លក្ខខណ្ឌប្រើប្រាស់​

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​អនុ​វត្ត​ចំពោះ​ប្រតិបត្តិ​ការ​លើសេវាកម្ម​ធនាគារ​អេឡិចត្រូនិកទាំង​អស់ រួម​មាន ការ​ប្រើ​ប្រាស់​ប័ណ្ណអេធីអឹម និង​សេវា​ធនាគារ​ចល័ត ជា​ដើម​។

 1. លក្ខខណ្ឌ​ទូ​ទៅ៖
  1. ​លក្ខខណ្ឌ​ទាំង​នេះ គឺជា​កិច្ច​ព្រម​ព្រៀង​រវាង​អតិថិជន​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ប្រាសាក់​ទាក់ ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ។
  2. ​អតិថិជន​ត្រូវ​អាន​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​បញ្ជា​ក់​ឡើង​វិញ​ប្រសិន​បើ​ចាំបាច់​មុន​ធ្វើ​ប្រតិបត្តិ​ការ ។
 2. ឯកសារ​តម្រូវ និង​ការ​ផ្តល់​ព័ត៌មាន៖
  1. ​នៅ​ពេល​អតិថិជន​ស្នើសុំ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ អតិថិជន​ត្រូវ​ផ្តល់​ព័ត៌មាន​ចាំបាច់​ដល់ ប្រាសាក់ ដោយ​ត្រូវ​បំ​ពេញ​ពាក្យ​ស្នើសុំ និង​ចុះ​ហត្ថ​លេខា ។ អតិថិជន បាន​អះអាង​ថា​ខ្លួន​យល់​ព្រម​អនុ​វត្ត​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​ប្រាសាក់ និង​ទទួល​ខុស​ត្រូវ​នូវ​រាល់​ព័ត៌មាន​ដែល​បាន​បំ​ពេញ និង​គោរព​តាម​រាល់​វិធាន ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ស្តីពី​ការ​ប្រើ​ប្រាស់​សេវា​កម្ម​នេះ ។
  2. ​អតិថិជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម បាន​ទទួល​ស្គាល់ និង​ព្រម​ព្រៀង​តាម​ការ​ស្នើសុំ របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ប្រាសាក់​នឹង​ផ្ទេរ​ព័ត៌មាន​ដោយ​យោង តាម​ដីកា​បញ្ជា​របស់​​តុលា​ការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ (មិន​ថា​ក្នុង ឬ ក្រៅ​ប្រទេស​កម្ពុជា) ។
 3. ទំហំ​កំណត់​នៃ​ប្រតិបត្តិ​ការ និង កម្រៃ​សេវា៖
  1. ​ទំហំ​កំណត់​នៃ​ការ​ធ្វើ​ប្រតិបត្តិ​ការ​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ គឺ​ត្រូវ​បាន​កំណត់​ទៅ​តាម​ប្រភេទ​ប័ណ្ណនី​មួយៗ ឬ​សេវា​ធនាគារ​ចល័ត​របស់​ប្រាសាក់ ទៅ​តាម​ទំហំ​មួយ​ដែល​បាន​កំណត់​ដោយ​ប្រាសាក់​ដូច​បាន​បង្ហាញ​ជូន​ទៅ​តាម​សាខា​ប្រាសាក់ ឬ​វេបសាយត៍ប្រា-សាក់ ។
  2. ​នៅ​ពេល​អតិថិជន​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​មួយ​ចំនួន​បាន ប្រាសាក់​អាច​តម្រូវ ឲ្យ​បង់​ថ្លៃ​សេវា​ផ្សេងៗ ។ អតិថិជន​យល់​ព្រម​បង់​ថ្លៃ​សេវា​ផ្សេងៗ ហើយ​យល់​ព្រម​ឲ្យ​ប្រាសាក់​ទូទាត់​ថ្លៃ​សេវា​ដោយ​ផ្ទាល់​ពី​គណនី​ផ្គត់ផ្គង់​សាច់​ប្រាក់​របស់​អតិថិជន ។
  3. ​រាល់​ប្រតិបត្តិ​ការ​ទាំង​ឡាយណា​ដែល​ច្បាប់​ហាមឃាត់​នឹង​មិន​ត្រូវ​បាន​​អនុញ្ញា​ត​ឲ្យ​ប្រើ​ប្រាស់​ជា​មួយ​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម​ឡើយ ហើយ​វា​ជាការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អតិថិជន​លើ​ប្រតិបត្តិ​ការ​ទាំង​នោះ ។
  4. ​អតិថិជន​អាច​ប្រើ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ បាន​នៅ​ពេល​ដែល​គណនី​របស់​អតិថិជន​មាន​សមតុល្យ គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​នោះ ។
  5. ​តម្លៃ​សេវា​កម្មពាក់​ព័ន្ធ​នឹង​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ ត្រូវ​បាន​ដាក់​បង្ហាញ​លើវេបសាយត៍ និង​នៅ​គ្រប់​សាខា​ប្រាសាក់ ។
  6. ​ប្រាសាក់​មាន​សិទ្ធិ​ធ្វើ​ការ​កែប្រែ​កម្រៃ​សេវា ឬ​ទំហំ​ប្រតិបត្តិ​ការ ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជា​មុន​ឡើយ។
 4. សុវត្ថិភាព​នៃ​លេខ​កូដ​សម្ងាត់ ប័ណ្ណអេធីអឹម និង​អត្ត​លេខ​អ្នក​ប្រើ​ប្រាស់​សេវា៖
  1. ​អតិថិជន​ត្រូវ​តែ​រក្សា​លេខ​កូដ​សម្ងាត់ ប័ណ្ណអេធីអឹម និង​អត្ត​លេខ​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត របស់​អតិថិជន​ឲ្យ​មាន​សុវត្ថិភាព ។ រាល់​ការ​ខូចខាត​ដែល​កើត​ចេញ​ពីការធ្វេស​ប្រហែស​ក្នុង​ការ​រក្សា​ព័ត៌មាន​សម្ងាត់​ខាង​លើ គឺ​ជាការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អតិថិជន។
  2. ​ប្រាសាក់​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​ប្តូរ​លេខ​កូដ​សម្ងាត់​របស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​របស់​អតិថិជន​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  3. ​ប្រសិន​បើអត្ត​លេខ​អ្នក​ប្រើ​ប្រាស់ និង​/​ឬ​លេខ​កូដ​សម្ងាត់​របស់​សេវា​ធនាគារ​ចល័ត ឬ​លេខ​កូដ​របស់​ប័ណ្ណអេធីអឹម ឬ​ប័ណ្ណអេធីអឹម របស់​អតិថិជន​ត្រូវ​បាន​បាត់​បង់ ឬ​ត្រូវ​បាន​គេ​លួច ឬ​រក​ឃើញ​ថា​មាន​ប្រតិបត្តិ​ការ​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញា​ត​បាន​កើត​ឡើង​លើ​គណនី អតិថិជន​ត្រូវ​តែ​ជូន​ដំណឹង​មក​ប្រាសាក់​ជាបន្ទាន់ ឬ​ទាក់​ទងមក​កាន់​សេវា​បម្រើ​អតិថិជន​តាម​រយៈ​លេខ ០២៣ / ០៨៦ ៩៩៩ ៩១១។
 5. សិទ្ធិ និង​កាតព្វកិច្ច​របស់​អតិថិជន៖
