ប្រាសាក់​ ចែក​រំលែក​បទ​ពិសោធន៍​ដល់​គណៈ​ប្រតិភូ​នៃ​ responsAbiltiy ​និង​ធនាគារ​ Baumann​ Bank​

ភ្នំពេញ​៖ ប្រាសាក់​ ដែល​ជា​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុធំជាងគេ​នៅ​កម្ពុជា​ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នៃ​ស្ថាប័ន​ ​responsAbility ​Investments ​និង​ធនាគារ​ Maerki​ Baumann Bank ​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ 13​ និង​ 14​ ខែ​វិច្ឆិកា​ឆ្នាំ​ 2018 ។

គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​ពីរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​នេះ​ គឺ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​កម្ពុជា​ សិក្សា​អំពី​ដំណើរ​ការ​ផ្តល់​ឥណទាន​ ការ​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញ​វត្ថុ​ និង​គោល​នយោបាយ​ផ្តល់​កម្ចី​បៃតង​។

លោក​ អ៊ុំ​ សមអឿន​ អនុប្រធាន​នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក​ប្រតិបត្តិ​ការ​របស់​ប្រាសាក់​ មាន​ប្រសាសន៍​ថា​៖ «យើង​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ស្វាគមន៍​គណៈប្រតិភូ​នៃ responsAbility និង​ធនាគារ​ Baumann Bank​ ។ យើង​ពិត​ជា​មាន​មោទនភាព​ក្នុង​នាម​ជា​ដៃ​គូ​របស់​ស្ថាប័ន​ដ៏​មាន​កិត្យានុភាព​ទាំងពីរ​​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​សូម​ឆ្លៀត​យក​ឱកាស​នេះ​ ថ្លែង​អំណរ​គុណ​ចំពោះ​ការ​បន្ត​គាំទ្រ​តាំង​ពី​ដើម​រៀង​មក​»។
ក្រៅ​ពី​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​កណ្តាល​ គណៈ​ប្រតិភូ​ក៏​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រាសាក់​សាខា​កណ្តាល​ស្ទឹង​ ស្ថិត​ក្នុង​ខេត្ត​កណ្តាល​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ប្រតិបត្ដិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​នៅ​តាម​សាខា​ និង​ចុះ​ជួប​អតិថិជន​របស់​ប្រាសាក់​ដើម្បី​ស្វែង​យល់​អំពី​ស្ថាន​ភាព​ និង​ការ​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​។

អំពី​ប្រាសាក់៖
ប្រាសាក់​ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ និង​មាន​បទ​ពិសោធន៍​ដ៏​ប៉ិន​ប្រសប់​ក្នុង​រយៈពេល​ 23​ ឆ្នាំ ​ហើយ​មាន​ភាព​រឹងមាំ​ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់​ៗ​ដូច​ជា ​ភាព​ល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម​ ការ​បម្រើ​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​ ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប​ វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស ​ការ​បំពាក់​ម៉ាស៊ីន​អេធីអឹម​ (ATM)​ និង​ប្រព័ន្ធ​ធនាគារ​ស្នូល​ ប្រកប​ដោយ​ភាព​ទំនើប​ តម្លាភាព ​និង​សុក្រឹត​ភាព។

អំពី responsAbility Investments AG
responsAbility Investments AG គឺ​ជា​អ្នក​ជំនាញ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​វិស័យ​វិនិយោគ​ដើម្បី​ការ​អភិវឌ្ឍ​ ហើយ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ផ្នែក​​វិនិយោគ​ ប្រកប​ដោយ​វិជ្ជាជីវៈ​ដល់​អ្នក​វិនិយោគ​ឯកជន​ ស្ថាប័ន​ ​និង​សាធារណៈ​។ ដំណោះ​ស្រាយ​វិនិយោគ​របស់​ក្រុម​ហ៊ុន​គឺ​ផ្តល់​ហិរញ្ញវត្ថុ​បំណុល​និង​មូល​ធនភាគ​ច្រើន​ដល់​ក្រុម​ហ៊ុន​ ដែល​មិន​បាន​ចុះ​បញ្ជី​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​។ តាម​រយៈ​គំរូ​អាជីវកម្ម​ប្រកប​ដោយ​បរិយាប័ន្ន​ ក្រុមហ៊ុន​ទាំង​នេះ​អាច​ជួយ​បំពេញ​នូវ​តម្រូវ​ការ​ជា​មូលដ្ឋាន​ របស់​ប្រជាជន​ និង​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ចំពោះ​ព័ត៌​មាន​បន្ថែម​ www.responsability.com

អំពី Maerki Baumann & Co.AG
Maerki Baumann & Co.AG ជា​ធនាគារ​ឯកជន​ឯករាជ្យ​នៃ​ប្រទេស​ស្វ៊ីស​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ទី​ក្រុង​ Zurich​ ។ ចំពោះ​ព័ត៌​មាន​បន្ថែម​ www.maerki-baumann.ch