លក្ខខណ្ឌប្រើប្រាស់​

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​អនុ​វត្ត​ចំពោះ​ប្រតិបត្តិ​ការ​លើសេវាកម្ម​ធនាគារ​អេឡិចត្រូនិកទាំង​អស់ រួម​មាន ការ​ប្រើ​ប្រាស់​ប័ណ្ណអេធីអឹម និង​សេវា​ធនាគារ​ចល័ត ជា​ដើម​។

  1. លក្ខខណ្ឌ​ទូ​ទៅ៖
    1. ​លក្ខខណ្ឌ​ទាំង​នេះ គឺជា​កិច្ច​ព្រម​ព្រៀង​រវាង​អតិថិជន​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ប្រាសាក់​ទាក់ ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ។
    2. ​អតិថិជន​ត្រូវ​អាន​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​បញ្ជា​ក់​ឡើង​វិញ​ប្រសិន​បើ​ចាំបាច់​មុន​ធ្វើ​ប្រតិបត្តិ​ការ ។
  2. ឯកសារ​តម្រូវ និង​ការ​ផ្តល់​ព័ត៌មាន៖
    1. ​នៅ​ពេល​អតិថិជន​ស្នើសុំ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ អតិថិជន​ត្រូវ​ផ្តល់​ព័ត៌មាន​ចាំបាច់​ដល់ ប្រាសាក់ ដោយ​ត្រូវ​បំ​ពេញ​ពាក្យ​ស្នើសុំ និង​ចុះ​ហត្ថ​លេខា ។ អតិថិជន បាន​អះអាង​ថា​ខ្លួន​យល់​ព្រម​អនុ​វត្ត​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​ប្រាសាក់ និង​ទទួល​ខុស​ត្រូវ​នូវ​រាល់​ព័ត៌មាន​ដែល​បាន​បំ​ពេញ និង​គោរព​តាម​រាល់​វិធាន ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ស្តីពី​ការ​ប្រើ​ប្រាស់​សេវា​កម្ម​នេះ ។
    2. ​អតិថិជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម បាន​ទទួល​ស្គាល់ និង​ព្រម​ព្រៀង​តាម​ការ​ស្នើសុំ របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ប្រាសាក់​នឹង​ផ្ទេរ​ព័ត៌មាន​ដោយ​យោង តាម​ដីកា​បញ្ជា​របស់​​តុលា​ការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ (មិន​ថា​ក្នុង ឬ ក្រៅ​ប្រទេស​កម្ពុជា) ។
  3. ទំហំ​កំណត់​នៃ​ប្រតិបត្តិ​ការ និង កម្រៃ​សេវា៖
    1. ​ទំហំ​កំណត់​នៃ​ការ​ធ្វើ​ប្រតិបត្តិ​ការ​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ គឺ​ត្រូវ​បាន​កំណត់​ទៅ​តាម​ប្រភេទ​ប័ណ្ណនី​មួយៗ ឬ​សេវា​ធនាគារ​ចល័ត​របស់​ប្រាសាក់ ទៅ​តាម​ទំហំ​មួយ​ដែល​បាន​កំណត់​ដោយ​ប្រាសាក់​ដូច​បាន​បង្ហាញ​ជូន​ទៅ​តាម​សាខា​ប្រាសាក់ ឬ​វេបសាយត៍ប្រា-សាក់ ។
    2. ​នៅ​ពេល​អតិថិជន​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​មួយ​ចំនួន​បាន ប្រាសាក់​អាច​តម្រូវ ឲ្យ​បង់​ថ្លៃ​សេវា​ផ្សេងៗ ។ អតិថិជន​យល់​ព្រម​បង់​ថ្លៃ​សេវា​ផ្សេងៗ ហើយ​យល់​ព្រម​ឲ្យ​ប្រាសាក់​ទូទាត់​ថ្លៃ​សេវា​ដោយ​ផ្ទាល់​ពី​គណនី​ផ្គត់ផ្គង់​សាច់​ប្រាក់​របស់​អតិថិជន ។
    3. ​រាល់​ប្រតិបត្តិ​ការ​ទាំង​ឡាយណា​ដែល​ច្បាប់​ហាមឃាត់​នឹង​មិន​ត្រូវ​បាន​​អនុញ្ញា​ត​ឲ្យ​ប្រើ​ប្រាស់​ជា​មួយ​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម​ឡើយ ហើយ​វា​ជាការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អតិថិជន​លើ​ប្រតិបត្តិ​ការ​ទាំង​នោះ ។
    4. ​អតិថិជន​អាច​ប្រើ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ បាន​នៅ​ពេល​ដែល​គណនី​របស់​អតិថិជន​មាន​សមតុល្យ គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​នោះ ។
    5. ​តម្លៃ​សេវា​កម្មពាក់​ព័ន្ធ​នឹង​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ប្រាសាក់ ត្រូវ​បាន​ដាក់​បង្ហាញ​លើវេបសាយត៍ និង​នៅ​គ្រប់​សាខា​ប្រាសាក់ ។
    6. ​ប្រាសាក់​មាន​សិទ្ធិ​ធ្វើ​ការ​កែប្រែ​កម្រៃ​សេវា ឬ​ទំហំ​ប្រតិបត្តិ​ការ ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជា​មុន​ឡើយ។
  4. សុវត្ថិភាព​នៃ​លេខ​កូដ​សម្ងាត់ ប័ណ្ណអេធីអឹម និង​អត្ត​លេខ​អ្នក​ប្រើ​ប្រាស់​សេវា៖
    1. ​អតិថិជន​ត្រូវ​តែ​រក្សា​លេខ​កូដ​សម្ងាត់ ប័ណ្ណអេធីអឹម និង​អត្ត​លេខ​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត របស់​អតិថិជន​ឲ្យ​មាន​សុវត្ថិភាព ។ រាល់​ការ​ខូចខាត​ដែល​កើត​ចេញ​ពីការធ្វេស​ប្រហែស​ក្នុង​ការ​រក្សា​ព័ត៌មាន​សម្ងាត់​ខាង​លើ គឺ​ជាការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អតិថិជន។
    2. ​ប្រាសាក់​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​ប្តូរ​លេខ​កូដ​សម្ងាត់​របស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​របស់​អតិថិជន​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
