ប្រា​សាក់​ ​សហការ​ជាមួយ​ក្រសួង​អប់រំ​រៀបចំ​បំពាក់​សៀវភៅ​នៅ​បណ្ណាល័យ​ប្រា​សាក់​ ​ស្ថិត​ក្នុង​សាលាបឋមសិក្សា​បន្ទាយស្រី​

​ខេត្តសៀមរាប​ ​ថ្ងៃទី8​ ​ខែមករា​ ​ឆ្នាំ2019​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​រៀបចំ​បំពាក់​សៀវភៅ​ ​និង​សម្ភារ​បរិ​ក្ខា​នៅក្នុង​បណ្ណាល័យ​ដែល​ផ្ដល់​មូលនិធិ​ដោយ​ប្រា​សាក់​ ​ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ ​បន្ទាយស្រី​ ​ដែល​ទើប​បញ្ចប់​ការសាងសង់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ស្ថិតនៅ​ ​ភូមិ​បន្ទាយស្រី​ ​ឃុំ​ខ្នារសណ្ដាយ​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​។​ ​

​ការ​បំពាក់​សៀវភៅ​និង​សម្ភារ​បរិ​ក្ខា​នេះ​ ​មានការ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​ប្រា​សាក់​ ​មន្ត្រី​ជំនាញការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នាយក​សាលា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ថ្នាក់ដឹកនាំ​ភូមិ​ឃុំ​ ​និង​សិស្សានុសិស្ស​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​៖​ ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ ​ពិតជា​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​ជា​សៀវភៅអាន​ ​សម្ភារ​សិក្សា​ ​និង​អគារ​បណ្ណាល័យ​ដល់​សិស្សានុសិស្ស​ដែល​ស្ថិតនៅ​តាម​ទី​ជនបទ​។​ ​ការ​កសាង​ ​និង​បំពាក់​សម្ភារ​សិក្សា​ទាំងអស់​នេះ​ ​ក្នុង​គោល​បំណង​ធំៗ​បី​គឺ​៖​ 1​-​ ​ជួយ​អភិវឌ្ឍ​វប្បធម៌​អំណាន​សម្រាប់​សិស្សានុសិស្ស​ ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​,​ ​2​-​ ​ធ្វើ​ឱ្យ​មាន​ភាព​សម្បូរ​បែប​ទាំង​បរិមាណ​ ​និង​គុណភាព​សម្រាប់​សៀវភៅអាន​ ​និង​សម្ភារ​សិក្សា​ផ្សេង​ៗ​ទៀត​,​ ​3​-​ ​ជួយ​ពង្រឹងគុណភាព​អប់រំ​នៅ​តាម​សាលា​ ​នៅ​តាម​តំបន់​ដាច់ស្រយាល​ ​តាមរយៈ​ការ​ផ្ដល់​សៀវភៅអាន​ ​និង​ឯក​សា​រថ្មីៗ​។​

​លោក​ ​សូ​នី​ ​បាន​បន្ត​ថា​ ​ការ​បំពាក់​សៀវភៅ​នៅពេល​នេះ​ ​គឺជា​ជំហាន​បន្ទាប់​នៃ​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ ​បន្ទាប់ពី​ការ​កសាង​ជា​អគារ​បណ្ណាល័យ​រួចហើយ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​អគារ​បណ្ណាល័យ​ប្រា​សាក់​នៅ​សាលាបឋមសិក្សា​បន្ទាយស្រី​ ​ចាប់ផ្ដើម​កសាង​កាលពី​ថ្ងៃទី​ ​16​ ​ខែកក្កដា​ ​ឆ្នាំ​ ​2018​ ​រួច​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ​14​ ​ខែតុលា​ ​ឆ្នាំ​ ​2018​ ​ហើយនឹង​មាន​គម្រោង​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆាប់​ៗ​ខាងមុខនេះ​។​ ​ចំពោះ​ខេត្តសៀមរាប​ ​ប្រា​សាក់​បាន​ផ្ដល់​អគារ​បណ្ណាល័យ​សរុប​ទាំងអស់​ចំនួន៣​ ​ដែល​ក្នុង​នោះ​ ​អគារ​បណ្ណាល័យ​ចំនួន២ទៀត​ ​ស្ថិតនៅ​សាលាបឋមសិក្សា​ពង្រលើ​ ​និង​សាលាបឋមសិក្សា​ក​ផ្ដៀក​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ក្នុងរយៈពេល​កន្លងមក​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​មាតាបិតា​ ​និង​សហគមន៍​ ​បាន​ផ្តល់​ការ​សហការ​ដ៏​ល្អ​ក្នុង​ការអនុវត្ត​គម្រោង​នេះ​ឱ្យ​មានដំណើរ​ការ​ដោយ​រលូន​ ​ហើយ​ ​ប្រា​សាក់​ ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​គម្រោង​បណ្ណាល័យ​ ​និង​បំពាក់​សម្ភារ​សិក្សា​នេះ​ ​នៅ​សាលា​រៀន​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប​ ​លោក​ ​វុត​ ​ជួយ​ ​នាយក​សាលាបឋមសិក្សា​បន្ទាយស្រី​ ​បាន​មានប្រសាសន៍​ថា​ ​តាងនាម​ថ្នាក់​គ្រប់គ្រង​សាលា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ទាំងអស់​ ​លោក​មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង​ ​ដែល​ក្រសួង​អប់រំ​បាន​ចុះ​មក​បំពាក់​សៀវភៅ​ ​និង​សម្ភារ​នៅក្នុង​បណ្ណាល័យ​ដែល​ផ្ដល់​មូលនិធិ​ដោយ​ប្រា​សាក់​នៅក្នុង​សាលាបឋមសិក្សា​បន្ទាយស្រី​ ​ហើយ​ពួកគាត់​នឹង​ចូលរួម​ថែរក្សា​ ​និង​ដំណើរការ​បណ្ណាល័យ​មួយ​នេះ​ឱ្យ​ក្លាយជា​បណ្ណាល័យ​កុមារ​មេត្រី​។​

