ប្រាសាក់​ ឧបត្ថម្ភ​កម្មវិធី​ប្រកាស​ជ័យ​លាភី​ពាន​រង្វាន់​អក្សរ​សិល្ប៍​សន្តិភាព​ លើក​ទី​៤​

ភ្នំពេញ​៖​ ប្រាសាក់​ ដែល​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ហើយ​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គាំទ្រ​រាល់​សកម្មភាព​សង្គម​នានា​ មាន​មោទនភាព​ក្រៃលែង​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​វិស័យ​តែង​និពន្ធ​ និង​អំណាន​ តាម​រយៈ​ការ​ឧបត្ថម្ភ​កម្មវិធី​ប្រកាស​ជ័យ​លាភី​ពាន​រង្វាន់​អក្សរ​សិល្ប៍​សន្តិភាព​ លើក​ទី​៤​ ផ្នែក​កំណាព្យ​ និង​រឿង​ខ្លី​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍​ ទី​ 27​ ខែ​មករា​ ឆ្នាំ​ 2018​ នៅ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ រាជធានី​ភ្នំពេញ។​

កម្មវិធី​ប្រកាស​ជ័យ​លាភី​នេះ រៀប​ចំ​ឡើង​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស​ សហការ​ជា​មួយ​នឹង​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ នៅ​ក្នុង​កម្មវិធី​នេះ​ ក្រៅ​ពី​ការ​ប្រកាស​អ្នក​និពន្ធ​ដែល​ជាប់​ជ័យ​លាភី​ ក៏​មាន​កិច្ច​ពិភាក្សា​តុ​មូល​ស្តី​អំពី​ ចលនា​សន្តិភាព​និយម​ក្នុង​រឿង​ខ្លី​ និង​សកលភាព​នៃ​កំណាព្យ​ខ្មែរ​បច្ចុប្បន្ន​ រួម​ទាំង​ការ​ចែក​រំលែក​បទ​ពិសោធន៍​តែង​និពន្ធ​ពី​សំណាក់​កវី​ និង​អ្នក​និពន្ធ​ខ្មែរ​ល្បីៗ​ផង​ដែរ។​

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «យើង​មាន​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ​ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​វិស័យ​តែង​និពន្ធ​ និង​អំណាន​នៅ​កម្ពុជា។​ កន្លង​មក​ ប្រាសាក់​ បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ជំរុញ​វិស័យ​អំណាន​ ការ​អប់រំ​ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ តាម​រយៈ​ការ​កសាង​អគារ​បណ្ណាល័យ​​​ចំនួន​ ២៥​ ខ្នង​ នៅ​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា។​ ចំណែក​ការ​ឧបត្ថម្ភ​របស់​យើង​ក្នុង​កម្មវិធី​នៅ​ថ្ងៃ​នេះ​ រឹង​រឹត​តែ​បង្ហាញ​ពី​សុឆន្ទៈ​យើង​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​សារ​ប្រយោជន៍​នេះ»។

លោក​ ព្រឿង ប្រណីត​ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ ប្រាសាក់​ ដែល​បាន​ ឧបត្ថម្ភ​កម្មវិធី​នេះ​ ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វិភាគ​ទាន​ដ៏​ថ្លៃថ្លា​នេះ​ ជា​ការ​រួម​ចំណែក​ជ្រោមជ្រែង​និង​ទ្រទ្រង់​អក្សរសាស្ត្រ​ អក្សរ​សិល្ប៍​ជាតិ​ឲ្យ​មាន​វឌ្ឍនភាព។​

អំពី​ប្រាសាក់​
ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​និង​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា​ ដែល​ក្នុង​នោះ​រួម​មាន​ សេវា​ឥណទាន​ ប្រាក់​បញ្ញើសន្សំ​ ទូទាត់​វិក្កយបត្រទឹក​-ភ្លើង​ ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ បើក​ប្រាក់​បៀវត្ស​ សេវា​ទូទាត់​រហ័ស​ អេធីអឹម​ សេវា​ធនាគារចល័ត​ ម៉ាស៊ីន​ឆូតកាត​ និង​សេវា​ផ្សេងៗ  ជា​មួយ​នឹង​បណ្តាញ​ការិយាល័យ​ចំនួន​ 176​ ទីតាំង​ និង​ បាន​បំពាក់​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 128​ គ្រឿង​ នៅ​ទូទាំង​ប្រទេស។

ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវា​ហិរញ្ញវត្ថុ​ ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ សាង​សង់​អគារ​បណ្ណាល័យ​ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប​ ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​​ ចូលរួម​បរិច្ចាគ​ឈាម​ និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​។ល។