ប្រាសាក់​ សម្ពោធ​បណ្ណាល័យ​ទី 25 នៅ​សាលា​បឋមសិក្សា និងអនុវិទ្យាល័យ​អណ្ដូងសំរិត ខេត្ត​តាកែវ

ខេត្ត​តាកែវ​ ថ្ងៃទី ​16 ខែវិច្ឆិកា​ ឆ្នាំ ​2018 ​៖ ស្រប​តាម​ទិស​ស្លោក «អំណាន​ជា​កំណប់​វិជ្ជា​មហាសាល​» និង​បន្ត​ចូលរួម​ជំរុញ​ទម្លាប់​នៃ​ការ​អាន​របស់​សិស្សា​នុសិស្ស​ និង​លើក​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​​ស្រឡាង​ពណ៌​បៃតង​មួយ​ខ្នង ដែល​សាងសង់​ និង​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដោយ មូលនិធិ​ប្រាសាក់ ​និង​សហការ​អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្ម​វិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។  អគារ​បណ្ណាល័យ​ដ៏​ថ្មីស្រឡាង​នេះ​ស្ថិត​នៅក្នុង​​សាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​អណ្ដូង​សំរិត​ ក្នុង​ភូមិ​អណ្ដូង​សំរិត ឃុំ​ធ្លា​ប្រជុំ​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​តាកែវ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នៅពី​ថ្ងៃ​ទី​ 16 ​ខែវិច្ឆិកា ​ឆ្នាំ 2018​ ក្រោម​អធិប​តីភាព​ ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី ​ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួង​អប់រំ យុវជន និង​កីឡា លោក លី សាវ៉េត អភិបាលរង​នៃ​​គ​ណៈ​អ​ភិ​បាល​ខេត្​តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ​ប្រាសាក់ អាជ្ញាធរ​ដែន​ដី ​សិស្សានុសិស្ស ​លោកគ្រូ ​អ្នកគ្រូ ​មាតាបិតា ​អាណាព្យា​បាល​សិស្ស ​និង​បង​ប្អូន​ប្រជាពលរដ្ឋជាច្រើន​រយ​នាក់​ក្នុង​សហគមន៍​។

​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រាសាក់ បាន​ថ្លែង​ឱ្យ​ដឹង​ថា អគារ​បណ្ណាល័យ​នៅ​សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ ​អណ្ដូងសំរិត ​នេះ ​មាន​ទំហំ​ 9 ​ម៉ែត្រ ​x ​12​ ម៉ែត្រ​ សង់​ពីថ្ម ​មាន​ដំបូល​ប្រក់​ក្បឿង​ ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​មូលនិធិ​ប្រាសាក់​។ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារ​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះ​បណ្ដាល​បណ្ណារក្ស​ ដើម្បីឱ្យ​​បណ្ណាល័យ​នេះដំណើរ​ការ​បាន​ដោយ​រលូន​ និង​មាន​និរន្តន៍​ភាព។

លោក អ៊ុំ សមអឿន បាន​បន្ត​ទៀត​ថា បណ្ណាល័យ​នៅ​សាលាបឋមសិក្សា​ និង​អនុវិទ្យាល័យ អណ្ដូង​សំរិត​ នេះ ​ជា​បណ្ណាល័យ​ទី​ 25​ ហើយ ​ដែល​ប្រាសាក់​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដើម្បី​ទុក​ជា​ចំណង​ដៃ​ជូន​សិស្សានុសិ​ស្ស​ លោកគ្រូ ​អ្នកគ្រូ ​មាតាបិតា ​អាណាព្យា​បាលសិស្ស​ និង​សហគមន៍​។ ដោយ​ឡែក ចំពោះ​ខេត្ត​តាកែវ ​នេះ​គឺ​ជា​បណ្ណាល័យ​ទី​ 4 ហើយ ​ដែល​ខេត្ត​នេះ​បាន​ទទួល​ពី​ប្រាសាក់ ដោយ​​បណ្ណាល័យ​៣​ទៀត គឺស្ថិត​នៅ ​សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​ព្រៃធំ សាលា​បឋមសិក្សា​ព្រៃល្វា និងសាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​ព្រៃយុថ្កា

គិត​ត្រឹម​ឆ្នាំ ​2018 ​ប្រាសាក់​បាន​កសាង​អគារ​បណ្ណាល័យ​សរុប​រហូត​ដល់​ 30​ ខ្នង  នៅ​ក្នុង​ខេត្ត​ចំនួន ​9 រួម​មាន​ តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និង ខេត្តបាត់ដំបង ដែល​មាន​សិស្សានុសិស្ស​ចំនួន​ជាង​ 77,000 ​នាក់ មក​ពី 343 ​ភូមិ​។

លោក​បន្ត​ទៀត​ថា «អគារ​បណ្ណាល័យ​នេះ ជា​និមិត្តរូប​មួយ​ដែល​មិន​ចេះ​រីង​ស្ងួត និង​មិន​ចេះ​សាបសូន្យ​នៃ​ទំនាក់ទំនង​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ​ប្រាសាក់ ​ចំពោះ​អតិថិជន​ក្នុង​សហគមន៍ ហើយ​បណ្ណាល័យ​នេះ​ក៏​ជា​កេរមរតក​របស់​ប្រាសាក់​សម្រាប់​ទុក​ជូន​សិស្សានុសិស្ស​ដែល​ជា​កូន​ចៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​ក្នុង​បច្ចុប្បន្ន ​និង​ទៅ​អនាគត»។

