ប្រាសាក់​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​​របស់វិទ្យាស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​អភិវឌ្ឍន៍កិច្ច​សហ​ប្រតិ​បត្តិ​ការ​ នៃប្រទេសណេប៉ាល់

ភ្នំពេញ ​ថ្ងៃ​ទី​ 24 ខែ​មីនា ឆ្នាំ​ 2017 ៖ គណៈ​ប្រតិ​ភូមួយក្រុម​មក​ពី​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិ​បត្តិ​ការ និងសមាជិកនៅ​ប្រទេស​ណេប៉ាល់ បាន​ធ្វើ​ទស្ស​នកិច្ច​នៅ ​ប្រាសាក់ ដែល​ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុឈាន​មុខ​គេ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​មតិយោបល់​​ និងបទពិសោធន៍​ទាក់ទងនឹង​ប្រតិបត្តិការ​ និង​សេវា​ហិរញ្ញ​វត្ថុ​នៃប្រទេស​ទាំង​ពីរ។

ដំណើរ​ទស្សន​កិច្ច​នេះ​ដឹកនាំដោយ​លោក​ Shankar Man Shrestha ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនៃ​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​ណេប៉ាល់ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​គណៈគ្រប់​គ្រង​របស់​ប្រាសាក់​ រួម​មាន​ លោក​ រី​ វណ្ណា​ នាយក​នាយក​ដ្ឋាន​ឥណទាន។

លោក រី វណ្ណា​ បានមាន​ប្រសាសន៍​ថា៖ «យើង​មាន​សេចក្តី​រី​ករាយ និង​សូម​អរគុណ​ដល់​​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិ​បត្តិ​ការណេប៉ាល់ ដែល​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ការិយាល័យ​កណ្តាល​របស់​យើង ដែលវា​ជាការ​ផ្តល់​ឱកាស​ឲ្យយើង​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រៀន​សូត្រពីគ្នា​ទៅ​វិញ​ទៅ​មក ស្ដីពី​ប្រតិបត្តិ​ការ និង​ការ​រៀប​ចំយុទ្ធសាស្ត្រ​ក្នុង​វិស័យ​មីក្រូហិរញ្ញ​វត្ថុ។ ក្នុងនាម​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា ប្រាសាក់​តែ​ងតែ​​ស្វា​គមន៍​ជានិច្ច​​ចំពោះ​​កម្ម​វិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​បែប​នេះ ដែល​​វា​ជាការ​ត្រួស​ត្រាយ​ផ្លូវ​មួយ​សម្រាប់​ឲ្យ​យើង​មាន​ការ​សហការ​​គ្នា​នៅ​ថ្ងៃអនា​គត»។