ប្រាសាក់ចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា

ថ្ងៃទី 07 ខែមីនា ឆ្នាំ 2017៖ អនុលោមតាមគោលនយោបាយទំនួលខុសត្រូវសង្គម និង​គុណ​តម្លៃ​របស់​ស្ថាប័នក្នុ​ង​ការផ្ដល់ឥទ្ធិពល​ជាវិជ្ជ​មាន​ដល់​សង្គម​កម្ពុជា ប្រាសាក់​ ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​គេនៅ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​មោទនភាពក្នុង​ការចូលរួម​ឧបត្ថម្ភ​ការប្រារព្ធខួ​បអនុស្សាវរីយ៍​លើកទី​ 106 នៃទិវា​សិទ្ធិនារី​អន្តរជាតិ 8 មីនា​​ ក្រោម​ប្រធានបទ​​ «​ស្ត្រីដើម្បីសុខ​សន្តិ​ភាព​ និង​វឌ្ឍនភាព​»​ ដែល​ប្រព្រឹត្តទៅ​នៅ​ឃុំគោកចក ខេត្ត​សៀម​រាប​។

គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធីនេះ គឺដើម្បី​រំឭកពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ និង​សម្តែង​នូវ​ការ​គោរព កោតសរសើរ និង​ក្តីស្រលាញ់​ដល់​ស្រ្តី​ ​ដែល​បាន​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ និងគ្រួសារ​។

លោក​​ សាយ សូនី​ នាយកប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​ បាន​មាន​ប្រសាសន៍​ថា​៖ ប្រាសាក់​ ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ឯកជន​មួយ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​។ យើង​មានជំនឿ​យ៉ាង​មុតមាំ​ថា​ ស្រ្តី​​ពិត​ជា​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការសម្រេច​គោលដៅ​មួយនេះ។ ជាក់​ស្តែង​ 85% នៃអតិថិជន​កម្ចីរបស់ប្រាសាក់ដែលមានប្រភពមកពី​​អាជីវក​ម្ម​ខ្នាត​តូច​​ និងពី​គ្រួសារដែលមាន​ប្រាក់​ចំណូលទាប​ និងមធ្យម​ ​ គឺជាស្រ្តីភេទ។ ​ដូចនេះ យើង​ប្រាក​ដណាស់​ថា ​ការជួយស្រី្ត​ក្នុងការ​សម្រេច​ក្តី​សុបិន​របស់គាត់​ទាំងផ្នែក​ហិរញ្ញវត្ថុ​ និងផ្នែក​ស្មារតី​ មានន័យថា​ យើង​កំពុង​តែបាន​ជួយ​សង្គម​ទាំងមូល​។»​

លោក ស៊ូ វណ្ណថន នាយកប្រតិបត្តិ​គ្រប់គ្រង​ធនធាន​មនុស្ស​ បាន​មាន​ប្រសាសន៍​ថា​ «កម្លាំងដែល​មិន​អាច​ខ្វះ​បាន​​នៃ​​បុគ្គលិក​ប្រកប​ដោយ​ថាម​ពល​ និង​ការ​ចូល​រួមយ៉ាង​សកម្ម​របស់​ប្រាសាក់​ គឺ​ជាស្រ្តី​ ដែលស្មើនឹង ​25% ​នៃ​បុគ្គលិក​សរុប​។ ពួកគេ​​បាន​ចូល​រួម​ធ្វើឲ្យ ប្រាសាក់​មាន​លទ្ធផល​ល្អ​ប្រសើរ។ បុគ្គលិកជាស្ត្រី​បាន​ពាំ​នាំ​មក​ជាមួយ​នូវ​ទេពកោសល្យ ភាពច្នៃប្រឌិត​ និងដំណោះ​ស្រាយ​ល្អ​ៗ​មក​ឲ្យ​ប្រាសាក់។ ​យើង​មាន​មោទ​ភាព​ក្រៃ​លែង​ក្នុង​ការ​បង្កើត​​​កន្លែង​ធ្វើ​ការ​ប្រកប​ដោយ​ភាព​រីក​រាយ​ ដែល​បុគ្គលិកស្រ្តី​អាច​​អភិវឌ្ឍ​សក្តា​នុពល​របស់​ពួក​គាត់​បាន​យ៉ាង​ពេញ​លេញ។ ​សព្វ​ថ្ងៃ​ យើង​មាន​ស្រ្តី​ច្រើនឡើងៗ ក្នុង​ជួរ​ថ្នាក់​គ្រប់គ្រង​នៅ​ក្នុង​ស្ថាប័នយើង»។​

អ្នក​ស្រី ឈន សុគន្ធា​ ​​នាយិកានាយកដ្ឋាន​​​បណ្តុះ​បណ្តាល​និងអភិ​វឌ្ឍន៍​បុគ្គលិក​ ដែល​បាន​​បម្រើការងារឲ្យ​ប្រាសាក់​រយៈពេល​ជាង​10​ឆ្នាំកន្លង​មក​ហើយ​នោះ​ បាន​​សម្តែង​​សេចក្តី​រីក​រាយ​​នា​ឱកាស​នេះ​ថា៖ «​នាងខ្ញុំពិ​តជា​មាន​សេចក្តី​សប្បាយ​រីករាយ​ និង​មោទនភាព​យ៉ាង​ខ្លាំង និងសូមនិយាយថាស្ត្រី​ក៏អាច​ធ្វើកិច្ចការ​​ធំ​ បន្តដំណើរបានវែង​ឆ្ងាយ និង​សម្រេច​រឿង​ធំៗ​ក្នុង​ជីវិត និង​ ​ការងារ​ដូច​បុរស​​ដែរ។ អ្វី​ដែល​បុរស​ធ្វើ​បាន​ យើង​ជាស្រ្តី​ក៏​អាច​ធ្វើ​បាន​ដែរ​ នៅ​ពេលណា​ដែល​យើង​មានការ​ប្តេជ្ញាចិត្ត​ និង​មាន​សមត្ថ​ភាព​។ ដូច​នេះ ខ្ញុំ​សូម​សំ​ណូម​ពរ​ដល់​ស្រ្តី​ទាំង​អស់​ និង​ជាពិសេស​បុគ្គលិកជាស្រ្តី​របស់​ប្រាសាក់​ទាំងអស់​ សូម​ពង្រឹង​ចំណេះ​ដឹង​ និង​សមត្ថ​ភាព​របស់​ខ្លួន​តាម​រយៈ​វគ្គ​បណ្តុះ​បណ្ដាល​ផ្សេងៗ​។ មាន​តែការសិក្សា  ​ទេ​ ដែល​អាច​លើ​កតម្កើង​ស្រី្ត​យើង​បាន»។

អ្នកស្រី សុគន្ធា បានបន្ថែមទៀតថា៖ នាង​ខ្ញុំ​សូម​ឆ្លៀត​ឱកាសនេះ ជូនពរ​ចំពោះ​នារី​គ្រប់រូប​សូម​ជួប​ប្រទះ​តែ​សំណាង​ល្អ និងជោគជ័យ​ក្នុង​ជីវិតនិង​ការងារ»។