ប្រា​សាក់​ ក្លាយជា​សមាជិក​ថ្មី​របស់​ប្រព័ន្ធ​ទូទាត់​បាគង​

ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗនេះ​ ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​ក្លាយជា​សមាជិក​ថ្មី​នៃ​ប្រព័ន្ធ​បាគង​ ដែល​ជា​កម្មវិធី​ទូទាត់​នៅ​លើ​ទូរស័ព្ទ​ដៃ​ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​អន្តរ​ធនាគារ​ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​នៅ​កម្ពុជា​។

ផ្ដួចផ្ដើម​ឡើង​និង​ចាត់ចែង​ដោយ​ធនាគារជាតិនៃកម្ពុជា​ គម្រោង​ប្រព័ន្ធ​បាគង​នេះ​ មាន​គោលបំណង​ជំរុញ​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​លើក​កម្ពស់​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «ប្រា​សាក់​ពិតជា​មាន​កិត្តិយស​និង​សប្បាយរីករាយ​ដែល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​បាគង​របស់​ធនាគារជាតិនៃកម្ពុជា​។ នេះ​ជា​កម្មវិធី​ទូទាត់​នៅ​លើ​ទូរស័ព្ទ​ដៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain​ ដែល​នឹង​ពាំនាំ​រាល់​គ្រឹះស្ថាន​ដែល​ផ្ដល់​សេវា​ទូទាត់​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ស្ថិតនៅ​ប្រព័ន្ធ​តែមួយ​ ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​ព្រមទាំង​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ប្រចាំថ្ងៃ​ផង​ដែរ​»។លោក​បន្ថែម​ថា​ «បាគង​ ជា​សេវា​ទូទាត់​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​អន្តរ​ធនាគារ​ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​ លឿន​រហ័ស​ ប្រកបដោយ​សុវត្ថិភាព​ និង​មិន​អស់​កម្រៃ​សេវា​។ ហេតុនេះ​អតិថិជន​អាច​រីករាយ​ប្រើប្រាស់​សេវា​នេះ​ក្នុង​ការផ្ទេរ​ប្រាក់​ ទូទាត់​ ដាក់​ប្រាក់​ និង​ទទួល​ប្រាក់​ដោយ​ងាយស្រួល​»។

លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ បាគង​ គឺជា​កម្មវិធី​ទូរស័ព្ទ​តែមួយគត់​ ដែល​រួមបញ្ចូល​គ្នា​នូវ​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ ការ​ទូទាត់​តាម​ទូរស័ព្ទចល័ត​ ការ​ធ្វើ​សេវា​ធនាគារ​តាម​អន​ឡាញ​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងទៀត​ ដែល​មានមុខ​ងារ​ងាយស្រួល​ប្រើ​ជាងគេ​ ដំបូង​គេ​ និង​មាន​ធនាគារ​ជា​ដៃគូ​ច្រើនជាង​គេ​បង្អស់​នៅ​កម្ពុជា​។

លោក​ សាយ​ សូ​នី​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ទូទាត់​ដ៏​អស្ចារ្យ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ព្រមទាំង​ជា​យាន​ក្នុង​ការ​អូសទាញ​កំណើន​យ៉ាង​រឹងមាំ​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​។លោក​ក៏បាន​បញ្ជាក់​ទៀត​ថា​ គម្រោង​បាគង​នេះ​ គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​នានា​ដែល​ប្រា​សាក់​បាន​សហការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់តែ​មានប្រសិទ្ធភាព​ ដូចជា​សេវា​ទូទាត់​រហ័ស​ និង​ខេម​បូ​ឌាន​ ស៊ែ​រ ស្វ៊ី​ច ជាដើម​។

សូម​ដោន​ឡូដ​យក​កម្មវិធី​ បាគង​ ឥឡូវនេះ​ពី​ក្នុង​ App​ Store​ (https​://apps.apple.com​/us​/app​/bakong​/id1440829141​) ឬ Play​ Store​ (https​://play.google.com​/store​/apps​/details​?id​=jp.co.soramitsu.bakong​) និង​រីករាយ​ជាមួយ​មធ្យោបាយ​ថ្មី​នៃ​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ នៃ​យុគសម័យ​ថ្មី​ដោយ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​។