  1. ​អតិថិជន ត្រូវ​ប្រាកដ​ថាគ្រប់​ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ប្រាសាក់​នៅ​លើ​ពាក្យ​ស្នើសុំ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម​ប្រាសាក់ ពិត​ជា​ព័ត៌មាន​ពិត​ប្រាកដ ត្រឹម​ត្រូវ និង​ថ្មី​បំផុត ។
  2. ​អតិថិជន​មាន​សិទ្ធិ​ទទួល​បាន​សេវា​កម្មគ្រប់​ប្រភេទ​របស់​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម ដែល​ប្រាសាក់​បាន​ព្រម​ព្រៀង​ផ្តល់​ជូន ហើយ​អតិថិជន​មាន​សិទ្ធិ​អង្កេត​មើល​ពី​គុណភាព​សេវា​កម្ម និង​ផ្តល់​យោបល់​ដល់​ប្រាសាក់​ចំពោះ​ចំណុច​ខ្វះខាត​នៃ​សេវា​កម្ម​របស់​ប្រាសាក់ ។
  3. ​អតិថិជន​មាន​សិទ្ធិ​ទាមទារ​របាយការណ៍​សមតុល្យ​គណនី​ពី​ប្រាសាក់​នៅ​ស្នាក់​ការ​ណាមួយ ឬ បោះ​ពុម្ភ​របាយការណ៍​គណនី​លើ​ប្រតិបត្តិ​ការ​តាម​រយៈ​សេវា​ធនាគារ​ចល័ត នៅ​ក្នុង​អំឡុង​ពេល​ជាក់​លាក់​ណាមួយ ដែល​កំណត់​ដោយ​ប្រាសាក់ ហើយ​មាន​សិទ្ធិ​សាកសួរ​ក្នុង​ករណី​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​របាយការណ៍​ទាំង​នោះ ។
  4. ​អតិថិជន ត្រូវ​ធានាពីភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ដែល​បាន​ផ្តល់​មក​ប្រាសាក់ ហើយ​ត្រូវ​ជូន​ដំណឹង​មក​ប្រាសាក់​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នោះ បើ​មិន​ដូច្នេះ​ទេ​អតិថិជន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រាល់​ការខាតបង់ ឬ​ការពន្យារ​ពេល​ផ្សេងៗ​ដែល​អាច​កើត​ឡើង ។
 6. សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រាសាក់៖
  1. ​ប្រាសាក់​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់ និង​ពិនិត្យ​ប្រវត្តិរូប​របស់​អតិថិជន ហើយ​អាច​ទាមទារ​ព័ត៌មាន​ផ្ទាល់​របស់​អតិថិជន និង​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ដល់​អតិថិជន ។
  2. ​ប្រាសាក់​មាន​សិទ្ធិ​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត និង​បង្កក​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម របស់​អតិថិជន​ដោយ​យោង​លើវិធាន​នៃ​ច្បាប់ ឬ​ដីកា​ពី​តុលា​ការ ។
  3. ​នៅ​ក្នុង​ហេតុ​ការណ៍​ដែល​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​មិន​អាច​ប្រើ​ប្រាស់​បាន​ដោយ​ករណី​ប្រធាន​សក្តិ ឬ​ដោយ​ហេតុ​ផល​ជាក់​ច្បាស់​​ណាមួយ​នោះ ប្រាសាក់​ត្រូវ​ជួយ​ដល់​អតិថិជន (អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម) ក្នុង​ការរក​ដំណោះ​ស្រាយ​លើ​បញ្ហា ឬ​ផ្តល់​ជំនួយ​ការ​ចាំបាច់​​ណាមួយ​យោង​លើ​ហេតុ​ផល​ជាក់​ស្តែង ប៉ុន្តែ​ប្រាសាក់​មិន​ទទួល​ខុស​ត្រូវ​ទៅ​លើ​ហេតុ​ការណ៍​នោះ​ទាំង​ស្រុងទេ ។
  4. ​ប្រាសាក់​មាន​សិទ្ធិ​យក​កម្រៃ​សេវា និង​ថ្លៃ​សេវា​ពាក់​ព័ន្ធ​អាស្រ័យលើលក្ខខណ្ខ​នៃ​អាជីវកម្ម​ខ្លួន ។
  5. ​ប្រាសាក់​នឹង​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវា​កម្ម ២៤​ម៉ោង ហើយ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​អំពី​គណនី និង​ការ​រាយការណ៍​ពីការ​ភ្លេច​លេខ​សម្ងាត់ ឬ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន ។
  6. ​ប្រាសាក់​ត្រូវ​រក្សា​ការ​សម្ងាត់​រាល់​ព័ត៌មាន​របស់​អតិថិជន លើក​លែងតែ​តម្រូវ​ដោយ​ច្បាប់ ​តុលា​ការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
 7. ការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម៖
  1. ​អតិថិជន​យល់​ព្រម និង​ទទួល​រ៉ាប់រង​ចំពោះ​ប្រាសាក់​ថាការ​ទូទាត់​ប្រាក់​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម គឺ​មិន​មាន​ការ​រំលោភ​បំពាន​លើ​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឬ ដែន​សមត្ថកិច្ច​នៃ​ប្រទេស​​ណាមួយ​ផ្សេង​ទៀត​ឡើយ ។
 8. ផ្សេងៗ៖
  1. ​ប្រាសាក់​មាន​សិទ្ធិ​ធ្វើ​ការ​កែប្រែ​លក្ខខណ្ឌ​ទាំង​នេះ​បាន​គ្រប់​ពេល​វេលា​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ជូន​ដំណឹង​ដល់​អតិថិជន។ ក្រោយ​ចូល​ជាធរ​មាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​អនុ​វត្ត​តាម​បទ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ។
  2. ជម្លោះពាក់​ព័ន្ធ​រវាង​ប្រាសាក់ និង អតិថិជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ត្រូវ​បាន​ដោះ​ស្រាយ​​ដោយ​ការសម្រប​សម្រួល​គ្នា ។ ក្នុង​ករណី​ការ​ដោះ​ស្រាយ​​មិន​អាច​សម្រេច​បាន​ដោយ​ការសម្រប​សម្រួល​គ្នា គូ​ភាគី​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​​តុលា​ការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដើម្បី​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់។
  3. ​បញ្ហា​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ប្រការ​ទាំង​នេះ ត្រូវ​អនុលោម​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។
