ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺ ធនាគារ KB Kookmin Bank ជាថ្មីម្ដងទៀត បានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋរបស់ប្រាសាក់ និងទទួលបានឈ្មោះជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេ ជាប់ចំណាត់ថ្នាក់លេខ 2 និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាស ក្នុងឆ្នាំ 2021 ពីអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក-លោកស្រីនាយកគ្រឹះស្ថាន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាស ក្នុងឆ្នាំ 2021 ។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិនិងសង្គមជាតិកម្ពុជា»។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានទទួលលិខិតដ៏មានតម្លៃយ៉ាងឧត្តុង្គឧត្តមពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។ នេះគឺជាឆ្នាំទីពីរហើយដែលប្រាសាក់បានទទួលលិខិតសរសើរ។ ការណ៍នេះដែរគឺបានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ប្រាសាក់ក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ»។