    3. ​ប្រសិន​បើអត្ត​លេខ​អ្នក​ប្រើ​ប្រាស់ និង​/​ឬ​លេខ​កូដ​សម្ងាត់​របស់​សេវា​ធនាគារ​ចល័ត ឬ​លេខ​កូដ​របស់​ប័ណ្ណអេធីអឹម ឬ​ប័ណ្ណអេធីអឹម របស់​អតិថិជន​ត្រូវ​បាន​បាត់​បង់ ឬ​ត្រូវ​បាន​គេ​លួច ឬ​រក​ឃើញ​ថា​មាន​ប្រតិបត្តិ​ការ​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញា​ត​បាន​កើត​ឡើង​លើ​គណនី អតិថិជន​ត្រូវ​តែ​ជូន​ដំណឹង​មក​ប្រាសាក់​ជាបន្ទាន់ ឬ​ទាក់​ទងមក​កាន់​សេវា​បម្រើ​អតិថិជន​តាម​រយៈ​លេខ ០២៣ / ០៨៦ ៩៩៩ ៩១១។
  5. សិទ្ធិ និង​កាតព្វកិច្ច​របស់​អតិថិជន៖
    1. ​អតិថិជន ត្រូវ​ប្រាកដ​ថាគ្រប់​ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​ប្រាសាក់​នៅ​លើ​ពាក្យ​ស្នើសុំ​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម​ប្រាសាក់ ពិត​ជា​ព័ត៌មាន​ពិត​ប្រាកដ ត្រឹម​ត្រូវ និង​ថ្មី​បំផុត ។
    2. ​អតិថិជន​មាន​សិទ្ធិ​ទទួល​បាន​សេវា​កម្មគ្រប់​ប្រភេទ​របស់​សេវា​ធនាគារ​ចល័ត និង​ប័ណ្ណអេធីអឹម ដែល​ប្រាសាក់​បាន​ព្រម​ព្រៀង​ផ្តល់​ជូន ហើយ​អតិថិជន​មាន​សិទ្ធិ​អង្កេត​មើល​ពី​គុណភាព​សេវា​កម្ម និង​ផ្តល់​យោបល់​ដល់​ប្រាសាក់​ចំពោះ​ចំណុច​ខ្វះខាត​នៃ​សេវា​កម្ម​របស់​ប្រាសាក់ ។
    3. ​អតិថិជន​មាន​សិទ្ធិ​ទាមទារ​របាយការណ៍​សមតុល្យ​គណនី​ពី​ប្រាសាក់​នៅ​ស្នាក់​ការ​ណាមួយ ឬ បោះ​ពុម្ភ​របាយការណ៍​គណនី​លើ​ប្រតិបត្តិ​ការ​តាម​រយៈ​សេវា​ធនាគារ​ចល័ត នៅ​ក្នុង​អំឡុង​ពេល​ជាក់​លាក់​ណាមួយ ដែល​កំណត់​ដោយ​ប្រាសាក់ ហើយ​មាន​សិទ្ធិ​សាកសួរ​ក្នុង​ករណី​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​របាយការណ៍​ទាំង​នោះ ។
    4. ​អតិថិជន ត្រូវ​ធានាពីភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ដែល​បាន​ផ្តល់​មក​ប្រាសាក់ ហើយ​ត្រូវ​ជូន​ដំណឹង​មក​ប្រាសាក់​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នោះ បើ​មិន​ដូច្នេះ​ទេ​អតិថិជន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រាល់​ការខាតបង់ ឬ​ការពន្យារ​ពេល​ផ្សេងៗ​ដែល​អាច​កើត​ឡើង ។
  6. សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រាសាក់៖
    1. ​ប្រាសាក់​មាន​សិទ្ធិ​ផ្ទៀងផ្ទាត់ និង​ពិនិត្យ​ប្រវត្តិរូប​របស់​អតិថិជន ហើយ​អាច​ទាមទារ​ព័ត៌មាន​ផ្ទាល់​របស់​អតិថិជន និង​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​ដល់​អតិថិជន ។
    2. ​ប្រាសាក់​មាន​សិទ្ធិ​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត និង​បង្កក​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម របស់​អតិថិជន​ដោយ​យោង​លើវិធាន​នៃ​ច្បាប់ ឬ​ដីកា​ពី​តុលា​ការ ។
    3. ​នៅ​ក្នុង​ហេតុ​ការណ៍​ដែល​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម​មិន​អាច​ប្រើ​ប្រាស់​បាន​ដោយ​ករណី​ប្រធាន​សក្តិ ឬ​ដោយ​ហេតុ​ផល​ជាក់​ច្បាស់​​ណាមួយ​នោះ ប្រាសាក់​ត្រូវ​ជួយ​ដល់​អតិថិជន (អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម) ក្នុង​ការរក​ដំណោះ​ស្រាយ​លើ​បញ្ហា ឬ​ផ្តល់​ជំនួយ​ការ​ចាំបាច់​​ណាមួយ​យោង​លើ​ហេតុ​ផល​ជាក់​ស្តែង ប៉ុន្តែ​ប្រាសាក់​មិន​ទទួល​ខុស​ត្រូវ​ទៅ​លើ​ហេតុ​ការណ៍​នោះ​ទាំង​ស្រុងទេ ។
    4. ​ប្រាសាក់​មាន​សិទ្ធិ​យក​កម្រៃ​សេវា និង​ថ្លៃ​សេវា​ពាក់​ព័ន្ធ​អាស្រ័យលើលក្ខខណ្ខ​នៃ​អាជីវកម្ម​ខ្លួន ។
    5. ​ប្រាសាក់​នឹង​ផ្តល់​លេខ​ទូរស័ព្ទ​សម្រាប់​បម្រើ​សេវា​កម្ម ២៤​ម៉ោង ហើយ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​អំពី​គណនី និង​ការ​រាយការណ៍​ពីការ​ភ្លេច​លេខ​សម្ងាត់ ឬ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន ។
    6. ​ប្រាសាក់​ត្រូវ​រក្សា​ការ​សម្ងាត់​រាល់​ព័ត៌មាន​របស់​អតិថិជន លើក​លែងតែ​តម្រូវ​ដោយ​ច្បាប់ ​តុលា​ការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
  7. ការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម៖
    1. ​អតិថិជន​យល់​ព្រម និង​ទទួល​រ៉ាប់រង​ចំពោះ​ប្រាសាក់​ថាការ​ទូទាត់​ប្រាក់​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម គឺ​មិន​មាន​ការ​រំលោភ​បំពាន​លើ​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឬ ដែន​សមត្ថកិច្ច​នៃ​ប្រទេស​​ណាមួយ​ផ្សេង​ទៀត​ឡើយ ។
