ប្រាសាក់​ បន្ត​ចូល​រួម​លើក​កម្ពស់​វប្បធម៌​នៃ​ការ​អាន​ តាម​រយៈ​ការ​សម្ពោធ​អគារ​បណ្ណាល័យ​ទី 23​

ខេត្ត​តាកែវ​ សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ ព្រៃ​យុថ្កា​ គឺ​ជា​សាលា​រៀន​ទី​ 23​ ហើយ​ ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​អគារ​បណ្ណាល័យដ៏​ស្រស់​ស្អាត​ពី​ ប្រាសាក់។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ អ៊ុំ សមអឿន​ អនុប្រធាន​នាយកប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​បណ្ណាល័យ​ខាង​លើ​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​តាផាន់​ ឃុំ​ព្រៃយុថ្កា​ ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ 9​ ខែ​កុម្ភៈ​ ឆ្នាំ​ 2018​ កន្លង​ទៅ​នេះ។​

ពិធី​សម្ពោធ​សមិទ្ធផល​ដ៏​មាន​សារៈ​សំខាន់សម្រាប់​វិស័យ​អប់រំ​មួយ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​​យ៉ាង​អធិកអធម​ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម​ ឈិត សុខុន​ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ដោយ​មាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​, លោកស្រី​ គា សុភូ​ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​, លោក​បណ្ឌិត​ ម៉ុក សារ៉ុម​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោកស្រី​ សារី ផល្លី​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​តាកែវ។​ កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ផង​ដែរ​ពី​ អាជ្ញាធរ​ដែន​ដី​ សិស្សា​នុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មាតា​បិតា​ អាណា​ព្យាបាល​សិស្ស​ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ក្នុង​សហគមន៍។​

លោក​ អ៊ុំ សមអឿន​ បាន​បញ្ជាក់​ថា៖​ «​ប្រាសាក់​ សម្រេច​ផ្ដល់​អគារ​បណ្ណាល័យ​នេះ​ដល់​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ ព្រៃ​យុថ្កា​ ដោយ​ពិនិត្យ​ឃើញ​ថា​ ឃុំ​ព្រៃយុថ្កា​ មាន​ប្រវត្តិ​​យូរ​អង្វែង​មក​ហើយ​ជា​មួយ​ប្រាសាក់​ តាំង​ពី​ឆ្នាំ​ 1995​ ដែល​កាល​នោះ​ប្រាសាក់​បាន​អនុវត្ត​គម្រោង​ជីក​ប្រលាយទឹក​សម្រាប់​ឲ្យ​ប្រជាជន​បាន​ប្រើប្រាស់​រហូត​ដល់​ពេល​បច្ចុប្បន្ន។​ ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​ឃុំ​ព្រៃ​យុថ្កា​ជា​ឃុំ​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​ដែល​បាន​គាំទ្រ​ការ​ប្រើប្រាស់​សេវាប្រាក់​កម្ចី​របស់​ប្រាសាក់។​ ហេតុ​នេះ​ ប្រាសាក់​ ដែល​ជា​ស្ថាប័នតែង​គិត​គូរ​ពី​ការងារ​សង្គម​ ក៏​បាន​តប​ស្នង​ទៅ​សហគមន៍​វិញ​ តាម​រយៈ​អំណោយ​ជា​អគារ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​នេះ​»។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អគារ​បណ្ណាល័យ​នៅ​សាលាបឋម​សិក្សា​និង​អនុវិទ្យាល័យ​ ព្រៃ​យុថ្កា​ នេះ​ មាន​ទំហំ​ 9​ ម៉ែត្រ​ គុណ​នឹង​ 12​ ម៉ែត្រ​ សង់​ផុត​ពី​ផ្ទៃ​ដី​ បាន​ដំណើរ​សាងសង់​ចាប់​ពី​ថ្ងៃ​ទី​ 26​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​ 13​ ខែ​វិច្ឆិកា​ ឆ្នាំ​ 2017​ ដោយ​ប្រើប្រាស់​ថវិកា​សម្រាប់​សាងសង់​ បំពាក់​សម្ភារ​និង​ឯកសារ​ បណ្តុះ​បណ្តាល​បណ្ណារក្ស​ និង​គាំទ្រ​គម្រោង​រយៈ​ពេល​៣​ឆ្នាំ​ អស់​ចំនួន​ 141,222,334​ រៀល​ ឬ​សមមូល​នឹង​ 34,982​ ដុល្លារ​អាមេរិក​ ក្រោម​កិច្ច​សហការ​លើ​គម្រោង​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​ និង​វប្បធម៌​នៃ​ការ​អាន​ឲ្យ​មាន​ការ​រីក​ចម្រើន។

គិត​ត្រឹម​ឆ្នាំ​ 2018​ ប្រាសាក់​បាន​ផ្តល់​អគារ​បណ្ណាល័យ​សរុប​ រហូត​ដល់​ 25​ ខ្នង ដែល​បាន​ចំណាយ​ថវិកា​ច្រើន​ជាង​ 738​ ពាន់​ដុល្លារ​អាមេរិក​ (សាង​សង់​និង​បំពាក់​សម្ភារ​រួច​រាល់​មាន​ 23​ ខ្នង និង​ 2​ ខ្នង​កំពុង​បំពាក់​សម្ភារ​)។​ គម្រោង​បណ្ណាល័យ​ប្រាសាក់​ គ្រប​ដណ្ដប់​ចំនួន​ 292​ ភូមិ​ ដែល​មាន​ចំនួន​ 59,299​ គ្រួសារ​ និង​ប្រជាពលរដ្ឋ​ 273,727​ ជូន​ដល់​សាលារៀន​នៅ​បណ្តា​ខេត្ត​ចំនួន​ 9 រួម​មាន​ កំពង់​ស្ពឺ​ កំពង់​ចាម​ កណ្តាល​ ព្រៃវែង​ កំពង់​ធំ​ សៀមរាប​ តាកែវ​ ព្រះវិហារ​ និង​ខេត្តបាត់ដំបង​ ដោយ​មាន​អ្នក​ទទួល​ផល​ផ្ទាល់​ជា​សិស្ស​ចំនួន​ 15,607 នាក់​ និង​ លោកគ្រូ​អ្នកគ្រូ​ចំនួន​ 581​ នាក់។​