  4. ​លក្ខខណ្ឌ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ករណី​មាន​ចំណុច​​ណាមួយ​រវាង​អត្ថបទ​ទាំង​ពីរ​មាន​ន័យ​មិន​ស្រប ឬ មិន​ស៊ី​គ្នា នោះ​អត្ថបទ​ជា​ភាសា​ខ្មែរ នឹង​ត្រូវ​ចាត់​ទុកជា​ផ្លូវ​ការ។
  5. ​ភាគី​ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​សន្មតថា​ពិត​ជា​បាន​អាន និង​យល់​ព្រម​អនុ​វត្ត​តាម​គ្រប់​ចំណុច​ទាំង​អស់​ដែល​បាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នេះ។

I. សេចក្តីផ្តើម

​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​ ​ជាមួយ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​តទៅ​ហៅថា​ ​«​ប្រា​សាក់​»​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អតិថិជន​ទាំងអស់​របស់​ប្រា​សាក់​ ​តទៅ​ហៅថា​ ​«​អតិថិជន​»​ ​ក្នុង​ការ​ស្វែងយល់​អំពី​លក្ខខណ្ឌ​ទូទៅ​នៃ​ការប្រើប្រាស់​ផលិតផល​ ​ឬ​សេវាកម្ម​នានា​របស់​ប្រា​សាក់​ ​តទៅ​ហៅថា​ ​«​លក្ខខណ្ឌ​ទូទៅ​»​ ​មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​ ​និង​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ជាមួយ​ប្រា​សាក់​ ​។​

ចាប់ពី​ថ្ងៃ​ដែល​អតិថិជន​បាន​បំពេញ​ពាក្យ​ស្នើសុំ​ប្រើប្រាស់​ផលិតផល​ ​ឬ​សេវាកម្ម​របស់​ប្រា​សាក់​ ​និង​ក្នុង​ករណី​ដែល​អតិថិជន​ធ្វើការ​បញ្ជា​មក​ប្រា​សាក់​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ ​ឬ​សេវា​អ្វីមួយ​ដោយ​មិនបាន​ប្រើប្រាស់​ទម្រង់​ ​ឬ​ឯកសារ​របស់​ប្រា​សាក់​ក៏ដោយ​ ​អតិថិជន​ត្រូវ​បាន​ស​ន្មត់​ថា​ ​បាន​អាន​ ​និង​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​និង​លក្ខខណ្ឌ​លម្អិត​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ផលិតផល​ ​ឬ​សេវាកម្ម​នីមួយៗ​របស់​ប្រា​សាក់​ ​។​

​ករណី​អតិថិជន​មាន​ភាព​មិន​ច្បាស់លាស់​លើ​ចំណុច​ណាមួយ​ដែល​បាន​ចែង​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​អតិថិជន​អាច​ស្វែងរក​ការ​ពន្យល់​បន្ថែម​ពី​បុគ្គលិក​ប្រា​សាក់​ដោយ​ផ្ទាល់​នៅ​គ្រប់​សាខា​ប្រា​សាក់​ទាំងអស់​ ​ឬ​តាមរយៈ​ទូរស័ព្ទ​ទៅកាន់​លេខ​ ​០​២​៣​/​០​៨​៦​ ​៩​៩​៩​ ​៩​១​១​ ​បាន​គ្រប់ពេល​វេលា​ ​។

II. និយមន័យនៃពាក្យគន្លឹះ

​- គណនី​​៖ ​​សំដៅ​លើ​គ្រប់​ប្រភេទ​គណនី​ទាំងឡាយ​ដែល​អតិថិជន​ប្រើប្រាស់​ជាមួយ​ប្រា​សាក់​
​- គណនីរួម​​​៖​​ សំដៅ​លើ​គណនី​ទាំងឡាយ​ណា​ដែល​មាន​សមាជិក​រួម​គណនី​ចាប់ពី​ ​០​២​ ​នាក់​ ​ឡើង​ទៅ​
​- ម្ចាស់​គណនី​​៖ ​សំដៅ​លើ​បុគ្គល​ទាំងឡាយ​ណា​ដែល​មានឈ្មោះ​នៅ​ក្នុង​គណនី​ ​និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការចាត់ចែង​ធ្វើ​ប្រតិបត្តិការ​លើ​គណនី​ទាំងនោះ​
​- អ្នក​រួម​គណនី​​៖ ​សំដៅ​លើ​អតិថិជន​ដែល​ឈរឈ្មោះ​ជា​សមាជិក​រួម​គណនី​
​- ​ប្រាក់​បញ្ញើ​​​៖​ សំដៅ​លើ​ទឹកប្រាក់​ដែល​អតិថិជន​ដាក់​បញ្ញើ​ជាមួយ​ប្រា​សាក់​
​- ​របាយការណ៍​គណនី​​​៖​​ សំដៅ​លើ​កំណត់​ត្រា​ប្រតិបត្តិការ​ចេញ​ ​ឬ​ចូល​ទាំងឡាយ​នៅ​ក្នុង​គណនី​
​- ​ឯកសារ​គណនី​​​៖​ សំដៅ​លើ​សៀវភៅ​គណនី​សន្សំ​ ​សម្រាប់​គណនី​សន្សំ​ ​និង​/​ឬ​ វិញ្ញា​បន​ប​ត្រ​សម្រាប់​គណនី​បញ្ញើ​មានកាល​កំណត់​ ​ឬ​ប័ណ្ណ​ព័ត៌មាន​គណនី​ជាដើម​ ​។​ល​៕​
​- ​ករណី​ប្រធានសក្តិ​​​៖​ សំដៅ​លើ​អំពើ​ទាំងឡាយ​ណា​ ​ដែល​កើតឡើង​ក្រៅពី​ឆន្ទៈ​ ​ដោយ​មិន​អាច​ប៉ាន់ស្មាន​ជាមុន​ ​និង​មិន​អាច​ជំនះ​បាន​ ​ឬ​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ ​ឬ​ ​ទាំងពីរ​អាចប​ន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជាប្រក្រតី​បាន​ដូចជា​៖​ ​បន្ទុះ​ភ្នំភ្លើង​ ​ទឹកជំនន់​ ​គ្រោះ​រញ្ជួយ​ដី​ ​ព្យុះសង្ឃរា​ ​ភេរវកម្ម​ ​កុប្បកម្ម​ ​សង្គ្រាម​ ​។​ល​។​
​- ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​​៖ ​សំដៅ​លើ​ឯកសារ​ផ្លូវច្បាប់​ទាំងឡាយ​ ​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ណា​ម្នាក់​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ដូចជា​៖​ ​អត្តសញ្ញាណប័ណ្ណ​ ​លិខិតឆ្លងដែន​ ​សំបុត្រកំណើត​ ​និង​/​ឬ​លិខិត​បញ្ជាក់​ផ្សេងៗ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​។

III. លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ប្រាសាក់

 1. ការបើកគណនី
  1. ​​រាល់​ពេល​ស្នើសុំ​បើក​គណនី​ជាមួយ​ប្រា​សាក់​ ​អតិថិជន​ត្រូវ​បំពេញ​ទម្រង់​ពាក្យ​ស្នើសុំ​បើក​គណនី​ ​ផ្តល់​គំរូ​ហត្ថលេខា​ ​ឬ​ស្នាមមេដៃ​ ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​និង​ឯកសារ​តម្រូវ​ផ្សេងៗ​ទៀត​តាម​ការ​ស្នើសុំ​ពី​ប្រា​សាក់​ ​។​
  2. ​​អតិថិជន​យល់ព្រម​ដាក់​ប្រាក់​តម្កល់​ក្នុង​គណនី​នូវ​ចំនួន​អប្បបរមា​ទៅតាម​ប្រភេទ​គណនី​ណាមួយ​ស្រប​ទៅ​ ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​ប្រា​សាក់​ ​។​
