ប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មីមួយខ្នងនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ទី 7 ខែកុម្ភៈ ឆ្នាំ 2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ជាតំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍។

ថ្លែងក្នុងពិធីនោះ លោក ថន ថាវុទ្ធា បានឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមពិធីនៅថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅក្នុងទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នេះគឺជាកាយវិការដ៏សប្បុរសដ៏គួរឱ្យកើតសរសើរក្រៃលែងរបស់ប្រាសាក់នៅក្នុងកិច្ចការសង្គម ដែលបានផ្ដល់នូវសមិទ្ធផលដែលមិនអាចកាត់ថ្លៃបាននេះ។

ចំណែកលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារដែលប្រាសាក់ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម ដោយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្សដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលប្រាសាក់បានធ្វើប្រតិបត្តិការ ដើម្បីជាការតបស្នងចំពោះការគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវាប្រាសាក់។ ជាក់ស្ដែង នៅក្នុងខេត្តស្វាយរៀង ប្រាសាក់បានផ្ដល់ជាអគារបណ្ណាល័យចំនួន 2 ក្នុងនោះបណ្ណាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យ ម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ត្រូវបានសាងសង់រួច ប៉ុន្តែមិនទាន់បំពាក់សម្ភារៈនៅឡើយ។ ចំណែកឯបណ្ណាល័យមួយទៀត គឺបណ្ណាល័យនៅសាលាបឋមសិក្សា សំរោង ដែលកំពុងសម្ពោធនាឱកាសនេះ។ លោកបន្តថា នៅក្នុងគម្រោងបណ្ណាល័យសាលាសំរោងនេះ ប្រាសាក់ និងមូលនិធិ CVC បានផ្ដល់ជាថវិកាក្នុងការកសាងជាអគារបណ្ណាល័យ ការបំពាក់សៀវភៅ សម្ភារៈ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល 3 ឆ្នាំ។
ជាសំណូមពរ លោកសង្ឃឹមថាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានប្រជាពលរដ្ឋជាអតិថិជន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនឹងបន្តការគាំទ្រប្រាសាក់តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើនក្នុងការជួយដល់សង្គមជាតិ។

ថ្លែងក្នុងឱកាសនេះ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលបានផ្ដល់មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគម្រោងបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចយកវិស័យអប់រំជាអាទិភាព។ ប្រាសាក់គឺជាដៃគូដ៏ល្អ ក្នុងការលើកកម្ពស់វិស័យអប់រំ។ លោកបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅធ្វើឱ្យយើងមានចំណេះដឹងដើម្បីកសាងជីវភាពបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះ មាតាបិតាសិស្សត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយ កុំបោះបង់ចោលការសិក្សា និងការអានសៀវភៅ ហើយទាំងអស់គ្នាត្រូវជួយថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ 2019 នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់ចំនួន 41 អគារគ្របដណ្តប់លើភូមិចំនួន 455 ភូមិ ដែលមានចំនួនគ្រួសារសរុប 98,613 គ្រួសារ មានប្រជាជនសរុបចំនួន 404,559 នៅក្នុង 13 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប និងពោធិ៍សាត់ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 110,120 នាក់។


អំពីប្រាសាក់ និងគម្រោងបណ្ណាល័យប្រាសាក់
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ឬ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជាង 9,000 នាក់។
ស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានបង្កើតនិងចូលរួមកម្មវិធីសង្គមជាច្រើន ដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់គាំពារអតិថិជនដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសនោះគឺការចូលរួមចំណែកបណ្ដុះវប្បធម៌អាន តាមរយៈ «គម្រោងបណ្ណាល័យប្រាសាក់»។

សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា សំរោង នេះស្ថិតក្នុងចំណោមអគារបណ្ណាល័យទាំងអស់ 41 ខ្នង ដែលប្រាសាក់បានសាងសង់ជូនបណ្ដាសាលារៀននានានៅទូទាំងកម្ពុជា។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារៈឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផងដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូន ក្រោមកិច្ចសហការពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

អំពីមូលនិធិ CVC
CVC and the Community គឺជាកម្មវិធីមនុស្សធម៌គ្របដណ្ដប់បណ្ដាញទាំងអស់របស់ CVC ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងលទ្ធភាពរបស់កុមារ និងយុវជននៅក្នុងសហគមន៍មូលដ្ឋាន និងបណ្ដាអ្នកទាំងឡាយដែលទទួលឥទ្ធិពលពីបណ្ដាញក្រុមហ៊ុនផលប័ត្ររបស់ CVC។ កម្មវិធីនេះផ្តោតលើ 4 ផ្នែក គឺ ការអប់រំ លទ្ធភាពរកការងារធ្វើ សហគ្រាស និងការវិនិយោគដែលមានគោលដៅមនុស្សធម៌ ដែលប្រាក់ជំនួយ ជំនាញ និងចំណេះដឹងរបស់ CVC អាចមានឥទ្ធិពលបំផុត។