អបអរសាទរ បេក្ខជនប្រមាណ 300 នាក់ បានក្លាយជាបុគ្គលិកប្រាសាក់ ក្នុងការជ្រើសរើសពិសេស “ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម”

គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ប្រាសាក់ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​និស្សិត និង​សាធារណជន ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ និង​ដាក់​ពាក្យ​បម្រើ​ការងារ​នៅ​ប្រាសាក់​ ក្នុង​ការ​ជ្រើស​រើស​​បុគ្គលិក​ជា​លក្ខណៈ​ពិសេស “​ដាក់​ពាក្យ​ភ្លាម សម្ភាសន៍​ភ្លាម​” កាលពី​ថ្ងៃ​ទី 16-17-18 ខែមិថុនា ឆ្នាំ 2018 សម្រាប់​តួ​នាទី​មន្ត្រី​ឥណទាន សម្រាប់​ម្រើការ​ងារ​នៅ​គ្រប់​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស កន្លង​មក​នេះ។

ជា​លទ្ធផល ប្រាសាក់ បាន​ទទួល​ប្រវត្តិរូប និង​ពាក្យ​បំ​ពេញ​ការ​ងារ​ពី​បេក្ខជន​សរុប​ប្រមាណ​ច្រើន​ជាង​ 500​ នាក់ ក្នុង​នោះ​បេក្ខជន​ចំនួន​ប្រមាណ 300 នាក់ បាន​ជាប់​ជាស្ថាពរ​ក្នុង​មុខ​តំណែង​ជា​មន្ត្រី​ឥណទាន។

អ្នក​ស្រី ឈន សុគន្ធា នាយិកា នាយក​ដ្ឋាន​បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​សាក់ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​ថ្លែង​អំណរគុណ​ដល់​បេក្ខជន​ទាំង​អស់ ដែល​បាន​ចាប់​អារម្មណ៍ និង​ដាក់​ពាក្យ​បម្រើ​ការ​ងារ​នៅ​ប្រាសាក់»។

អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «សម្រាប់​និស្សិត និង​សាធារណជន ដែល​បាន​ខកខាន​មិន​បាន​ចូល​រួម​ក្នុង​ការ​ជ្រើសរើស​លក្ខណៈ​ពិសេស​នេះ សូម​កុំ​អស់​សង្ឃឹម​! ត្រៀម​ដាក់​ពាក្យ និង​ចូល​រួម​សម្ភាសន៍ ក្នុង​ការ​ជ្រើសរើស​​បុគ្គលិក​ជាលក្ខណៈ​ពិសេស​វគ្គ​ទី 2 “​ដាក់​ពាក្យ​ភ្លាម សម្ភាសន៍​ភ្លាម​” សម្រាប់​តួ​នាទី មន្ត្រី​ឥណទាន និង​បេឡាធិការ​ នៅ​ពី​ថ្ងៃ​ទី 7 និង​ទី 8 ខែ​កក្កដា ឆ្នាំ​ 2018​ ខាង​មុខ​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​រួម​មាន ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ​ កោះ​កុង ព្រះ​សីហនុ​ កំពត​ និង​ខេត្ត​កំពង់ស្ពឺ»។

មាន​ឈ្មោះ​ជា «និយោជក​នៃ​ជម្រើស» ប្រាសាក់ តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​នៃ «ការ​មិន​រើសអើង» និង «បរិយាកាស​ល្អ» នៅ​ក្នុង​ការអនុ​វត្ត​ការ​ងារ។ ប្រាសាក់ បាន​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​បង្កើត​បរិយាកាសការ​ងារ​ដែល​ប្រកប​ដោយ​ភាព​រីក​រាយ ការ​លើក​ទឹក​ចិត្ត ភាពជា​អ្នក​ដឹក​នាំ និង​មាន​ឱកាស​ជា​ច្រើន​ដែល​​បុគ្គលិក​ម្នាក់​ៗអាចអភិវឌ្ឍសក្តានុពល​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ។

គិត​ត្រឹម​ដំណាច់ខែ​ឧសភា​ ឆ្នាំ​ 2018​ នេះ ប្រាសាក់​មាន​​បុគ្គលិក​សរុប​ចំនួន​ច្រើន​ជាង 7,000 នាក់ ក្នុង​នោះ​​បុគ្គលិក​បម្រើ​ការ​ងារ​ជា​មន្ត្រី​ឥណទាន​មាន​ចំនួន​ជិត​ 4,000​ នាក់ និង​បេឡាធិការ​មាន​ចំនួន​ជិត 1,200 នាក់ កំពុង​បម្រើ​ការ​ងារ​នៅ​តាម​បណ្ដា​ការិយាល័យ​ចំនួន 176 ទូ​ទាំង​ប្រទេស។ ប្រាសាក់​បាន​និង​កំពុង​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ដ៏​សម្បូរ​បែប​មាន​ជា​អាទិ៖​ សេវា​ឥណទាន ប្រាក់​បញ្ញើសន្សំ ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង សេវា​ម៉ា​ស៊ី​ន​ឆូតកាត សេវា​ធនាគារ​ចល័ត សេវា​អេធីអឹម សេវា​ទូទាត់​រហ័ស​ សេវា​បើក​ប្រាក់​បៀវត្ស​និង​សេវា​ផ្សេងៗ​ទៀត៕

អបអរសាទរ បេក្ខជនប្រមាណ 300 នាក់ បានក្លាយជាបុគ្គលិកប្រាសាក់ ក្នុងការជ្រើសរើសពិសេស “ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម”

អបអរសាទរ បេក្ខជនប្រមាណ 300 នាក់ បានក្លាយជាបុគ្គលិកប្រាសាក់ ក្នុងការជ្រើសរើសពិសេស “ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម”