ប្រាសាក់បំពាក់សៀវភៅជាង 7 ម៉ឺនក្បាលដល់បណ្ណាល័យទាំង 30 របស់ខ្លួន

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់ទី 1ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗទាំង 5 នៅកម្ពុជា បានបំពាក់សៀវភៅជាង 7 ម៉ឺនក្បាលដល់បណ្ណាល័យទាំង 30 របស់ខ្លួន ក្រោមកិច្ចសហការជាមួយ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

ប្រាសាក់ បានបំពាក់សៀវភៅសម្រាប់អាន និងសម្ភារបរិក្ខារជាច្រើនជូនដល់បណ្ណាល័យដែលស្ថិតនៅតាមខេត្តនានារួមមាន ខេត្តព្រះវិហារ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងបាត់ដំបង។ សៀវភៅដែលប្រាសាក់បានផ្តល់ជូនសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បានធ្វើឡើងដោយគោរពតាមបទដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមកទល់នឹងបច្ចុប្បន្ននេះមានចំនួនសរុបច្រើនជាង 70,000ក្បាល (ប្រាំពីរម៉ឺនក្បាល) ទាំងភាសាខ្មែរ និងភាសាអង់គ្លេស រួមមាន សៀវភៅប្រវត្តិសាស្រ្ត វចនានុក្រម សៀវភៅវិទ្យាសាស្ត្រសង្គម សៀវភៅអក្សរសាស្ត្រខ្មែរ សៀវភៅបំណិនជីវិត និងសៀវភៅរឿងនិទានជាដើម។

នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ លោក សាយ សូនី បានមានប្រសាសន៍ថា ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ មានសេចក្តីត្រេកអរជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការផ្តល់ជាសៀវភៅអាន និងអគារបណ្ណាល័យ ដល់សិស្សានុសិស្សដែលស្ថិតនៅតាមទីជនបទ។ យើងក៏ទទួលបានការសាទរពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា សហគមន៍ និងភាគីពាក់ព័ន្ធ ហើយមានការគាំទ្រចំពោះការបង្កើតឱ្យមានបរិយាកាសនៃការអានសៀវភៅកាន់តែប្រសើរជាងមុនជាមួយនឹងការបំពាក់សៀវភៅដ៏សម្បូរបែបនៅតាមបណ្ណាល័យប្រាសាក់នីមួយៗ។ តាមការចុះអង្កេតបង្ហាញថា សិស្សានុសិស្សដែលបានចូលអានសៀវភៅនៅតាមបណ្ណាល័យនីមួយៗ មានចំនួនប្រមាណជា 3,000 នាក់គិតជាមធ្យមក្នុង១ខែៗ។

លោក សាយ សូនី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យ ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏ថ្មីសន្លាងរបស់សាលារៀន នឹងផ្សារភ្ជាប់សិស្សានុសិស្សជាមួយនឹងការបង្កើនចំណេះដឹងសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ ក៏ដូចជាបណ្ដុះវប្បធម៌នៃការអានរបស់ប្រជាជនកម្ពុជាផងដែរ។ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា និងសហគមន៍ បានផ្តល់ការសហការដ៏ល្អក្នុងការអនុវត្តគម្រោងនេះឱ្យមានដំណើរការដោយរលូន ហើយ ប្រាសាក់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគម្រោងបណ្ណាល័យនេះនៅសាលារៀនផ្សេងៗទៀតនៅកម្ពុជា។

គិតមកត្រឹមដំណាច់ខែវិច្ឆិកានេះ ប្រាសាក់បានចូលរួមបណ្តុះទម្លាប់អានតាមរយៈអគារបណ្ណាល័យចំនួន 30 ខ្នងមកហើយក្នុងរយៈពេល 8 ឆ្នាំ។ គម្រោងបណ្ណាល័យនេះមានវិសាលភាពក្នុងការផ្តល់អត្ថប្រយោជន៍ជូនសិស្សានុសិស្សចំនួន 78,000 នាក់ មកពី 346 ភូមិ ដែលមានប្រជាជនសរុបចំនួន 326,400 នាក់ ស្មើនឹង 70,537 គ្រួសារ។

ប្រាសាក់បំពាក់សៀវភៅជាង 7 ម៉ឺនក្បាលដល់បណ្ណាល័យទាំង 30 របស់ខ្លួន

ប្រាសាក់បំពាក់សៀវភៅជាង 7 ម៉ឺនក្បាលដល់បណ្ណាល័យទាំង 30 របស់ខ្លួន

អំពីប្រាសាក់
ប្រាសាក់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល 23 ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន និងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យ គ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព។