ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយដែលបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដែល ប្រាសាក់ បានចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ ហើយមានឈ្មោះជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ លំដាប់ទី 2 ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ក្នុងឆ្នាំ 2020 ។
ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក-លោកស្រីនាយកគ្រឹះស្ថានដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី 2 ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ក្នុងឆ្នាំ 2020។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ»។