ប្រាសាក់ ឧបត្ថម្ភថវិកាចំនួន 200 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី157 ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ភ្នំពេញ៖ ដូចសព្វដងនិងជាថ្មីម្តងទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 200 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 157 ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2020 ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម។ ស្របទៅនឹងទស្សនៈវិស័យ និងទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន ក្រៅពីឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ19 សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម»។

លោក សាយ សូនី បានបន្ថែមថា «ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការឧបត្ថម្ភថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយជួយដល់ជនងាយរងគ្រោះបន្ថែមទៀត»។

អំពីប្រាសាក់

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិការ 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់តាមប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.prasac.com.kh