  8. ផ្សេងៗ៖
    1. ​ប្រាសាក់​មាន​សិទ្ធិ​ធ្វើ​ការ​កែប្រែ​លក្ខខណ្ឌ​ទាំង​នេះ​បាន​គ្រប់​ពេល​វេលា​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ជូន​ដំណឹង​ដល់​អតិថិជន។ ក្រោយ​ចូល​ជាធរ​មាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​អនុ​វត្ត​តាម​បទ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ។
    2. ជម្លោះពាក់​ព័ន្ធ​រវាង​ប្រាសាក់ និង អតិថិជន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប័ណ្ណអេធីអឹម ត្រូវ​បាន​ដោះ​ស្រាយ​​ដោយ​ការសម្រប​សម្រួល​គ្នា ។ ក្នុង​ករណី​ការ​ដោះ​ស្រាយ​​មិន​អាច​សម្រេច​បាន​ដោយ​ការសម្រប​សម្រួល​គ្នា គូ​ភាគី​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​​តុលា​ការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដើម្បី​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់។
    3. ​បញ្ហា​ផ្សេងៗ​ដែល​មិន​មាន​ចែង​នៅ​ក្នុង​ប្រការ​ទាំង​នេះ ត្រូវ​អនុលោម​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។
    4. ​លក្ខខណ្ឌ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ករណី​មាន​ចំណុច​​ណាមួយ​រវាង​អត្ថបទ​ទាំង​ពីរ​មាន​ន័យ​មិន​ស្រប ឬ មិន​ស៊ី​គ្នា នោះ​អត្ថបទ​ជា​ភាសា​ខ្មែរ នឹង​ត្រូវ​ចាត់​ទុកជា​ផ្លូវ​ការ។
    5. ​ភាគី​ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​សន្មតថា​ពិត​ជា​បាន​អាន និង​យល់​ព្រម​អនុ​វត្ត​តាម​គ្រប់​ចំណុច​ទាំង​អស់​ដែល​បាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នេះ។

I. ​សេចក្តី​ផ្តើម​៖

លក្ខខណ្ឌ​ទូ​ទៅ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល និង​សេវា​កម្មជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ប្រាសាក់ ត​ទៅ​ហៅ​ថា “​ប្រាសាក់​” ត្រូវ​បាន​បង្កើត​​ឡើង​​ដើម្បី​ជួយ​ដល់​អតិថិជន​ទាំង​អស់​របស់​ប្រាសាក់ ត​ទៅ​ហៅ​ថា “​អតិថិជន​” ក្នុង​ការស្វែង​យល់​អំពី​លក្ខខណ្ឌ​ទូ​ទៅ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល ឬ​សេវា​កម្ម​នានា​របស់​ប្រាសាក់ ត​ទៅ​ហៅ​ថា “​លក្ខខណ្ឌ​ទូ​ទៅ​” មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស និង​ប្រើ​ប្រាស់​សេវា​កម្ម​ណាមួយ​ជា​មួយ​ប្រាសាក់ ។

ចាប់​ពី​ថ្ងៃ​ដែល​អតិថិជន​បាន​បំ​ពេញ​ពាក្យ​ស្នើសុំ​ប្រើ​ប្រាស់​ផលិត​ផល ឬ​សេវា​កម្ម​របស់ ប្រាសាក់ និង​ក្នុង​ករណី​ដែល​អតិថិជន​ធ្វើ​ការ​បញ្ជា​មក​ប្រាសាក់​ឲ្យ​ធ្វើ​ប្រតិបត្តិ​ការ ឬ​សេវា​អ្វី​មួយ​ដោយ​មិន​បាន​ប្រើ​ប្រាស់​ទម្រង់ ឬ​ឯកសារ​របស់​ប្រាសាក់​ក៏​ដោយ អតិថិជន​ត្រូវ​បាន​សន្មតថា បាន​អាន និង​យល់​ព្រម​អនុ​វត្ត​តាម​លក្ខខណ្ឌ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ និង​លក្ខខណ្ឌ​លម្អិត​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ផលិត​ផល ឬ​សេវា​កម្មនី​មួយៗ​របស់​ប្រាសាក់ ។

ករណី​អតិថិជន​មាន​ភាព​មិន​ច្បាស់​លាស់លើ​ចំណុច​​ណាមួយ​ដែល​បាន​ចែង​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ អតិថិជន​អាច​ស្វែងរក​ការពន្យល់​បន្ថែម​ពី​បុគ្គលិក​ប្រាសាក់​ដោយ​ផ្ទាល់​នៅ​គ្រប់​សាខា​ប្រាសាក់​ទាំង​អស់ ឬ​តាម​រយៈ​ទូរស័ព្ទ​ទៅ​កាន់​លេខ ០២៣/០៨៦ ៩៩៩ ៩១១ បាន​គ្រប់​ពេល​វេលា។

II. ​និយម​ន័យ​នៃ​ពាក្យ​គន្លឹះ​នានា​ពាក់​ព័ន្ធ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ប្រាសាក់​

– គណនី : ​សំដៅ​លើ​គណនី​ធនាគារ​ទាំង​ឡាយ​ដែល​អតិថិជន​ប្រើ​ប្រាស់​ជា​មួយ​ប្រាសាក់​
– ​គណនី​រួម : ​សំដៅ​លើ​គណនី​ទាំង​ឡាយណា​ដែល​មាន​សមាជិក​រួម​គណនី​ចាប់​ពី ០២ ឡើង​ទៅ
– ​ប្រាក់​បញ្ញើ : ​សំដៅ​លើ​ទឹក​ប្រាក់​ដែល​អតិថិជន​ដាក់​ផ្ញើជា​មួយ​ប្រាសាក់​
– ​ម្ចាស់​​គណនី​ : ​សំដៅ​លើ​បុគ្គល​ទាំង​ឡាយណា​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​គណនី និង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​គណនី​នោះ
– ​អ្នក​រួម​គណនី​ : ​សំដៅ​លើ​អតិថិជន​ដែល​ឈរ​ឈ្មោះ​ជា​សមាជិក​រួម​គណនី​
– ​របាយការណ៍​គណនី : ​សំដៅ​លើ​កំណត់​ត្រា​ប្រតិបត្តិ​ការ​ចេញ ឬ​ចូល​ទាំង​ឡាយ​នៅ​ក្នុង​គណនី​
– ​ឯកសារ​គណនី​: ​សំដៅ​លើ សៀវភៅ​គណនី​សន្សំ សម្រាប់​គណនី​សន្សំ និង​/​ឬ​វិញ្ញាបនបត្រសម្រាប់​គណនី​បញ្ញើ​មាន​កាល​កំណត់ ឬ​ប័ណ្ណ​ព័ត៌មាន​គណនី​ជា​ដើម​។ល។