​កុមារី​ ​លន់​ ​ច័ន្ទ​សុ​រចនា​ ​សិស្ស​ថ្នាក់​ទី​ ​5​ ​«​ខ​»​ ​នៃ​សាលាបឋមសិក្សា​បន្ទាយស្រី​ ​បាន​បញ្ជាក់​ថា​ ​«​ខ្ញុំ​មានចិត្ត​សប្បាយរីករាយ​ខ្លាំង​ណាស់​ ​ដែល​បាន​អគារ​បណ្ណាល័យ​ថ្មី​ ​និង​បាន​អាន​រឿង​ថ្មី​ៗ​ល្អ​ៗ​។​ ​នាងខ្ញុំ​និង​សិស្សា​សិស្ស​ទាំងអស់​នឹង​ថែរក្សា​ ​ការពារ​ ​និង​ជួយ​សម្អាត​បរិស្ថាន​អគារ​បណ្ណាល័យ​ថ្មីនេះ​ដែល​ប្រា​សាក់​ផ្ដល់​ជូន​នេះ​ជា​រៀងរាល់ថ្ងៃ​។​ ​អរគុណ​ប្រា​សាក់​ ​ដែល​ផ្ដល់​បណ្ណាល័យ​ដល់​សាលា​យើងខ្ញុំ​»​។​

​គិត​មក​ត្រឹម​ដំណាច់ខែ​ធ្នូ​ ​ឆ្នាំ​ ​2018​ ​នេះ​ ​ប្រា​សាក់​បាន​ចូលរួម​បណ្តុះ​ទម្លាប់​អាន​តាមរយៈ​អគារ​បណ្ណាល័យ​ចំនួន​ ​30​ ​ខ្នង​មក​ហើយ​។​ ​គម្រោង​បណ្ណាល័យ​ ​និង​ការ​បំពាក់​សម្ភារ​សិក្សា​ ​នេះ​មាន​វិសាលភាព​ក្នុង​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ជូន​សិស្សានុសិស្ស​ ​និង​ប្រជាជន​សរុប​ប្រមាណ​ជា​ ​7​ ​ម៉ឺន​គ្រួសារ​។​

អំពី​ប្រា​សាក់​
​ប្រា​សាក់​ ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​មានបទពិសោធន៍​ដ៏​ប៉ិនប្រសប់​ក្នុងរយៈពេល​ ​23​ ​ឆ្នាំ​ ​ហើយ​មាន​ភាពរឹងមាំ​ដោយ​ឈរ​លើ​មូលដ្ឋាន​សំ​ខាន់​ៗ​ដូចជា​ ​ភាពល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម​ ​ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​ ​និង​សម្បូរ​បែប​ ​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​ការ​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹម​ ​(​ATM​)​ ​និង​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​ប្រកបដោយ​ភាព​ទំនើប​ ​តម្លាភាព​ ​និង​សុក្រឹតភាព​។​