ដំណឹងល្អ! អតិថិជន​ប្រាសាក់​ អាច​ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ចរន្តអគ្គិសនី​ទី​រួម​ខេត្ត​ក្រចេះ​ និង​ស្រុក​ស្នួល​ បាន​ដោយ​ខ្លួន​ឯង

ក្រចេះ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2018៖ ប្រាសាក់ ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ជម្រាប​ជូន​ សម្តេច​ ទ្រង់​ ឯកឧត្តម​ អ្នក​ឧកញ៉ា ​លោក​ជំទាវ ​លោក ​លោកស្រី​ នាង​កញ្ញា ​មេត្តា​ជ្រាប​ថា ​ឥឡូវ​នេះ ​ប្រាសាក់​ផ្តល់​ជូន​សេវា​ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ចរន្ត​អគ្គិសនី​នៅ​ទីរួមខេត្ត​ក្រចេះ ​និង​ទី​រួម​ស្រុក​ស្នួល​។ អតិថិជន​ប្រាសាក់​ទាំង​អស់​អាច​ធ្វើ​ការ​ទូទាត់​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​នេះ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ម៉ាស៊ីន​អេធីអឹម​ និង​ម៉ាស៊ីន​ឆូតកាត​ប្រាសាក់​បាន​យ៉ាងងាយ​ស្រួល គ្រប់​ពេលវេលា ​និង​ទី​កន្លែង។

លោក​ សាយ ​សូនី ​នាយក​ប្រតិបត្តិគ្រប់គ្រង​ទីផ្សារ ​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ​បាន​មាន​ប្រសាសន៍ថា​ «នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រាសាក់​ ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ទូទាត់វិក្កយបត្រ​អគ្គិសនី​យ៉ាង​សម្បូរ​បែប​ និង​ទូលំទូលាយ​។ យើង​កំពុង​ព្យាយាម​ពង្រីក​វិសាល​ភាព​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​នេះ ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​។ ​រហូត​មក​ដល់​ពេល​នេះ​ ប្រាសាក់​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល ខេត្ត​កំពត​ និង​ស្រុក​កំពង់​ត្រាច​។ ហើយ​យើង​ពិត​ជា​មាន​សេចក្តី​រីករាយ​ដែល​បាន​បន្ថែម​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ខេត្ត​ក្រចេះ ​និង​ស្រុក​ស្នួល​ក្នុង​បញ្ជី​នៃ​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​របស់​ប្រាសាក់»​។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា «សេវា​ទូទាត់​វិក្កយបត្រ​ប្រាសាក់​នេះ ​បាន​និង​កំពុង​ចូលរួម​ជួយ​កាត់​បន្ថយ​ភាព​មមាញឹក​របស់​ប្រជាជន​យ៉ាង​ច្រើន​ ដោយ​ការ​ធ្វើការ​ទូទាត់​វិក្កយបត្រ​ដោយ​ខ្លួន​ឯង តាម​រយៈ​សេវាធនា​គារចល័ត​ ម៉ាស៊ីន​អេធីអឹម​ប្រាសាក់ នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេលវេលា​»។

អំពី​ប្រាសាក់​

ប្រាសាក់ ​ជា​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​និង​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីកចម្រើន​រួមមាន​ សេវាឥណទាន​ ប្រាក់​បញ្ញើសន្សំ​ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​ ផ្ទេរប្រាក់​ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ ​បើក​ប្រាក់​បៀ​វត្ស សេវា​ទូទាត់​រហ័ស​ ម៉ាស៊ីន​ឆូតកាត​ សេវា​ធនាគារ​ចល័ត​ និង​ម៉ាស៊ីន​អេធី​អឹម នៅ​ទូទាំង​ប្រទេស។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ទាក់​ទង​យើង​ខ្ញុំតាម​លេខ​ទូរស័ព្ទ ​086 999 911 ឬ 023 999 911 ឬ www.prasac.com.kh