III. ​លក្ខខណ្ឌ​ទូ​ទៅ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល និង​សេវា​កម្ម​របស់​ប្រាសាក់​

  1. ការ​បើក​គណនី​
    1. ​រាល់​ពេល​ស្នើសុំ​បើក​គណនី​ជា​មួយ​ប្រាសាក់ អតិថិជន​ត្រូវ​បំ​ពេញ​ទម្រង់​ពាក្យ​ស្នើសុំ​បើក​គណនី ផ្តល់​គំរូហត្ថ​លេខា ឬ​ស្នាមមេ​ដៃ ឯកសារ​បញ្ជា​ក់អត្ត​សញ្ញាណ និង​ឯកសារ​តម្រូវ​ផ្សេងៗ​ទៀត​តាម​ការ​ស្នើសុំ​ពី​ប្រាសាក់។
    2. ​អតិថិជន​យល់​ព្រម​ដាក់​ប្រាក់​តម្កល់​ក្នុង​គណនី​តាម​ចំនួន​អប្បបរមា​ណាមួយ​ស្រប​ទៅ​តាម​គោល​ការណ៍​ដែល​បាន​កំណត់​ដោយ​ប្រាសាក់។
  2. ​គណនី​រួម​គ្នា​
    1. ​សមាជិក​រួម​គណនី​នី​មួយៗ គឺ​ត្រូវ​បាន​ចាត់​ទុកថា​ជា​ម្ចាស់​​គណនី ហើយ​ត្រូវ​ចូល​រួម​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ប្រាសាក់ នូវ​រាល់​បំណុល និង​កាតព្វកិច្ច​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​គណនី​រួម​នោះ ។
  3. ​គណនី​គ្មាន​ប្រតិបត្តិ​ការ
    1. ​ប្រសិន​បើ​គណនី​របស់​អតិថិជន​មិន​មាន​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេល ៣៦៥ ថ្ងៃ ឡើង​ទៅ គណនី​នោះ​នឹង​ត្រូវ​ចាត់​ទុកថា​ជា​គណនី​គ្មាន​ប្រតិបត្តិ​ការ។
    2. ​អតិថិជន​យល់​ព្រម​ឲ្យ​ប្រាសាក់​ធ្វើ​ការ​ទូទាត់​កម្រៃ​សេវា​នៃ​គណនី​គ្មាន​ប្រតិបត្តិ​ការ​ដោយ​ត្រូវ​ទូទាត់​តាម​រយៈការ​កាត់​ចេញ​ពី​គណនី​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិ និង​ដោយ​មិន​ចាំបាច់​ស្នើសុំ​ការ​អនុញ្ញា​ត​
      ពី​អតិថិជន​ឡើយ ។
    3. ​អតិថិជន​យល់​ព្រម​ថា រាល់​គណនី​គ្មាន​ប្រតិបត្តិ​ការ​ទាំង​ឡាយណា​ដែល​មាន​សមតុល្យ​ស្មើ​សូន្យ នឹង​ត្រូវ​បាន​បិទ​ដោយ​ប្រាសាក់ ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជា​មុន​ឡើយ។
  4. ការ​ផ្តល់​ព័ត៌មាន​របស់​អតិថិជន​
    1. ​នៅ​ពេល​ស្នើសុំ​បើក​គណនី និង​/​ឬ ប្រើ​ប្រាស់​សេវា​កម្ម នានា​ជា​មួយ​ប្រាសាក់ អតិថិជន​ត្រូវ​ផ្តល់​នូវ​ព័ត៌មាន​តាម​ការ​ស្នើសុំ​របស់​ប្រាសាក់ និង​ត្រូវ​ធានាថា រាល់​ព័ត៌មាន​ដែល​ផ្តល់​មក​ប្រាសាក់ ជា​ព័ត៌មាន ពិត​ប្រាកដ ត្រឹម​ត្រូវ និង​ថ្មី​បំផុត។
    2. ​ករណី​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ផ្សេងៗ អតិថិជន​ត្រូវ​ធ្វើ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​ប្រាសាក់​ជាបន្ទាន់ ។
    3. ​អតិថិជន​យល់​ព្រម​ឲ្យ​ប្រាសាក់​ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​ភាគី​ទីបី​ក្នុង​ករណី​ចាំបាច់​​ណាមួយ ដែល​តម្រូវ​ដោយ​ប្រាសាក់​ផ្ទាល់ ឬ​តាម​ការ​បង្គាប់​បញ្ជា​ពី​តុលា​ការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
    4. ​អតិថិជន​យល់​ព្រម​ចូល​រួម​សហការ និង​ផ្តល់​ឲ្យ​ប្រាសាក់​នូវ​ឯកសារ​គាំទ្រ​នានា​ដែល​ពាក់​ព័ន្ធ ​ដើម្បី​ឲ្យ​ប្រាសាក់​អាចអនុ​វត្ត​ការ​ងារ​បាន​ត្រឹម​ត្រូវ​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម។
  5. ការ​ស្នើសុំ​កែប្រែ​ព័ត៌មាន និង​ការ​ជូន​ដំណឹង​ពី​អតិថិជន​
    1. ​អតិថិជន​អាច​ធ្វើ​ការ​ស្នើសុំ​ជា​លាយលក្ខណ៍​អក្សរ​មក​ប្រាសាក់ ​ដើម្បី​ធ្វើ​ការ​កែប្រែ ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​របស់​ខ្លួន​បាន។
    2. ​ប្រាសាក់​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ រាល់​ការ​ខូចខាត​ទាំង​ឡាយណា​ដែល​កើត​ចេញ​អំពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ផ្សេងៗ​របស់​អតិថិជន​ក្នុង​ករណី​ដែល​អតិថិជន​មិន​បាន​ជូន​ដំណឹង​មក​ប្រាសាក់។
    3. ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​អាចជា ការ​បន្ថែម ឬ​ដក​សិទ្ធិ​អ្នក​រួម​គណនី ការ​កែប្រែ​លក្ខខណ្ឌ​ក្នុង​ការ​ចុះ​ហត្ថ-​លេខា ការ​ផ្លាស់​ប្តូរ​គំរូហត្ថ​លេខា ការ​ផ្លាស់​ប្តូរ​ឯកសារ​បញ្ជា​ក់អត្ត​សញ្ញាណ​ឬ​ការ​កែប្រែ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ដែល​ខុស​អំពី​ព័ត៌មាន​ដែល​អតិថិជន​បាន​ផ្តល់​មក​ប្រាសាក់​នៅ​ពេល​ស្នើសុំ​បើក​គណនី​ដំបូង។
  6. ការ​ដាក់​ប្រាក់​បញ្ញើ
    1. ​ប្រាសាក់​យល់​ព្រម​ឲ្យ​អតិថិជន​ដាក់​ប្រាក់​បញ្ញើជា​សាច់​ប្រាក់​សុទ្ធ មូលប្បទានបត្រ ផ្ទេរ​តាម​គណនី ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​​អនុញ្ញា​ត​ដោយ​ប្រាសាក់។