  3. ​សម្រាប់​កា​របើក​គណនី​ប្រាក់​បញ្ញើ​សន្សំ​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​អតិថិជន​មិន​តម្រូវ​ឱ្យ​បំពេញ​ពាក្យ​ស្នើសុំ​ ​តែ​អតិថិជន​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​លម្អិត​បន្ថែម​ផ្សេងទៀត​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​ឬ​មធ្យោបាយ​អេ​ឡិច​ត្រូនិ​ក​ណាមួយ​ដែល​ទទួលស្គាល់​ដោយ​ប្រា​សាក់​ ​មុននឹង​សម្រេច​បើក​គណនី​នីមួយៗ​នោះ​ ​។
 2. គណនីរួម
  1. ​គណនីរួម​ ​គឺជា​គណនី​ឯក​ត្ត​បុគ្គល​ដែល​មាន​សមាជិក​រួម​គណនី​ចាប់ពី​ ​០​២​នាក់​ ​ឡើង​ទៅ​ ​។​
  2. សមាជិក​រួម​គណនី​នីមួយៗ​ ​គឺ​ត្រូវ​បាន​ចាត់ទុកថា​ជា​ម្ចាស់​គណនី​ ​ហើយ​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ប្រា​សាក់​ ​នូវ​រាល់​បំណុល​ ​និង​កាតព្វកិច្ច​នានា​ដែល​កើតមានឡើង​នៅ​ក្នុង​គណនីរួម​នោះ​ ​។​
 3. គណនីគ្មានប្រតិបត្តិការ
  1. ​​ប្រសិនបើ​គណនី​របស់​អតិថិជន​មិន​មាន​ប្រតិបត្តិការ​ក្នុងរយៈពេល​ ​៣​៦​៥​ ​ថ្ងៃ​ ​ឡើង​ទៅ​ ​គណនី​នោះ​នឹង​ត្រូវ​ចាត់ទុកថា​ជា​គណនី​គ្មាន​ប្រតិបត្តិការ​ ​។​
  2. ​អតិថិជន​យល់ព្រម​ឱ្យ​ប្រា​សាក់​ធ្វើការ​ទូទាត់​ក​ម្រៃ​សេវា​នៃ​គណនី​គ្មាន​ប្រតិបត្តិការ​ជាប្រចាំ​ខែ​ ​ដោយ​ក​ម្រៃ ​សេវា​នឹង​ត្រូវ​បាន​ទូទាត់​ចេញពី​គណនី​អតិថិជន​ដោយស្វ័យប្រវត្តិ​ ​និង​ដោយ​មិន​ចាំបាច់​ស្នើសុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​។​
  3. អតិថិជន​យល់ព្រម​ថា​ ​រាល់​គណនី​គ្មាន​ប្រតិបត្តិការ​ទាំងឡាយ​ណា​ដែល​មាន​សមតុល្យ​តូច​ជាង​ ​ឬ​ស្មើ​សូន្យ​ ​នឹង​ត្រូវ​បាន​បិទ​ដោយស្វ័យប្រវត្តិ​ដោយ​ប្រា​សាក់​ ​និង​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ឡើយ​ ​។​
  4. ​អនុលោម​តាមច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​ការបញ្ជូន​មូលនិធិ​នៃ​គណនី​របស់​អតិថិជន​ទាំងឡាយ​ណា​ដែល​មិន​មាន​ប្រតិបត្តិការ​រយៈពេល​ ​១​០​ឆ្នាំ​ ​ជាប់ៗ​គ្នា​ទៅ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​ ​។​
 4. ការផ្តល់ព័ត៌មានរបស់អតិថិជន
  1. ​​នៅ​ពេល​ស្នើសុំ​បើក​គណនី​ ​និង​/​ឬ​ប្រើប្រាស់​សេវាកម្ម​ ​នានា​ជាមួយ​ប្រា​សាក់​ ​អតិថិជន​ត្រូវ​ផ្តល់​នូវ​ព័ត៌មាន​តាម​ការ​ស្នើសុំ​របស់​ប្រា​សាក់​ ​និង​ត្រូវ​ធានា​ថា​ ​រាល់​ព័ត៌មាន​ដែល​ផ្តល់​មក​ប្រា​សាក់​ ​ជា​ព័ត៌មាន​ ​ពិតប្រាកដ​ ​ត្រឹមត្រូវ​ ​និង​ថ្មី​បំផុត​ ​។
  2. ​ករណី​មាន​ការផ្លាស់ប្តូរ​ព័ត៌មាន​ផ្សេងៗ​ ​អតិថិជន​ត្រូវធ្វើ​ការ​ជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​មក​ប្រា​សាក់​ជាបន្ទាន់​ ​។​
  3. ​អតិថិជន​យល់ព្រម​ឱ្យ​ប្រា​សាក់​ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​ភាគី​ទីបី​ក្នុង​ ​ករណី​ចាំបាច់​ណាមួយ​ ​ដែល​តម្រូវ​ដោយ​ប្រា​សាក់​ផ្ទាល់​ ​ឬ​តាម​ការ​បង្គាប់បញ្ជា​ពី​តុលាការ​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​។​
  4. ​អតិថិជន​យល់ព្រម​ចូលរួម​សហការ​ ​និង​ផ្តល់​ឱ្យ​ប្រា​សាក់​នូវ​ឯកសារ​គាំទ្រ​នានា​ ​ដែល​ពាក់ព័ន្ធ​ ​ដើម្បី​ឱ្យ​ប្រា​សាក់​អាច​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវតាម​កាតព្វកិច្ច​ផ្លូវច្បាប់​ ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេ​រ​-​វ​កម្ម​
 5. ​ការ​ស្នើសុំ​កែប្រែ​ព័ត៌មាន​ ​និង​ការ​ជូនដំណឹង​ពី​អតិថិជន
  1. ​​អតិថិជន​អាច​ធ្វើការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​មក​ប្រា​សាក់​ ​ដើម្បី​ធ្វើការ​កែប្រែ​ ​ឬ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​ខ្លួន​បាន​ ​។​
  2. ប្រា​សាក់​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ ​រាល់​ការខូចខាត​ទាំងឡាយ​ណា​ដែល​កើត​ចេញ​អំពី​ការផ្លាស់ប្តូរ​ព័ត៌-​មាន​ផ្សេងៗ​របស់​អតិថិជន​ក្នុង​ករណី​ដែល​អតិថិជន​មិនបាន​ជូនដំណឹង​មក​ប្រា​សាក់​ ​។​
  3. ​ការផ្លាស់ប្តូរ​ព័ត៌មាន​អាច​ជា​ ​ការ​បន្ថែម​ ​ឬ​ដក​សិទ្ធិ​អ្នក​រួម​គណនី​ ​ការ​កែប្រែ​លក្ខខណ្ឌ​ចុះហត្ថលេខា​ ​ការផ្លាស់ប្តូរ​គំរូ​ហត្ថលេខា​ ​ការផ្លាស់ប្តូរ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​ការ​ប្តូរ​លេខ​ទូរស័ព្ទ​ ​ការ​ប្តូរ​អ៊ី​ម៉ែ​ល​ ​ឬ​ការ​កែប្រែ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​ ​ដែល​ខុស​អំពី​ព័ត៌មាន​ដែល​អតិថិជន​បាន​ផ្តល់​មក​ប្រា​សាក់​នៅ​ពេល​ ​ស្នើសុំ​បើក​គណនី​ដំបូង​ ​។
 6. ការដាក់ប្រាក់បញ្ញើ
  1. ​​ប្រា​សាក់​យល់ព្រម​ឱ្យ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់សុទ្ធ​ ​មូលប្បទានបត្រ​ ​ផ្ទេរ​តាម​គណនី​ ​ឬ​តាមមធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ប្រា​សាក់​ ​។​
  2. ​​អតិថិជន​អាច​ដាក់​ប្រាក់​តាម​បញ្ជរ​បេឡា​ ​ម៉ាស៊ីន​ឆូត​កាត​ ​ម៉ាស៊ីន​ដាក់​ប្រាក់​ ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​ប្រា​សាក់​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នា​ពេល​អនាគត​ ​។​
