ប្រាសាក់​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួល​លទ្ធផល​ជោគជ័យ​ បាន​ចែក​រំលែក​យុទ្ធសាស្ត្រ​រីកចម្រើន​ជា​មួយ​ Asialink Finance Corporation

ភ្នំពេញ​៖ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នាំ​មុខ​គេ​នៅ​ប្រទេស​ហ្វីលីពីន​គឺ​ Asialink Finance Corporation​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ កាល​ពី​ថ្ងៃ​ទី​ 21​ ខែ​សីហា​ ឆ្នាំ​ 2017​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្ដល់​កម្ចី​ និង​វិធី​សាស្ត្រ​ដើម្បី​ក្លាយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នាំ​មុខ​គេ​នៅ​លើ​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

នៅ​ក្នុង​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​ប្រាសាក់​ដែល​ដឹក​នាំ​ដោយ​លោក​ ស៊ីម សេនាជាតិ​ ប្រធាន​នាយក​ប្រតិបត្តិ​ បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ថ្នាក់​គ្រប់គ្រង​របស់​ Asialink Finance Corporation  ហើយ​លោក​បាន​ចែក​រំលែក​ទិដ្ឋភាព​ទូទៅ​ លើ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ ការ​គ្រប់​គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ យុទ្ធសាស្ត្រ​ដើម្បី​ក្លាយ​ជា​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​ វិធីសាស្ត្រ​ជា​គន្លឹះ​ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​ការ​អភិវឌ្ឍ​ផលិតផល​ជា​ដើម​ ។ល។

លោក​ ស៊ី​ម​ សេនាជាតិ​ បាន​ថ្លែង​ថា៖​ «យើង​មាន​សេចក្តី​រីក​រាយ​ក្នុង​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អៗ​ ​ដែល​យើង​បាន​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ ហើយ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ Asialink Finance Corporation ដែល​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ការិយា​ល័យ​កណ្តាល​របស់​ប្រាសាក់​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ប្រតិ​បត្តិ​ការ​​ និង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​»។​

ដំណើរ​ទស្សនកិច្ច​មួយ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​ ដែល​មាន​សកម្មភាព​ពីរ​សំខាន់ៗ​ រួម​មាន​ ពេល​ព្រឹក​មាន​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ និង​ពេល​រសៀល​បាន​ធ្វើ​ដំណើរ​ចុះ​ទស្សនកិច្ច​ទៅ​កាន់​ការិយាល័យ​ប្រាសាក់​សាខា​ចោម​ចៅ។​

លោក​ Robert Jordan​ ប្រធាន​នាយកប្រតិបត្តិ​របស់​ Asialink បាន​កោត​សរសើរ​ប្រាសាក់​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ក្លាយ​ទៅ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេនៅ​កម្ពុជា។​ បន្ទាប់​មក​ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​គ្រប់គ្រង​របស់​ប្រាសាក់​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គណៈប្រតិភូ​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ហើយ​លោក​ក៏​មាន​បំណង​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​ជា​មួយ​ប្រាសាក់​ផង​ដែរ។​


អំពី​ ប្រាសាក់

ប្រាសាក់​ ដែល​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​ជួយ​​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​ផ្តល់​ សេវា​ឥណទាន​ និង​សេវា​ប្រាក់​បញ្ញើ​សន្សំ​ សេវា​អេធីអឹម​ សេវា​ធនាគារ​ចល័ត​ សេវា​ផ្ទេរ​ប្រាក់​ សេវា​បង់​វិក្កយបត្រ​ទឹក​ និង​ភ្លើង​ សេវា​បង់​វិក្កយបត្រ​ សេវា​ទូទាត់​រហ័ស​ សេវា​ម៉ាស៊ីន​ឆូត​កាត​ សេវា​ទិញ​កាត​ទូរស័ព្ទ​ សេវា​ប្តូរ​ប្រាក់​ សេវា​បើក​ប្រាក់​បៀរវត្ស។​ ប្រាសាក់​មាន​ការិយាល័យ​ចំនួន​ 177 គ្រប​ដណ្តប់​ទូទាំង​ប្រទេស។​

គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​ 2017​ ប្រាសាក់​បាន​ផ្តល់​ប្រាក់​កម្ចី​ច្រើន​ជាង​ 1,247​ លាន​ដុល្លារ​អាមេរិក​ ដល់​អតិ​ថិជន​ច្រើន​ជាង​ 375 ​ពាន់​នាក់​ ប្រាក់​បញ្ញើ​សន្សំ​បាន​ 784 លាន​ដុល្លារ​អាមេរិក​ ជា​មួយ​អតិថិជន​បញ្ញើ​សន្សំ​ច្រើន​ជាង​ 550​ ពាន់​នាក់​ និង​ដំឡើង​បាន​ទូ​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 123​ នៅ​ទូទាំង​ប្រទេស។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វេបសាយត័៖​​ www.prasac.com.kh

អំពី​ Asialink Finance Corporation

បង្កើត​ឡើង​នៅ​ខែ​មិថុនា​ ឆ្នាំ​ 1997​ Asialink Finance Corporation ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ឈាន​មុខ​គេ​ និង​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដែល​បាន​ផ្តល់​នូវ​ផលិតផល​ឥណទាន​ជា​ច្រើន​ប្រភេទ​សម្រាប់​អាជីវកម្ម​ និង​ឯកត្តជន។​ ដោយ​មាន​ការ​រីក​ចម្រើន​ផ្នែក​ផលិត​ផល​ និង​សេវាកម្ម​ Asialink បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន​ 93​ ទីតាំង។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់វេបសាយត័៖​ www.asialinkfinance.com.ph