    2. ​ប្រាសាក់​ក៏​អាច​ធ្វើ​ការ​បដិសេធ​មិន​ទទួល​យក​ប្រាក់​បញ្ញើពី​អតិថិជន​ដោយ​មិន​ចាំបាច់​បញ្ជា​ក់ពីមូល​ហេតុ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បដិសេធ​នោះ​ឡើយ។
    3. ​អតិថិជន​យល់​ព្រម​បង់​កម្រៃ​សេវា​លើការ​ដាក់​ប្រាក់​ឆ្លង​សាខា (ប្រសិន​បើ​មាន) ទៅ​តាម​គោល​ការណ៍​ដែល​បាន​កំណត់​ដោយ​ប្រាសាក់។
  7. ការដក/ផ្ទេរ​ប្រាក់​បញ្ញើ
    1. ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការដក ឬ​ផ្ទេរ​ប្រាក់​ចេញ​ពី​គណនី​របស់​ខ្លួន​ដែល​មាន​ជា​មួយ​ប្រាសាក់ ដោយ​គ្រាន់​តែបំ​ពេញ​ប័ណ្ណដក​ប្រាក់ ឬ​ប័ណ្ណផ្ទេរ​ប្រាក់​ដែល​មាន​នៅ​តាម​សាខា​ប្រាសាក់​ឲ្យ​បាន​ត្រឹម​ត្រូវ។
    2. ​អតិថិជន​អាច​ស្នើសុំ​ដក ឬ​ផ្ទេរ​ប្រាក់​ខុស​ពីរ​ូបិយប័ណ្ណ​គណនី​បាន លុះត្រាតែ​មាន​ការ​យល់​ព្រម​ពី​ប្រាសាក់ និង​ត្រូវ​ធ្វើ​ការដក ឬ​ផ្ទេរ​ប្រាក់​ដោយ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ស្តង់ដារ​ដែល​កំណត់​ដោយ​ប្រាសាក់​នៅ​ពេល​ស្នើសុំ​ធ្វើ​ប្រតិបត្តិ​ការ​នោះ។
    3. ​អតិថិជន​យល់​ព្រម​បង់​កម្រៃ​សេវា​លើ​ប្រតិបត្តិ​ការដក ឬ​ផ្ទេរ​ឆ្លង​សាខា​ទៅ​តាម​កម្រៃ​សេវា​ស្តង់ដារ​ដែល​បាន​កំណត់​ដោយ​ប្រាសាក់ ដែល​អាចរក​បាន​នៅ​តាម​សាខា ឬ​វេបសាយត៍​ប្រាសាក់ www.prasac.com.kh ។
    4. ​ប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​បដិសេធ​លើ​ប្រតិបត្តិ​ការដក​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ពី​អតិថិជន ក្នុង​ករណី​ដែល​អតិថិជន​មិន​បាន​បំ​ពេញ​ពាក្យ​ស្នើសុំ​ដក ឬ​ផ្ទេរ​ប្រាក់​ឲ្យ​បាន​ត្រឹម​ត្រូវ ឬ​គណនី​នោះ​ត្រូវ​បាន​បង្ខាំង ឬ​បង្កក ដោយ​យោង​តាម​ការ​បង្គាប់​បញ្ជា​ពី​ស្ថាប័ន​​តុលា​ការ ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
  8. ឥណទានវិបារូបរ៍ (ការដក​ប្រាក់​ដែល​ធើ្វ​ឲ្យ​សមតុល្យ​ក្រោម​សូន្យ)
    1. ​អតិថិជន​ត្រូវ​រក្សា​សមតុល្យ​គណនី​របស់​ខ្លួន​ឲ្យ​ធំ​ជាង​សូន្យគ្រប់​ពេល ឬ​ត្រឹម​សមតុល្យអប្បបរមា តាម​ការ​កំណត់​របស់​ប្រាសាក់ លើក​លែង​ករណី​ដែល​ប្រាសាក់​ផ្តល់​ឲ្យ​អតិថិជន​នូវ​សេវា​ឥណទានវិបារូបរ៍ (ការដក​ប្រាក់​ដែល​ធ្វើ​ឲ្យ​សមតុល្យ​គណនី​ក្រោម​សូន្យ) ។
    2. ការ​ប្រាក់​នឹង​គិត​ចំពោះ​ការដក​ប្រាក់​ក្រោម​សូន្យ ដោយ​គណនា​តាម​សមតុល្យ​ដែល​តូច​ជាង​សូន្យ​ប្រចាំ​ថ្ងៃ​គុណ​នឹង​អត្រា​ជាក់​សែ្តង​ដែល​បាន​កំណត់​ដោយ​ប្រាសាក់​នា​ពេល​នោះ ។ ការ​ប្រាក់​នឹង​បញ្ចូល​ក្នុង​ខែនី​មួយៗ ហើយ​ត្រូវ​បាន​បូកបញ្ចូល​ទៅ​ជា​ប្រាក់​ដើម​សម្រាប់​គោល​បំណង​នៃ​ការគណនាការ​ប្រាក់​នៅ​ខែបន្ទាប់ ។
    3. ​ប្រាសាក់​អាច​ទាមទារ​ឲ្យ​អតិថិជន​សង​ត្រឡប់​មក​វិញ​បាន​គ្រប់​ពេល​សម្រាប់​គណនី​ដែល​មាន​សមតុល្យ​ដែល​បាន​ដក​ក្រោម​សូន្យ។
  9. ការ​បញ្ជា​ទូទាត់​
    1. ​អតិថិជន​អាច​ធ្វើ​ការ​បញ្ជា​ទូទាត់​ជា​លាយលក្ខណ៍​អក្សរ​មក​ប្រាសាក់​ដោយ​ត្រូវ​ផ្តល់​ព័ត៌មាន​របស់​អ្នក​ទទួល​ផល​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​ដូច​មាន​បញ្ជា​ក់​នៅ​ក្នុង​លិខិត​បញ្ជា​ទូទាត់។
    2. ​ប្រាសាក់​នឹង​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បាត់​បង់​ទាំង​ឡាយណា​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្តល់​ព័ត៌មាន​ខុស មិន​ត្រឹម​ត្រូវ និង​/​ឬ​មិន​គ្រប់​គ្រាន់​របស់​អតិថិជន​នោះ​ទេ ។
  10. ការ​បង្ខាំង​គណនី​
    1. ប្រាសាក់​នឹង​ធ្វើ​ការ​បង្ខាំង​គណនី​របស់​អតិថិជន ប្រសិន​បើ​មាន​ការ​ស្នើសុំ​ជា​លាយលក្ខណ៍​អក្សរ​ពី​អតិថិជន តាម​សេចក្តី​បង្គាប់​ពី​ស្ថាប័ន​​តុលា​ការ ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
  11. ការដោះការ​បង្ខាំង​គណនី​
    1. ប្រាសាក់​នឹង​ធ្វើ​ការដោះការ​បង្ខាំង​គណនី​ដែល​ត្រូវ​បាន​បង្ខាំង​ក្នុង​ករណី​​ណាមួយ​ខាង​ក្រោម៖
      • ​មាន​ការ​ស្នើសុំ​ជា​លាយលក្ខណ៍​អក្សរ​ពី​អតិថិជន (ក្នុង​ករណី​អតិថិជន​ស្នើសុំ​បង្ខាំង​គណនី)
      • ​តាម​សេចក្តី​បង្គាប់​បញ្ជា​របស់​ស្ថាប័ន​​តុលា​ការ ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
  12. ​កម្រៃ​សេវា​កម្ម