  3. ​​ករណី​ប្រា​សាក់​ទទួល​បាន​ក្រដាសប្រាក់​ក្លែងក្លាយ​ ​ឬ​ចាស់​ ​ប្រឡាក់​ ​រហែក​ ​ឬ​ខូច​ទ្រង់ទ្រាយ​ ​តាមរយៈ​កា​រដាក់​ប្រាក់​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ ​នោះ​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​មិន​ទូទាត់​ជូន​អតិថិជន​ ​ឬ​ដកហូត​ ​ឬ​ទំនាក់ទំនង​ទៅកាន់​អតិថិជន​ដើម្បី​ឱ្យ​មក​ធ្វើ​ការផ្លាស់ប្តូរ​ក្រដាសប្រាក់​ថ្មី​ ​ឬ​ផ្តល់​ជូន​នូវ​សេវា​កាត់​ទឹក​ ​។​ ​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​បង្ខាំង​ទឹកប្រាក់​ដែល​មាន​បញ្ហា​ ​រហូតដល់​អតិថិជន​អញ្ជើញ​មក​ដោះស្រាយ​ ​ឬ​ធ្វើការ​ទូទាត់​ទឹកប្រាក់​ត្រលប់​ ​ឬ​កាត់​ទឹក​ ​ដោយស្វ័យប្រវត្តិ​ ​ករណី​អតិថិជន​មិនបាន​អញ្ជើញ​មក​ដោះស្រាយបញ្ហា​តាម​ការ​ស្នើសុំ​ពី​ប្រា​សាក់​ ​។​
  4. ​​ប្រា​សាក់​ក៏​អាច​ធ្វើការ​បដិសេធ​ ​មិន​ទទួលយក​ប្រាក់​បញ្ញើ​ពី​អតិថិជន​ ​ករណី​ប្រា​សាក់​មាន​ការសង្ស័យ​ចំពោះ​ប្រភព​ដើម​នៃ​ប្រាក់​បញ្ញើ​នោះ​ ​។​
  5. ​​អតិថិជន​យល់ព្រម​បង់ក​ម្រៃ​សេវា​លើ​កា​រដាក់​ប្រាក់​ឆ្លង​សាខា​ (​ប្រសិនបើ​មាន​) ​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ដោយ​ប្រា​សាក់​ ​។​
 7. ការ ដក ឬ ផ្ទេរប្រាក់បញ្ញើ
  1. ​​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ ​ឬ​ផ្ទេរ​ប្រាក់​ចេញពី​គណនី​របស់​ខ្លួន​ដែល​មាន​ជាមួយ​ប្រា​សាក់​ ​ដោយ​គ្រាន់តែ​បំពេញ​ប័ណ្ណ​ដកប្រាក់​ ​ឬ​ប័ណ្ណ​ផ្ទេរ​ប្រាក់​ ​នៅ​តាម​សាខា​ប្រា​សាក់​ណាមួយ​ ឱ្យ​បាន​ត្រឹមត្រូវ​ ​។​
  2. ការ​ដក​ ​ឬ​ ​ផ្ទេរ​ប្រាក់​ ​តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ ​និង​/​ឬ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ប្រា​សាក់​ ​ត្រូវ​បាន​អនុញ្ញាត​ ​ករណី​អតិថិជន​បាន​ស្នើសុំ​ប្រើប្រាស់​ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​ជាក់លាក់​នៃ​សេវា​នីមួយៗ​នោះ​ ​។​
  3. ​អតិថិជន​អាច​ស្នើសុំ​ដក​ ​ឬ​ផ្ទេរ​ប្រាក់​ខុស​ពី​រូបិយប័ណ្ណ​គណនី​បាន​ ​ដោយ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ស្តង់​ដារ​ដែល​កំណត់​ដោយ​ប្រា​សាក់​នៅ​ពេល​ស្នើសុំ​ធ្វើ​ប្រតិបត្តិការ​នោះ​ ​។​
  4. ​អតិថិជន​យល់ព្រម​បង់ក​ម្រៃ​សេវា​លើ​ប្រតិបត្តិការ​ដក​ ​ឬ​ផ្ទេរ​ឆ្លង​សាខា​ទៅតាម​ក​ម្រៃ​សេវា​ស្តង់​ដារ​ដែល​បាន​កំណត់​ដោយ​ប្រា​សាក់​ ​ដែល​អាច​​​រក​បាន​នៅ​តាម​សាខា​ប្រា​សាក់​ ​ឬ​វេ​ប​សាយ​ត៍​ផ្លូវការ​របស់​ប្រា​សាក់​ www.prasac.com.kh ​។​
  5. ​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​បដិសេធ​លើ​ប្រតិបត្តិការ​ដកប្រាក់​ ​ឬ​ផ្ទេរ​ប្រាក់​ពី​អតិថិជន​ ​ក្នុង​ករណី​ដែល​អតិថិជន​មិនបាន​បំពេញ​ពាក្យ​ស្នើសុំ​ដក​ ​ឬ​ផ្ទេរ​ប្រាក់​ឱ្យ​បាន​ត្រឹមត្រូវ​ ​ឬ​គណនី​នោះ​ត្រូវ​បាន​បង្ខាំង​ ​ឬ​បង្កក​ ​ដោយ​យោង​តាម​ការ​បង្គាប់បញ្ជា​ពី​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​។​ល​។​
 8. ឥណទាន​វិ​បា​រូប​រ៍ (​ការ​ដកប្រាក់​ដែល​ធើ្វឱ្យ​សមតុល្យ​ក្រោមសូន្យ​)
  1. ​​អតិថិជន​ត្រូវ​រក្សា​សមតុល្យ​គណនី​របស់​ខ្លួន​ឱ្យ​ធំ​ជាង​សូន្យ​គ្រប់ពេល​ ​ឬ​ត្រឹម​សមតុល្យ​អប្បបរមា​ ​តាម​ការកំណត់​របស់​ប្រា​សាក់​ ​លើកលែង​ករណី​ដែល​ប្រា​សាក់​ផ្តល់​ ឱ្យ​អតិថិជន​នូវ​សេវា​ឥណទាន​វិ​បា​រូប​រ៍ (​ការ​ដកប្រាក់​ដែល​ធ្វើ​ឱ្យ​សមតុល្យ​គណនី​ក្រោមសូន្យ​) ​។​
  2. ​​ការប្រាក់​នឹង​គិត​ចំពោះ​ការ​ដកប្រាក់​ក្រោមសូន្យ​ ​ដោយ​គណនា​តាម​សមតុល្យ​ដែល​តូច​ជាង​សូន្យ​ប្រចាំថ្ងៃ​គុណ​នឹង​អត្រា​ជាក់​សែ្ត​ង​ដែល​បាន​កំណត់​ដោយ​ប្រា​សាក់​នា​ពេល​នោះ​ ​។​ ​ការប្រាក់​នឹង​បញ្ចូល​ក្នុង​ខែ​នីមួយៗ​ ​ហើយ​ត្រូវ​បាន​បូក​បញ្ចូល​ទៅជា​ប្រាក់ដើម​សម្រាប់​គោលបំណង​នៃ​ការ​គណនា​ការប្រាក់​នៅ​ខែ​បន្ទាប់​ ​។​
  3. ​ប្រា​សាក់​អាច​ទាមទារ​ឱ្យ​អតិថិជន​សង​ត្រឡប់មកវិញ​បាន​គ្រប់ពេល​ ​សម្រាប់​គណនី​ដែល​មាន​សមតុល្យ​ដែល​បាន​ដក​ក្រោមសូន្យ​។​
 9. ការបញ្ជាទូទាត់
  1. ​​អតិថិជន​អាច​ធ្វើការ​បញ្ជា​ទូទាត់​ជាលាយលក្ខណ៍អក្សរ​មក​ប្រា​សាក់​ ​ឬ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​ឬ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ឬ​មធ្យោបាយ​ផ្សេងៗ​ដែល​ផ្តល់​ដោយ​ប្រា​សាក់​ ​ដោយ​ត្រូវ​ផ្តល់​ព័ត៌មាន​របស់​អ្នកទទួល​ផល​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​ត្រឹមត្រូវ​ ​។​
  2. ​​ប្រា​សាក់​នឹង​មិន​ទទួលខុសត្រូវ​ ​ចំពោះ​ការ​បាត់បង់​ទាំងឡាយ​ណា​ដែល​បង្កឡើង​ដោយ​ការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ​និង​/​ឬ​មិន​គ្រប់គ្រាន់​របស់​អតិថិជន​នោះ​ទេ​ ​។
 10. ការបង្ខាំងគណនី
  • ​ប្រាសាក់​នឹង​ធ្វើការ​បង្ខាំង​គណនី​របស់​អតិថិជន​ក្នុង​ករណី​ដូច​ខាងក្រោម​៖
   • ​​មានការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​ពី​អតិថិជន​
