ប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ អគារបណ្ណាល័យទី៣១ នៅវិទ្យាល័យកំពង់ស្ពឺ

កំពង់ស្ពឺ៖ កាល​ព្រឹក​ថ្ងៃសៅរ៍​ ​ទី​ ​12​ ​ខែមករា​ ​ឆ្នាំ​ ​2019​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ធ្វើពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​បណ្ណាល័យ​មួយ​ខ្នង​ ​នៅ​វិទ្យាល័យ​កំពង់ស្ពឺ​ ​ស្ថិត​ក្នុង​ភូមិ​អង្គ​សិរី​ ​សង្កាត់​រកាធំ​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​គោលបំណង​បន្ត​ចូលរួម​ជំរុញ​ការ​អាន​ ​និង​លើកកម្ពស់​វិស័យ​អប់រំ​។​ ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​បណ្ណាល័យ​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​ហុក​ ​ម៉ា​រ៉ា​ឌី​ ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ច្បារមន​,​ ​លោក​ ​សាម​ ​មាលី​ ​ប្រធាន​ការិយាល័យ​មធ្យមសិក្សា​ ​មន្ត្រី​អ្នកមុខអ្នកការ​ ​ថ្នាក់ដឹកនាំ​របស់​ប្រា​សាក់​ ​និង​ថ្នាក់​គ្រប់គ្រង​សាលា​ផង​ដែរ​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ប្រា​សាក់​ ​មាន​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្ដល់​មូលនិធិ​សាងសង់​បណ្ណាល័យ​ ​សម្រាប់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​កំពង់ស្ពឺ​ ​អាច​ក្រេប​យកចំណេះ​ដឹង​ថ្មី​ៗ​ ​ល្អ​ៗ​ ​តាមរយៈ​ការ​អាន​។​ ​បណ្ណាល័យ​ដែល​គ្រោង​នឹង​សាងសង់​នេះ​ ​គឺជា​បណ្ណាល័យ​ទី​ ​31​ ​នៃ​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ ​ដែល​បាន​និង​កំពុង​អនុវត្ត​»​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ​«​​ការ​ផ្ដល់​ជា​អគារ​បណ្ណាល័យ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចូល​រូ​មក្នុង​ទំនួល​ខុសត្រូវ​សង្គម​របស់​ប្រា​សាក់​ ​ជាពិសេស​ក្នុង​វិស័យ​អប់រំ​»​ ​។​

​លោក​ ​ហុក​ ​ម៉ា​រ៉ា​ឌី​ ​អភិបាលក្រុង​ច្បារមន​មានប្រសាសន៍​ថា​ ​«ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ ​ដែល​បាន​ផ្តល់​នូវ​អគារ​បណ្ណាល័យ​នេះ​ ​សម្រាប់​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​កំពង់ស្ពឺ​ ​ហើយក៏​ស្នើសុំ​ឱ្យ​លោកនាយក​សាលា​ជួយ​ត្រួតពិនិត្យ​និង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ការសាងសង់​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​កំរិត​ស្តង់ដារ​ ​នៃ​សំណង់​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​»​។​

​លោក​ ​សាម​ ​មាលី​ ​ប្រធាន​ការិយាល័យ​មធ្យមសិក្សា​បាន​លើកឡើង​ថា​ ​«​ចំណេះវិជ្ជា​ ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​បុគ្គល​ម្នា​ក់ៗ​និង​ប្រទេសជាតិ​។​ ​ការ​ទទួល​បាន​ចំណេះដឹង​ ​គឺ​ត្រូវ​ពឹងផ្អែក​យ៉ាង​សំខាន់​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​
​សូត្រ​ពី​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​តាមរយៈ​ស្វ័យ​សិក្សា​នៅ​តាម​បណ្ណាល័យ​និង​នៅ​តាម​ផ្ទះ​។​ ​ហេតុនេះ​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រា​សាក់​ចំពោះ​កាយវិការ​ដ៏​ល្អ​ក្នុង​ការ​រួមចំណែក​ក្នុង​វិស័យ​អប់រំ​នេះ
​»​។​

អំពីប្រាសាក់
ប្រាសាក់ ​ជា​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​និង​ឈាន​មុខ​គេ​នៅកម្ពុជា ​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីកចម្រើន​រួមមាន​ សេវាឥណទាន​ ប្រាក់​បញ្ញើសន្សំទូទាត់​វិក្កយបត្រ​ទឹក​​ ភ្លើងផ្ទេរប្រាក់ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ ​បើក​ប្រាក់​បៀ​វត្ស សេវា​ទូទាត់​រហ័ស​ ម៉ាស៊ីន​ឆូតកាត​ សេវាធនាគារចល័តតាមកុំព្យូទ័រសេវាធនាគារចល័តតាមទូរស័ព្ទដៃ និង​ម៉ាស៊ីន​អេធី​អឹម និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យចំនួន 177 ទីតាំង និងបានបំពាក់ម៉ាស៊ីនអេធីអឹមនៅទូទាំងប្រទេស។

ទន្ទឹមនឹងការផ្ដល់ផលិតផលនិងសេវាហិរញ្ញវត្ថុ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានបង្កើតនូវកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមដូចជា សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ឧបត្ថម្ភសិស្សានុសិស្សនៅទិវាកុមារ ចូលរួមបរិច្ចាគឈាម និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួន និងការងារមនុស្សធម៌ជាច្រើនទៀត។ល។