    1. ​អតិថិជន មាន​កាតព្វកិច្ច​បង់​កម្រៃ​សេវា​កម្ម​ផ្សេងៗដូច​មាន​ចែង​នៅ​ក្នុង​តារាង​តម្លៃ​សេវា​ស្តង់ដារ​របស់​ប្រាសាក់ តាម​ប្រភេទ និង​លក្ខខណ្ឌ​នី​មួយៗពាក់​ព័ន្ធ​នឹង​ផលិត​ផល និង​សេវា​កម្ម​ផ្សេងៗ​របស់​ប្រាសាក់ ។
    2. ​ប្រាសាក់​នឹង​កាត់​ប្រាក់​កម្រៃ​ខាង​លើ ចេញ​ពី​គណនី​ដោយ​មិន​ចាំបាច់​សុំការ​អនុញ្ញា​ត​ពី​អតិថិជន​ឡើយ រួម​មាន​តែ​មិន​កំណត់​ត្រឹម ប្រាក់​ពិន័យ ការ​ប្រាក់ ប្រាក់​ពន្ធ ប្រាក់​កម្រៃ​ជើង​សា និង​កម្រៃ​សេវា​កម្ម​នានា​ដែល​អតិថិជន​ជំពាក់ ឬ​មិន​ទាន់​បាន​បង់មក​ឲ្យ​ប្រាសាក់។
    3. ​ចំពោះ​តារាង​តម្លៃ​សេវា​កម្ម​ស្តង់ដារ​នេះ អតិថិជន​អាច​ស្វែងរក​បាន​នៅ​គ្រប់​ការិយាល័យ និង​វេប-សាយត៍​របស់​ប្រាសាក់ www.prasac.com.kh ឬ​ទំនាក់​ទងមក​កាន់​សេវា​បម្រើ​អតិថិជន​តាម រយៈ​ទូរស័ព្ទ​លេខ៖ ០២៣ / ០៨៦ ៩៩៩ ៩១១។
  13. ​អត្រា​ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ
    1. ​ប្រាសាក់ នឹង​គណនា និង​ទូទាត់​ការ​ប្រាក់​ជូន​ទៅ​អតិថិជន​ដោយ​យោង​តាម​អត្រា​ការ​ប្រាក់​ស្តង់ដារ​ទៅ​តាម​ប្រភេទ​គណនី​ប្រាក់​បញ្ញើសន្សំនី​មួយៗ ដែល​បាន​កំណត់​ដោយ​ប្រាសាក់។
    2. ការ​ប្រាក់​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​ទៅ​លើស​មតុល្យ​ប្រចាំ​ថ្ងៃ ផ្អែក​លើរយៈ​ពេល ៣៦៥​ថ្ងៃ ក្នុង​មួយ​ឆ្នាំ និង​ផ្អែក​តាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​នោះ ។
    3. ការ​ប្រាក់​នឹង​ត្រូវ​បញ្ចូល​ក្នុង​គណនី​ជា​ប្រចាំ​ខែ ប្រចាំ​ឆ្នាំ ឬ​ពេល​គណនី​ដល់​កាល​កំណត់ អាស្រ័យលើ​ប្រភេទ​គណនី​នី​មួយៗ​ដែល​អតិថិជន​ស្នើសុំ​បើក។
  14. ការ​កែប្រែ​កម្រៃ​សេវា អត្រា​ការ​ប្រាក់ លក្ខខណ្ឌ​ផ្សេងៗ និង​ការ​ជូន​ដំណឹង​ទៅ​អតិថិជន​
    1. ​ប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​កម្រៃ​សេវា អត្រា​ការ​ប្រាក់ ឬ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ត្រូវ​អនុ​វត្ត​ចំពោះ​គណនី​របស់​អតិថិជន​នៅ​ពេល​ណា​ក៏​បាន​​ទៅ​តាម​ឆន្ទានុ​សិទ្ធិ​របស់​ខ្លួន ។
    2. ​អតិថិជន​យល់​ព្រម​នឹង​ទទួល​យកការ​កែប្រែ​ខាង​លើ​ភ្លាមៗបន្ទាប់ពី​ទទួល​បាន​ការ​ជូន​ដំណឹង​ពីប្រា-សាក់ ។ អតិថិជន​យល់​ព្រម និង​ទទួល​ស្គាល់​ថា​ប្រាសាក់​អាច​ធ្វើ​ការ​ជូន​ដំណឹង​ពីការ​កែប្រែ​ខាង​លើ តាម​រយៈ​មធ្យោបាយ​​ណាមួយ​ក្នុង​ចំណោម​មធ្យោបាយ​ខាង​ក្រោម៖

      (1) តាម​រយៈ​សាខា​របស់​ប្រាសាក់ និង​/​ឬ​

      (2) ​តាម​រយៈវេបសាយត៍ និង​/​ឬ បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ប្រាសាក់ និង​/​ឬ​

      (3) ​តាម​រយៈការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ការសែត ទស្សនា​វដ្តី ឬ​មធ្យោបាយ​ផ្សេងៗ​ដែល​ប្រាសាក់​បាន​ជ្រើសរើស ។

    3. ​អតិថិជន​ត្រូវ​បាន​សន្មតថា​បាន​ទទួល និង​យល់​ព្រម​លើ​រាល់​ការ​ជូន​ដំណឹង​ស្តីពី​ការ​កែប្រែ​ភ្លាមៗ បន្ទាប់ពី​ប្រាសាក់​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពីការ​កែប្រែ​ព័ត៌មាន​នានា​របស់​ខ្លួន​តាម​រយៈ​មធ្យោបាយ​​ណាមួយ​ក្នុង​ចំណោម​មធ្យោបាយ​ខាង​លើ។
  15. ពន្ធ​កាត់​ទុក (ពន្ធ​លើការ​ប្រាក់)
    1. ​អតិថិជន (ម្ចាស់​​គណនី) បាន​ទទួល​ស្គាល់​ថា ពន្ធ​កាត់​ទុក​លើការ​ប្រាក់​ដែល​ទទួល​បាន​ពីការ​ដាក់​ប្រាក់​បញ្ញើជា​មួយ​ប្រាសាក់​ជាបន្ទុក​របស់​ខ្លួន។
    2. ​អតិថិជន​យល់​ព្រម​ឲ្យ​ប្រាសាក់​ធ្វើ​ការ​កាត់​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​ចេញ​ពី​គណនី​របស់​អតិថិជន​ដោយ​ផ្ទាល់ និង​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​អតិថិជន​ឡើយ ។
    3. ការ​កាត់​ប្រាក់​ពន្ធ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រាល់​ពេល​ដែល​ប្រាសាក់​ធ្វើ​ការបញ្ចូល​ការ​ប្រាក់​ទៅ​ក្នុង​គណនី​របស់​អតិថិជន​ទៅ​តាម​អត្រា​ពន្ធ​ជាក់​ស្តែង​ជាធរ​មាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​អាជ្ញាធរ​ពន្ធដារ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។
  16. អត្រា​ប្តូរ​ប្រាក់​
    1. ​រាល់​ពេល​ធ្វើ​ប្រតិបត្តិ​ការលើ​គណនី ឬ​សេវា​កម្ម​ណាមួយ​ជា​មួយ​ប្រាសាក់​ដោយ​ឆ្លង​រូបិយប័ណ្ណ អតិថិជន​យល់​ព្រម​ទទួល​យក​អត្រា​ប្តូរ​ប្រាក់​ស្តង់ដារ ដែល​ប្រាសាក់​បាន​កំណត់​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិ​ការ​នោះ។