   • ​​មានការ​ស្នើសុំ​ពី​អតិថិជន​តាមរយៈ​ទូរស័ព្ទ​មក​មន្ត្រី​ទំនាក់ទំនង​អតិថិជន​ (​Call​ ​Center​) ​រួម​ទាំង​អតិថិជន​ប្រា​សាក់​ ​ឬ​អតិថិជន​នៃ​ធនាគារ​ផ្សេង​ ​ក្នុង​ករណី​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ ​ឬ​ដាក់​ប្រាក់​ខុស​លេខ​គណនី​
   • ​​តាម​សេចក្តីបង្គាប់​បញ្ជា​របស់​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ជាដើម​ ​។
 11. ការដោះបង្ខាំងគណនី
  • ប្រាសាក់នឹង​ធ្វើការ​ដោះ​បង្ខាំង​គណនី​ដែល​ត្រូវ​បាន​បង្ខាំង​ក្នុង​ករណី​ណាមួយ​ខាងក្រោម​៖
   • ​មានការ​ស្នើសុំ​ជាលាយលក្ខណ៍អក្សរ​ពី​អតិថិជន​ (​ក្នុង​ករណី​អតិថិជន​ស្នើសុំ​បង្ខាំង​គណនី​) ​ឬ​​
   • តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹង​របស់​អតិថិជន​លើ​ការផ្ទេរ​/​ដាក់​ប្រាក់​ខុស​លេខ​គណនី​ ​ឬ​​
   • តាម​សេចក្តីបង្គាប់​បញ្ជា​របស់​ស្ថាប័ន​តុលាការ​ ​ធនាគារជាតិនៃកម្ពុជា​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ជាដើម​ ​។​
 12. កម្រៃសេវាកម្ម
  1. ​អតិថិជន​ ​មាន​កាតព្វកិច្ច​បង់ក​ម្រៃ​សេវាកម្ម​ផ្សេងៗ​ដូច​មាន​ចែង​នៅ​ក្នុង​តារាង​តម្លៃ​សេវា​ស្តង់​ដារ​របស់​ប្រា​សាក់​តាម​ប្រភេទ​ ​និង​លក្ខខណ្ឌ​នីមួយៗ​ពាក់ព័ន្ធ​នឹង​ផលិតផល​ ​និង​សេវាកម្ម​ផ្សេងៗ​របស់​ប្រា​សាក់​ ​។​
  2. ​​ប្រា​សាក់​នឹង​កាត់​ប្រាក់​ក​ម្រៃ​ខាងលើ​ ​ចេញពី​គណនី​ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​រួម​មាន​ ​ប្រាក់ពិន័យ​ ​ការប្រាក់​ ​ប្រាក់​ពន្ធ​ ​ប្រាក់​ក​ម្រៃ​ជើងសា​ ​និង​ក​ម្រៃ​សេវាកម្ម​នានា​ដែល​អតិថិជន​ជំពាក់​ ​ឬ​មិនទាន់​បាន​បង់​មក​ឱ្យ​ប្រា​សាក់​ ​។​
  3. ​​ចំពោះ​តារាង​តម្លៃ​សេវាកម្ម​ស្តង់​ដារ​នេះ​ ​អតិថិជន​អាច​ស្វែងរក​បាន​នៅ​គ្រប់​ការិយាល័យ​ ​និង​វេ​ប​សាយ​ត៍​របស់​ប្រា​សាក់​​ www.prasac.com.kh ​ឬ​ទំនាក់​ទង​មកកាន់​មន្ត្រី​បម្រើ​សេវា​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​២​៣​/​០​៨​៦​ ​៩​៩​៩​ ​៩​១​១​ ​។​
 13. អត្រាការប្រាក់លើប្រាក់បញ្ញើ
  1. ​​ប្រា​សាក់​នឹង​គណនា​ ​និង​ទូទាត់​ការប្រាក់​ជូន​ទៅ​អតិថិជន​ដោយ​យោង​តាម​អត្រា​ការប្រាក់​ស្តង់​ដារ​ទៅតាម​ប្រភេទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​នីមួយៗ​ ​ដែល​បាន​កំណត់​ដោយ​ប្រា​សាក់​ ​។​
  2. ​ការប្រាក់​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​ទៅលើ​សមតុល្យ​ប្រចាំថ្ងៃ​ ​ផ្អែកលើ​រយៈពេល​ ​៣​៦​៥​ថ្ងៃ​ ​ក្នុង​មួយ​ឆ្នាំ​ ​និង​ផ្អែក​តាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​នោះ​ ​។​
  3. ​ការប្រាក់​នឹង​ត្រូវ​បញ្ចូល​ក្នុង​គណនី​ជាប្រចាំ​ខែ​ ​ប្រចាំ​ឆ្នាំ​ ​ឬ​ពេល​គណនី​ដល់​កាល​កំណត់​ ​អាស្រ័យ​លើ​ប្រភេទ​គណនី​នីមួយៗ​ដែល​អតិថិជន​បាន​ស្នើសុំ​បើក​ ​។​
 14. ការកែប្រែកម្រៃសេវា អត្រាការប្រាក់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹងទៅអតិថិជន
  1. ​​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ក​ម្រៃ​សេវា​ ​អត្រា​ការប្រាក់​ ​ឬ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​គណនី​របស់​អតិថិជន​នៅ​ពេលណាក៏បាន​ទៅតាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ ​។​
  2. ​អតិថិជន​យល់ព្រម​ ​និង​ទទួលយក​ការ​កែប្រែ​ខាងលើ​ភ្លាម​ៗ​បន្ទាប់ពី​ទទួល​បានការ​ជូនដំណឹង​ពី​ប្រា​សាក់​ ​។​ ​អតិថិជន​យល់ព្រម​ ​និង​ទទួលស្គាល់​ថា​ប្រា​សាក់​អាច​ធ្វើការ​ជូនដំណឹង​ ​ពី​ការ​កែប្រែ​ខាងលើ​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងក្រោម​៖

   (1) ​តាមរយៈ​សាខា​របស់​ប្រា​សាក់​ ​និង​/​ឬ​

   (2) ​តាមរយៈ​វេ​ប​សាយ​ត៍ ​និង​/​ឬ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ប្រា​សាក់​ ​និង​/​ឬ​

   (3) ​តាមរយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ការ​សែត​ ​ទស្សនាវដ្តី​ ​ឬ​មធ្យោបាយ​ផ្សេងៗ​ដែល​ប្រា​សាក់​បាន​ជ្រើសរើស​ ​។

  3. អតិថិជន​ត្រូវ​បាន​សន្មត​ថា​បាន​ទទួល​ ​និង​យល់ព្រម​លើ​រាល់​ការ​ជូនដំណឹង​ស្តីពី​ការ​កែប្រែ​ភ្លាម​ៗ​ ​បន្ទាប់ពី​ ​ប្រា​សាក់​បាន​ធ្វើការ​ចុះផ្សាយ​ពី​ការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​ ​តាមរយៈ​មធ្យោបាយ​ណាមួយ​ក្នុងចំណោម​មធ្យោបាយ​ខាងលើ​ ​។
 15. ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
  1. ​អតិថិជន​ (​ម្ចាស់​គណនី​) ​បាន​ទទួលស្គាល់​ថា​ ​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​ដែល​ទទួល​បាន​ពី​កា​រដាក់​ប្រាក់​បញ្ញើ​ជាមួយ​ប្រា​សាក់​ជា​បន្ទុក​របស់​ខ្លួន​ ​។​
  2. ​អតិថិជន​យល់ព្រម​ឱ្យ​ប្រា​សាក់​ធ្វើការ​កាត់​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​ចេញពី​គណនី​របស់​អតិថិជន​ដោយ​ផ្ទាល់​ ​និង​មិន​ចាំបាច់​មានការ​យល់ព្រម​ពី​អតិថិជន​ឡើយ​ ​។​
