ប្រាសាក់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ 19

ភ្នំពេញ៖ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន 100 លានរៀល ជូនចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ សូមចូលរួមជាកម្លាំងផ្នែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ19 ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។

លោក សូនី បន្ត «ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាល ប្រាសាក់ ក៏បានដាក់ចេញជាវិធានការជាបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ 19 ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ»។

​គ្រូពេទ្យ​ប្រចាំ​ការិយាល័យ​ ​ធ្វើការ​វាស់​សីតុណ្ហភាព​បុគ្គលិក​ ​និង​ ​អតិថិជន​

​អាល់កុល​ជែ​ល​សម្រាប់​លាង​ស​ម្អា​តដៃ​ ​ត្រូវ​បាន​បំពាក់​នៅ​តាម​ជណ្តើរយន្ត​ ​និង​ច្រកចេញ​ចូល​ការិយាល័យ​

​ផ្ទាំង​ប៉ុស្ទ័​រ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ​ត្រូវ​បាន​បិទ​នៅ​ទ្វារ​ចូល​ការិយាល័យ​

ប្រាសាក់ ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ 19 តាមប័ណ្ណផ្សាយ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ផលិតវីដេអូខ្លីដែលផ្សាយតាម ទំព័រហ្វេសប៊ុកប្រាសាក់ និងផលិតឯកសារអប់រំក្នុងការការពារការឆ្លងជំងឺកូវីដ 19 ផ្សេងទៀតជូនដល់បុគ្គលិកនិងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។

លើសពីនេះ ប្រាសាក់ ក៏បានលើកទឹកចិត្តឱ្យអតិថិជននិងសាធារណជនងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលវិញ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ស្គេនទូទាត់តាម QR កូដ តាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ និងសេវាទូទាត់ឆ្លងធនាគារតាមកម្មវិធីបាគងនៅលើទូរស័ព្ទដៃ ដើម្បីចៀសវាងការប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ។

​បុគ្គលិក​ពាក់​ម៉ា​ស​ការពារ​ ​និង​រក្សា​គ​ម្លា​ត​ពេល​បំ​ពេញការ​ងារ​

លោកបន្តថា «ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ 19 និងរក្សាបានសុវត្ថិភាពខ្ពស់ទាំងអស់គ្នា!»។

​ការ​វាស់​សីតុណ្ហភាព​ជូន​បុគ្គលិក​ ​និង​អតិថិជន​ទាំងអស់​

​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ដើម្បី​រាយការណ៍​ពី​ករណី​សង្ស័យ​ ​ជំងឺ​កូ​វី​ដ​ 19

​ផ្ទាំង​ប៉ុស្ទ័​រ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​19