  17. ការ​ស្នើសុំ​បិទ​គណនី
    1. ​រាល់​ការ​ស្នើសុំ​បិទ​គណនី ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​អតិថិជន​ជា​ម្ចាស់​​គណនី ឬ​តាម​ការ​កំណត់​ដោយ​ច្បាប់ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
    2. ​រាល់​ការបិទ​គណនី​សន្សំ​ក្នុង​រយៈ​ពេល ០៣ ខែ (បីខែ) គិត​ចាប់​ពី​ថ្ងៃ​បើក​គណនី អតិថិជន​យល់​ព្រម​បង់​នូវ​កម្រៃ​សេវា​ទៅ​តាម​ការ​កំណត់​របស់​ប្រាសាក់។
    3. ​ចំពោះ​ការ​ស្នើសុំ​បិទ​គណនី​បញ្ញើ​មាន​កាល​កំណត់ មុន​កាល​កំណត់ អតិថិជន​យល់​ព្រម​ចំពោះ​ការខាតបង់ការ​ប្រាក់​ដែល​នឹង​ត្រូវ​ទទួល​បាន ហើយ​ប្រាសាក់​រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កំណត់​
      អត្រា​ការ​ប្រាក់​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន។
  18. ​ឯកសារ​គណនី (សៀវភៅ​គណនី​សន្សំ/​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​/ប័ណ្ណ​ព័ត៌មាន​គណនី)
    1. ​អតិថិជន​អាច​ស្នើសុំ សៀវភៅ​គណនី​សន្សំ ឬ​ប័ណ្ណ​ព័ត៌មាន​គណនី​សម្រាប់​ប្រភេទ​គណនី​សន្សំ និង​/​ឬ​វិញ្ញាបនបត្រ​ដាក់​ប្រាក់​បញ្ញើសន្សំ សម្រាប់​ប្រភេទ​គណនី​បញ្ញើ​មាន​កាល​កំណត់ ហើយ​រាល់​កម្រៃ​សេវា​ត្រូវ​បាន​កំណត់​ដោយ​ប្រាសាក់ ។
    2. អតិថិជន​ត្រូវ​ត្រួត​ពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បង្ហាញ​ក្នុង​សៀវភៅ​គណនី​សន្សំ និង​/​ឬ​វិញ្ញាបនបត្រ​នោះ និង​ត្រូវ​ជូន​ដំណឹង​មក​ប្រាសាក់​ភ្លាម​ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ​នៃ​ការ​បោះ​ពុម្ពទិន្នន័យ ក្នុង​ករណី​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី មិន​ត្រឹម​ត្រូវ ឬ​មាន​ការកោសលុប​ផ្សេងៗ ។
    3. ​ករណី​មិន​មាន​ការ​ជូន​ដំណឹង​ពី​អតិថិជន របាយការណ៍​សមតុល្យ​នោះ​នឹង​ត្រូវ​បាន​ចាត់​ទុកថា​ត្រឹម​ត្រូវ ហើយ​អតិថិជន​មិន​មាន​សិទិ្ធជំទាស់ ឬ​ប្តឹង​ទាមទារ​សំណងពី​ប្រាសាក់​ឡើយ ។
    4. ​ប្រាសាក់​មាន​សិទ្ធិ​ក្នុង​ការកែ​តម្រូវ​ទិន្នន័យ​ដែល​ខុស​នៅ​ក្នុង​សៀវភៅ​គណនី​សន្សំ ហើយ​ទិន្នន័យ​ដែល​បាន​កែ​តម្រូវ​នោះ​នឹង​មាន​សុពលភាព​សម្រាប់​អតិថិជន ។
    5. ​នៅ​ពេល​បាត់​សៀវភៅ​គណនី​សន្សំ និង​/​ឬ​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ អតិថិជន​ត្រូវ​ជូន​ដំណឹង​មក​ប្រាសាក់​ជា​លាយលក្ខណ៍​អក្សរ​ជាបន្ទាន់ ដោយ​បញ្ជា​ក់​ឲ្យ​បាន​ច្បាស់​ពី​ពេល​វេលា​កាលបរិច្ឆេទ និង​ទី​កន្លែង​ដែល​បាត់ ។
    6. ​អតិថិជន​នឹង​ត្រូវ​បាន​ផ្តល់​នូវ​សៀវភៅ​គណនី​សន្សំ ឬ​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ថ្មី​ជំនួស​ឯកសារ​គណនី​ដែល​បាន​បាត់ ប៉ុន្តែ​ត្រូវ​យល់​ព្រម​បង់​កម្រៃ​សេវា​ទៅ​តាម​ការ​កំណត់​ដោយ​ប្រាសាក់ ។
    7. ​ប្រាសាក់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អតិថិជន ឬ​ភាគី​ទីបី​ណាមួយ ប្រសិន​បើ​មាន​ប្រតិបត្តិ​ការ​គណនី​​ណាមួយ កើត​ឡើង​ទាក់​ទង​ទៅ​នឹង​គណនី​នោះ មុន​ពេល​អតិថិជន​ជូន​ដំណឹង​មក​ប្រាសាក់​ឡើយ ។
  19. របាយការណ៍​គណនី​
    1. ​ប្រាសាក់​នឹង​ផ្តល់​របាយការណ៍​គណនី​ទាក់​ទង​ទៅ​នឹង​ប្រតិបត្តិ​ការ​ចេញ ឬ​ចូល​ក្នុង​គណនី​របស់​អតិថិជន​ទៅ​តាម​ការ​ស្នើសុំ​ជាក់​ស្តែង​ពី​អតិថិជន ។
    2. ​អតិថិជន​ត្រូវ​ត្រួត​ពិនិត្យ​របាយការណ៍​គណនី​របស់​ខ្លួន​ដែល​បង្ហាញ​ក្នុង​របាយការណ៍​គណនី​នោះ និង​ត្រូវ​ជូន​ដំណឹង​មក​ប្រាសាក់​ភ្លាម​ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ​បន្ទាប់ពីកាលបរិច្ឆេទ​នៃ​ការ​បោះ​ពុម្ពទិន្នន័យ ក្នុង​ករណី​ឃើញ​ភាព​មិន​ប្រក្រតី ឬ​មិន​ត្រឹម​ត្រូវ ឬ​មាន​ការកោសលុប​ផ្សេងៗ ។
  20. ​សិទ្ធិ​ក្នុង​ការ​ទូទាត់​
    1. ​បន្ថែម​លើការ​ព្រម​ព្រៀង​ផ្សេងៗ ប្រាសាក់​មាន​សិទ្ធិ​ក្នុង​ការ​កាត់​កង​ទឹក​ប្រាក់​នៅ​ក្នុង​គណនី ​ដើម្បី​ទូទាត់​បំណុល​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជា​មុន ដោយ​កាត់​យកពី​គណនី​នូវ​ចំនួន​ទឹក​ប្រាក់​ដែល​អតិថិជន​ជំពាក់​ប្រាសាក់ ទោះ​ជា​បំណុល​រួម ឬ​ដាច់​ដោយ​ឡែក​ក៏​ដោយ។
    2. ​ប្រាសាក់​រក្សា​សិទិ្ធ​ក្នុង​ការកែ​តម្រូវ ឬ​កាត់​ចេញ​ពី​គណនី​អតិថិជន ចំពោះ​ប្រតិបត្តិ​ការ​ដាក់​ប្រាក់ ដក​ប្រាក់ ផ្ទេរ​ប្រាក់ ឬ​ការ​ទូទាត់​ទាំង​ឡាយណា​ដែល​ធើ្វ​ឡើង​ដោយ​កំហុស​បច្ចេកទេស ដោយ​មិន​ចាំបាច់​សុំការ​អនុញ្ញា​ត​ពី​អតិថិជន ។