លោកស្រី​ សារី ផល្លី​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​តាកែវ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ថ្លៃ​ថ្លា​នេះ​សម្រាប់​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​ខេត្ត​ ហើយ​បាន​សំណូម​ពរ​ឲ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាជន​ក្នុង​សហគមន៍​ចូល​រួម​ថែរក្សា​ និង​ប្រើ​ប្រាស់​ឲ្យ​លទ្ធភាព​ក្នុង​ការ​ចូល​អាន​ក្នុង​បណ្ណាល័យ។​

ដោយ​ឡែក​ លោក​បណ្ឌិត​ ម៉ុក សារ៉ុម​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​អប់រំ​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​អាន​នៅ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​សិក្សា​រៀន​សូត្រ​គឺ​ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​ជីវិត​ តាម​រយៈ​ការ​អាន​សៀវភៅ​ជា​ប្រចាំ​ មិន​មែន​គ្រាន់​តែ​ការ​រៀន​នៅ​សាលា​តែ​មួយ​នោះ​ទេ។​ ហេតុ​នេះ​ការ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​តាំង​ពី​តូច​ដល់​កុមារ​ តាម​រយៈ​បណ្ណាល័យ​នេះ​ ពិត​ជា​មាន​សំខាន់​ណាស់។​

ថ្លែង​ក្នុង​ឱកាស​នេះ​ ឯក​ឧត្ដម​ ឈិត សុខុន​ បាន​សម្ដែង​នូវ​ក្ដី​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រាសាក់​ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ​ និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឲ្យ​គម្រោង​នេះ​លេច​ជា​រូប​រាង​ឡើង។​ អគារ​បណ្ណាល័យ​នេះ​ ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​ ដែល​សិស្សា​នុសិស្ស​នៅ​ក្នុង​ឃុំ​ព្រៃ​យុថ្កា​នេះ​ បាន​ទទួល​ ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​ទុក​ជា​ទុន​កសាង​ខ្លួន​ គ្រួសារ​ សហគមន៍​ និង​ប្រទេស​ជាតិ។

ឯកឧត្ដម​បន្ត​ថា​ ការ​រៀន​សូត្រ​ មិន​ថា​នៅ​ទី​កន្លែង​ណា​ទេ​ គឺ​អាច​រៀន​បាន​ទាំងអស់។​ បើ​រៀន​នៅ​សាលា​មិន​គ្រប់​ ត្រូវ​រៀន​នៅ​ផ្ទះ​បន្ថែម​ ហើយ​ត្រូវ​ស្រាវជ្រាវ​ និង​អាន​បន្ថែម​នៅ​បណ្ណាល័យ​ នោះ​នឹង​ធ្វើ​ឲ្យ​សិស្សានុសិស្ស​កាន់​តែ​ឆ្លាត​ កាន់​តែ​មាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត។​

ឯកឧត្ដម​ ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ខ្លាំង​ពូកែ​ ហើយ​យក​ចំណេះ​ដឹង​មក​ជួយ​កសាង​សហគមន៍​ឃុំ​ព្រៃ​យុថ្កា​ឲ្យ​បាន​រីក​ចម្រើន​ និង​ចូល​រួម​ថែរក្សា​បណ្ណាល័យ​នេះ​ឲ្យ​បាន​គង់​វង្ស​ច្រើន​ជំនាន់​ទៅ​មុខ។​

អំពី​ប្រាសាក់​
ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​និង​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា​ ដែល​ក្នុង​នោះ​រួម​មាន​ សេវា​ឥណទាន​ ប្រាក់​បញ្ញើសន្សំ​ ទូទាត់​វិក្កយបត្រទឹក​-ភ្លើង​ ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ បើក​ប្រាក់​បៀវត្ស​ សេវា​ទូទាត់​រហ័ស​ អេធីអឹម​ សេវា​ធនាគារ​ចល័ត​ ម៉ាស៊ីន​ឆូត​កាត​ និង​សេវា​ផ្សេងៗ​ ជា​មួយ​នឹង​បណ្តាញ​ការិយាល័យ​ចំនួន​ 176​ ទី​តាំង​ និង​ បាន​បំពាក់​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 128​ គ្រឿង​ នៅ​ទូទាំង​ប្រទេស។​

ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវា​ហិរញ្ញវត្ថុ​ ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូច​ជា​ សាង​សង់​អគារ​បណ្ណាល័យ​ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប​ ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​​ ចូលរួម​បរិច្ចាគ​ឈាម​ និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​។ល។​

គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​ 2017​ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​ចំនួន​ 1,755​ លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​មាន​ចំនួន​ប្រមាណ​ជាង​ 915​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​សេវា​បញ្ញើ​សន្សំ​ចំនួន​ជាង​ 538​ ពាន់​នាក់​ សំពៀត​ឥណទាន​មាន​ចំនួន​ជាង​ 1,548​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​សេវា​ឥណទាន​ចំនួន​ជាង​ 390​ ពាន់​នាក់​ ព្រម​ជា​មួយនឹង​បុគ្គលិក​ទូទាំង​ប្រទេស​ចំនួន​ជាង​ 7,000​ នាក់។​