សេវា​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដោយ​ស្វ័យ​ប្រវត្តិ​របស់​ប្រាសាក់ ធ្វើ​ឱ្យ​លោក​អ្នកងាយ​ស្រួល

ភ្នំពេញ ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2018 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា បាន​ធ្វើ​ទំនើបកម្មលើ​សេវា​បញ្ចូលទឹក​ប្រាក់​ក្នុងទូរស័ព្ទ ពី​ការ​ប្រើប្រាស់​លេខកូដក្នុងការបញ្ចូលទឹកប្រាក់ទៅ​ជា​ការ​បញ្ចូលទឹកប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ ​ដោយ​មិនចាំបាច់​ប្រើ​លេខ​កូដ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អតិថិជន និងសាធារណជន។ ​ដូច្នេះអតិថិជនអាចបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​បានយ៉ាងងាយ​ស្រួល​និងភ្លាមៗ ដោយ​មិនចាំ​បាច់​វាយ​បញ្ចូល​លេខ​កូដទៀតឡើយ។

សេវា​បញ្ចូល​ទឹក​ប្រាក់នេះ ជាប្រភេទ​ស្វ័យ​សេវា ដែលអតិថិជន​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដោយ​ផ្ទាល់ តាមរយៈ​​សេវា​ធនាគារ​ចល័ត និងអេធីអឹមប្រាសាក់។ គ្រប់​អតិថិជន​ទាំងអស់​អាច​រីករាយ​នឹង​សេវានេះ​ទូទាំង​កម្ពុជា គ្រប់ពេល​វេលា 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុង​មួយ​សប្ដាហ៍។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​មាន​ប្រសាសន៍ថា «ប្រាសាក់​ តែងតែ​ផ្ដល់ជូន​នូវដំណោះស្រាយដែល​ធ្វើ​ឱ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល និងភាព​រីករាយ។ ខ្ញុំ​សង្ឃឹម​ថា អតិថិជន​នឹងអាច​ប្រើប្រាស់​សេវានេះ​ដោយងាយ​ស្រួល និង​​រីករាយ​»។

លោក សូនី បានបន្ថែមថា ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់អាចធ្វើការប្រើសេវាការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិសម្រាប់ប្រព័ន្ធទូរស័ព្ទក្រុមហ៊ុន Smart ពីប្រាសាក់ដោយមិនចាំបាច់ចំណាយពេលធ្វើ​ដំណើរក្នុងការទិញកាតទូរស័ព្ទសម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទទៀតឡើយ។ ហើយ ប្រាសាក់​នឹង​នាំ​យក​ប្រព័ន្ធ​ទូរស័ព្ទក្រុមហ៊ុនផ្សេងបន្ថែមទៀតមក​បំពេញ​តម្រូវការ​អតិថិជនក្នុង​ពេល​ឆាប់ៗ​នេះ។

សូមបញ្ជាក់ថា ប្រាសាក់ ផ្ដល់សេវា​ទិញកាតទូរស័ព្ទដោយប្រើលេខ​កូដ សម្រាប់​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ ដូចជា Smart, Cellcard, QB និង CooTel ។ ដោយឡែក សម្រាប់ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃដោយផ្ទាល់ដោយ​មិន​បាច់​ប្រើ​លេខកូដ គឺមានតែ​សម្រាប់ប្រព័ន្ធ Smart ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.prasac.com.kh/services/phone-top-up ឬទាក់ទងតាមទូរស័ព្ទ 023 999 911 ឬ 086 999 911 ។

សេវា​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដោយ​ស្វ័យ​ប្រវត្តិ​របស់​ប្រាសាក់ ធ្វើ​ឱ្យ​លោក​អ្នកងាយ​ស្រួល