  21. ការរំខាន​ដល់​សេវា​កម្ម និង​ប្រធាន​ស័ក្តិ
    1. ​ប្រាសាក់​នឹង​មិន​ទទួល​រ៉ាប់រង​លើការខាតបង់​ទាំង​ឡាយណា ដែល​បណ្តាល​មកពី​ការរអាក់រអួល​របស់​ប្រព័ន្ធ​ ឬ​ឧបករណ៍​ដំណើរ​ការ​មិន​ប្រក្រតី​ឡើយ។
    2. ​ដូច​គ្នា​​នេះ​ដែរ ប្រាសាក់​ក៏​នឹង​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ខូចខាត​ទាំង​ឡាយណា ដែល​បណ្តាល​មកពី​ការខកខាន​មិន​បាន​បំ​ពេញ​សេវា​កម្ម ឬ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​សារ​ករណី​ប្រធាន​ស័ក្តិ​មាន​ដូចជា សង្គ្រាម គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ គ្រោះ​រាំង​ស្ងួត ឬ​ក៏​មូល​ហេតុ​ផ្សេង​ទៀត​ដែល​ហួសពី​លទ្ធភាពគ្រប់​គ្រង​បាន​របស់​ប្រាសាក់។
  22. ការ​រក្សា​ព័ត៌មាន​អតិថិជន​ជាការ​សម្ងាត់​
    1. ​ប្រាសាក់​នឹង​រក្សា​រាល់​ព័ត៌មាន​ទាំង​អស់​របស់​អតិថិជន​ជាការ​សម្ងាត់ ។
    2. ​ប្រាសាក់​នឹង​មិន​បញេ្ចញ​ព័ត៌មាន​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​ភាគី​ទីបី ដោយ​មិន​មាន​ការ​អនុញ្ញា​ត​ពី​អតិថិជន​ឡើយ លើក​លែងតែការ​ស្នើសុំ​នោះ​តម្រូវ​ដោយ​ច្បាប់ ឬ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ។
  23. ការ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ
    1. ​ប្រាសាក់​ត្រូវ​បាន​តម្រូវ​ឲ្យ​អនុ​វត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​បទប្បញ្ញាតិ ជាធរ​មាន ពាក់​ព័ន្ធ​ការ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទានភេរវកម្ម និង​បទឧក្រិដ្ឋផេ្សងៗ ។
    2. ​ប្រាសាក់​អាច​ចាត់​វិធានការ​នានា​តាម​ឆន្ទានុសិទិ្ធ​របស់​ខ្លួន​​ដើម្បី​គោរព​តាម​ច្បាប់ និង​បទប្បញ្ញាតិ ជាធរ​មាន ។
    3. ​អតិថិជន​យល់​ព្រម​ជា​មួយ​ប្រាសាក់​ថា ប្រាសាក់​អាច​នឹង​ពន្យារ​ពេល ឬ​បង្ខាំង​ទុក ឬ​បដិសេធ​មិន​ឲ្យ​ដំណើរ​ការ​នូវ​ប្រតិបត្តិ​ការ​ណាមួយ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ប្រសិន​បើ​ប្រាសាក់​សង្ស័យ​ថា៖
      1. ​ប្រតិបត្តិ​ការ​ដែល​បាន​ធ្វើ​ឡើង​នោះ​អាចផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឬ​ច្បាប់​អន្តរជាតិ​ ។
      2. ​ប្រតិបត្តិ​ការ​ដែល​បាន​ធ្វើ​ឡើង​នោះ​អាច​នឹង​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​/​ឬ​ដោយ​ប្រយោលទៅ​នឹង​ដំណើរ​ការ ឬ​គោល​បំណង​នៃ​ការ​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់។
  24. ​ច្បាប់​
    1. ​រាល់​លក្ខខណ្ឌ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ ត្រូវ​អនុ​វត្ត​ឲ្យ​ស្រប​តាម​ច្បាប់ គោល​ការណ៍ និង​នីតិ​វិធី​របស់​ប្រាសាក់ ។
    2. ​ក្នុង​ករណី​លក្ខខណ្ឌ​​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ​មិន​មាន​សុពលភាព មិន​ស្រប​ច្បាប់ ឬ​មិន​អាច​ដាក់​ឲ្យ​អនុ​វត្ត​បាន ស្រប​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នោះ​សុពលភាព ភាពស្រប​ច្បាប់ និង​ភាព​ដែល​អាច​ដាក់​ឲ្យ​ប្រតិបត្តិ​បាន​នៃ​លក្ខខណ្ឌ​ផ្សេង​ទៀត​នៅ​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ​ដែល​នៅ​សល់ នឹង​មិន​ទទួល​រងការ​ប៉ះពាល់​ឡើយ​ទោះ​ដោយ​មធ្យោបាយ​ណា​ក៏​ដោយ ។
    3. ​រាល់​វិវាទ​ដែល​កើត​ចេញ​ពីការបក​ស្រាយ​ខ្លឹមសារ​ផ្សេង​គ្នា​រវាង​អតិថិជន (ម្ចាស់​​គណនី) និង​ប្រាសាក់​គឺ​ត្រូវ​បក​ស្រាយ​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
    4. ​រាល់​ផលិត​ផល និង​សេវា​កម្ម​ទាំង​អស់​របស់​ប្រាសាក់ ត្រូវ​អនុ​វត្ត​តាម​លក្ខខណ្ឌ​ទូ​ទៅ​នេះ។ ក្នុង​ករណី​លក្ខខណ្ឌ​ទាំង​ឡាយណា​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​ទូ​ទៅ​នេះ​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ​លម្អិត ឬ​លក្ខខណ្ឌ​ជាក់​លាក់​នៃ​ផលិត​ផលនី​មួយៗ នោះ​លក្ខខណ្ឌ​លម្អិត ឬ​លក្ខខណ្ឌ​ជាក់​លាក់​របស់​ផលិត ផល​នោះ​ត្រូវ​យកជា​គោល ។
    5. ​លក្ខខណ្ឌ​ទូ​ទៅ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសា​ខែ្មរ និង​អង់គ្លេស ។ ករណី​មាន​ចំណុច​​ណាមួយ​រវាង​អត្ថបទ​ទាំង​ពីរ​មាន​ន័យ​មិន​ស្រប ឬ មិន​ស៊ី​គ្នា នោះ​អត្ថបទ​ជា​ភាសា​ខែ្មរ​នឹង​ត្រូវ​យកជា​ផ្លូវ​ការ ។