ប្រាសាក់​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​បណ្ណាល័យ​ទី​២២​ នៅ​សាលា​ស្វាយ​ជ្រំ​


ខេត្ត​កណ្ដាល​ អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​ពណ៌​បៃតង​ស្រស់​បំព្រង​មួយ​ខ្នង​ ដែល​ផ្ដល់​មូល​និធិ​ដោយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ ស្វាយ​ជ្រំ​ ស្ថិត​ក្នុង​ភូមិ​លើ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​ 2០​ ខែ​មករា​ ឆ្នាំ​ 2018​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ម៉ី វ៉ាន់​ ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ចូលរួម​ជំរុញ​ទម្លាប់​នៃ​ការ​អាន​របស់​សិស្សា​នុសិស្ស​ខ្មែរ​ និង​លើក​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា។​

ពិធី​សម្ពោធ​នេះ​ ប្រព្រឹត្ត​ទៅ​មាន​ការ​ចូល​រួម​ពី​គណៈ​អភិបាល​ស្រុក​ខ្សាច់​កណ្ដាល​ តំណាង​ក្រសួង​និង​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ អាជ្ញាធរ​ដែនដី​ លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្ស​ និង​ប្រជាជន​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​សហគមន៍។​


តាម​ការ​គូស​បញ្ជាក់​របស់​លោក​ អ៊ុំ សមអឿន​ អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រាសាក់​ បាន​ឲ្យ​ដឹង​ថា​ អគារ​បណ្ណាល័យ​នេះ​មាន​ទំហំ​ 9 ម៉ែត្រ​ x 12 ម៉ែត្រ​ សង់​ពី​ថ្ម​ មាន​ដំបូល​ប្រក់​ក្បឿង​ ដោយ​ប្រើ​ប្រាស់​ថវិកា​ ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ប្រាសាក់។​ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារ​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ​ ឯកសារ​ និង​ការ​បណ្ដុះ​បណ្ដាល​បណ្ណារក្ស​ថែម​ទៀត​ផង​ ដើម្បី​ឲ្យ​ការ​ដំណើរ​ការ​បណ្ណាល័យ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ក្រោម​កិច្ច​សហការ​លើ​គម្រោង​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

លោក​ អ៊ុំ សមអឿន​ បាន​បន្ថែម​ថា​ បណ្ណាល័យ​នៅ​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ ស្វាយជ្រំ​ នេះ​ ជា​បណ្ណាល័យ​ទី​ 22​ ហើយ​ ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ដើម្បី​ទុក​ជា​ចំណង​ដៃ​ជូន​សិស្សា​នុសិស្ស។​ គិត​ត្រឹម​ឆ្នាំ​ 2018​ ប្រាសាក់​បាន​ផ្តល់​អគារ​បណ្ណាល័យ​សរុប​ រហូត​ដល់​ 25​ ខ្នង ដែល​បាន​ចំណាយ​ថវិកា​ច្រើន​ជាង​ 738​ ពាន់​ដុល្លារ​អាមេរិក​ (សាង​សង់​និង​បំពាក់​សម្ភារ​រួច​រាល់​មាន​ 22​ ខ្នង និង​ 3​ ខ្នង​កំពុង​បំពាក់​សម្ភារ​)។​ គម្រោង​បណ្ណាល័យ​ប្រាសាក់​ គ្រប​ដណ្ដប់​ចំនួន​ 292 ភូមិ​ ដែល​មាន​ចំនួន​ 59,299​ គ្រួសារ​ និង​ប្រជាពលរដ្ឋ​ 273,727​ ជូន​ដល់​សាលារៀន​នៅ​បណ្តា​ខេត្ត​ចំនួន​ 9​ រួម​មាន​ កំពង់​ស្ពឺ​ កំពង់​ចាម​ កណ្តាល ​ព្រៃវែង​ កំពង់ធំ​ សៀមរាប​ តាកែវ​ ព្រះវិហារ​ និង​ខេត្ត​បាត់ដំបង​ ដោយ​មាន​អ្នក​ទទួល​ផល​ផ្ទាល់​ សិស្ស​ចំនួន​ 15,607 នាក់​ និង​ លោក​គ្រូ​អ្នក​គ្រូ​ចំនួន​ 581​ នាក់។​

