ប្រាសាក់ បន្តផ្តល់អគារបណ្ណាល័យចំនួន 10 បន្ថែមទៀតក្នុងឆ្នាំ 2019

ប្រា​សាក់​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​បំពេញការងារ​សង្គម​យ៉ាង​អស្ចារ្យ​ដោយ​បាន​ចំណាយ​មូលនិធិ​ប្រា​សាក់​ដើម្បី​សាងសង់​អគារ​បណ្ណាល័យ​រហូតដល់​ ​40​ អគារ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ប្រា​សាក់​បាន​និង​កំពុង​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 10​ ខ្នង​ ក្នុង​ឆ្នាំ​ 2019​ នេះ​។ កាយវិការ​ដ៏​ល្អប្រពៃ​នៃ​ការ​ផ្ដល់​អគារ​បណ្ណាល័យ​ទាំងនេះ​គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន​ និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

លោក​ សាយ​ សូ​នី​ នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ «ដោយមាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន​ លើកកម្ពស់​វិស័យ​អប់រំ​ និង​ពិសេស​គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗជំនាន់​ក្រោយ​ ក្នុង​ឆ្នាំ​ 2019​ នេះ​ ប្រា​សាក់​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ 10​ បន្ថែម​ទៀត​ ជូន​ដល់​បណ្ដាសា​លា​រៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​យើង​ ដោយ​រួមបញ្ចូល​ទាំង​ការសាងសង់​អគារ​បណ្ណាល័យ​ ការ​បំពាក់​សៀវភៅ​សិក្សា​គោល​ បំណិន​ជីវិត​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ឯកសារ​ សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ផង​ដែរ​»។

លោក​ សូ​នី​ បន្ត​ថា​ «ជួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ យើងខ្ញុំ​សូម​ជូន​អគារ​បណ្ណាល័យ​ដ៏​ល្អ​នេះ​ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​ការ​ជួយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន​ លើកកម្ពស់​វិស័យ​អប់រំ​ និង​ពិសេស​គឺ​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗជំនាន់​ក្រោយ​។ យើងខ្ញុំ​សង្ឃឹមថា​ សិស្សានុសិស្ស​នៅ​តាម​បណ្ដាសា​លា​រៀន​ខាងលើ​ នឹង​រីករាយ​សិក្សា​រៀនសូត្រ​ បង្កើន​សមត្ថភាព​អំណាន​តាមរយៈ​បណ្ណាល័យ​ដែល​ប្រា​សាក់​ផ្ដល់​ជូន​នេះ​»។

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ទទួលយក​ការ​ផ្តល់​អគារ​បណ្ណាល័យ​ពី​ប្រា​សាក់​ លោក​ ហោង​ ហាក់​ នាយក​សាលាបឋមសិក្សា​ ស្វាយមាស​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រឹះស្ថាន​មី​ក្រូ​ហិ​រញ​វត្ថុ​ ប្រា​សាក់​ ដែល​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​ តាមរយៈ​ការ​ផ្តល់​មូលនិធិ​កសាង​សង់​អគារ​បណ្ណាល័យ​ជូន​ដល់​សាលាបឋមសិក្សា​ស្វាយមាស​។ លោក​បាន​ជូនពរ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​ និង​សូម​បន្ត​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។

ចំណែក​ឯលោក​ សយ​ យ៉ែន​ នាយក​អនុវិទ្យាល័យ​ បឹងខ្នារ​ វិញ​ ក៏បាន​លើកឡើង​ផង​ដែរ​ពី​ក្ដី​រំភើប​រីករាយ​នៅពេល​ដែល​ប្រា​សាក់​បាន​សាងសង់​អគារ​បណ្ណាល័យ​ដល់​សាលារៀន​របស់​លោក​។ លោក​បញ្ជាក់​ថា​នេះ​ជាអំណោយ​ដ៏​ថ្លៃថ្លា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ និង​ជា​ការ​ចូល​រូ​មដ៏​ធំធេង​ក្នុង​សង្គម​របស់​ប្រា​សាក់​។ តាមរយៈ​អគារ​បណ្ណាល័យ​នេះ​ លោក​ជឿជាក់​ថា​សិស្សានុសិស្ស​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នេះ​ នឹង​មានលទ្ធភាព​កាន់តែ​ទូលំទូលាយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​ បង្កើន​សមត្ថភាព​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​។

សូម​បញ្ជាក់​ថា​ ​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ធនាគារជាតិនៃកម្ពុជា​ ប្រា​សាក់​ សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក្នុង​កិច្ច​ដំណើរការ​ការងារ​បណ្ណាល័យ​នេះ​តាំងពី​ឆ្នាំ​ 2011​មក​ម្លេះ​ ​ដែល​បាន​ផ្តល់​បណ្ណាល័យ​ចំនួន​ 40​ មាន​សិស្ស​ដែល​ទទួលផល​ចំនួន​ 78,266​ រួមបញ្ចូល​ទាំង​ការ​បណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស​ និង​ការ​គាំទ្រ​គម្រោង​ផង​ដែរ​។

សាលា​ដែល​ទទួល​បាន​ អគារ​បណ្ណាល័យ​ទាំង​ 10​ នោះ​រួមមាន​ទីតាំង​ស្ថិតនៅ​៖

  • 1. វិទ្យាល័យ​កំពង់ស្ពឺ​ ស្ថិត​ក្នុង​ភូមិ​អង្គ​សិរី​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ
  • 2. សាលាបឋមសិក្សា​ត្រែងត្រយឹង​ ស្ថិត​ក្នុង​ភូមិ​ទី​ 4 ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ ​
  • 3. សាលាបឋមសិក្សា​បន្ទាយនាង​ ស្ថិត​ក្នុង​ភូមិ​បន្ទាយនាង​ ឃុំ​បន្ទាយនាង​ ស្រុក​មង្គលបុរី​ ខេត្ត​បន្ទាយមានជ័យ​
  • 4. សាលាបឋមសិក្សា​សំរោង​ ស្ថិត​ក្នុង​ភូមិ​ចេក​ ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​
  • 5. សាលាបឋមសិក្សា​-អនុវិទ្យាល័យ​ បឹងខ្នារ​ ស្ថិត​ក្នុង​ភូមិ​បឹងខ្នារ​ ឃុំ​បឹងខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​
  • 6. សាលាបឋមសិក្សា​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​ ដំណាក់ចង្អើរ​ ស្ថិត​ក្នុង​ភូមិ​ដំណាក់ចង្អើរ​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប​
  • 7. សាលាបឋមសិក្សា​-អនុវិទ្យាល័យ​ ម្រាម​ ស្ថិត​ក្នុង​ភូមិ​ម្រាម​ខាងត្បូង​ ឃុំ​ម្រាម​ ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​
  • 8. សាលាបឋមសិក្សា​-អនុវិទ្យាល័យ​ ហ៊ុន​ សែន​ ភូមិធំ​ថ្កូវ​ ស្ថិត​ក្នុង​ភូមិធំ​ ឃុំ​ថ្កូវ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​
  • 9- សាលាបឋមសិក្សា​-អនុវិទ្យាល័យ​ ព្រៃស្វាយ​ ស្ថិត​ក្នុង​ភូមិ​ព្រៃស្វាយ​ ឃុំ​ព្រៃស្វាយ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​
  • 10​. សាលាបឋមសិក្សា​ ស្វាយមាស​ ស្ថិត​ក្នុង​ភូមិ​ស្វាយមាស​ ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្ដាល​