  3. ​ការ​កាត់​ប្រាក់​ពន្ធ​នេះ​ ​នឹង​ត្រូវធ្វើ​ឡើង​រាល់​ពេល​ដែល​ប្រា​សាក់​ធ្វើការ​បញ្ចូល​ការប្រាក់​ទៅ​ក្នុង​គណនី​របស់​អតិថិជន​ទៅតាម​អត្រា​ពន្ធ​ជាក់ស្តែង​ជាធរមាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​អជ្ញាធរ​ពន្ធដារ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។
 16. អត្រាប្តូរប្រាក់
  1. ​រាល់​ពេល​ធ្វើ​ប្រតិបត្តិការ​លើ​គណនី​ ​ឬ​សេវាកម្ម​ណាមួយ​ជាមួយ​ប្រា​សាក់​ដោយ​ឆ្លង​រូបិយប័ណ្ណ​ ​អតិថិជន​យល់ព្រម​ទទួលយក​អត្រា​ប្តូរ​ប្រាក់​ស្តង់​ដារ​ ​ដែល​ប្រា​សាក់​បាន​កំណត់​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ​ ​។
 17. ការស្នើសុំបិទគណនី
  1. ​​រាល់​ការ​ស្នើសុំ​បិទ​គណនី​ ​ត្រូវធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​អតិថិជន​ជា​ម្ចាស់​គណនី​ ​ឬ​តាម​ការ​កំណត់ដោយច្បាប់​ ​ឬ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​។​​
  2. ​រាល់​ការ​បិទ​គណនី​ប្រាក់​បញ្ញើ​សន្សំ​ក្នុងរយៈពេល​ ​០​៣​ខែ​ (​បី​ខែ​) ​គិត​ចាប់ពី​ថ្ងៃ​បើក​គណនី​ ​អតិថិជន​យល់ព្រម​បង់​នូវ​ក​ម្រៃ​សេវា​ទៅតាម​ការកំណត់​របស់​ប្រា​សាក់​ ​។​​
  3. ​ចំពោះ​ការ​ស្នើសុំ​បិទ​គណនី​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​មុន​កាល​កំណត់​ ​អតិថិជន​យល់ព្រម​ចំពោះ​ការ​ខាតបង់​ការប្រាក់​ដែល​នឹង​ត្រូវ​ទទួល​បាន​ ​ហើយ​ប្រា​សាក់​រក្សាសិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការកំណត់​អត្រា​ការប្រាក់​ ​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន​ ​។​
 18. ​ឯកសារ​គណនី​ (​សៀវភៅ​គណនី​សន្សំ​/វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​/​ប័ណ្ណ​ព័ត៌មាន​គណនី​)
  1. ​​អតិថិជន​អាច​ស្នើសុំ​ ​សៀវភៅ​គណនី​សន្សំ​ ​ឬ​ប័ណ្ណ​ព័ត៌មាន​គណនី​សម្រាប់​ប្រភេទ​គណនី​បញ្ញើ​សន្សំ​ ​និង​/​ឬ​វិញ្ញា​បន​ប​ត្រ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ ​សម្រាប់​ប្រភេទ​គណនី​បញ្ញើ​មានកាល​កំណត់​ ​ហើយ​រាល់​ក​ម្រៃ​សេវា​ត្រូវ​បាន​កំណត់​ដោយ​ប្រា​សាក់​ ​។​
  2. ​​អតិថិជន​ត្រូវ​ត្រួតពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​គណនី​សន្សំ​ ​និង​/​ឬ​របាយការណ៍​គណនី​ ​និង​ត្រូវ​ជូនដំណឹង​មក​ប្រា​សាក់​ភ្លាម​ៗ​ក្នុង​កំឡុង​ពេល​១​៤​ថ្ងៃ​ ​បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការ​បោះពុម្ព​ទិន្នន័យ​ ​ក្នុង​ករណី​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ ​មិន​ត្រឹមត្រូវ​ ​ឬ​មានការ​កោស​លុប​ផ្សេងៗ​ ​។​
  3. ​​ករណី​មិន​មានការ​ជូនដំណឹង​ពី​អតិថិជន​ ​របាយការណ៍​សមតុល្យ​នោះ​នឹង​ត្រូវ​បាន​ចាត់ទុកថា​ត្រឹមត្រូវ​ ​ហើយ​អតិថិជន​មិន​មាន​សិទិ្ធ​ជំទាស់​ ​ឬ​ប្តឹង​ទាមទារ​សំណង​ពី​ប្រា​សាក់​ឡើយ​ ​។​
  4. ​​​ប្រា​សាក់​មាន​សិទ្ធិ​ក្នុង​ការ​កែតម្រូវ​ទិន្នន័យ​ដែល​ខុស​នៅ​ក្នុង​សៀវភៅ​គណនី​សន្សំ​ ​ហើយ​ទិន្នន័យ​ដែល​បាន​កែតម្រូវ​នោះ​នឹង​មាន​សុពលភាព​សម្រាប់​អតិថិជន​ ​។​
  5. ​​នៅ​ពេល​បាត់​សៀវភៅ​គណនី​សន្សំ​ ​និង​/​ឬ​វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ ​អតិថិជន​ត្រូវ​ជូនដំណឹង​មក​ប្រា​សាក់​ជាលាយលក្ខណ៍អក្សរ​ជាបន្ទាន់​ ​ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​ ​កាលបរិច្ឆេទ​ ​និង​ទីកន្លែង​ ​ដែល​បាត់​ ​។​
  6. ​​​អតិថិជន​នឹង​ត្រូវ​បាន​ផ្តល់​នូវ​សៀវភៅ​គណនី​សន្សំ​ ​ឬ​វិញ្ញា​បន​ប​ត្រ​ប្រាក់​បញ្ញើ​មានកាល​កំណត់​ថ្មី​ ​ជំនួស​ឯក​-​សារ​គណនី​ដែល​បាន​បាត់​ ​ប៉ុន្តែ​ត្រូវ​យល់ព្រម​បង់ក​ម្រៃ​សេវា​ទៅតាម​ក​ម្រៃ​សេវា​ស្តង់​ដារ​របស់​ប្រា​សាក់​ ​។​
  7. ​​​ប្រា​សាក់​មិន​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​ ​ឬ​ភាគី​ទីបី​ណាមួយ​ ​ប្រសិនបើ​មាន​ប្រតិបត្តិការ​គណនី​ណាមួយ​ ​កើតឡើង​ទាក់ទង​ទៅ​នឹង​គណនី​នោះ​ ​មុន​ពេល​អតិថិជន​ជូនដំណឹង​មក​ប្រា​សាក់​ឡើយ​ ​។
 19. របាយការណ៍គណនី
  1. ​​ប្រា​សាក់​នឹង​ផ្តល់​របាយការណ៍​គណនី​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​ចេញ​ ​ឬ​ចូលក្នុង​គណនី​របស់​អតិថិជន​ទៅតាម​ការ​ស្នើសុំ​ជាក់ស្តែង​ពី​អតិថិជន​ ​។​
  2. ​អតិថិជន​ត្រូវ​ត្រួតពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បង្ហាញ​ក្នុង​របាយការណ៍​គណនី​នោះ​ ​និង​ត្រូវ​ជូនដំណឹង​មក​ប្រា​សាក់​ភ្លាម​ក្នុង​កំឡុង​ពេល​១​៤​ថ្ងៃ​បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការ​បោះពុម្ព​ទិន្នន័យ​ ​ក្នុង​ករណី​ឃើញ​ភាព​មិន​ប្រក្រតី​ ​ឬ​មិន​ត្រឹមត្រូវ​ ​ឬ​មានការ​កោស​លុប​ផ្សេងៗ​ ​។
 20. សិទ្ធិក្នុងការទូទាត់
