ប្រាសាក់​ផ្តល់​តម្លៃ​វប្បធម៌​នៃ​ការ​អាន​តាម​រយៈ​ការ​ចូលរួម​ឧបត្ថម្ភ​ទិវា​អំណានជាតិ​

ភ្នំពេញ ថ្ងៃ​ទី 11 ខែ​មីនា ឆ្នាំ​ 2017៖ ប្រាសាក់​ ដែល​ជា​ស្ថាប័នហិរញ្ញ​វត្ថុ​​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ជាថ្មី​ម្តង​ទៀត​បាន​ចូល​រួម​ឧ​បត្ថម្ភ​​ការ​ប្រារព្ធ​​ទិវា​អំណា​ន​ជាតិ​​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី 11 ខែ​មី​នា​ ឆ្នាំ​ 2017 នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​ 1,000 ​នាក់​។

ទិវា​អំ​ណាន​ជាតិ​ឆ្នាំនេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់​រំ យុវជន​ និង​ កីឡា​ និងមាន​ការសហការ​យ៉ាងជិត​ស្និទ្ធ​ជា​មួយនឹង​ក្រសួង​ព័ត៌មាន​ និងក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ក្រោម​ជំ​នួយ​ឧ​បត្ថម្ភ​ពី​​ដៃគូ​អភិវឌ្ឍ​ន៍​ជាច្រើន​​ ក្រោមប្រធាន​បទ «អានដើម្បីភាព​សុខុដុមនៃ​ជីវិត»។

លោក​ សាយ​ សូនី​ ​នាយ​កប្រតិ​បត្តិ​គ្រប់​គ្រងទីផ្សារនៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់​​ បាន​មាន​ប្រសាសន៍​ថា​៖ «​ការអាន​ជា​កត្តាមួយយ៉ាង​​សំខាន់​សម្រាប់​ការ​សិក្សាអប់​រំ​ និង​ការអភិវឌ្ឍ​បុគ្គលម្នាក់​ៗ។ ​ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​នេះ ជាការ​អំពាវ​នាវ​ដល់​ប្រជាជនកម្ពុជា​ទូទាំង​ប្រទេស​ឲ្យ​ចាប់យកទម្លាប់និងបង្កើត​ក្តី​ស្រលាញ់ក្នុង​ការអាន ព្រោះ​ការ​អានជា​កម្លាំង​នៃ​អក្ខរកម្ម ដែលជា​មូល​ដ្ឋាន​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​ បង្កើត​សមភាព​យេន​ឌ័រ ​និងបង្កើត​សង្គមមួយ​ដែល​​មានការួបរួម​បញ្ចូល​គ្នា​ពី​មនុស្ស​គ្រប់​ស្រទាប់ និង​ប្រកប​ដោយ​និរន្តរភាព។ ការ​អានជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ ទាំង​ជីវិតផ្ទាល់​ខ្លួន និងជីវិតការងារ»​។

លោក​បាន​បន្ថែម​ថា​៖ «​ដោយ​មើ​លឃើញ​ពី​អត្ថ​ប្រយោ​ជន៍​នៃ​ការ​អាន​ ប្រាសាក់​បាន​ចូល​​រួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​លើក​កម្ពស់​​ការ​អានដល់​ប្រជា​ជនកម្ពុជា​។ សព្វថ្ងៃ​ យើង​បាន​សាង​សង់​អគារ​បណ្ណាល័យ​ចំនួន​១៩ គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​ការ​​បំពាក់​ដោយ​សម្ភារ​សិក្សា​ និង​សៀវ​ភៅ​ផ្សេងៗ​ ដើម្បី​​លើក​ជំរុញសិស្សា​នុសិស្ស​ស្រលាញ់​ការ​អាន​។ នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ប្រាសាក់​​ក្នុង​​ការផ្តល់​ឥ​ទ្ធិ​ពល​ជា​វិជ្ជ​មាន​ដល់​សង្គម​របស់​យើង»។

គម្រោង​បណ្ណាល័យ​ប្រាសាក់​គ្របដណ្តប់ 8 ខេត្ត​ រួមមាន​ ​កំពង់​ស្ពឺ ​កំពង់​ចាម​ ​ព្រៃ​វែង​ កំពង់​ធំ​ សៀម​រាប​ តាកែវ​ ព្រះ​វិហារ​ និង​បាត់​ដំបង​ ដែល​មាន​សិស្សានុសិស្ស​ចំនួន​ 12,659 នាក់ គ្រូចំនួន​ 663 នាក់​ និង​គ្រួសារ​ចំនួន 58,421 បានទទួលប្រយោជន៍ដោយផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ។

សូមបញ្ជាក់ថា ប្រាសាក់គឺជាគ្រឹះស្ថានឯកជន មិនមែនជាគ្រឹះស្ថានរដ្ឋនោះទេ។