ខ្លី​តែ​ខ្លឹម​ជា​មួយ​គណនី​បញ្ញើ​មាន​កាល​កំណត់​នៅ​ប្រាសាក់​

ភ្នំពេញ​ថ្ងៃ​ទី​ 01 ខែ​ កញ្ញា​ ឆ្នាំ​ 2017៖​ ស្រប​តាម​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ ប្រាសាក់​បាន​​បន្ថែម​រយៈពេល​សន្សំ​ ដើម្បី​​បំពេញ​តម្រូវ​ការ​អតិ​ថិជន​ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង​ ដែល​មាន​បំណង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ពី​លំហូរ​ទឹក​ប្រាក់​ដែល​នៅ​សល់​ និង​ត្រូវ​ការទុន​បង្វិល​ក្នុង​រយៈ​ពេល​ខ្លី ​ដើម្បី​ទ្រទ្រង់​ដល់​អាជីវកម្ម​របស់​ខ្លួន។

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​ បាន​មាន​ប្រសាសន៍​ថា៖​ «​ឥឡូវ​នេះ​ អតិថិជន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​រយៈ​ពេល​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ ចាប់​ពី​មួយ​ខែ​ឡើង​ទៅ​ សមស្រប​តាម​គោលដៅ​ និង​លំហូរ​ទឹក​ប្រាក់​​របស់​ពួក​គាត់​ ដោយ​សារ​យើង​បាន​បន្ថែម​រយៈ​ពេល​ដាក់​ប្រាក់​បញ្ញើ​ 2 ខែ​ 4 ខែ​ និង​ខែ​ 5​ ពី​លើ​រយៈ​ពេល​នៃ​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ដែល​មាន​ស្រាប់។​ ការ​កែប្រែ​អត្រា​ការ​ប្រាក់​នេះ​ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី​ 01 ខែ​ កញ្ញា​ ឆ្នាំ​ 2017​ នេះ​ត​ទៅ។​ បច្ចុប្បន្ន ប្រាសាក់​កំពុង​ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ​ច្រើន​បែប​ជូន​ដល់​អតិថិជន​ដើម្បី​ឲ្យ​ពួក​គាត់​អាច​គ្រប់គ្រង​សាច់​ប្រាក់​តាម​តម្រូវ​ការ។ ដូច​នេះ​ អតិថិជន​ម្នាក់​អាច​រីករាយ​ជា​មួយ​នឹង​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ពី​ 1 ខែ​ដល់​ 36 ខែ ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់។

គណនី​បញ្ញើ​មាន​កាល​កំណត់​មាន​ពីរ​ប្រភេទ​រួម​មាន៖​ គណនី​បញ្ញើ​មាន​កាល​កំណត់​ចម្រើន​​ការ​ប្រាក់​ប្រចាំ​ខែ​ និង​គណនី​​បញ្ញើ​​មាន​កាល​​កំណត់​​ចម្រើន​​​ការ​​ប្រាក់​​ចុង​គ្រា។​ គណនី​បញ្ញើ​មាន​កាល​កំណត់​ចម្រើន​​ការ​ប្រាក់​ប្រចាំ​ខែ​ផ្តល់​ជូន​ចំណូល​ការ​ប្រាក់​ប្រចាំ​ខែ​ជូន​អតិថិជន ខណៈ​ដែល​គណនី​​បញ្ញើ​​មាន​កាល​​កំណត់​​ចម្រើន​​​ការ​​ប្រាក់​​ចុង​គ្រា​​​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ចំពោះ​អតិ​ថិជន​ដែល​មាន​បំណង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ ហើយ​ប្រាក់​ដើម​ និង​អត្រា​ការ​ប្រាក់​ នឹង​ត្រូវ​ទូទាត់​នៅ​ចុង​គ្រា។​ អតិថិជន​អាច​រីករាយ​ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ក្នុង​ទីផ្សារ​ ដោយ​ទទួល​បាន​រហូត​ដល់​ 7.75% ក្នុង​មួយ​ឆ្នាំ។​

លើស​ពី​ការ​បើក​គណនី​បញ្ញើ​មាន​កាល​កំណត់​នេះ​ អតិថិជន​នឹង​ទទួល​បាន​ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ និង​កាត​អេធីអឹម​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​ ផ្ទេរ​ប្រាក់​ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ (Cash-by-Code) ទូទាត់​វិក្កយបត្រ​ទឹក​និង​ភ្លើង​ ទូទាត់​វិក្កយបត្រ​ទំនិញ​និង​សេវា​ ទិញ​កាត​ទូរស័ព្ទ​ និង​សេវា​ជា​ច្រើន​ទៀត​ដោយ​ឥត​គិត​ថ្លៃ។​

ប្រាសាក់​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​បាន​ចូលរួម​បង្កើន​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​សេវា​ប្រាក់​កម្ចី ប្រាក់​បញ្ញើ​សន្សំ អេធីអឹម សេវា​ធនាគារ​ចល័ត ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា សេវា​ទូទាត់​រហ័ស ម៉ាស៊ីន​ឆូត​កាត ទិញ​កាត​ទូរស័ព្ទ ប្តូរ​ប្រាក់ និង​សេវា​បើក​ប្រាក់​បៀវត្ស។

នៅ​ត្រឹម​ថ្ងៃ​ទី​ 30 ​ខែ​មិថុនា​ ឆ្នាំ​ 2017 នេះ​ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុប​ 1,516​ លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ 1,247 ​លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 784 ​លាន​ដុល្លារ​អាមេរិក​ បណ្តាញ​ការិយាល័យ​ 176 ​ទីតាំង​ មាន​ម៉ាស៊ីន​អេធីអឹម​ 123​ និង​បុគ្គលិក​ជិត​ 7,000 ​នាក់។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​សាខា​ប្រាសាក់​ ឬ​ ទូរស័ព្ទ​មក​លេខ​ 023 999 911 ឬ 086 999 911 ឬ​ ចូល​​ទៅ​កាន់​គេហទំព័រ​ www.prasac.com.kh