ថ្លែង​ក្នុង​ឱកាស​នេះ​ ឯកឧត្ដម ហ៊ាង ស៊ីណេ ​អនុរដ្ឋ​លេខា​ធិការ ក្រសួងអប់រំ ​យុវជន ​និងកីឡា​ បាន​សម្ដែង​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​កោត​សរសើរ​ចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និង​ផ្ដល់​ការ​សហការយ៉ាង​ល្អ​ជា​មួយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​នៃការ​អាន​នៅ​កម្ពុជា។ ឯក​ឧត្ដម​បាន​សំណូមពរ​ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយ​ថែរក្សានិង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពីលទ្ធភាព ដោយ​ជំរុញឱ្យ​មាន​ការ​អានឱ្យ​បាន​ច្រើន​ផុសផុល ​ស្រលាញ់ និង​ថែរក្សា​សៀវភៅ​ទាំងអស់​កុំឱ្យ​មាន​ការ​បាត់បង់។

ដោយ​ឡែក ​លោក ​លី ​សាវ៉េត អភិបាលរង​នៃគណៈអភិបាល​ខេត្ត​តាកែវ ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែល​បានផ្ដល់​អគារ​បណ្ណាល័យ​រហូត​ដល់​ 4 សម្រាប់​ទឹក​ដី​ខេត្ត​តាកែវ។ នេះ​ជា​ការ​ចូលរួម​យ៉ាង​ធំធេង​របស់​ប្រាសាក់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​តាកែវ។ លោក​ក៏​បាន​ផ្ដាំ​ផ្ញើ​ឱ្យ​សិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សា​និងអនុវិទ្យាល័យ​ អណ្ដូងសំរិត ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​តាមរយៈ​បណ្ណាល័យ​នេះ ដើម្បី​បានលទ្ធផល​ល្អ​ក្នុង​ការ​សិក្សា និង​ក្លាយ​ជា​សិស្ស​ពូកែ​ទាំងអស់គ្នា។

ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឱ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង​។ ឯកឧត្ដម​បន្ត​ថា ការ​ផ្ដល់​ជា​អគារ​បណ្ណាល័យ​​របស់ប្រាសាក់​នៅ​ពេល​នេះ សម​ស្រប​តាមគោល​នយោបាយ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​លើក​ស្ទួយវិស័យ​អប់រំ ជំរុញ​ការ​អាន បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

ឯកឧត្ដម ក៏​បាន​សំណូមពរ​ចំពោះ​មាតាបិតា​ទាំង​អស់ថា ទោះបីជា​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែជំរុញ​កូន​ឱ្យ​បាន​ទៅរៀន​គ្រប់ៗគ្នា កុំ​ឱ្យ​កូន​បោះបង់​ការសិក្សា​ឱ្យសោះ និង​ជំរុញ​កូនឱ្យ​អាន​សៀវភៅ​ជានិច្ច ព្រោះ​ចំណេះ​ដឹង​ពិត​ជាមាន​សារៈសំខាន់​ណាស់។ តាមរយៈ​បណ្ណាល័យ​នេះ គឺ​ជា​កំណប់​ទ្រព្យ​ដ៏​មហាសាល​ ដែល​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​អណ្ដូង​សំរិត​នេះ ត្រូវ​ជីក​កកាយ​យក​ចំណេះវិជ្ជា​ សម្រាប់​កសាង​ខ្លួន ​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ។ ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រឱ្យ​បាន​ខ្លាំង​ពូកែ ហើយ​យក​ចំណេះ​ដឹង​មក​ជួយកសាង​សហគមន៍​ស្រុកកំណើត​ឱ្យ​បាន​រីក​ចម្រើន។ ជា​ចុង​ក្រោយ ឯកឧត្ដម​ក៏​បាន​សំណូមពរ​ឱ្យ​មាតា​បិតា​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​ច្រើន​ជំនាន់​ទៅ​មុខ។

អំពីប្រាសាក់
ប្រាសាក់ ​ជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​ និង​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ រួមមាន​៖ ​សេវាឥណទានប្រាក់បញ្ញើសន្សំ ​ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើងទូទាត់ថ្លៃទំនិញនិងសេវាផ្ទេរប្រាក់ប្តូរប្រាក់ ​ទិញកាតទូរស័ព្ទ ​បើកប្រាក់បៀវត្ស ​សេវាទូទាត់រហ័ស ​អេធីអឹម ​សេវាធនាគារចល័ត ​ម៉ាស៊ីនឆូតកាត ​និងសេវាហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជា​មួយ​នឹង​បណ្តាញ​ការិយាល័យ​ចំនួន ​176 ទីតាំង ​និង​បាន​បំពាក់​ម៉ាស៊ីនអេធីអឹម​នៅ​ទូទាំងប្រទេស។
ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវាហិរញ្ញវត្ថុ ប្រាសាក់​ បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន​ដែលផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ សាង​សង់​អគារ​បណ្ណាល័យ​ ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ឧបត្ថម្ភនិងចូលរួមក្នុង​កិច្ចការងារ​សង្គម​និង​ការងារ​មនុស្ស​ធម៌ជាច្រើន​ទៀត។ល។