ខេត្តបន្ទាយមានជ័យ៖ ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជានិងជាបុត្រសម្ព័ន្ធរបស់ធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រះនេត្រព្រះ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី 5 ខែមករា ឆ្នាំ 2023 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាន។ អគារបណ្ណាល័យនេះ ឧបត្ថម្ភថវិកាដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាភិបាលខេត្តបន្ទាយមានជ័យ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក គីម ហ្យន់ជុង គណៈគ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារគូកមីន ប្រទេសកូរ៉េខាងត្បូង និង លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ពិធីនេះក៏មានការចូលរួមផងដែរពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីមតិស្វាគមន៍និងរបាយការណ៍របស់ លោក ប៊ូន លាងផេង អភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះរួចមក លោក គីម ហ្យន់ជុង បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនៅព្រះនេត្រព្រះនេះធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម តាមរយៈការចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្សដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលប្រាសាក់បានធ្វើប្រតិបត្តិការ និងដើម្បីជាការតបស្នងចំពោះការគាំទ្រ និងប្រើប្រាស់ផលិតផលនិងសេវាប្រាសាក់។ សម្រាប់ខេត្តបន្ទាយមានជ័យ ប្រាសាក់បានផ្ដល់អគារបណ្ណាល័យចំនួន 02 ខ្នង រួមមាន សាលាបឋមសិក្សា បន្ទាយនាង ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី និងសាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រះនេត្រព្រះ ដែលយើងកំពុងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ អគារបណ្ណាល័យនេះបំពាក់ទៅដោយសម្ភារៈបរិក្ខារ សៀវភៅនិងឯកសារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបណ្ណារក្ស ស្របតាមបទដ្ឋានបណ្ណាល័យក្រសួងអប់រំ យុវជន និងកីឡា។ លោកបានលើកឡើងពីសារៈសំខាន់នៃការអានដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនិងការកសាងប្រទេសកូរ៉េខាងត្បូងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យសិស្សានុសិស្សកម្ពុជា ចាប់យកទម្លាប់នៃការអានសៀវភៅឱ្យបានផុសផុល ដោយចាប់ផ្ដើមពីការអាននៅក្នុងបណ្ណាល័យ។ លោកក៏បានបន្ថែមដោយសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធបន្តការគាំទ្រប្រាសាក់តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើនក្នុងការជួយដល់សង្គមជាតិកម្ពុជា។
លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលបានផ្ដល់មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍគម្រោងបណ្ណាល័យ ហើយប្រាសាក់ជាដៃគូដ៏ល្អក្នុងការលើកកម្ពស់វិស័យអប់រំ។ លោកបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញការអានឱ្យបានច្រើនផុសផុល ដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅធ្វើឱ្យយើងមានចំណេះដឹងដើម្បីកសាងជីវភាពឱ្យបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះ មាតាបិតាសិស្សត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយ កុំបោះបង់ចោលការសិក្សា និងត្រូវខិតខំអានសៀវភៅ ហើយទាំងអស់គ្នាត្រូវជួយថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការអប់រំ ជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិយើងឱ្យរីកចម្រើនក្រោមម្លប់សន្តិភាពដ៏ផូរផង់ ហើយការអភិវឌ្ឍអាចដំណើរការទៅបានក៏ដោយសារតែមានការចូលរួមពីរដ្ឋ ឯកជន និងប្រជាពលរដ្ឋផងដែរ។ ជាក់ស្ដែង ពេលនេះ ឯកឧត្ដមសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងធនាគារធនាគារ គូកមីន ដែលបានជួយផ្តល់បណ្ណាល័យ ជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រះនេត្រព្រះ នេះ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សា ស្រាវជ្រាវរៀនសូត្រ ក្រេបយកនូវចំណេះវិជ្ជា ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិយើង។ ឯកឧត្ដមបានបន្តទៀតថា អគារបណ្ណាល័យ នឹងជួយប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ទទួលបាននូវចំណះដឹងបន្ថែមតាមរយៈការអាន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យក្លាយទៅជាសិស្សដ៏ពូកែ ជាគ្រាប់ពូជដ៏ល្អ ជាទំពាំងស្នងប្ញស្សីដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើងទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងការអភិវឌ្ឍយូរអង្វែង។ ឯកឧត្ដមក៏បានសូមសំណូមពរឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល មេត្តាចូលរួមថែរក្សាសមិទ្ធផលអគារបណ្ណាល័យនេះឱ្យបានល្អគង់វង្ស ដើម្បីអាចប្រើប្រាស់រាប់ជំនាន់យូរអង្វែងតទៅមុខទៀត និងសូមចូលរួមធ្វើចលនាជំរុញឱ្យមានការអានទាំងអស់គ្នា ទាំងក្នុងថ្នាក់រៀនក្ដី នៅតាមសហគមន៍ក្ដី និងត្រូវប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ 2022 នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់ចំនួន 44 អគារគ្របដណ្តប់លើភូមិចំនួន 476 ភូមិ ដែលមានចំនួនគ្រួសារសរុប 104,901 គ្រួសារ មានប្រជាជនសរុបចំនួន 431,034 នៅក្នុង 13 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប និងពោធិ៍សាត់ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 142,884 នាក់។
អំពីប្រាសាក់
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប និងបម្រើតាមសេចក្តីត្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជន មានជាអាទិ៍ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ឆ្លងធនាគារ ទូទាត់តាមរយៈ KHQR Code សេវាប្រាសាក់ម៉ូបាលប៊ែងឃីង ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងកាកសំណល់រឹង បង់ថ្លៃសិក្សា ទិញកាតទូរស័ព្ទពីគ្រប់ប្រព័ន្ធ និងសេវាហិរញ្ញវត្ថុដទៃផ្សេងទៀត។