លោក​ សមអឿន​ បាន​ប្រសាសន៍​ថា ​«គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ ​ពិត​ជា​មាន​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​បណ្ដុះ​ទម្លាប់​អាន​ តាម​រយៈ​គម្រោង​បណ្ណាល័យ​នេះ។​ សមិទ្ធផល​នេះ​កើត​ឡើង​ស្រប​តាម​បេសកកម្ម​សង្គម​ដែល​យើង​ប្រកាន់​យក​ នោះ​គឺ​ការ​ចែក​រំលែក​ប្រាក់​ចំណេញ​របស់​ខ្លួន​តាម​រយៈ​កិច្ចការ​សង្គម​ទៅ​កាន់​សហគមន៍​វិញ​»។​


ថ្លែង​ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​ ម៉ី វ៉ាន់​ បាន​សម្ដែង​នូវ​ក្ដី​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រាសាក់​ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ​ ព្រម​ទាំង​បំពាក់​ធនធាន​សម្ភារ​និង​សៀវភៅ​តាម​តម្រូវ​ការ​ និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឲ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង។​

ឯកឧត្ដម​ ក៏​បាន​ផ្ដាំ​ផ្ញើ​​ឲ្យ​សិស្សា​នុសិស្ស​នៅ​សាលា​បឋមសិក្សា​និង​អនុវិទ្យាល័យ​ ស្វាយជ្រំ​ ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ក្រេប​យក​ចំណេះ​វិជ្ជា​ និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​តាម​រយៈ​បណ្ណាល័យ​នេះ។​ ឯកឧត្ដម​ក៏​បាន​សំណូមពរ​ឲ្យ​សិស្សា​នុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាជន​ក្នុង​សហគមន៍​ជួយ​ថែរក្សា​អគារ​បណ្ណាល័យ​នេះ​ឲ្យ​បាន​ល្អ​គង់វង្ស​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សិស្សា​នុសិស្ស​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត។​ ជា​ពិសេស​ ឯកឧត្ដម​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ចលនា​ជំរុញ​ការ​អាន​ទាំង​អស់​គ្នា​ ទាំង​ក្នុង​សាលារៀន​ គ្រួសារ​ និង​សហគមន៍។

អំពី​ប្រាសាក់
ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​និង​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា​ ដែល​ក្នុង​នោះ​រួម​មាន​ សេវា​ឥណទាន​ ប្រាក់​បញ្ញើសន្សំ​ ទូទាត់​វិក្កយបត្រទឹក​-ភ្លើង​ ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ បើក​ប្រាក់​បៀវត្ស​ សេវា​ទូទាត់​រហ័ស​ អេធីអឹម​ សេវា​ធនាគារចល័ត​ ម៉ាស៊ីន​ឆូតកាត​ និង​សេវា​ផ្សេងៗ  ជា​មួយ​នឹង​បណ្តាញ​ការិយាល័យ​ចំនួន​ 176​ ទីតាំង​ និង​ បាន​បំពាក់​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 128​ គ្រឿង​ នៅ​ទូទាំង​ប្រទេស។

ទន្ទឹម​នឹង​ការ​ផ្ដល់​ផលិត​ផល​និង​សេវា​ហិរញ្ញវត្ថុ​ ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ បាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សង្គម​ដូចជា​ សាង​សង់​អគារ​បណ្ណាល័យ​ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប​ ឧបត្ថម្ភ​សិស្សានុសិស្ស​នៅ​ទិវា​កុមារ​​ ចូលរួម​បរិច្ចាគ​ឈាម​ និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន និង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​។ល។​

គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​ 2017​ ប្រាសាក់​មាន​ទ្រព្យ​សកម្ម​ចំនួន​ 1,755 លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​មាន​ចំនួន​ប្រមាណ​ជាង​ 915​ លាន​ដុល្លារ​អាមេរិក​ អតិថិជន​សេវា​បញ្ញើ​សន្សំ​ចំនួន​ជាង​ 538 ពាន់​នាក់​ សំពៀត​ឥណទាន​មាន​ចំនួន​ជាង​ 1,548 លាន​ដុល្លារ​អាមេរិក​ អតិថិជន​សេវាឥណទាន​ចំនួន​ជាង​ 390 ពាន់​នាក់​ ព្រម​ជា​មួយនឹង​បុគ្គលិក​ទូទាំង​ប្រទេស​ចំនួន​ជាង​ 7,000​ នាក់។​