  1. ​​បន្ថែម​លើ​ការ​ព្រមព្រៀង​ផ្សេងៗ​ ​ប្រា​សាក់​មាន​សិទ្ធិ​ក្នុង​ការ​កាត់ក​ង​ទឹកប្រាក់​នៅ​ក្នុង​គណនី​ ​ដើម្បី​ទូទាត់​បំណុល​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ ​។​ ​ប្រា​សាក់​នឹង​ធ្វើ​ទូទាត់​ទឹកប្រាក់​ចេញពី​គណនី​នូវ​ចំនួន​ទឹកប្រាក់​ដែល​អតិថិជន​ជំពាក់​ប្រា​សាក់​ ​ទោះ​ជា​បំណុល​រួម​ ​ឬ​ដាច់ដោយឡែក​ក៏ដោយ​ ​។​
  2. ​​​ប្រា​សាក់​រក្សា​សិទិ្ធ​ក្នុង​ការ​កែតម្រូវ​ ​ឬ​ទូទាត់​ចេញពី​គណនី​អតិថិជន​ ​ចំពោះ​ប្រតិបត្តិការ​ដាក់​ប្រាក់​ ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ឬ​ការ​ទូទាត់​ទាំងឡាយ​ណា​ ​ដែល​ធើ្វ​ឡើង​ដោយ​កំហុស​បច្ចេកទេស​ ​ឬ​ ​ការ​ដោះស្រាយ​បណ្ដឹង​លើ​ការផ្ទេរ​/​ដាក់​ប្រាក់​ខុស​លេខ​គណនី​ ​ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើការ​ស្នើសុំ​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​។​
 21. ការរំខានដល់សេវាកម្ម និងប្រធានសក្តិ
  1. ​ប្រា​សាក់​នឹង​មិន​ទទួលរ៉ាប់រង​លើ​ការ​ខាតបង់​ទាំងឡាយ​ណា​ ​ដែល​បណ្តាល​ ​មកពី​ការរអាក់រអួល​របស់​ប្រព័ន្ធ​ ​ឬ​ឧបករណ៍​ដំណើរការ​មិន​ប្រក្រតី​ឡើយ​ ​។​
  2. ​​ដូចគ្នា​នេះ​ដែរ​ ​ប្រា​សាក់​ក៏​នឹង​មិន​ទទួលខុសត្រូវ​ ​ចំពោះ​ការខូចខាត​ទាំងឡាយ​ណា​ ​ដែល​បណ្តាលមកពី​ការ​ខក​ខានមិនបាន​បំពេញ​សេវាកម្ម​ ​ឬ​កាតព្វកិច្ច​របស់​ខ្លួន​ដោយសារ​ករណី​ប្រធានសក្តិ​រួម​មាន​ ​គ្រោះ​ទឹកជំនន់​ ​ខ្យល់ព្យុះ​ ​គ្រោះ​រាំង​ស្ងួត​ ​ភេរវកម្ម​ ​កុប្បកម្ម​ ​សង្គ្រាម​ ​ឬក៏​មូលហេតុ​ផ្សេងទៀត​ដែល​ហួសពី​លទ្ធភាព​គ្រប់គ្រង​បាន​របស់​ប្រា​សាក់​ ​។
 22. ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់
  1. ​​ប្រា​សាក់​នឹង​រក្សា​រាល់​ព័ត៌មាន​ទាំងអស់​របស់​អតិថិជន​ជា​ការសម្ងាត់​ ​។​
  2. ​ប្រា​សាក់​នឹង​មិន​ប​ញេ្ច​ញ​ព័ត៌មាន​របស់​អតិថិជន​ទៅកាន់​ភាគី​ទីបី​ ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អតិថិជន​ឡើយ​ ​លើកលែងតែ​ការ​ស្នើសុំ​នោះ​តម្រូវ​ដោយ​ច្បាប់​ ​ឬ​ធ្វើឡើង​ដោយ​ស្ថាប័នមានសមត្ថកិច្ច​ ​។
 23. ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​បទឧក្រិដ្ឋ​ផ្សេងៗ
  1. ​ប្រា​សាក់​ត្រូវ​បាន​តម្រូវ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវតាម​ច្បាប់​ ​និង​បទ​ប្បញ្ញតិ ​ជាធរមាន​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​បទឧក្រិដ្ឋ​ផេ្ស​ង​ៗ​ ​។​
  2. ​ប្រា​សាក់​អាច​ចាត់វិធានការ​នានា​តាម​ឆន្ទា​នុសិទិ្ធ​របស់​ខ្លួន​ដើម្បី​គោរព​តាមច្បាប់​ ​និង​បទ​ប្បញ្ញាតិ​ជាធរមាន​ ​។​
  3. ​អតិថិជន​យល់ព្រម​ជាមួយ​ប្រា​សាក់​ថា​ ​ប្រា​សាក់​អាច​នឹង​ពន្យារពេល​ ​ឬ​បង្ខាំង​ទុក​ ​ឬ​បដិសេធ​មិន​ឱ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​ណាមួយ​ដោយ​មិន​មាន​ការទទួលខុសត្រូវ​ ​ប្រសិនបើ​ប្រា​សាក់​សង្ស័យ​ថា​៖​
   1. ​​ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឬ​ច្បាប់អន្តរជាតិ​
   2. ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​នោះ​អាច​នឹង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​និង​/​ឬ​ដោយប្រយោល​ទៅ​នឹង​ដំណើរការ​ ​ឬ​គោលបំណង​នៃ​ការប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ ​។
 24. ច្បាប់អនុវត្ត
  1. ​​រាល់​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​ត្រូវ​អនុវត្ត​ឱ្យ​ស្រប​តាមច្បាប់​ ​គោលការណ៍​និង​នីតិវិធី​របស់​ប្រា​សាក់​ ​។​
  2. ​​ប្រសិនបើ​លក្ខខណ្ឌ​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ ​មិន​អាច​អនុវត្ត​បាន​ ​ឬ​គ្មាន​សុពលភាព​ស្របតាម​ផ្លូវច្បាប់​ ​លក្ខខណ្ឌ​ទាំងនោះ​នឹង​អស់​សុពលភាព​ត្រឹម​ក​ម្រិ​ត​ដែល​លក្ខខណ្ឌ​នោះ​មិន​អាច​អនុវត្ត​បាន​ ​ឬ​អ​សុពលភាព​នៃ​លក្ខខណ្ឌ​នោះ​តែប៉ុណ្ណោះ​ ​ចំណែក​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​នៃ​លក្ខខណ្ឌ​ទូទៅ​នេះ​នៅតែ​បន្ត​មាន​សុពលភាព​អនុវត្ត​ដដែល​ ​។​
  3. ​រាល់​វិវាទ​ដែល​កើត​ចេញពី​ការ​បកស្រាយ​ខ្លឹមសារ​ផ្សេងគ្នា​រវាង​អតិថិជន​ (​ម្ចាស់​គណនី​) ​និង​ប្រា​សាក់​ ​គឺ​ត្រូវ​បកស្រាយ​ដោយអនុលោមទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​
  4. ​​រាល់​ផលិតផល​ ​និង​សេវាកម្ម​ទាំងអស់​របស់​ប្រា​សាក់​ ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ទូទៅ​នេះ​ ​។​ ​ក្នុង​ករណី​លក្ខខណ្ឌ​ទាំងឡាយ​ណា​ ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូទៅ​នេះ​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ​លម្អិត​ ​ឬ​លក្ខ​-​ខណ្ឌ​ជាក់លាក់​នៃ​ផលិតផល​នីមួយៗ​ ​នោះ​លក្ខខណ្ឌ​លម្អិត​ ​ឬ​លក្ខខណ្ឌ​ជាក់លាក់​របស់​ផលិតផល​នោះ​ត្រូវ​យក​ជាគោល​ ​។​
  5. ​​លក្ខខណ្ឌ​ទូទៅ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ភាសា​ខែ្ម​រ​ ​និង​អង់គ្លេស​ ​។​ ​ករណី​មាន​ចំណុច​ណាមួយ​រវាង​អត្ថបទ​ទាំងពីរ​មានន័យ​មិន​ស្រប​ ​ឬ​មិនស៊ីគ្នា​ ​នោះ​អត្ថបទ​ជា​ភាសា​រ​ខែ្ម​រ​ចាត់ទុកជា​ផ្លូវការ​ ​។​