ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2» ក្នុងគោលបំណងផ្តល់កម្ចីដែលមានការប្រាក់ទាបដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេស បន្ទាប់ពីជំហានទី 1 នៃគម្រោងទទួលបានលទ្ធផលជាវិជ្ជមាន។
គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ក្នុងនោះក៏មាន ប្រាសាក់ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយដល់សហគ្រាសធុនតូចនិងមធ្យមដែលកំពុងត្រូវការហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មបន្ត។
គម្រោងសហហិរញ្ញប្បទាន ជំហានទី 2 នេះ មានគោលបំណងផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គម្រោងឥណទាននេះនឹងធ្វើឱ្យប្រាសាក់អាចផ្ដល់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ 2.10 ប៊ីលានរៀល ឬ 50 ម៉ឺនដុល្លារអាមេរិក និង ទុនបង្វិលរហូតដល់ 1.26 ប៊ីលានរៀល ឬ 20 ម៉ឺនដុល្លារអាមេរិក នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយរយៈពេលកម្ចីវែងរហូតដល់ 7 ឆ្នាំ ដោយគ្មានកម្រៃសេវារដ្ឋបាល។ ចំពោះអត្រាការប្រាក់នៃឥណទានក្នុងគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ជា 2 គឺ៖
- 1- អត្រាការប្រាក់អតិបរមា 6.5% ក្នុងមួយឆ្នាំ (0.54% ក្នុងមួយខែ) សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលបានចុះឈ្មោះបញ្ជីក្នុងវិស័យអាទិភាព
- 2- អត្រាការប្រាក់អតិបរមា 7.5% ក្នុងមួយឆ្នាំ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលមិនបានចុះបញ្ជី និងសហគ្រាសធុនតូចនិងមធ្យមដែលបានចុះបញ្ជីក្នុងវិស័យមិនមែនអាទិភាព
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមនេះ ចាប់តាំងពីជំហានទី 1 មកម្ល៉េះ តាមរយៈការចូលរួមផែនការសរុប 5 លានដុល្លារ ប៉ុន្តែជាក់ស្តែងប្រាសាក់បានបញ្ចេញ 10 លានដុល្លារអាមេរិករួចទៅហើយនៅជំហានដំបូង។ យើងប្ដេជ្ញាចិត្តនឹងសម្រេចឱ្យបានតួលេខនេះម្ដងទៀតនៅជំហានទី 2 នេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងដើម្បីបង្កើតឱកាសការងារនៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមថា គម្រោងពិសេសនេះនឹងជួយឱ្យសហគ្រាសធុនតូចនិងមធ្យមមានលទ្ធភាពទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែងាយស្រួល ដោយមានអត្រាការប្រាក់កាន់តែទាប។ ដូច្នេះ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលមានតម្រូវការដើមទុន អាចដាក់ពាក្យស្នើសុំកម្ចីក្រោមគម្រោងសហហិរញ្ញប្បទានជំហានទី 2 នេះ ពីបណ្ដាសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ដើម្បីទទួលបានព័ត៌មានបន្ថែម។
លោកបន្តថា «តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងនោះមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។ យើងខ្ញុំសង្ឃឹមថាសកម្មភាពអាជីវកម្មជាទូទៅនឹងវិលត្រលប់ទៅរកភាពធម្មតាជាថ្មីក្នុងពេលឆាប់ៗបំផុត។ ប្រាសាក់ នៅតែបន្តផ្ដល់សេវាប្រាក់កម្ចីជូនអតិថិជនជាធម្មតា សម្រាប់ឱ្យពួកគាត់អាចចាប់ផ្ដើមអាជីវកម្មជាថ្មី ឬ ពង្រីកអាជីវកម្ម។ យើងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីបម្រើពួកគាត់ តាមរយៈគម្រោងសហហិរញ្ញប្បទាននេះ ក៏ដូចជាតាមរយៈទឹកប្រាក់ហិរញ្ញប្បទានផ្ទាល់ខ្លួនរបស់ប្រាសាក់»។
លោកក៏បានបន្ថែមទៀតថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រនិងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរចំពោះអតិថិជនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើង។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់»។