​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​សហគមន៍​អាស៊ាន​តែ​មួយ​ ដូច​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដែល​យើង​ត្រូវ​រៀន​ពីគ្នា​ទៅ​វិញ​ទៅ​មក»។​

ក្រោយ​ពី​បញ្ចប់​ការចែក​រំលែក​បទ​ពិសោធន៍​​នៅ​ប្រាសាក់​ទី​ស្នាក់​ការ​កណ្តាល​ហើយ​នោះ​ ថ្នាក់​គ្រប់​គ្រង​មក​ពី​ City Savings Bank និង​ ប្រាសាក់​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សាខា​របស់​ប្រាសាក់​ ដែល​ស្ថិត​នៅ​ក្នុង​​ខេត្ត​កណ្តាល​ ដើម្បី​រៀនសូត្រ​បន្ថែម​ពី​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ និង​សែ្វង​យល់​ពី​នីតិវិធី​នានា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់។

លោក​ Catalino Santiago Abacan បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រាសាក់​ ដែល​បាន​ធ្វើ​ការ​ស្វាគមន៍​យ៉ាង​កក់  ក្តៅ​ និង​ជូន​ពរ​ឲ្យ​ប្រាសាក់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​លើ​ការ​ធ្វើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ផង​ដែរ។