អគារ​បណ្ណាល័យ​របស់​ប្រា​សាក់​បង្ហាញខ្លួន​នៅ​សាលា​ត្បូង​ដំរី​

ខេត្ត​កណ្ដាល​៖​ ​អគារ​បណ្ណាល័យ​ដ៏​ថ្មីសន្លាង​មួយ​ខ្នង​ផ្ដល់​មូលនិធិ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដែល​ឈរ​យ៉ាង​ខ្ពស់​សង្ហា​ក្នុង​បរិវេណ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ត្បូង​ដំរី​ ​ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​កាលពី​ព្រឹក​ថ្ងៃទី​ ​21​ ​ខែធ្នូ​ ​ឆ្នាំ​ ​2018​ ​។​

​ពិធីសម្ពោធ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​អប់រំ​នេះ​ ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ​ឈឹម​ ​សា​រ៉េ​ត​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លទ្ធកម្ម​សាធារណៈ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​តំណាង​ដ៏​ខ្ពស់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​ ​ឯកឧត្ដម​ ​នូវ​ប៉េង​ ​ច័ន្ទ​តារា​ ​អភិបាលរង​ ​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​,​ ​លោក​ ​ឃឹម​ ​សារិ​ន​ ​តំណាង​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​,​ ​លោក​ ​ប៊ុ​ន​ ​ផេង​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល​,​ ​លោកស្រី​ ​គង់​ ​ចាន់​បុស្សិ​បា​ ​អនុប្រធាន​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ខេត្ត​កណ្ដាល​ ​និង​លោក​ ​អ៊ុំ​ ​សម​អឿន​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​។​ ​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពីសំណាក់​សិស្សានុសិស្ស​ ​យុវជន​កាយ​រឹ​ទ្ធ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​មន្ត្រី​រាជការ​មក​ពី​ស្ថាប័ន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ ​អាជ្ញា​ដែនដី​ ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

​នៅក្នុង​ឱកាស​នោះ​ ​លោក​ ​ប៊ុ​ន​ ​ផេង​ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល​ ​បាន​រាយការណ៍​ពី​ការ​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល​ ​ជាពិសេស​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់​ ​ដែល​បាន​ផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ​ចំនួន​ ​2​ ​នៅក្នុង​ទឹកដី​ស្រុក​ខ្សាច់កណ្ដាល​ ​ដែល​ជា​នេះ​កាយវិការ​ដ៏​ល្អប្រពៃ​ក្នុង​ការចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ក៏ដូចជា​ខេត្ត​កណ្ដាល​ទាំងមូល​។​​

​លោក​ ​ឃឹម​ ​សារិ​ន​ ​អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មសិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ថ្លែង​ថា​ ​តាងនាម​ឱ្យ​ក្រសួង​អប់រំ​ ​លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ដែល​កន្លងមក​ ​បាន​ធ្វើការ​សហការ​យ៉ាង​ល្អជា​មួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការសាងសង់​អគារ​បណ្ណាល័យ​ ​បំពាក់​ធនធាន​សម្ភារ​បរិក្ខារ​ ​គ្រឿងសង្ហារិម​ ​ឯកសារ​ ​និង​ការ​បណ្តុះ​បណ្តុះ​បណ្ណារក្ស​ ​ដល់​សាលារៀន​ជាច្រើន​។​ ​លើស​ពីនេះ​ទៀត​ ​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​សម្រាប់​សកម្មភាព​ជំរុញ​ការ​អាន​ ​តាមរយៈ​ ​«​ទិវា​ជាតិ​អំណាន​»​ ​ជាច្រើន​ឆ្នាំ​មកនេះ​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​ប្រា​សាក់​ ​គឺ​គ្រឹះស្ថាន​ឯកជន​គំរូ​មួយ​ដែល​បាន​រួមចំណែក​ក្នុង​វិស័យ​អប់រំ​ ​ជំរុញ​សកម្មភាព​អំណាន​ ​និង​លើកកម្ពស់​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​អគារ​បណ្ណាល័យ​នៅក្នុង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ ​ត្បូង​ដំរី​ ​នេះ​ ​ជា​អគារ​បណ្ណាល័យ​ទី​ ​26​ ​ហើយ​ ​ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់​ ​30​ ​ដែល​បាន​សាង់​សង​រួច​ជាស្ថាពរ​។​ ​លោក​បន្ត​ថា​ ​អគារ​បណ្ណាល័យ​ពណ៌បៃតង​ដ៏​ស្រស់​ស្អាត​នេះ​ ​មាន​ទំហំ​ ​9​ ​ម៉ែត្រ​ ​គុណ​នឹង​ ​12​ ​ម៉ែត្រ​ ​សង់​ផុត​ពី​ផ្ទៃដី​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ថ្ងៃទី​ ​11​ ​ខែមេសា​ ​ឆ្នាំ​ ​2018​ ​និង​បាន​បញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​កាលពី​ថ្ងៃទី​ ​13​ ​ខែកក្កដា​ ​ឆ្នាំ​ ​2018​ ​កន្លងទៅ​នេះ​។​ ​ថវិកា​ចំនួន​ ​154,159,080​ ​រៀល​ ​ឬ​សមមូល​នឹង​ ​38,540​ ​ដុល្លារ​អាមេរិក​ ​ត្រូវ​យក​មក​ប្រើប្រាស់​ជា​ដំ​ណា​ក់​កាល​ៗ​ ​សម្រាប់​ចំណាយ​លើ​ការអនុវត្ត​ការងារ​សំ​ខាន់​ៗ​ក្នុង​គ​ម្រា​ង​អភិវឌ្ឍន៍​បណ្ណាល័យ​នេះ​ ​រួមមាន​៖​ ​ការសាងសង់​ ​ការ​បំពាក់​សម្ភារ​និង​ឯកសារ​ ​ការ​បណ្តុះបណ្តាល​បណ្ណារក្ស​ ​និង​ការ​គាំទ្រ​គម្រោង​រយៈពេល​ ​៣​ ​ឆ្នាំ​។​

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រុមប្រឹក្សា​ភិបាល​របស់​ប្រា​សាក់​ ​បានសម្រេច​ផ្ដល់​ថវិកា​សម្រាប់​ការ​កសាង​អគារ​បណ្ណាល័យ​នេះ​ ​ក្នុង​កាយវិការ​តបស្នង​និង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់​។​ ​លោក​ក៏បាន​សំណូមពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សូម​បន្ត​ការ​គាំទ្រ​ប្រា​សាក់​ជា​បន្ត​ទៀត​ ​ដើម្បី​ប្រា​សាក់​មានលទ្ធភាព​ពង្រីក​សកម្មភាព​សង្គម​ឱ្យ​បាន​ច្រើន​ថែមទៀត​។​

​មាន​មតិ​ចំណាប់​អារម្មណ៍​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ ​ឯកឧត្ដម​ ​ឈឹម​ ​សា​រ៉េ​ត​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លទ្ធកម្ម​សាធារណៈ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ ​ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ​ ​និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឱ្យ​គម្រោង​នេះ​លេចជារូបរាងឡើង​។​ ​ការ​ផ្ដល់​ជា​អគារ​បណ្ណាល័យ​នេះ​ ​គឺ​ឆ្លើយតប​ចំ​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ​ដែល​កំណត់​ថា​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ត្រូវ​បាន​ចាត់ទុកជា​អាទិភាព​។​ ​ឯកឧត្ដម​បន្ត​ថា​ ​ការសិក្សា​ស្រាវជ្រាវ​ ​និង​អំណាន​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដូច្នេះ​ ​ការ​ផ្ដល់​បណ្ណាល័យ​នេះ​គឺ​ដូចជា​ការ​ផ្ដល់​ឱកាស​មាស​ឱកាស​ប្រាក់​ឱកាស​ពេជ្រ​ ​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ព្រោះ​ការ​អាន​ច្រើន​ ​នាំមក​នូវ​ចំណេះ​ច្រើន​។​ ​ហេតុនេះ​ ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឱ្យ​បាន​ខ្ពស់​ដើម្បី​ជា​ទំពាំងស្នងឫស្សី​ ​និង​សសរទ្រូង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាចុងក្រោយ​ ​ឯកឧត្ដម​ក៏បាន​សំណូមពរ​ឱ្យ​មាតាបិតា​សិស្ស​ ​លោកគ្រូ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ​ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​ដើម្បី​អាច​ប្រើប្រាស់​បាន​ច្រើន​ជំនាន់​ទៅមុខ​។​

អំពី​ប្រា​សាក់​
​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាង​គេ​និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ផ្ទេរ​ប្រាក់​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹមសេវា​ធនាគារ​ចល័តម៉ាស៊ីន​ឆូត​កាត​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ចំនួន​ ​176​ ​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។​

ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវា​ហិរញ្ញវត្ថុ​ ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ សាង​សង់​អគារ​បណ្ណាល័យ​ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប​ ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​​ ចូលរួម​បរិច្ចាគ​ឈាម​ និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​។ល។​